សហភាពអន្តរសភា ឬ (Inter-Parliamentary Union) បានបញ្ចេញប្រតិកម្មទាមទារឱ្យគណបក្សប្រឆាំងអាចធ្វើសកម្មភាពបានដោយសេរី និងចូលរួមក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ បានដោយពេញដៃពេញជើង។ នេះបើយោងតាមសេចក្តីប្រកាស និងខ្សែវីដេអូនៃកិច្ចប្រជុំកំពូលរបស់ IPU ដែល VOA ទទួលបានកាលពីថ្ងៃព្រហស្បតិ៍។
សហភាពអន្តរសភា (IPU) ដែលមានសមាជិកជាតំណាងរាស្ត្រជាង ៨០០ រូបមកពីប្រទេសជាង១៧៣ រួមទាំងកម្ពុជាផងនោះ បានរៀបចំមហាសន្និបាតរបស់ខ្លួននៅឯទីក្រុង St. Petersburg ប្រទេសរុស្ស៊ី ដោយសម្ដែងក្ដីបារម្ភ និងក្ដីពិភាល់សង្ស័យទៅលើសុក្រិតភាពនៃភស្ដុតាងដាក់បន្ទុកគណបក្សសង្គ្រោះជាតិនៅប្រទេសកម្ពុជា។ ក្រោយមហាសន្និបាតរបស់ខ្លួន IPU បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយកាលពីថ្ងៃពុធ ស្តីពីស្ថានការណ៍លំបាករបស់អ្នកតំណាងរាស្ត្រគណបក្សជំទាស់នៅប្រទេសចំនួនបួនរួមមាន កម្ពុជា វេណេហ្សូអេឡា តួកគី និងម៉ាល់ឌីវ។
ក្នុងសេចក្ដីថ្លែងការណ៍រួម ដែលចេញផ្សាយកាលពីថ្ងៃពុធ សហភាពអន្តរសភា បានប្រកាសថា៖
«សហភាពអន្តរសភា សូមសម្ដែងការថ្កោលទោសដ៏ខ្លាំងក្លាចំពោះការលើកឡើងនូវខ្សែអាត់វីដេអូមួយយកមកប្រើប្រាស់ជាភស្តុតាងចោទប្រកាន់[លោក កឹម សុខា និងបក្សសង្គ្រោះជាតិ] ពីបទក្បត់ជាតិ និងសូមទាមទារថា លោក កឹម សុខា ត្រូវបានដោះលែងជាបន្ទាន់ និងត្រូវបានអនុញ្ញាតឱ្យបន្តករណីកិច្ចរបស់លោកជាអ្នកតំណាងរាស្ត្រ និងជាប្រធានគណបក្សសង្គ្រោះជាតិដូចប្រក្រតីវិញ»។
សេចក្ដីថ្លែងការណ៍ដដែលក៏បានបន្តទៀតថា៖
«សហភាពអន្តរសភាក៏សូមអំពាវនាវឱ្យអាជ្ញាធរកម្ពុជា អនុញ្ញាតឱ្យមានការវិលត្រឡប់របស់អ្នកតំណាងរាស្ត្រគណបក្សជំទាស់ទាំងឡាយ ដែលបានបង្ខំឱ្យដាក់ខ្លួនឯងនៅក្នុងការនីរទេសខ្លួន ឱ្យបានធ្វើយុទ្ធនាការនយោបាយដោយសេរី នៅក្នុងការបោះឆ្នោតឆ្នាំ២០១៨ ដែលកាន់តែកៀកមកដល់ក្នុងពេលដ៏ខ្លី»។
ការចេញសេចក្តីប្រកាសរួមរបស់ សហភាពអន្តរសភា (IPU) ធ្វើឡើងមិនបានប៉ុន្មានថ្ងៃក្រោយពេលរដ្ឋសភាជាតិកម្ពុជា អនុម័តវិសោធនកម្មច្បាប់ចំនួនបួនទាក់ទងនឹងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានបើកផ្លូវឱ្យមានការបែងចែកអាសនៈសភា និងក្រុមប្រឹក្សារដ្ឋបាលឃុំសង្កាត់ របស់បក្សដែលត្រូវបានរំលាយ ខណៈដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិកំពុងត្រូវបានឃុំខ្លួន និងចោទប្រកាន់ពីបទក្បត់ជាតិ។ តំណាងរាស្ត្របក្សរបស់លោកជាង២០រូប កំពុងភៀសខ្លួនទៅក្រៅប្រទេសដោយភ័យខ្លាចពីការចាប់ចង ហើយគណបក្សសង្គ្រោះជាតិខ្លួនឯងកំពុងប្រឈមនឹងការរំលាយ។
នៅមុនការចេញសេចក្ដីថ្លែងការណ៍រួមខាងលើ គណៈកម្មាធិការទទួលបន្ទុកសិទ្ធិមនុស្សនៃក្រុមអ្នកតំណាងរាស្ត្ររបស់ IPU ក៏បានបង្ហាញនូវក្ដីបារម្ភអំពីស្ថានការណ៍អ្នកតំណាងរាស្ត្របក្សសង្គ្រោះជាតិក្នុង សេចក្ដីថ្លែងហេតុប្រាប់សម័យប្រជុំពេញអង្គរបស់ IPU នៅទីក្រុង St. Petersburg។ នេះបើតាមវីដេអូ ដែលគេផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក។
