កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសនៅក្នុងតំបន់ហ្កាហ្សា (Gaza) នៅព្រឹកថ្ងៃពុធនេះ ដោយនិយាយថា វាជាការឆ្លើយតបទៅនឹងការបាញ់គ្រាប់បែកឧស្ម័នពីទឹកដីប៉ាឡេស្ទីន។
ការវាយប្រហារនេះកំណត់គោលដៅលើទីតាំងរបស់ក្រុមហាម៉ាស (Hamas) និងជាការវាយប្រហារលើកដំបូងបន្ទាប់ពីមានបទឈប់បាញ់មួយ ដែលបានបញ្ចប់ការប្រយុទ្ធគ្នាដោយហិង្សារយៈពេល១១ថ្ងៃរវាងភាគីទំាងពីរកាលពីខែមុន។
ក្រុមហាម៉ាសបានព្រមានថា ខ្លួននឹងចាត់វិធានការ ប្រសិនបើក្រុមអ្នកជាតិនិយមអ៊ីស្រាអែលបន្តផែនការដើរក្បួននៅភាគខាងកើតទីក្រុងហ្ស៊េរុយសាឡិម (Jerusalem) នៅថ្ងៃអង្គារម្សិលមិញ។
មនុស្សរាប់រយនាក់បង្ហាញខ្លួនក្នុងការដើរហែក្បួន ដោយប្រមូលផ្ដុំគ្នានៅច្រកទ្វារដាម៉ាស (Damascus) នៃទីក្រុងហ្ស៊េរុយសាឡិមចាស់ មុនពេលធ្វើដំណើរទៅកាន់ជញ្ជាំងខាងលិច។
ក្នុងចំណោមអ្នកដើរក្បួនទាំងនោះ អ្នកខ្លះស្រែកថា «ស្លាប់ទៅអារ៉ាប់» ដែលរងការរិះគន់ពីរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលគឺលោក Yair Lapid ដែលបានសរសេរនៅលើ Twitter ថា សកម្មភាពបែបនេះគឺជារឿង «អាម៉ាស់» និងមិនសមជាអ្នកកាន់សាសនាយូដា ឬមិនសមជាពលរដ្ឋអ៊ីស្រាអែលឡើយ។
មុនការដើរក្បួន ប៉ូលិសបានអនុញ្ញាតឲ្យអ្នកដើរក្បួនដើរតាមផ្លូវមួយក្បែរទ្វារដាម៉ាស ប៉ុន្តែមិនឲ្យចូលតាមទ្វារ ចូលទៅកាន់សង្កាត់របស់មូស្លីម (Muslim Quarter) នោះទេ។ ច្រកទ្វារនោះគឺជាចំណុចរសើប ដែលធ្វើឲ្យអ៊ីស្រាអែល និងប៉ាឡេស្ទីនប៉ះទង្គិចគ្នាកាលពីខែមេសា និងឧសភា។
ការប៉ះទង្គិចគ្នានោះបានរាលដាលដល់បវិវេណវិហារ Al-Aqsa ជាទីកន្លែងសក្ការៈរបស់ជនជាតិជ្វីស្ហ និងមូស្លីម។
នៅក្នុងខែឧសភា ភាពតានតឹងបង្កឲ្យក្រុមហាម៉ាសចាញ់គ្រាប់រ៉ុក្កែតទៅលើប្រទេសអ៊ីស្រាអែល បង្កឲ្យមានសង្គ្រាមរយៈពេល ១១ ថ្ងៃដែលសម្លាប់ពលរដ្ឋប៉ាឡេស្ទីន ២៥០ នាក់ និងពលរដ្ឋអ៊ីស្រាអែល ១៣ នាក់។
ទោះបីជារដ្ឋាភិបាលចម្រុះថ្មីរបស់អ៊ីស្រាអែលបារម្ភថា ការដើរក្បួននេះអាចនឹងបង្កហេតុក៏ដោយ ក៏ការលុបចោលការដើរក្បួននេះអាចត្រូវបានគេចាត់ទុកថា ជាបញ្ហានយោបាយលំបាកសម្រាប់រដ្ឋាភិបាលនេះ ដែលរួមមានគណបក្សគ្រប់និន្នាការយោបាយ រួមទំាងគណបក្សអារ៉ាប់តូចមួយផងដែរ។
អ៊ីស្រាអែលបានចួលកាន់កាប់ទីក្រុងហ្ស៊េរុយសាឡិម ខាងកើតក្នុងឆ្នាំ ១៩៦៧ និងភ្ជាប់វាជារបស់ខ្លួន ដោយសហគមន៍អន្តរជាតិមិនទទួលស្គាល់។ អ៊ីស្រាអែលចាត់ទុកគ្រប់ផ្នែកទំាងអស់នៃទីក្រុង ហ្ស៊េរុយសាឡិមជារដ្ឋធានីរបស់ខ្លួន រីឯប៉ាឡេស្ទីនប្រមើលមើលទីក្រុងហ្ស៊េរុយសាឡិមខាងកើតជារដ្ឋធានីរបស់រដ្ឋខ្លួននៅថ្ងៃអនាគត៕