រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នៅថ្ងៃអង្គារនេះ គ្រោងនឹងជួបជាមួយមេដឹកនាំអ៊ីស្រាអែលនៅក្នុងទីក្រុង Jerusalem និងមេដឹកនាំប៉ាឡេស្ទីននៅក្នុងទីក្រុង Ramallah ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពង្រឹងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមHamas ដែលបានចូលជាធរមានកាលពីចុងសប្ដាហ៍មុន។
លោក Blinken បាននិយាយនៅពេលលោកធ្វើដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសជាច្រើនក្នុងតំបន់មជ្ឈិមបូព៌ាថា៖ «ទោះបីជាយើងបានធ្វើការជាមួយភាគី និងដៃគូជាច្រើនដើម្បីជួយឲ្យមានបទឈប់បាញ់គ្នានេះក៏ដោយ ក៏យើងបានយកចិត្តទុកដាក់លើផ្លូវនៅខាងមុខ រួមមានវិធានការនានាដែលយើងអាចធ្វើដើម្បីកសាងអនាគតប្រសើរមួយសម្រាប់អ៊ីស្រាអែលនិងប៉ាឡេស្ទីន»។ នេះគឺជាលើកដំបូងហើយ ដែលលោកទៅកាន់តំបន់នោះក្នុងនាមជារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។
គម្រោងរបស់លោកនៅថ្ងៃអង្គារនេះរួមមានជំនួបជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu រដ្ឋមន្ត្រីការពារជាតិលោក Benny Gantz និងរដ្ឋមន្ត្រីការបរទេសលោកGabi Ashkenazi ក៏ដូចជាប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas និងនាយករដ្ឋមន្ត្រីលោក Mohammad Shtayyeh ផងដែរ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទម្សិលមិញថា លោកBlinken នឹង«ជួបជាមួយមេដឹកនាំអ៊ីស្រាអែលដើម្បីពិភាក្សាអំពីការបេ្ដជ្ញា ចិត្តរបស់យើងចំពោះសន្តិសុខរបស់អ៊ីស្រាអែល» ហើយ «យើងនឹងបន្តកិច្ចខំប្រឹងប្រែងរបស់រដ្ឋបាលរបស់យើងដើម្បីកសាងទំនាក់ទំនាក់ទំនងឡើងវិញក៏ដូចជាគាំទ្រដល់ប្រជាពលរដ្ឋនិងមេដឹកនាំប៉ាឡេស្ទីនបន្ទាប់ពីការធ្វេសប្រហែសជាច្រើនឆ្នាំមក»។
លោកBiden បានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកនឹងធ្វើការជាមួយដៃគូក្នុងតំបន់ដើម្បី «ធានាឲ្យបាននូវជំនួយភ្លាមៗដល់តំបន់ Gaza ក្នុងរបៀបមួយដែលថា ជំនួយទំាងនោះនឹងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋដែលរស់នៅទីនោះ និងមិនមែនជាប្រយោជន៍សម្រាប់ក្រុម Hamas ឡើយ»៕