ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

តើ​ចិន ​អាច​នាំ​មុខ​សហរដ្ឋ​អាមេរិក​ផ្នែក​សេដ្ឋកិច្ច​នៅ​ត្រឹម​ឆ្នាំ ២០៣០ តាម​វិធី​ណា?


រូបឯកសារ៖ បុគ្គលិក​ជនជាតិ​ចិន តម្រែតម្រង់​ទង់ជាតិ​អាមេរិក និង​ចិន នៅ​មុន​កិច្ច​ប្រជុំ​នៃ​ការ​ចរចា​រវាង​តំណាង​ពាណិជ្ជកម្ម​អាមេរិក និង​ចិន នៅក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០១៩។

អ្នក​វិភាគ​នានា​បាន​ព្យាករ​ថា សេដ្ឋកិច្ច​ប្រទេស​ចិន​ នឹង​ពឹងផ្អែក​កាន់តែ​ខ្លាំង​លើ​ការ​វិនិយោគ​របស់​រដ្ឋ ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ទំនើប និង​ការ​ប្រើប្រាស់​ក្នុង​ស្រុក ជាង​លើ​ផលិតកម្ម​សម្រាប់​ការ​នាំចេញ​កាលពី​មុន​របស់​ខ្លួន ស្របពេល​ដែល​ប្រទេស​នេះ​ ស្ថិត​ក្នុង​ជំហរ​ឈាន​ឆ្ពោះ​ទៅ​ការ​នាំមុខ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទសវត្សរ៍​ខាង​មុខ​នេះ។

ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ប្រចាំ​ឆ្នាំ​របស់​ប្រទេស​ចិន​ អាច​នឹង​កើនឡើង ៥,៧% រហូត​ដល់​ឆ្នាំ ២០២៥ ហើយ​បន្ទាប់មក​ នឹង​កើន ៤,៧% រហូត​ដល់​ឆ្នាំ ២០៣០ ខាងមុខ។ នេះ​បើ​យោង​តាម​ការ​ព្យាករ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សេដ្ឋកិច្ច​ និង​អាជីវកម្ម (Center for Economics and Business Research (CEBR)) របស់​ចក្រភព​អង់គ្លេស។

ការ​ព្យាករ​របស់​មជ្ឈមណ្ឌល​នេះ​បាន​បង្ហាញ​ថា ប្រទេស​ចិន​ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​ មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បំផុត​ទី​ពីរ​នៅលើ​ពិភពលោក អាច​នឹង​នាំមុខ​សហរដ្ឋ​អាមេរិក​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​នៅ​ត្រឹម​ឆ្នាំ ២០៣០ ខាង​មុខ។ ក្រុមហ៊ុន Euler Hermes ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ឥណទាន ក៏​បាន​ធ្វើ​ការ​ព្យាករ​ស្រដៀង​គ្នា​នេះ​ផងដែរ។

ក្នុង​ពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ថ្នាក់​ដឹកនាំ​របស់​ចិន​ បាន​ជំរុញ​សេដ្ឋកិច្ច​ឲ្យ​ពឹងផ្អែក​ច្រើន​ជាងមុន​លើ​សេវាកម្ម​ដែល​មាន​តម្លៃ​បន្ថែម ជាង​លើ​ការ​នាំចេញ​ផលិតផល​រោងចក្រ។ នេះ​ បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ចិន។

ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក និង​ការ​បិទ​កន្លែង​អាជីវកម្ម​នានា​កាលពី​ដើម​ឆ្នាំ ២០២០ ដោយសាវ​វិបត្តិ​ជំងឺ​កូវីដ១៩ បាន​ដាក់​សម្ពាធ​បន្ថែម​ទៀត​ដល់​វិស័យ​ផលិតកម្ម​នៅក្នុង​ប្រទេស​ចិន។

