ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​សភា​​អ៊ីរ៉ង់​ឆ្លង​ជំងឺ​កូវីដ១៩​ ខណៈ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​​កើន​​ខ្លាំង​​បំផុត​នៅ​ក្នុង​ប្រទេស


ប្រធាន​សភា​អ៊ីរ៉ង់​លោក Mohammad Bagher Ghalibaf (កណ្ដាល) បើក​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​ក្រុម​មន្ត្រី​របស់​លោក នៅ​ក្នុង​រដ្ឋសភា​អ៊ីរ៉ង់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។
ប្រធាន​សភា​អ៊ីរ៉ង់​លោក Mohammad Bagher Ghalibaf (កណ្ដាល) បើក​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​ក្រុម​មន្ត្រី​របស់​លោក នៅ​ក្នុង​រដ្ឋសភា​អ៊ីរ៉ង់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។

ប្រធាន​សភា​ប្រទេស​អ៊ីរ៉ង់បាន​និយាយ​ថា​ លោក​បាន​ធ្វើ​តេស្ត​រក​ឃើញ​ជំងឺ​កូវីដ១៩​ ខណៈ​មន្រ្តី​អ៊ីរ៉ង់​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ ក៏បានឆ្លង​ជំងឺ​កូវីដ​១៩​ផង​ដែរ​ ក្នុង​ពេល​ដែល​ប្រទេស​នេះ កំពុង​ទទួល​រង​គ្រោះ​ខ្លាំង​ដោយ​សារ​ជំងឺ​កូវីដ១៩​ ដោយកាល​ពី​ថ្ងៃ​ពុធបាន​រាយការណ៍​ពី​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​នេះ​ក្នុង​មួយ​ថ្ងៃ​ច្រើនមិន​ធ្លាប់​មាន​ រហូត​ដល់៤១៥​នាក់។​

ប្រធាន​សភា​លោក Mohammad Bagher Ghalibaf ​បាន​បង្ហោះ​សារ​លើ​បណ្តាញ​ Twitter ​ថា​ លោក​បាន​ទទួលព័ត៌មាននៃការ​ឆ្លង​ជំងឺ​កូវីដ​១៩​ ក្រោយ​សហការី​របស់​លោក​មួយ​រូប​ ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញវីរុស​កូរ៉ូណាមក។​

លោក​បន្ត​ថា​ លោក​នឹងបន្ត​បំពេញ​ការងាររបស់​លោក​ពី​កន្លែង​ដែល​លោក​ធ្វើ​ចត្តាឡីស័ក។​ កាល​ពី​ដើម​ខែ​នេះ​ លោកត្រូវ​បាន​គេផ្សព្វ​ផ្សាយ​លើ​ទូរទស្សន៍​រដ្ឋ​ ​ខណៈ​ពេល​ដែល​លោក​កំពុង​ចុះសួរ​សុខ​ទុក្ខ​អ្នក​ជំងឺ​កូវីដ​១៩​ដែល​កំពុង​សម្រាក​ពេញ​ក្នុង​មន្ទីរ​ពេទ្យមួយ​ក្នុងរដ្ឋធានី​តេហេរ៉ង់​នោះ។

យ៉ាង​ហោច​ណាស់​ មាន​សមាជិក​សភា​អ៊ីរ៉ង់ចំនួន​៣០​រូប​ បាន​ឆ្លង​ជំងឺ​កូវីដ១៩ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ហើយទីប្រឹក្សា​មួយ​រួប​របស់​មេដឹកនាំ​កំពូល​អ៊ឺរ៉ង់​បាន​ស្លាប់​ដោយ​ជំងឺ​នេះ។

អស់​រយៈ​ជា​ច្រើន​ខែ​មក​ហើយ អ៊ីរ៉ង់​បាន​ធ្លាក់​ខ្លួន​ជា​ប្រទេស​រង​ការ​រាតត្បាត​ធ្ងន់ធ្ងរ​បំផុត​ពី​ជំងឺ​កូវីដ១៩​នៅ​តំបន់​មជ្ឈិមបូព៌ា។ រដ្ឋាភិបាល​អ៊ឺរ៉ង់​ ដែល​កំពុង​ស្រវាស្រទេញ​សង្គ្រោះ​សេដ្ឋកិច្ច​ដែល​រង​ខ្លាំង​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​ស្រាប់ មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​បញ្ជា​ឲ្យ​បិទ​អាជីវកម្ម​នានា​បើ​ទោះ​បី​ជា​មាន​ការ​រាតត្បាត​យ៉ាងខ្លាំង​ពីកូវីដ១៩​ក៏​ដោយ៕

XS
SM
MD
LG