ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីរ៉ង់​អំពាវ​នាវ​ដល់​ប្រទេស​អង់គ្លេស​ឱ្យ​ដោះ​លែង​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​ដែល​ត្រូវ​បាន​រឹបអូស


រូបឯកសារ៖ នាវា​ចម្បាំង​នៃកង​ទ័ព​ជើង​ទឹក​អង់គ្លេស​ HMS Duncan ក្នុង​ពេល​ចត​នៅ​ផែ​ប្រទេស​តួក​គី កាល​ពី​ឆ្នាំ​មុន។
រូបឯកសារ៖ នាវា​ចម្បាំង​នៃកង​ទ័ព​ជើង​ទឹក​អង់គ្លេស​ HMS Duncan ក្នុង​ពេល​ចត​នៅ​ផែ​ប្រទេស​តួក​គី កាល​ពី​ឆ្នាំ​មុន។

​អ៊ីរ៉ង់​ទាមទារ​ឱ្យ​ប្រទេស​អង់គ្លេស​ដោះលែង​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​មួយ​គ្រឿង​ដែល​ត្រូវ​បាន​រឹបអូស​កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​លំហ​សមុទ្រ​ទល់​មុខ​នឹង​ឆ្នេរ​សមុទ្រ​ហ្ស៊ីប្រាល់តា​ ហើយ​បាន​ចោទ​ប្រកាន់​ប្រទេស​អង់គ្លេស​ថា​លេង​«ល្បែង​ប្រកប​ដោយ​គ្រោះថ្នាក់»​មួយ​នៅ​ក្នុង​តំបន់​ឈូងសមុទ្រ​ពែក។

លោក ​Abbas Mousavi ​អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មានរដ្ឋ​ IRNA​ នៃ​ប្រទេស​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​សុក្រ​ថា ​ការ​រឹប​អូស​យក​កប៉ាល់​នេះ​នាំ​ឱ្យ​មាន​ផលវិបាក​ ហើយ​ថា​ លេស​ខាង​ផ្លូវ​ច្បាប់​សម្រាប់​ការ​ចាប់​នាវា​នោះ​យក​ជា​ការ​មិន​បាន​ទេ»។

កំណត់​សម្គាល់​របស់​លោក​ Mousavi​ មាន​ឡើង​ពីរ​ថ្ងៃ​ក្រោយ​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ​Hassan Rouhani ​ក៏​បាន​ព្រមាន​កាល​ពី​ថ្ងៃ​ពុធ​ដែរ​ថា​ ប្រទេស​អង់គ្លេស​នឹង​ប្រឈម​នឹង​ផល​វិបាក​ដោយសារ​បាន​រឹប​អូស​យក​នាវា​នោះ​ដែល​ជាប់​សង្ស័យ​ថា​បាន​ដឹក​ប្រេង​ទៅ​កាន់​ប្រទេស​ស៊ីរី​ដោយ​រំលោភ​លើ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប។

ប្រធានា​ធិបតី​អ៊ីរ៉ង់​ Hassan Rouhani ថ្លែង​ទៅ​កាន់​គណៈ​រដ្ឋ​មន្ត្រី​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​ទី​៣ កក្កដា ២០១៩។
ប្រធានា​ធិបតី​អ៊ីរ៉ង់​ Hassan Rouhani ថ្លែង​ទៅ​កាន់​គណៈ​រដ្ឋ​មន្ត្រី​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​ទី​៣ កក្កដា ២០១៩។

ភាព​តាន​តឹង​នៅ​ក្នុង​តំបន់​នោះ​បាន​កើន​ខ្លាំង​ឡើង​ថែម​ទៀត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ នៅ​ពេល​ប្រទេស​អង់គ្លេស​បាន​និយាយ​ថា នាវា​ចម្បាំង​អ៊ីរ៉ង់​បី​គ្រឿង​បាន​ខិត​ខំ​ព្យាយាម​បង្អាក់​ការ​បើក​របស់​នាវា​ដឹក​ប្រេង​អង់គ្លេស​មួយ​គ្រឿង​តាម​ច្រក​សមុទ្រ Hormuz។

សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​រដ្ឋាភិបាល​អង់គ្លេស​បាន​និយាយ​ថា ​នាវា​អ៊ីរ៉ង់​បី​គ្រឿង​មាន​ទាក់​ទិន​នឹង​ឧប្បត្តិហេតុ​នេះ​ហើយ​ថា ​នាវា​ទាំង​នេះ​បាន​បើក​ថយ​ទៅ​វិញ​នៅ​ពេល​ពួក​គេ​បាន​ទទួល​ការ​ព្រមាន​ពី​កប៉ាល់​ចម្បាំង​អង់គ្លេស​មួយ​គ្រឿង។

រដ្ឋាភិបាល​អង់គ្លេស​បាន​និយាយ​កាល​ពីថ្ងៃ​សុក្រ​ថា​ ខ្លួន​នឹង​បញ្ជូននាវា​ចម្បាំង​ឈ្មោះ ​HMS Duncan ​ទៅ​កាន់​ឈូង​សមុទ្រ​ពែក​ ដើម្បី​ជំនួស​កប៉ាល់​ចម្បាំង​ឈ្មោះ HMS Montrose ​ដែល​អង់គ្លេស​និយាយ​ថា​បាន​ត្រូវ​បង្ខំ​ឱ្យ​រាំង​ខ្ទប់​នាវាអ៊ីរ៉ង់​ទាំង​នោះ។

កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​របស់​ប្រទេសអង់គ្លេស។​សេចក្តី​ថ្លែងការណ៍​មួយ​ចេញផ្សាយ​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន​ Fars ​ពាក់​កណ្តាល​ផ្លូវការ​របស់​អ៊ីរ៉ង់​បាន​និយាយ​ថា​ នាវា​យាម​ល្បាត​នៃ​កងឆ្មាំ​បដិវត្តន៍បាន​បំពេញ​កាតព្វកិច្ច​ធម្មតា ​ហើយ​គ្មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​នាវា​បរទេស​ណា​មួយ​ទេ​ ជាពិសេស​នាវា​អង់គ្លេស៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG