កាលពីថ្ងៃចន្ទ ប្រទេសអ៊ីរ៉ង់បានសរសើរការវាយប្រហារដោយដ្រូននិងមីស៊ីលរបស់ក្រុមហេសបូឡា (Hezbollah) ក្នុងប្រទេសលីបង់លើអ៊ីស្រាអែល ដោយនិយាយថាសត្រូវចម្បងរបស់អ៊ីរ៉ង់បានបាត់បង់សមត្ថភាពបង្ការការវាយប្រហារបែបនេះនៅចំពេលមានភាពតានតឹងកើនឡើងនៅក្នុងតំបន់។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
មេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមរបស់លោកដែលមានអ៊ីរ៉ង់នៅពីក្រោយបានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីស្រាអែល ដោយដៅលើ «មូលដ្ឋាន Glilot ដែលជាមូលដ្ឋានស៊ើបការណ៍សម្ងាត់យោធាដ៏ចម្បងរបស់អ៊ីស្រាអែល»។
យោធាអ៊ីស្រាអែលថា ការវាយប្រហារនោះមិនចំមូលដ្ឋាននេះទេ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanani បានបង្ហោះសារតាមបណ្ដាញសង្គមអនឡាញ X ថា៖ «របបអ៊ីស្រាអែលអាចលាក់បាំង កែ ឬបិទការពិតខ្លះទាក់ទងនឹងប្រតិបត្តិការរបស់ក្រុមហេសបូឡានៅលីបង់ តែរបបនេះដឹងយ៉ាងច្បាស់ថាការពិតមិនអាចផ្លាស់ប្តូរបានទេ»។
លោក Kanani បន្តទៀតថា៖ «កងទ័ពភេរវជនអ៊ីស្រាអែលបានបាត់បង់អំណាចវាយប្រហារនិងកម្លារារាំងដែលមានប្រសិទ្ធភាពហើយ ហើយឥឡូវត្រូវការពារខ្លួនទប់ទល់នឹងការវាយប្រហារបែបយុទ្ធសាស្ត្រវិញ»។
លោក Kanani ក៏បានរិះគន់សហរដ្ឋអាមេរិកផងដែរចំពោះការគាំទ្រ «គ្រប់ជ្រុងជ្រោយ» ដល់អ៊ីស្រាអែល ដែលលោកថាបានបរាជ័យក្នុងការ «ព្យាករពេលវេលានិងទីកន្លែង» នៃសកម្មភាពរបស់ក្រុមហេសបូឡា៕