រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយកាលពីថ្ងៃសុក្រថា លោកបានពិភាក្សាជាមួយសមភាគីអ៊ីស្រាអែលរបស់លោកអំពីបញ្ហាមួយចំនួននៅក្នុងតំបន់ដូចជាបាញ់បោះទៅវិញទៅមកជាបន្តតាមព្រំដែនរវាងអ៊ីស្រាអែលនិងលីបង់និងតម្រូវការក្នុងការបង្ហើយកិច្ចព្រមព្រៀងឈប់បាញ់នៅហ្កាហ្សាជាដើម។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្នុងសារមួយបង្ហោះតាមបណ្ដាញសង្គមអនឡាញ X លោក Austinថា លោកក៏បានពិភាក្សាផងដែរអំពីហានិភ័យនៃការកើនឡើងនូវភាពតានតឹងពីអ៊ីរ៉ង់និងក្រុមដែលអ៊ីរ៉ង់គាំទ្រក្នុងពេលលោកនិយាយទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ហើយលោកបានប្រាប់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant ថាសហរដ្ឋអាមេរិកឈរជើងបានល្អនៅទូទាំងតំបន់នោះ។
លោក Austin បានសរសេរថា៖ «ខ្ញុំបានហៅទូរស័ព្ទទៅរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant កាលពីម្សិលមិញដើម្បីពិភាក្សាអំពីការបាញ់បោះជាបន្តទៅវិញទៅមកនៅតាមព្រំដែនរវាងអ៊ីស្រាអែលនិងលីបង់ និងហានិភ័យនៃជម្លោះកាន់តែខ្លាំងឡើងពីអ៊ីរ៉ង់ ក្រុមហេសបូឡា (Hezballah) នៅលីបង់ និងក្រុមភេរវជនផ្សេងទៀតដែលអ៊ីរ៉ង់គាំទ្រនៅទូទាំងតំបន់មជ្ឈិមបូព៌ា។ ខ្ញុំបានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះសន្តិសុខអ៊ីស្រាអែលនិងបានចែករំលែកព័ត៌មានថាសហរដ្ឋអាមេរិកឈរជើងយ៉ាងរឹងមាំនៅទូទាំងតំបន់ដើម្បីការពារអ៊ីស្រាអែលនិងការពារបុគ្គលិកនិងសម្ភារអាមេរិក»។
លោក Austin បានបន្ថែមថា៖ «លោករដ្ឋមន្ត្រី Gallant និងខ្ញុំបានពិភាក្សាគ្នាអំពីវឌ្ឍនភាពឆ្ពោះទៅរកបទឈប់បាញ់នៅហ្កាហ្សានិងការដោះលែងចំណាប់ខ្មាំងទាំងអស់ ហើយខ្ញុំបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការបង្ហើយកិច្ចព្រមព្រៀង [បទឈប់បាញ់]»៕
វេទិកាបញ្ចេញមតិ