ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​ខ្មែរ​ក្រៅ​ស្រុក​រួប​រួម​គ្នា​ ពេល​បក្ស​ប្រឆាំង​រង​ការ​បង្ក្រាប


លោក ហុង លីម សមាជិក​សភា​រដ្ឋ Victoria នៃ​ប្រទេស​អូស្ត្រាលី មាន​វត្តមាន​នៅ​ទីស្នាក់ការ​វីអូអេ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៥ ខែ​តុលា ឆ្នាំ២០១៧។ (ទែន សុខស្រីនិត/VOA)
លោក ហុង លីម សមាជិក​សភា​រដ្ឋ Victoria នៃ​ប្រទេស​អូស្ត្រាលី មាន​វត្តមាន​នៅ​ទីស្នាក់ការ​វីអូអេ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៥ ខែ​តុលា ឆ្នាំ២០១៧។ (ទែន សុខស្រីនិត/VOA)

លោក​ហុង លីម​សមាជិកសភា​ប្រចាំ​រដ្ឋVictoria ប្រទេស​អូស្ត្រាលី ​​ដែល​មានដើមកំណើតខ្មែរ ​បាន​ចូលរួម​​អំពាវនាវ​ឱ្យ​មាន​អន្តរាគមន៍​ក្នុង​ពេល​ដែលលោកបានធ្វើដំណើរ​មក​សហរដ្ឋ​អាមេរិក​កាល​ពីដើម​ខែ​តុលា​នេះ។

ការ​អំពាវនាវ​ឱ្យ​មាន​អន្តរាគមន៍​បរទេស​ចូល​ក្នុង​បញ្ហា​កម្ពុជា​កាន់តែ​កើន​ឡើង​ក្នុងពេលដែល​ការ​បង្ក្រាប​លើ​ក្រុម​ប្រឆាំង​នៅ​តែ​បន្ត ហើយ​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ខិតខំ​ស្វែងរក​វិធី​មួយ​ដើម្បី​រួប​រួមគ្នា​ដោះស្រាយ​វិបត្តិ​នយោបាយ​នេះ។

លោក​ហុង លីម​សមាជិកសភា​ប្រចាំ​រដ្ឋVictoria ប្រទេស​អូស្ត្រាលី ដែល​មានដើមកំណើតខ្មែរ ​បាន​ចូលរួមអំពាវនាវ​ឱ្យ​មាន​អន្តរាគមន៍​ក្នុង​ពេល​ដែលលោកបានធ្វើដំណើរ​មក​សហរដ្ឋ​អាមេរិក​កាល​ពីដើម​ខែ​តុលា​នេះ។

លោក​ហុង លីម​បាន​បន្ថែម​ថា​ មានតែ​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​ទេ ​ដែល​អាច​បង្ខំ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​សកម្មភាព​រំលោភ​សិទ្ធិមនុស្ស​ និងរំលាយ​គណបក្ស​សង្គ្រោះជាតិ ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​និង​នាំ​យក​សេរីភាព​មកវិញ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល ​និង​ពលរដ្ឋ​ខ្មែរ។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​នឹងVOA លោក​ហុង លីម​បាន​បញ្ជាក់​ថា៖

«កុំ​ភ្លេច​ថា ​សន្និសីទ​ក្រុង​ប៉ារីស​កើត​ឡើង ដោយសារ​គេ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ហ្នឹង។ គេ​ចាត់​ទុក​រដ្ឋាភិបាល​ហ៊ុន សែន​សម័យ​យួន​យក​មក​ឱ្យ​គ្រប់គ្រង​ខ្មែរ​ហ្នឹង​គឺ​ជា រដ្ឋាភិបាល​ខុសច្បាប់​។ ឥឡូវនេះ គាត់​ធ្វើ​រហូត​ដល់ថ្នាក់គណបក្ស​ប្រឆាំង​គ្មានលទ្ធភាព​ ឬ​គ្មានមធ្យោបាយ​មក​ប្រកួតប្រជែង​ឱ្យ​ស្មើមុខ​ឱ្យ​សមរម្យឱ្យ​មាន​តម្លាភាព មាន​សេរីភាព​ក្នុង​ការ​ឃោសនា​ហ្នឹង ​វា​នឹង​ទៅ​ជា​រដ្ឋាភិបាល​ដែល​ជាប់​ឆ្នោត​នោះ​ទៅ​ជា​រដ្ឋាភិបាល​មិនស្របច្បាប់ទៀតហើយ‍»។

កិច្ចព្រមព្រៀង​សន្តិភាពក្រុង​ប៉ារីស​ត្រូវ​បាន​ចុះ​ហត្ថលេខាដោយ​ភាគីជម្លោះកម្ពុជា​ចំនួន​ ៤​ដោយ​មានការចូលរួម​ពី​ប្រទេស​ហត្ថលេខី​ចំនួន​ ១៧ កាលពីថ្ងៃទី​ ២៣ ខែ​តុលា ឆ្នាំ​១៩៩១​ ដើម្បី​នាំ​សន្តិភាព​ និង​លទ្ធិប្រជាធិបតេយ្យ​មក​ប្រទេស​កម្ពុជា។