ដោយសារ​ការ​កាត់​បន្ថយ​ទិន្នផល​រោងចក្រ​នៅក្នុង​ប្រទេស​ចិន ក្រុមហ៊ុន​ពហុ​ជាតិ​បរទេស​នានា​បាន​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​ទៅកាន់​ប្រទេស​ផ្សេងៗ​ទៀត​ក្រៅពី​ប្រទេស​ចិន ដូចជា​ប្រទេស​វៀតណាម​ជាដើម ដើម្បី​ជៀស​ពី​ការ​ចំណាយ​ច្រើន​លើ​ប្រាក់​បៀវត្សរ៍​ដែល​កើនឡើង និង​ការ​ចំណាយ​លើ​វិធានការ​អនុលោម​តាម​ច្បាប់​ស្ដីពី​ការ​ការពារ​បរិស្ថាន។

តាមរយៈ​ការ​បណ្ដាក់ទុក​នៅក្នុង​ប្រទេស​ជាច្រើន ក្រុមហ៊ុន​ទាំងនោះ​សង្ឃឹម​ថា​ នឹង​អាច​បង្ការ​មិន​ឲ្យ​កើតឡើង​ម្ដង​ទៀត​នូវ​ស្ថានការណ៍​ដូច​ទៅ​នឹង​ស្ថានការណ៍​បិទខ្ទប់​របស់​ចិន​កាលពី​ដើម​ឆ្នាំ ២០២០ ដោយសារ​វិបត្តិ​កូវីដ១៩ ដែល​បាន​បិទ​រោងចក្រ​នានា។

សេដ្ឋកិច្ច​របស់​ចិន​កាលពី​ឆ្នាំ ២០២០ មាន​ទឹកប្រាក់​សរុប​ចំនួន ១៥,៩២ លាន​លាន​ដុល្លារ​អាមេរិក ហើយ​ក្រុមហ៊ុន IHS Markit ដែល​ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ បាន​ប៉ាន់​ប្រមាណ​ថា សេដ្ឋកិច្ច​របស់​ចិន​បាន​កើន​ដល់​ចំនួន ១៨ លាន​លាន​ដុល្លារ កាលពី​ឆ្នាំ​មុន ដោយសារ​កំណើន​ផលិតកម្ម​សម្រាប់​ការ​នាំចេញ​ និង​មូលធន​សម្រាប់​គម្រោង​ថ្មីៗ។

ចំណែកឯ​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​វិញ គឺ​មាន​ចំនួន​ប្រហែល ២៣ លាន​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន។ នេះ​ បើ​យោង​តាម​ការ​លើកឡើង​របស់​ក្រុមហ៊ុន IHS Markit ដដែល​នេះ។

ការ​វិនិយោគ​របស់​រដ្ឋាភិបាល

សេដ្ឋវិទូ​នានា​រំពឹង​ថា នៅក្នុង​ប្រទេស​ចិន ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​នៅក្នុង​រយៈពេល ២០ ឆ្នាំ​កន្លង​មក​នេះ រដ្ឋាភិបាល​នឹង​គ្រប់គ្រង​បន្ថែម​ទៀត​លើ​ផ្នែក​សំខាន់ៗ​នៃ​សេដ្ឋកិច្ច បន្ទាប់ពី​ខ្លួន​បាន​ធ្វើ​អន្តរាគមន៍​នៅក្នុង​ផ្នែក​ជា​ច្រើន​រួច​មក​ហើយ​ដូចជា​ផ្នែក​អ៊ីនធឺណិត​ជាដើម កាលពី​ឆ្នាំ ២០២១។

លោក Denny Roy អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល East-West Center នៅ​ក្នុង​ទីក្រុង Honolulu រដ្ឋ Hawaii សហរដ្ឋ​អាមេរិក បាន​និយាយ​ថា៖ «រដ្ឋាភិបាល​ចិន​មាន​ថវិកា ​និង​អំណាច​នយោបាយ​ដ៏​ទូលំទូលាយ​នៅក្នុង​ប្រទេស ដើម្បី​ប្រើប្រាស់​ហិរញ្ញវត្ថុ​រដ្ឋ​ដ៏​ច្រើន​នៅក្នុង​ការ​វិនិយោគ​បែប​យុទ្ធសាស្ត្រ​ដើម្បី​បម្រើ​ដល់​គោល​បំណង​របស់​ថ្នាក់​ដឹកនាំ​ចិន​ទាំង​ក្នុង​កម្រិត​ជាតិ​និង​កម្រិត​អន្តរជាតិ»។

