ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​អះអាង​ថា​អ៊ីរ៉ង់​កំពុង​ចម្រាញ់​ជាតិ​អ៊ុយរ៉ាញ៉ូម​លើស​ពី​កម្រិត​ដែល​បាន​កំណត់​នៅក្នុង​កិច្ចព្រមព្រៀង


លោក Behrouz Kamalvandi អ្នក​នាំពាក្យ​របស់​ទីភ្នាក់ងារឃ្លាំ​មើល​បរិមាណូ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩។
លោក Behrouz Kamalvandi អ្នក​នាំពាក្យ​របស់​ទីភ្នាក់ងារឃ្លាំ​មើល​បរិមាណូ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​ក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩។

ទីភ្នាក់ងារឃ្លាំ​មើល​បរិមាណូ​អង្គការសហប្រជាតិ​បាន​អះអាង​ថា​ប្រទេស​អ៊ីរ៉ង់​កំពុង​តែ​ចម្រាញ់​ជាតិ​អ៊ុយរ៉ាញ៉ូម​លើស​ពី​កម្រិត​ដែល​បាន​កំណត់​នៅក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អន្តរជាតិ​ឆ្នាំ២០១៥។

ទីភ្នាក់ងារ​បាន​ប្រកាស​ថា​ ក្រុមត្រួតពិនិត្យ​របស់​ខ្លួន​កាល​ពី​ថ្ងៃចន្ទ​បាន​ធ្វើការ​ផ្ទៀងផ្ទាត់​និង​បាន​អះអាង​ថា​ប្រទេសអ៊ីរ៉ង់​បាន​ចម្រាញ់​ជាតិអ៊ុយរ៉ាញ៉ូម​បាន៤,៥ភាគរយ លើស​ពី​កម្រិត​៣,៦៧​ភាគរយ​ដែល​ជា​កម្រិត​ត្រូវ​បាន​កំណត់​នៅក្នុង​កិច្ចព្រមព្រៀង​អន្តរជាតិ​ដែល​មាន​បំណង​ទប់​ស្កាត់​មិន​ឲ្យ​រដ្ឋាភិបាល​ក្រុងតេហេរ៉ង់​ផលិត​នុយក្លេអ៊ែរ។

ការ​ប្រកាស​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ប៉ុន្មាន​ម៉ោង​ បន្ទាប់​ពី​ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អ៊ីរ៉ង់​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​ចម្រាញ់​ជាតិអ៊ុយរ៉ាញ៉ូម​លើស​ពី​កម្រិត ​ហើយ​នឹង​រំពឹង​ថា​នឹង​អាច​ចម្រាញ់​បាន​ដល់​ទៅ២០ភាគរយ​នៅ​ជំហាន​បន្ទាប់​ ដែល​ការណ៍​នេះ​បង្ហាញ​ពី​ការងាក​ចេញ​ពី​ការប្តេជ្ញាចិត្ត​របស់​អ៊ីរ៉ង់​នៅ​ក្រោមកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ។

អ៊ីរ៉ង់​បាន​ប្រកាស​ថា​ ខ្លួន​នឹង​នៅ​តែ​ចម្រាញ់​ជាតិ​អ៊ុយរ៉ាញ៉ូម​ លុះត្រា​តែ​ខ្លួន​ទទួល​បាន​ជំនួយ​ដែល​ខ្លួន​ត្រូវ​ការ​ពី​ប្រទេស​ជា​ហត្ថលេខី​ផ្សេងទៀត​នៅក្នុង​កិច្ចព្រមព្រៀង​នេះ ​ដើម្បី​ទប់ទល់​ជាមួយ​នឹង​ផលប៉ះពាល់​ដោយ​សារទណ្ឌកម្ម​ដែល​លោកប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump បាន​ដាក់​មក​លើ​សេដ្ឋកិច្ច​របស់​ខ្លួន​ បន្ទាប់​ពី​បាន​ដក​សហរដ្ឋអាមេរិក​ចេញ​ពីកិច្ចព្រមព្រៀង​នេះ​កាល​ពី​ឆ្នាំមុន។
ការ​ចម្រាញ់​ជាតិ​អ៊ុយរ៉ាញ៉ូម​បាន​៥ភាគរយ​គឺ​ល្មម​គ្រប់គ្រាន់​អាច​ឲ្យ​គេ​បង្កើត​រោងចក្រថាមពល​នុយក្លេអ៊ែរ​បាន។

សហភាពអ៊ឺរ៉ុប​ដែល​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ជា​ហត្ថលេខី​ផ្សេងទៀតនៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អន្តរជាតិ​នេះ​បាន​ប្រកាស​ថា​ ខ្លួន​មាន​ការ​បារម្ភ​យ៉ាងខ្លាំង​អំពី​សកម្មភាព​របស់​រដ្ឋាភិបាល​ក្រុងតេហេរ៉ង់។

ប្រទេស​រុស្ស៊ី​បាន​ឲ្យ​ដឹងថា​ខ្លួន​បារម្ភ​អំពី​សកម្មភាព​របស់​អ៊ីរ៉ង់​ ប៉ុន្តែ​អ្នកនាំ​ពាក្យ​វិមាន​គ្រឹមឡាំង​លោក Dmitry Peskov បាន​ថ្លែង​ថា​ រុស្ស៊ី​ធ្លាប់​បាន​ព្រមាន​រួច​ហើយ​ថា​ ការ​ដក​ខ្លួន​របស់​លោក Trump ចេញ​ពី​កិច្ចព្រមព្រៀង​នេះ​អាច​ផ្តល់​ផល​អវិជ្ជមាន​ដល់​សន្តិសុខ​សកលលោក៕

XS
SM
MD
LG