មេដឹកនាំគណបក្សប្រឆាំងក្នុងប្រទេសអ៊ីស្រាអែល ជិតបានសម្រេចគោលដៅកាលពីថ្ងៃពុធម្សិលមិញនៅក្នុងការទម្លាក់លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបច្ចុប្បន្ន និងបង្កើតរដ្ឋាភិបាលថ្មីមួយ បន្ទាប់ពីមានការឯកភាពគ្នាជាមួយគណបក្សផ្សេងទៀត។ នេះជាព្រឹត្តិការណ៍មួយចំនួនដែលនាំទៅដល់កិច្ចព្រមព្រៀងគណបក្សចម្រុះមួយ រវាងប្រធានគណបក្សកណ្តាលនិយមលោក Yair Lapid និងប្រធានបក្សស្តាំនិយមរបស់លោក Naftali Bennett។ គេនៅមិនទាន់ដឹងច្បាស់នៅឡើយថា នឹងមានអ្វីកើតឡើងបន្ទាប់ពីនោះ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ អ៊ីស្រាអែលបានធ្វើការបោះឆ្នោតជាលើកទី៤ ក្នុងរយៈពេលតែ២ឆ្នាំប៉ុណ្ណោះ។ ដូចការបោះឆ្នោតលើកមុនៗដែរ ការបោះឆ្នោតនៅថ្ងៃទី២៣ ខែមីនានោះ មិនមានគណបក្សណាមួយឈ្នះសំឡេងភាគច្រើនក្នុងរដ្ឋសភាអ៊ីស្រាអែលដែលមានអាសនៈ១២០ នោះទេ។
ការបោះឆ្នោតពេលនោះ បានធ្វើឲ្យគណបក្សនិយមកណ្តាល Yesh Atid របស់លោក Lapid ឈ្នះក្នុងលំដាប់ទី២ ហើយគណបក្សស្តាំនិយម Yamina របស់លោក Bennett បានទទួលអាសនៈសភាចំនួនតែ៦ប៉ុណ្ណោះ ប៉ុន្តែសំឡេងនេះ បានធ្វើឲ្យគណបក្សលោក Bennett ក្លាយជាអ្នកសម្រេចក្នុងការបង្កើតរដ្ឋាភិបាលថ្មីមួយ។
នៅថ្ងៃទី៦ ខែមេសា ប្រធានាធិបតីអ៊ីស្រាអែលលោក Reuven Rivlin បានទុកពេលឲ្យលោក Netanyahu ចំនួន២៨ថ្ងៃ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយ។ លោក Netanyahu បានព្យាយាមបញ្ចុះបញ្ជូលគណបក្សស្តាំនិយម និងគណបក្សសាសនាតូចៗមួយចំនួនឲ្យគាំទ្រលោក ប៉ុន្តែមិនបានសម្រេចជោគជ័យ។
នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ប្រធានាធិបតីអ៊ីស្រាអែល បានងាកទៅរកគណបក្សកណ្តាលនិយមរបស់លោក Lapid ដើម្បីព្យាយាមបង្កើត «រដ្ឋាភិបាលមួយដែលមានការផ្លាស់ប្តូរ» ដែលមិនទំនងនឹងទទួលបានការគាំទ្រពីគណបក្សចម្រុះស្តាំនិយម គណបក្សកណ្តាលនិយម និងគណបក្សឆ្វេងនិយមនោះទេ។
នៅថ្ងៃទី៣០ ខែឧសភាកន្លងទៅថ្មីៗនេះ ប្រធានគណបក្សស្តាំនិយមលោក Bennett បានប្រកាសចូលរួមគាំទ្រគណបក្សនិយមកណ្តាលដើម្បីទម្លាក់នាយករដ្ឋមន្ត្រីលោក Netanyahu ដែលកំពុងកាន់អំណាច។
លោក Lapid នៃគណបក្សកណ្តាលនិយម មានពេលត្រឹមពាក់កណ្តាលអាធ្រាត ថ្ងៃពុធនេះ ក្នុងការរកសំឡេងគាំទ្រភាគច្រើន។ ក្នុងករណីពុំមានបេក្ខជនណាមួយត្រូវបានជ្រើសរើសក្នុងរយៈពេល២១ថ្ងៃខាងមុខនេះ ពោលគឺនៅថ្ងៃទី២៣ ខែមិថុនា សភាអ៊ីស្រាអែលត្រូវរំលាយដោយស្វ័យប្រវត្តិ ហើយការបោះឆ្នោតថ្មីមួយ នឹងត្រូវធ្វើឡើងក្នុងរយៈពេល៩០ថ្ងៃបន្ទាប់ពីនោះ៕