លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ បានព្រមានប្រទេសអ៊ីរ៉ង់ថា «យកល្អប្រយ័ត្នខ្លួន» ក្រោយពីរដ្ឋបាលទីក្រុងតេហេរ៉ង់ បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងតែចម្រាញ់ជាតិអ៊ុយរ៉ាញ៉ូមលើសពីកម្រិតដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។
លោកប្រធានាធិបតីមិនបានបញ្ជាក់ច្បាស់ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា រដ្ឋបាលរបស់លោកកំពុងពិចារណានឹងចាត់វិធានការបែបណាទេ ប៉ុន្តែលោកបានបញ្ជាក់ជំហរជាថ្មីថា «ប្រទេសអ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរជាដាច់ខាត»។
អត្ថាធិប្បាយរបស់លោកត្រាំធ្វើឡើងបន្ទាប់ពីលោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសបានសរសេរក្នុងទំព័រ Twitter ថាការសម្រេចចិត្តរបស់អ៊ីរ៉ង់នឹងនាំឱ្យមាន «ទណ្ឌកម្ម និងការដាក់ឱ្យនៅឯកោថែមទៀត»។
លោក Pompeo បានសរសេរថា «ប្រជាជាតិនានាគួរតែស្តារឡើងវិញនូវស្តង់ដារដែលមានជាយូរហើយដែលមិនឱ្យមានការចម្រាញ់ណាមួយសម្រាប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ របបគ្រប់គ្រងប្រទេសអ៊ីរ៉ង់ដែលមានអាវុធនុយក្លេអ៊ែរនឹងបង្កគ្រោះថ្នាក់កាន់តែធំជាងមុនដល់ពិភពលោក»។
ចក្រភពអង់គ្លេសបានទទូចសុំប្រទេសអ៊ីរ៉ង់ «បញ្ឈប់ និងវិលថយក្រោយជាបន្ទាន់» នូវគ្រប់សកម្មភាពទាំងអស់ដែលមិនស្របតាមកិច្ចព្រមព្រៀង ដែលកំណត់ឱ្យអ៊ីរ៉ង់ទទួលយកការហាមឃាត់លើកម្មវិធីនុយក្លេអ៊ែរជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច។
ប្រទសបារាំងបាននិយាយថា វិធានការរបស់អ៊ីរ៉ង់គឺជា «ការរំលោភ» ច្បាប់អន្តរជាតិ៕