នៅ​ក្នុង​សន្ទស្សន៍​របស់​អង្គការ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍ (OECD) ស្ដីពី​ការ​គ្រប់គ្រង​ដោយ​ផ្ទាល់​របស់​រដ្ឋាភិបាល​លើ​សហគ្រាស​នានា ប្រទេស​ចិន​មាន​ពិន្ទុ ២,៩៨ កាលពី​ឆ្នាំ ២០១៨ ដែល​កើន​ឡើង​ពី​ពិន្ទុ ២,៤៥ កាលពី ៨ ឆ្នាំ​មុន​ឆ្នាំ ២០១៨ នោះ និង​កំពុង​ឈាន​ទៅ​កើនឡើង​ប្រហែល ៣ ដង​លើស​កម្រិត​ពិន្ទុ​ជា​មធ្យម​របស់​ប្រទេស​នានា​នៅ​លើ​ពិភពលោក។

ចំណុច​នេះ​ មាន​ន័យ​ថា ការ​គ្រប់គ្រង​ដោយ​ផ្ទាល់​របស់​រដ្ឋាភិបាល​លើ​សហគ្រាស​នានា «បាន​កើន​ហួស​ធម្យមភាគ​សេដ្ឋកិច្ច​សេរី» និង «ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ផ្ដោត​កាន់តែ​ខ្លាំង​របស់​ចិន​លើ​តួនាទី​របស់​រដ្ឋាភិបាល​នៅក្នុង​វិស័យ​សេដ្ឋកិច្ច​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Xi Jinping»។ នេះ ​បើ​យោង​តាម​ការ​លើកឡើង​របស់​អង្គការ​ក្រុមប្រឹក្សា​អាត្លង់ទិក (Atlantic Council) នៅ​ក្នុង​របាយការណ៍​ខែ​តុលា ឆ្នាំ ២០២១ របស់​ខ្លួន ដែល​មាន​ចំណងជើង​ថា «China Pathfinder: Annual Scorecard»។

កំណើន​ផ្នែក​ផលិតកម្ម​ហាដវែរ (hardware)

សេដ្ឋវិទូ​នានា​បាន​និយាយ​ថា ថ្នាក់​ដឹកនាំ​ចិន​នឹង​ប្រហែលជា​ផ្ដល់​អាទិភាព​លើ​វិស័យ​បច្ចេកវិទ្យា ជាពិសេស​លើ​ហាដវែរ​កុំព្យូទ័រ (hardware) ដែល​មិន​តម្រូវ​ឲ្យ​មាន​ការ​ច្នៃ​ប្រឌិត​ជា​បន្តបន្ទាប់ ដើម្បី​ធ្វើជា​ក្បាល​ម៉ាស៊ីន​សម្រាប់​ការ​រីកចម្រើន​សេដ្ឋកិច្ច​របស់​ខ្លួន។

ការ​អន្តរាគមន៍​របស់​រដ្ឋាភិបាល​នៅក្នុង​វិស័យ​អ៊ីនធឺណិត​ នឹង​មិន​បង្ក​ភាព​រអាក់រអួល​ដល់​ការ​ពង្រីក​ផលិតកម្ម​វត្ថុធាតុ​អេឡិចត្រូនិក Semiconductor និង​សុសវែរ​កុំព្យូទ័រ (software) សម្រាប់​សហគ្រាស​នានា​នោះទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Zennon Kapron ដែល​ជា​ស្ថាបនិក​និង​ជា​ប្រធាន​ក្រុមហ៊ុន Kapronasia ដែល​ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​ឧហ្សាហកម្ម​ហិរញ្ញវត្ថុ​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។

