ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​បដិសេធ​ថា​​ខ្លួន​មិន​បាន​បាត់​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ទេ


រូបឯកសារ៖ យន្ត​ហោះស៊ើបការណ៍​គ្មាន​​មនុស្ស​បើក​ RQ-4 Global Hawk របស់​អាមេរិក។ យន្ត​ហោះ​នេះ​ត្រូវ​បាន​បាញ់​ដោយ​អ៊ីរ៉ង់​នៅ​ច្រ​សមុទ្រ Hormuz ចម្ងាយ​៣៤​គីឡូម៉ែត្រ​ពី​ប្រទេស​អ៊ីរ៉ង់ កាល​ពី​ថ្ងៃ​ទី​២០ ​មិថុនា ២០១៩។
រូបឯកសារ៖ យន្ត​ហោះស៊ើបការណ៍​គ្មាន​​មនុស្ស​បើក​ RQ-4 Global Hawk របស់​អាមេរិក។ យន្ត​ហោះ​នេះ​ត្រូវ​បាន​បាញ់​ដោយ​អ៊ីរ៉ង់​នៅ​ច្រ​សមុទ្រ Hormuz ចម្ងាយ​៣៤​គីឡូម៉ែត្រ​ពី​ប្រទេស​អ៊ីរ៉ង់ កាល​ពី​ថ្ងៃ​ទី​២០ ​មិថុនា ២០១៩។

ប្រទេស​អ៊ីរ៉ង់​បាន​ថ្លែង​នៅ​ថ្ងៃសុក្រ​នេះ​ថា ​ខ្លួនមិន​បាន​បាត់​យន្តហោះ​គ្មាន​មនុស្ស​បើក​(ដ្រូន)​ណា​មួយ​ទេ ​ហើយ​បាន​បដិសេធ​របាយការណ៍​របស់​សហរដ្ឋ​អាមេរិក​ដែល​ថា ​នាវា​ចំបាំង​របស់​សហរដ្ឋ​អាមេរិក ​បាន​កម្ទេច​យន្តហោះ​គ្មាន​មនុស្ស​បើកនៅ​ច្រក​សមុទ្រ ​Hormuz ​នោះ។

លោក Abbas Araghchi​ អនុ​រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​បាន​ចុះ​ផ្សាយ​សារក្នុង​ប្រ​ព័ន្ធ Twitterថា៖ «យើង​មិន​បាន​បាត់​បង់​យន្តហោះ​គ្មាន​មនុស្ស​បើក​ណា​មួយនៅ​ច្រក​សមុទ្រ​ Hormuz ​ឬ​ទី​កន្លែង​ណា​ទេ»។​ លោក ​បាន​និយាយ​ទៀត​ថា ​លោក​មាន​ការ​ព្រួយ​បារម្ភ​ថា ​នាវា​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក​បាន​បាញ់​ទម្លាក់យន្តហោះ​គ្មាន​មនុស្ស​បើក​(ដ្រូន)​របស់​ខ្លួន​ឯង​ដោយ​«ច្រឡំ»។

ប្រធានា​ធិបតីអាមេរិក​លោក​ ដូណាល់ ​ត្រាំ បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​នាវា​ចម្បាំង​អាមេរិក ​បាន​បំផ្លាញ​យន្តហោះ​គ្មាន​មនុស្ស​បើក​(ដ្រូន)​របស់​អ៊ីរ៉ង់​មួយ​គ្រឿង​ដែល​បាន​គំរាម​កំហែង​នាវា​ និង​អ្នក​បើក​បរនាវា​នោះក្នុង​ច្រក​សមុទ្រ ​Hormuz។

លោក​ប្រធានា​ធិបតី​ ត្រាំ ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​ដែល​បាន​ជួប​ជុំគ្នា​នៅ​ពិធី​មួយ​នៅ​សេតវិមាន​ថា យន្ត​ហោះ​គ្មាន​មនុស្ស​បើក​ (ដ្រូន) បាន​ហោះនៅ​ចម្ងាយ​៩០០​ម៉ែត្រ​ពី​នាវា​ចំបាំង​ USS Boxer ​ហើយ​មិន​អើពើ​នឹង​ការ​ព្រមាន​ជា​ច្រើន​ដង។

​លោក​ប្រធានា​ធិបតី​ត្រាំ ​និយាយ​ទៀត​ថា៖ «យន្តហោះ​គ្មាន​មនុស្ស​បើក​(ដ្រូន)​នោះ ​បាន​ត្រូវ​កម្ទេច។​ នេះ​ជា​សកម្មភាព​នៃ​ការ​បង្កហេតុ និង​អារិភាព​មួយ​នៃសកម្មភាព​នៃ​ការ​បង្ក​ហេតុ​ និង​អារិភាព​ជាច្រើន​ដោយ​អ៊ីរ៉ង់​ ប្រឆាំង​នឹង​នាវា​ដែល​ប្រតិបត្តិការ​នៅ​ក្នុង​ដែន​ទឹក​អន្តរជាតិ។ សហរដ្ឋ​អាមេរិក​រក្សា​សិទ្ធិ​មនុស្ស​របស់​ខ្លួន​ដើម្បី​ការ​ពារ​បុគ្គលិក​ សម្ភារៈ និង​ផល​ប្រយោជន៍​របស់​ខ្លួន។

លោក ​Mohammad Javad Zarif​ រដ្ឋ​មន្រ្តី​ការបរទេស​អ៊ីរ៉ង់​បាន​និយាយ​នៅ​ក្នុង​បូរី​ញូយ៉ក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​មិន​មាន​ព័ត៌មាន​អំពី​ការ​បាត់​យន្តហោះ​គ្មានមនុស្ស​បើក​(ដ្រូន)នៅ​ថ្ងៃ​នេះ​ទេ៕

XS
SM
MD
LG