ប៉ុន្តែ​ការអនុវត្ត​មិន​ដំណើរការ​ល្អ​នោះ​ទេ។ កាលពីដើម​ខែ​កញ្ញា​ លោក​កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​អាជ្ញាធរ​ចូល​ចាប់ខ្លួន​ទាំង​ពាក់​កណ្តាល​យប់​ពី​ក្នុង​គេហដ្ឋាន​របស់​លោក​បើ​ទោះ​បី​ជា​លោក​កំពុង​មាន​អភ័យឯកសិទ្ធិ​សភា​ក៏ដោយ។ លោក​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​«បទក្បត់ជាតិ‍»។​

ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ចាប់ខ្លួន​លោក​កឹម សុខា​បានកើត​មាន​ឡើងនៅ​ក្នុង​ប្រទេស​ជាច្រើន​ ដែល​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្នុង​នោះ​មាន​ប្រទេស​ជប៉ុន​ កូរ៉េ​ខាងត្បូង​ និង​អាល្លឺម៉ង់ ក៏ដូចជា​នៅ​បណ្តា​ប្រទេស​ ដែល​មាន​សហគមន៍​ខ្មែរ​រស់​នៅ​ច្រើន​ដូចជា​ សហរដ្ឋ​អាមេរិក អូស្ត្រាលី និង​បារាំង។

លោក​ហុង លីម​ មើលឃើញ​ថា ​កម្រិត​នៃ​ការ​សហការគ្នា​រៀបចំ​ការ​តវ៉ា​នោះ​បង្ហាញ​ថា​ សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មាន​ភាព​ចាស់ទុំ ​មាន​ការ​រៀបចំគ្នា​បាន​ប្រសើរ​ មាន​ការយល់​ដឹង​ពី​តម្រូវការ​ក្នុង​ការ​ធ្វើការ​ជាមួយ​គ្នា។​

លោក​ហុង លីម​បាន​បន្ថែម​ថា​ លោក​បានសម្រេច​លាឈប់​ពី​នយោបាយ​របស់​ប្រទេស​អូស្ត្រាលី​នៅ​ពេល​បញ្ចប់​អាណត្តិ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ ដើម្បី​ផ្តោត​លើ​ការងារ​ជួយ​បង្រួប​បង្រួម​សហគមន៍ខ្មែរ​នៅ​ក្រៅ​ប្រទេស។​ លោក​បាន​បម្រើ​ការងារ​នៅ​ក្នុង​សភា​របស់​អូស្រ្តាលី​ប្រចាំ​រដ្ឋ​ Victoria ​អស់​រយៈពេល​ជាង ​២០​ឆ្នាំ​ហើយ។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​នឹង​ VOA លោក​ហុង លីម​បាន​បញ្ជាក់​ថា៖

«ខ្ញុំ​សូម​បញ្ជាក់​ថា ​តាម​រយៈ​ចំណេះដឹង​របស់​ខ្ញុំ ​បទ​ពិសោធន៍​ដែល​ខ្ញុំ​មាន​ក្នុង​នាម​ជា​ សមាជិក​សភា​ តាម​រយៈ​ការចូលរួម​របស់​ខ្ញុំ​យ៉ាង​សកម្ម​ជាមួយ​នឹង​គណបក្ស​នយោបាយ​របស់​ខ្ញុំ​គឺ ខ្ញុំ​មាន​យោបល់​ច្រើន​សម្រាប់​ផ្តល់​ជូន​សហគមន៍‍»។​

យ៉ាង​ណា​ក៏ដោយ​លោក​ហុង លីម​បាន​បញ្ជាក់​ថា ​លោក​មិន​មាន​បំណង​ទៅ​ប្រកួត​យក​មុខ​តំណែង​អ្វី​នៅ​ក្នុង​ឆាក​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ទេ។

លោក​បាន​ប្រាប់​ដល់​ក្រុម​សមាជិក​សហគមន៍​ខ្មែរ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ថា៖

«ខ្ញុំ​ចង់​ធ្វើ​ឱ្យ​ចលនា​ហ្នឹង​ជា​ ចលនា​ពេញ​មួយ​សាកលលោក​ ហើយ​គ្មាន​គោល​បំណង​ទៅ​ធ្វើ​ជា​គណបក្សនយោបាយ​អ្វី​ទេ ពីព្រោះ​គណបក្ស​នយោបាយ​ច្រើនពេក។ តែ​ពីរ​ហ្នឹង​ពិបាក​ខ្លាំង​ហើយ។ យើង​ធ្វើ​ឱ្យ​ទៅ​ជា​កម្លាំង​មួយ​ដែល​បើ​កាលណា​យើង​ហា​មាត់​ឡើង​គណបក្ស​ណា​ក៏​ដោយ​គេ​នឹង​ស្តាប់​យើង​ពីព្រោះ​យើង​គ្មាន​ផលប្រយោជន៍​អ្វី​ទាំងអស់​ទៅ​ចង់​ដណ្តើម​គេ​ទេ​ប៉ុន្តែ​យើង​មាន​ផលប្រយោជន៍​តែមួយ​គត់​គឺថា​ កុំ​ធ្វើ​ឱ្យ​ខ្មែរ​ថោក​ទាប‍»។​