លោក Kapron បាន​និយាយ​ថា៖ «ប្រសិនបើ​ប្រទេស​ចិន ​អាច​ពឹងពាក់​លើ​ខ្លួន​ឯង​បាន​ទាក់ទិន​នឹង​ផ្នែក​បច្ចេកវិទ្យា នោះ​ចិន​នឹង​អាច​លក់​និង​នាំចេញ​ផលិតផល​និង​សេវាកម្ម​ដែល​ផ្អែក​លើ​បច្ចេកវិទ្យា​ទាំងនោះ ដែល​នេះ​នឹង​ជួយ​ផ្ដល់​កំណើន​ខ្ពស់​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន ដោយសារតែ​វិស័យ​បច្ចេកវិទ្យា គឺជា​ចលករ​ដ៏​សំខាន់​មួយ​សម្រាប់​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) របស់​សហរដ្ឋ​អាមេរិក​នៅពេល​បច្ចុប្បន្ន​នេះ»។

លោក Kapron បាន​ទស្សន៍ទាយ​ថា សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​ នឹង​នៅតែ​កើនឡើង​ត​ទៅ​មុខ​ទៀត ប៉ុន្តែ​មិន​មាន​ការ​កើនឡើង​គួរ​ឲ្យ​កត់​សម្គាល់​ខ្លាំង​នោះ​ទេ រហូត​ដល់​ឆ្នាំ ២០៣០ ខាង​មុខ។

ប្រទេស​ចិន​មាន «វិស្វករ​ជាច្រើន» ទោះបីជា​មាន​ការ​ច្នៃ​ប្រឌិត​តិច​ជាង​អ្វី​ដែល​ខ្លួន​ត្រូវការ​ដើម្បី​បង្កើត​នូវ «គំនិត​ប្លែកៗ» ដែល​ជំរុញ​ដល់​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មីៗ​ក៏ដោយ។ នេះ​ បើ​តាម​ការ​បញ្ជាក់​របស់​លោក Douglas McWilliams ដែល​ជា​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​រង​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សេដ្ឋកិច្ច​និង​អាជីវកម្ម (Center for Economics and Business Research (CEBR)) របស់​ចក្រភព​អង់គ្លេស។

ការ​ចំណាយ​របស់​អ្នក​ប្រើប្រាស់

ការ​ចំណាយ​របស់​អ្នក​ប្រើប្រាស់​នៅក្នុង​ប្រទេស​ចិន​ បាន​ជួយ​ជំរុញ​ភាគច្រើន​បំផុត​ឲ្យ​សេដ្ឋកិច្ច​ចិន​រីក​ចម្រើន​នៅ​មុន​ឆ្នាំ ២០២១ នៅពេល​ដែល​ប្រទេស​ចិន ​បាន​កាត់​បន្ថយ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ពិភពលោក ដោយសារតែ​ខ្លួន​មាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។ នេះ ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន McKinsey & Co. នៅក្នុង​របាយការណ៍​ឆ្នាំ ២០២១ របស់​ខ្លួន​ស្ដីពី​អ្នក​ប្រើប្រាស់​នៅក្នុង​ប្រទេស​ចិន។

ក្រុមហ៊ុន McKinsey & Co. បាន​បន្ថែម​ថា ខ្សែ​សង្វាក់​ផ្គត់ផ្គង់​របស់​ប្រទេស​ចិន​មាន​លក្ខណៈ «វិវត្ត​ពេញ​ទំហឹង និង​ផ្ដោតតែ​នៅក្នុង​ប្រទេស ហើយ​សមត្ថភាព​នវានុវត្តន៍​របស់​ខ្លួន​មាន​ភាព​ប្រសើរ​ឡើង»។

