ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​បារម្ភ​ពី​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នៅកម្ពុជា


រូបឯកសារ៖ អ្នកស្រី Heather Nauert​ អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧។
រូបឯកសារ៖ អ្នកស្រី Heather Nauert​ អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៧។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​សម្តែង​ការ​ព្រួយ​បារម្ភ ​ដែល​រដ្ឋសភា​កម្ពុជាបាន​អនុម័ត​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នៅ​កម្ពុជា​កាលពី​ថ្ងៃច័ន្ទ។

អ្នកស្រី Heather Nauert​ អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍កាលពី​ល្ងាច​ថ្ងៃច័ន្ទ​ថា​ ប្រសិនបើ​ចូល​ជាធរមាន​ វិសោធនកម្ម​ច្បាប់​នេះ​រួមគ្នា​ជាមួយ​នឹង​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ដក​សិទ្ធិ​ពលរដ្ឋ​រាប់លាន​នាក់​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពេល​បោះឆ្នោត​ឆ្នាំ​២០១៣​ និង​២០១៧‍។

អ្នកស្រី​ Heather Nauert ​បាន​បន្ថែម​ថា៖ «ការប្រកួត​ដោយ​ត្រឹមត្រូវ​មាន​សារៈសំខាន់​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨។ ប្រវត្តិសាស្រ្ត​បង្ហាញថា​ ការ​គាប​សង្កត់​សកម្មភាព​នយោបាយ​ស្រប​ច្បាប់​នឹង​នាំ​ឱ្យ​មាន​អស្ថិរភាព​រយៈពេល​យូរ​ទៀត។ យើង​ទទូច​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ពិចារណា​ពី​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ឡើង​ពី​សកម្មភាព​នា​ពេល​ថ្មីៗ​នេះ‍»។

​សេចក្តី​ថ្លែងការណ៍កាលរបស់​អ្នកនាំពាក្យ​ក្រសួងការបរទេសអាមេរិក ចេញផ្សាយកាលពី​ល្ងាច​ថ្ងៃច័ន្ទ​ បង្ហាញពីក្តីបារម្ភអំពី​ស្ថានភាពនយោបាយនៅកម្ពុជា ក្រោយពេល​រដ្ឋសភាជាតិកម្ពុជាបាន​អនុម័តវិសោធនកម្ម​ច្បាប់បោះឆ្នោតនៅកម្ពុជា។ (Web Screenshot)
​សេចក្តី​ថ្លែងការណ៍កាលរបស់​អ្នកនាំពាក្យ​ក្រសួងការបរទេសអាមេរិក ចេញផ្សាយកាលពី​ល្ងាច​ថ្ងៃច័ន្ទ​ បង្ហាញពីក្តីបារម្ភអំពី​ស្ថានភាពនយោបាយនៅកម្ពុជា ក្រោយពេល​រដ្ឋសភាជាតិកម្ពុជាបាន​អនុម័តវិសោធនកម្ម​ច្បាប់បោះឆ្នោតនៅកម្ពុជា។ (Web Screenshot)

សមាជិក​រដ្ឋសភា​ចំនួន​៦៧​នាក់​ដែល​មក​តែ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​លើកដៃ​អនុម័ត​តាម​ការស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ដោយ​មិន​មាន​វត្តមាន​របស់​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។

អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ពហិការ​មិន​ចូលរួម​ប្រជុំ​ ហើយ​ចាត់ទុក​ថា​ការ​ធ្វើ​វិសោធនកម្ម​នេះ ​ដែល​នឹង​ឈាន​ទៅ​បែង​ចែក​អាសនៈ​ទាំង​៥៥​របស់​គណបក្ស​ប្រឆាំង ​ទៅ​ឱ្យ​គណបក្ស​ដទៃ​ដែល​មិន​បាន​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ គឺជា​ការ​ឆក់ប្លន់​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ។

សមាជិក​សភា​គណបក្ស​ប្រឆាំង​ខ្លះ​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា ​ដោយ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ ក្នុង​ខណៈពេល​កំដៅ​នយោបាយ​បាន​កើនឡើង ​បន្ទាប់ពី​ការចាប់ខ្លួន​លោក កឹម សុខា ​ប្រធាន​គណបក្ស​ដោយ​ចោទ​ពីបទ​ក្បត់ជាតិ។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមរិក​ក៏​បាន​បន្ត​អំពាវនាវ​សារជាថ្មី​សូម​ឱ្យ​ដោះលែង​លោក កឹម សុខា ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ពី​ពន្ធនាគារ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG