សហរដ្ឋអាមេរិកបានចោទប្រកាន់ប្រទេសអ៊ីរ៉ង់ពីការមិនបានប្រកាសសកម្មភាពដែលទាក់ទិននឹងអាវុធគីមីដែលជាការរំលោភការប្ដេជ្ញាចិត្តដល់អង្គការហាមឃាត់ការប្រើអាវុធគីមី។
ថ្លែងទៅកាន់ជំនួបប្រចាំឆ្នាំមួយរបស់អង្គការអន្តររដ្ឋាភិបាលនៅក្នុងទីក្រុងឡាអេ កាលពីថ្ងៃព្រហស្បតិ៍ លោក Kenneth Ward បេសកជនរបស់សហរដ្ឋអាមេរិកបាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មានការព្រួយកង្វល់ដែលអ៊ីរ៉ង់កំពុងអភិវឌ្ឍគីមីដែលធ្វើឲ្យប៉ះពាល់ប្រព័ន្ធសសៃប្រសាទសម្រាប់គោលបំណងវាយប្រហារខាងយោធា។
លោកមិនបានប្រាប់ពីប្រភពនៃការចោទប្រកាន់នោះទេ។ លោក Ward ក៏បានផ្តល់ឧទាហរណ៍៣អំពីអ្វីដែលលោកនិយាយថា ជាការមិនប្រកាសរបស់អ៊ីរ៉ង់នៅក្រោមច្បាប់អង្គការហាមឃាត់ការប្រើអាវុធគីមី ឬ OPCW។ អ៊ីរ៉ង់ជាហត្ថលេខីមួយនៃអនុសញ្ញាអាវុធគីមីដែលត្រួតត្រាដោយOPCW។
លោក Ward បាននិយាយទៀតថា អ៊ីរ៉ង់មិនបានប្រកាសសមត្ថភាពដើម្បីបំពេញសារធាតុគីមីទៅក្នុងអាវុធ ការដឹកជញ្ជូនគ្រាប់កាំភ្លើងធំដែលបំពេញទៅដោយសារធាតុគីមីទៅកាន់ប្រទេសលីប៊ីនៅក្នុងទសវត្សរ៍១៩៨០ ហើយនឹងការលក់ឧស្ម័ន CR របស់ខ្លួននៅឯការតាំងពិព័រណ៍អាវុធ។
សេចក្តីរាយការណ៍មួយរបស់កាសែត Washington Post នៅឆ្នាំ២០១១ បានដកស្រង់សម្តីពួកមន្រ្តីសហរដ្ឋអាមេរិកមកចុះផ្សាយថា គ្រាប់រំសេវគីមីដែលត្រូវបានរកឃើញនៅឆ្នាំនោះដោយពួកឧទ្ទាមនៅក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសលីប៊ីទំនងមានប្រភពនៅក្នុងប្រទេសអ៊ីរ៉ង់។
បណ្តាញព័ត៌មានសហរដ្ឋអាមេរិកបានដកស្រង់សម្តីរបស់មន្រ្តីរដ្ឋបាលប្រធានាធិបតីត្រាំ កាលពីសប្តាហ៍មកចុះផ្សាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងប្រើប្រាស់សន្និសីទរបស់អង្គការហាមឃាត់ការប្រើអាវុធគីមីដែលបានចាប់ផ្តើមនៅថ្ងៃពុធដើម្បីលើកឡើងពីបញ្ហានៃកម្មវិធីអាវុធគីមីរបស់អ៊ីរ៉ង់៕