លោក​បិន បាវ ​ប្រធាន​ទិវា​សហគមន៍ ​ដែល​បាន​ចូលរួម​ស្តាប់​ការ​ថ្លែងសំណេះសំណាល​របស់​លោក​ហុង ​លីម​ បាន​យល់​ស្រប​ថា​សហគមន៍​ខ្មែរ​នៅ​ក្រៅប្រទេស​ត្រូវ​ការ​រួបរួមគ្នា​ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

«ខ្ញុំ​ជឿ​ថា​ យើង​អត់​ទាន់​មាន​អ្នកណា​ម្នាក់​ ដែល​ថា​ និយាយ​ទៅ​គេ​គ្រប់គ្នា​ស្តាប់ ​បើ​សិន​លោក​ហុង​លីម​គាត់​អាច​ដើរ​តួនាទី​ថា ​ជា​មនុស្ស​ម្នាក់​ដែល​គាត់​ជា​អ្នក​ជួយ​បង្រួប​បង្រួម​គេ​ហើយ​បង្ហាញ​នូវ​ទឹកចិត្ត​ល្អ​ដែល​ថា​គាត់​ស្តាប់​គេ​។ គាត់​ថ្លឹងថ្លែង​បាន​ត្រឹមត្រូវ​យក​យុត្តិធម៌​ជា​ធំ​ ខ្ញុំ​ជឿថា ​ប្រជាពលរដ្ឋ​ខ្មែរ​គេ​នឹង​អាច​មើល​ឃើញ​។ គេ​នឹង​គោរព​គាត់ ហើយ​បើ​សិន​ជា​មាន​មនុស្ស​ម្នាក់​ជា ​និមិត្ត​រូប​នៃ​សក្ខីភាព​រវាង​ខ្មែរ ​និង​ខ្មែរ​ទាំងអស់​គ្នា​នោះ​យើង​នឹង​ធ្វើការ​អ្វី​បាន​ខ្លាំង​បាន​ល្អហើយ‍»។​

លោក​ម៉ែន វណ្ណៈ ដែល​ជា ​អ្នករៀបចំ​សកម្មភាព​សហគមន៍​ប្រចាំ​នៅទីក្រុង​ឡូវែល (Lowell) រដ្ឋ​ម៉ាស្សាឈូសិត (Massachusetts) ដែល​បាន​រៀបចំ​កម្មវិធី​មួយ​សម្រាប់​លោក​ហុង លីម​ជួប​ជាមួយ​នឹង​សមាជិក​សហគមន៍​នៅ​ទៅ​នោះ​បាន​និយាយ​ថា ​លោក​ហុង លីម​គឺ​ជា​ មនុស្ស​គួរ​ឱ្យ​គោរព​ដោយសារ​តែ​លោក​មាន​បទពិសោធន៍​ខាង​នយោបាយ​នៅក្នុង​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​នៅ​បស្ចិម​ប្រទេស ដូច្នេះ​លោក​អាច​នឹង​ជួយ​ជំរុញ​សហគមន៍​អន្តរជាតិ​ឱ្យ​ធ្វើ​សកម្មភាព​បាន។

«នេះ​គឺ​ជា រឿង​មួយ​ដែល​ល្អ​ ដែល​ខ្ញុំ​សូម​កោតសរសើរ​ដល់​ការផ្តួចផ្តើមគំនិត​របស់​លោក​ហុង លីម​គឺ​ជា​រឿង​ត្រឹមត្រូវ​ ហើយ​យើង​សប្បាយ​រីករាយមែនទែននៅក្នុងការ​ធ្វើការ​សហការ​ និង​ការ​ធ្វើ​ការ​រួមគ្នា​ជាមួយ​គាត់​ ហើយ​មែន​ទែន​ទៅយើង​ទទួល​យក​គំនិត ​និង​អនុសាសន៍​របស់​គាត់ ​ដែល​បាន​ផ្តល់​ឱ្យ​ពួក​យើង​នៅ​ក្នុងការ​ជួប​សហគមន៍នេះ​គឺ យើង​ទទួល​យក​ ហើយ​នឹង​គោរព​តាម​ការ​ស្នើសុំ​របស់​គាត់‍»។

សហគមន៍​ខ្មែរ​នឹង​រៀបចំ​សន្និសីទ​ពិភពលោក​មួយ​សម្រាប់​មេដឹកនាំ​សហគមន៍​ខ្មែរ​មកពី​ប្រទេស​នានា​នៅ​លើ​ពិភពលោក​មក​ជួប​ប្រជុំ​គ្នា​នៅ​ប្រទេស​អូស្ត្រាលី​ពី​ថ្ងៃទី​៣១ ខែមីនា​ ដល់​ថ្ងៃទី​២ ខែ​មេសា ​ឆ្នាំ​២០១៨​ ដើម្បី​ពិភាក្សា​ពី​ការ​អភិវឌ្ឍ​នា​ពេល​អនាគត​សម្រាប់​ប្រទេស​កម្ពុជា៕

XS
SM
MD
LG