ប្រធាន IPU លោក Saber Chowdhury និងជាសមាជិកសភាប្រទេសបង់ក្លាដេសផងដែរនោះ បានលើកឡើងក្នុងការដេញដោលរបស់លោកជាមួយនឹងលោក យ៉ង់ សែម សមាជិកព្រឹទ្ធសភាកម្ពុជា ដែលមានវត្តមានក្នុងសម័យប្រជុំពេញអង្គរបស់ IPU កាលពីថ្ងៃពុធ អំពីសារៈសំខាន់នៃប្រព័ន្ធសភាពហុបក្សនៅកម្ពុជា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។
លោក Saber Chowdhury បានថ្លែងដូច្នេះថា៖
«សូមបញ្ជាក់យ៉ាងច្បាស់សម្រាប់ប្រទេសកម្ពុជាថា យើងចង់ជួយអស់លោកអ្នក យើងចង់ឈរនៅជាមួយនឹងអង្គនីតិបញ្ញត្តិអាស្រ័យរដ្ឋធម្មនុញ្ញ»។
ទាំងលោក Saber Chowdhury និងលោក Bernd Fabritius អនុប្រធានគណៈកម្មាធិការទទួលបន្ទុកសិទ្ធិមនុស្សនៃក្រុមអ្នកតំណាងរាស្ត្ររបស់ IPU សុទ្ធតែបានអំពាវនាវឱ្យមានដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ IPU មកកាន់ប្រទេសកម្ពុជា ដើម្បីអង្កេតមើលដំណើរវិវត្តន៍ចុងក្រោយនៃនយោបាយក្នុងទីក្រុងភ្នំពេញ។
លោក យ៉ង់ សែម សមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាជនកម្ពុជា បានថ្លែងស្វាគមន៍ចំពោះបំណងនៃដំណើរទស្សនកិច្ចខាងលើរបស់សមាជិក IPU ហើយបានបញ្ជាក់ថា អាជ្ញាធរខ្មែរមិនបានបង្ខំឱ្យមានការចាកចេញរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទៅក្រៅប្រទេសនោះទេ។
លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីថ្ងៃព្រហស្បតិ៍នេះ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលព្រៃវែង បានហៅការអំពាវនាវរបស់សហភាពអន្តរសភា IPU ថា ការរំលោភដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។
«ហើយខ្ញុំយល់ថា ការមានមតិ ឬមួយការបង្ខិតបង្ខំ ការបង្គាប់បញ្ជាណាពីខាងក្រៅ ខ្ញុំយល់ថា មិនមានវិសាលភាពអនុវត្ត ឬអានុភាពអនុវត្ត សម្រាប់ប្រទេសកម្ពុជាទេ ពីព្រោះយើងដឹងហើយថា IPU ជាបណ្ដុំនៃរដ្ឋសភា ដូច្នេះហើយគ្មានសិទ្ធិអីមកបង្គាប់បញ្ជាដល់រាជរដ្ឋាភិបាលកម្ពុជានោះទេ។ ការណ៍ដែលគាត់មានមតិនេះ មិនបានផ្សារភ្ជាប់នឹងតថភាពសង្គមពិតប្រាកដនៅកម្ពុជានោះទេ»។
លោក សុខ ឥសាន បានបន្ថែមអំពីការថ្លែងរបស់រដ្ឋាភិបាលកម្ពុជាថា រាល់នីតិវិធីរបស់តុលាការខ្មែរប្រឆាំងនឹងអ្នករិះគន់ និងអ្នកនយោបាយជំទាស់ជាការអនុវត្តច្បាប់ស្របតាមនីតិរដ្ឋ។
នៅឯទីក្រុងបាងកក កាលពីម្សិលមិញមានការចេញផ្សាយរបាយការណ៍មួយរបស់គណៈកម្មការអ្នកច្បាប់អន្តរជាតិ ICJ រិះគន់អំពីដំណើរការសកម្មភាពនៃការធ្វើ«អាវុធយុទ្ធូបនីយកម្ម» ឬ Weaponization នៃប្រព័ន្ធច្បាប់កម្ពុជា ដែលសំដៅលើការប្រើប្រាស់ច្បាប់បង្ក្រាបអ្នកប្រឆាំង និងអ្នករិះគន់ ចំពេលការបោះឆ្នោតជាតិខិតចូលមកដល់នៅឆ្នាំ២០១៨ខាងមុខ។ អ្នកនាំពាក្យគណបក្សគ្រប់គ្រងអំណាចលោក សុខ ឥសាន ក៏បានបដិសេធរបាយការណ៍នេះផងដែរ៕