ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភពលោក​ថា រយៈពេល ៧ ថ្ងៃ​គិត​ត្រឹម​ថ្ងៃ​អង្គារ មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ ជិត ៣ លាន​ករណី


កម្មករ​រោងចក្រ​នាំ​គ្នា​ពាក់​របាំង​មុខ​ការពារ​ពី​ជំងឺ​កូវីដ១៩ ខណៈ​ដែល​ពួកគេ​ដើរ​ឆ្លង​ថ្នល់​ទៅ​ធ្វើការ​​ ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។
កម្មករ​រោងចក្រ​នាំ​គ្នា​ពាក់​របាំង​មុខ​ការពារ​ពី​ជំងឺ​កូវីដ១៩ ខណៈ​ដែល​ពួកគេ​ដើរ​ឆ្លង​ថ្នល់​ទៅ​ធ្វើការ​​ ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។

អង្គការ​សុខភាព​ពិភពលោក WHO បាន​បញ្ជាក់​ថា ការ​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន ២ លាន ៨ សែន​ករណី​ថ្មី ត្រូវ​បាន​រាយការណ៍​នៅ​ទូទាំង​ពិភពលោក​ក្នុង​រយៈពេល ៧ ថ្ងៃ​ចុងក្រោយ​គិត​ត្រឹម​ថ្ងៃ​អង្គារ​ម្សិលមិញ ដែល​ក្នុង​នោះ​មាន​ករណី​ស្លាប់​ថ្មី​ចំនួន ៤ ម៉ឺន​នាក់។

អង្គការ WHO បាន​លើកឡើង​ថា ទ្វីប​អឺរ៉ុប​មាន​ករណី​ឆ្លង​ថ្មី​ច្រើន​ជាង​គេ​បង្អស់​ក្នុង​សប្តាហ៍​ទី​ពីរ​ជាប់ៗ​គ្នា ដោយ​មាន​ចំនួន ១ លាន ៣ សែន​ករណី ដែល​ជា​ការ​កើនឡើង​ចំនួន ៣៣% បើ​ប្រៀបធៀប​ទៅ​នឹង​សប្តាហ៍​មុន​ហ្នឹង។ ទ្វីប​អឺរ៉ុប​មាន​ករណី​ឆ្លង​ថ្មី​ស្មើ​នឹង​ជិត​ពាក់​កណ្តាល​នៃ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩ ក្នុង​អំឡុងពេល ៧ ថ្ងៃ​ចុងក្រោយ​នោះ។

តួលេខ​ក៏​បាន​បង្ហាញ​ផងដែរ​ថា ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ក៏​កំពុង​កើនឡើង​នៅ​ទ្វីប​អាមេរិក តំបន់​មីឌីទែរ៉ាណា​ខាង​កើត និង​តំបន់​នានា​នៅ​ទ្វីប​អាហ្វ្រិក ខណៈ​ដែល​ការ​ធ្លាក់ចុះ​នៃ​ការ​ឆ្លង​ត្រូវ​បាន​គេ​បន្ត​រាយការណ៍​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​លិច​ក៏​បាន​បង្ហាញ​នូវ​ការ​ធ្លាក់ចុះ​បន្តិច​បន្តួច​ដែរ​ទាក់ទិន​នឹង​ករណី​ឆ្លង​និង​ស្លាប់​ថ្មី​ក្នុង​រយៈពេល ៧ ថ្ងៃ​ចុងក្រោយ​នោះ។

អង្គការ WHO បាន​បញ្ជាក់​ទៀត​ថា ប្រទេស​ដែល​បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​ថ្មី​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​រយៈពេល​មួយ​សប្តាហ៍​កន្លង​មក​នេះ គឺ​ប្រទេស​ឥណ្ឌា សហរដ្ឋ​អាមេរិក បារាំង ប្រេស៊ីល និង​ចក្រភព​អង់គ្លេស។

ជំងឺ​កូវីដ១៩ នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រតិបត្តិការ​នៅឯ​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ទីក្រុង New York កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ដោយ​លោក Volkan Bozkirប្រធាន​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ បាន​លុបចោល​ការ​ប្រជុំ​ដែល​មាន​ការ​ចូលរួម​ដោយ​ផ្ទាល់ បន្ទាប់ពី​បុគ្គលិក ៥ នាក់​របស់​ស្ថាន​បេសកកម្ម​ប្រទេស​នីហ្សេ​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ធ្វើ​តេស្ត​ឃើញ​ថា​មាន​ឆ្លង​ជំងឺ​កូវីដ១៩៕

XS
SM
MD
LG