ទំនោរ​នេះ​ ទំនងជា​នៅ​បន្ត​ទៅ​មុខ​តទៅ​ទៀត បើ​ទោះបីជា​ប្រទេស​ចិន​រង​ផល​ប៉ះពាល់​ចំពោះ​ប្រាក់​ចំណេញ​របស់​ខ្លួន​ដោយសារ​ការ​បិទ​ខ្ទប់​ដំណើរការ​អាជីវកម្ម​នានា​ក្នុង​អំឡុងពេល​ឆ្នាំ​ដំបូង​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ ក៏ដោយ។ នេះ ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​នានា។

ប្រជាពលរដ្ឋ​ចិន​មាន​ចំនួន​ច្រើន​ជាង​ប្រជាពលរដ្ឋ​សហរដ្ឋ​អាមេរិក​ចំនួន ៣ ដង​កន្លះ បើ​ទោះបីជា​ជា​មធ្យម អ្នក​ប្រើប្រាស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ មាន​ជីវភាព​ធូរធារ​ជាង​អ្នក​ប្រើប្រាស់​នៅក្នុង​ប្រទេស​ចិន​ក៏ដោយ។

លោក Rajiv Biswas ប្រធាន​ផ្នែក​សេដ្ឋកិច្ច​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​ក្រុមហ៊ុន IHS Markit បាន​និយាយ​ថា៖ «នៅ​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុងក្រោយ​នេះ ការ​ប្រើប្រាស់​នៅក្នុង​ប្រទេស​ចិន​ បាន​ក្លាយជា​កត្តា​កាន់តែ​សំខាន់​នៅក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច ដោយសារតែ​ទីផ្សារ​អ្នក​ប្រើប្រាស់​ក្នុង​ស្រុក​របស់​ប្រទេស​ចិន​បាន​កើនឡើង​យ៉ាង​ខ្លាំង»។

ថ្នាក់​ដឹកនាំ​របស់​រដ្ឋាភិបាល​ចិន «មាន​បំណង​បង្កើត​ការងារ​ថ្មី​ចំនួន​ជាង ១១ លាន​ការងារ​ទៀត​នៅ​តាម​ទីក្រុង និង​ពង្រីក​តម្រូវការ​ក្នុង​ស្រុក​និង​ការ​វិនិយោគ​ប្រកប​ដោយ​ប្រសិទ្ធភាព»។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Xinhua របស់​ចិន​កាលពី​ពាក់​កណ្ដាល​ឆ្នាំ ២០២១ កន្លង​ទៅ​នេះ។

ទីភ្នាក់ងារ​ព័ត៌មាន Xinhua បាន​បន្ថែម​ថា វិធានការ​ទាំងនេះ «ត្រូវគេ​រំពឹង​ថា​ នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច [របស់​ប្រទេស​ចិន] វិល​ទៅ​រក​ស្ថានភាព​រស់រវើក​ឡើងវិញ​ដូច​មុន​ពេល​វិបត្តិ​កូវីដ១៩»។

តើ​មាន​អ្វី​កើតឡើង​ ប្រសិនបើចិន ​នាំមុខ​សហរដ្ឋ​អាមេរិក​ផ្នែក​សេដ្ឋកិច្ច?

សេដ្ឋវិទូ​នានា​បាន​និយាយ​ថា ឋានៈ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បង្អស់​នៅលើ​ពិភពលោក ​មិន​មែន​ធ្វើ​ឲ្យ​ប្រទេស​នោះ​ មាន​ប្រៀប​ដោយ​ស្វ័យ​ប្រវត្តិ​ជាង​ប្រទេស​ដទៃ​នោះទេ ប៉ុន្តែ​បណ្ដា​ប្រទេស​ដែល​ពឹងផ្អែក​លើ​សេដ្ឋកិច្ច​ប្រទេស​ចិន ​នឹង​យកចិត្ត​ទុកដាក់​ចំពោះ​រឿង​នេះ។

លោក McWilliams នៃ​មជ្ឈមណ្ឌល CEBR បាន​ប្រាប់ VOA ថា៖ «មិន​មាន​មេដាយ​មាស ឬ​ក៏​អ្វីៗ​ដូច​នេះ [សម្រាប់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​នាំ​មុខ​គេ​លើ​ពិភពលោក] នោះទេ។ ប៉ុន្តែ នៅពេល​ដែល​អ្នក​មាន​ប្រាក់​ច្រើន​ដើម្បី​ចំណាយ អ្នក​ប្រាកដ​ជា​មាន​លទ្ធភាព​នៅក្នុង​ការ​ជះ​ឥទ្ធិពល​ដល់​អ្វីៗ​ផ្សេងៗ ហើយ​ប្រទេស​ចិន​ នឹង​មាន​លទ្ធភាព​នៅក្នុង​ការ​ជះ​ឥទ្ធិពល​ដូច​នេះ»។

លោក​បាន​និយាយ​ថា ប្រទេស​ចិន​ នឹង​មាន​គោល​ជំហរ​ប្រសើរ​ជាង​មុន​នៅក្នុង​ការ​ជំរុញ​ទៅមុខ​នូវ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) របស់​ខ្លួន។ គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​នេះ​ គឺជា​កិច្ច​ប្រឹងប្រែង​រយៈពេល ៩ ឆ្នាំ​កន្លង​មក ដែល​មាន​បំណង​កសាង​ផ្លូវ​ពាណិជ្ជកម្ម​ទាំង​ផ្លូវ​គោក​ និង​ផ្លូវ​ទឹក​កាត់​តាម​ទ្វីប​អាស៊ី ទ្វីប​អឺរ៉ុប និង​ទ្វីប​អាហ្វ្រិក តាម​រយៈ​គម្រោង​ និង​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ។

មន្ត្រី​រដ្ឋាភិបាល​ចិន ​កំពុង​បង្កើន​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ខ្លួន​រួច​ទៅហើយ​នៅក្នុង​ជម្លោះ​ជាមួយ​នឹង​ប្រទេស​ផ្សេងៗ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Roy នៃ​មជ្ឈមណ្ឌល East-West Center។ ប្រទេស​ចិន ​មាន​ជម្លោះ​ដែន​សមុទ្រ​ជាមួយ​នឹង​ប្រទេស​ចំនួន ៤ នៅ​តំបន់​អាស៊ី​អាគ្នេយ៍ មាន​ជម្លោះ​ដណ្ដើម​គ្រប់គ្រង​កូន​កោះ​តូចៗ​ជាមួយ​ប្រទេស​ជប៉ុន និង​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ឥណ្ឌា​តាំងពី​ឆ្នាំ ២០១៧ មក។

លោក Roy បាន​និយាយ​ថា៖ «លទ្ធផល​នៃ​ការ​រំពឹងទុក​ដែល​ថា ចិន​និង​នាំមុខ​សហរដ្ឋ​អាមេរិក​ផ្នែក​សេដ្ឋកិច្ច បាន​ក្លាយជា​គោល​នយោបាយ​ការបរទេស​ដ៏​ខ្លាំងក្លា​មួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​មាន​បំណង​ចង់​ដោះស្រាយ​ជម្លោះ​ក្នុង​តំបន់​ដែល​ផ្ដល់​ផល​ចំណេញ​ដល់​ខ្លួន និង​មាន​បំណង​បំបាក់​ភាព​ជា​អ្នក​ដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​តំបន់​និង​លើ​ពិភពលោក នៅ​ក្រោម​ការ​សន្មត់​ថា ប្រទេស​ចិន ​មាន​ទិសដៅ​កំណត់​ក្បួន​ច្បាប់​ថ្មីៗ​ក្នុង​វិស័យ​ទំនាក់ទំនង​អន្តរជាតិ»៕

ប្រែ​សម្រួល​ដោយ​អ្នកនាង ទែន សុខស្រីនិត

XS
SM
MD
LG