ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​នយោបាយ​កម្ពុជា​​ដែល​អាច​ទទួល​បាន​​កៅអី​សភា​របស់​បក្ស​ជំទាស់​មាន​យោបល់​ផ្សេងគ្នា​ចំពោះ​ការ​បែង​ចែក​កៅអី​សភា


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​អង្គប្រជុំនៅរដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​អង្គប្រជុំនៅរដ្ឋសភាជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣។

គម្រោង​បែងចែក​អាសនៈ​សភា​របស់​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​ធ្វើ​ឡើង​ ​ក្រោយ​ពេល​សភា​អនុម័ត​សេចក្តី​ស្នើ​វិសោធន​កម្ម​ច្បាប់​ចំនួន៤​ ​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​ ​ដើម្បី​បែង​ចែក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ​ឲ្យ​ទៅ​គណបក្ស​ផ្សេងៗ។

បន្ទាប់ពី​រដ្ឋសភា​ដែល​មាន​តែ​ក្រុម​តំណាងរាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​ ​អនុម័ត​វិសោធនកម្ម​ច្បាប់​ចំនួន​៤​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ ​ដោយ​កំណត់​ពី​ការ​បែង​ចែង​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ​ទៅ​ឲ្យ​គណបក្ស​ផ្សេងៗ​ទៀត​ ​គេ​ឃើញ​គណបក្ស​ចំនួន​ពីរក្នុង​ចំណោម​គណបក្ស​ទាំង​៥​នោះ​ ​បាន​ប្រកាស​ទទួល​យក​អាសនៈ​ ​និង​មាន​គណបក្ស​មួយ​បាន​ប្រកាស​មិន​ទទួល​យក ដោយ​អះអាង​ថា ​មិន​មែន​ត្រឹមត្រូវ​តាម​ឆន្ទៈ​ប្រជាពលរដ្ឋ។

​គម្រោង​បែងចែក​អាសនៈ​សភា​របស់​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​ធ្វើ​ឡើង​ ​ក្រោយ​ពេល​សភា​អនុម័ត​សេចក្តី​ស្នើ​វិសោធន​កម្ម​ច្បាប់​ចំនួន៤​ ​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​ ​ដើម្បី​បែង​ចែក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ​ឲ្យ​ទៅ​គណបក្ស​ផ្សេងៗ។​

​តាម​សេចក្តី​ស្នើ​វិសោធន​កម្ម​ច្បាប់​របស់​បក្ស​កាន់​អំណាច​ ​គណបក្ស​នយោបាយ​ចំនួន​៥​ដែល​បាន​ឈរ​ឈ្មោះ​បោះឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១៣​ និង​មិន​ទទួល​បាន​អាសនៈ​រដ្ឋសភា​នៅ​ពេល​នោះ ​នឹង​មាន​ឱកាស​ទទួល​អាសនៈ​សភា​របស់​បក្ស​ជំទាស់​ដែល​កំពុង​ប្រឈម​នឹង​ការ​រំលាយ​ចោល​ ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បក្ស​កាន់​អំណាច។

​បក្ស​នយោបាយ​ទាំង៥​ ​ដែល​អាច​នឹង​ទទួល​កៅអី​សភា​ រួម​មាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ​គណបក្ស​ខ្មែរ​ឈប់​ក្រ​ ​គណបក្ស​សញ្ជាតិ​កម្ពុជា​ ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ​និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។​ គណបក្សដែល​ប្រកាស​ទទួល​យក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ​ រួម​មាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ​និង​គណបក្ស​សញ្ជាតិ​កម្ពុជា​ ​ចំណែក​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​សម្រេច​ថា​ មិន​ទទួល​យក។

លោក ​ញ៉េប ប៊ុនជិន​ អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ប្រាប់​ VOA​ នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នឹង​ទទួល​យក​ការ​បែង​ចែង​អាសនៈ​នោះ​ទៅ​តាម​ច្បាប់​ដែល​បាន​ចែង ​បើ​ទោះ​បី​ជា​មាន​ការ​រិះគន់​ ដោយ​លោក​ថា​ ​ការ​រិះគន់​នោះ​តែង​កើត​មាន​ជា​ធម្មតា។

លោក​ ញ៉េប ប៊ុនជិន​ បញ្ជាក់​ថា៖

«អា​នេះ​ជា​នីតិវិធី​ច្បាប់​ ​បើ​ច្បាប់​តម្រូវ​ថា​ ត្រូវ​តែ​ឲ្យ​មក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ខ្ញុំ​ថា​ដូចជា​មិន​យក​ដូច​ជា​មិន​កើត​ទេ​អី?​ ​សុំទោស។​ បើ​យើង​អង្គុយ​សុខៗ​សោះ​ ​គេ​យក​លុយ​មួយ​លាន​ដុល្លារ​ទៅ​ជូន​ប្រជា​ពលរដ្ឋ​ណា​ម្នាក់​ ​ឬ​អ្នក​រត់​ម៉ូតូ​ឌុប​ ​ឬ​អ្នក​ណា​ម្នាក់​ ​ហើយ​លុយ​ហ្នឹង​ស្រប​ច្បាប់​ទៀត រឿង​អី​ដែល​ថា​មិន​យក?​ ​ចំពោះ​ខ្ញុំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​អង្គុយ​សុខៗ​គេ​យក​កៅអី​មក​ឲ្យ​ ​នាង​អើយ​ ធ្វើ​នយោបាយ»។

រូបឯកសារ៖ ព្រះអង្គ​ម្ចាស់​ នរោត្តម ​រណឫទ្ធិ ​មាន​បន្ទូល​ក្នុង​អង្គសន្និសីទ​កាសែត​ដែល​ធ្វើ​ឡើង​នៅ​គេហដ្ឋាន​របស់​ព្រះ​អង្គ​នៅ​សង្កាត់​ទន្លេ​បាសាក់ ក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី០៥ ខែមករា ​ឆ្នាំ២០១៥។
រូបឯកសារ៖ ព្រះអង្គ​ម្ចាស់​ នរោត្តម ​រណឫទ្ធិ ​មាន​បន្ទូល​ក្នុង​អង្គសន្និសីទ​កាសែត​ដែល​ធ្វើ​ឡើង​នៅ​គេហដ្ឋាន​របស់​ព្រះ​អង្គ​នៅ​សង្កាត់​ទន្លេ​បាសាក់ ក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី០៥ ខែមករា ​ឆ្នាំ២០១៥។

​ការ​ប្រកាស​របស់​លោក ​ញ៉េប ប៊ុនជិន​ ស្រដៀង​គ្នា​ទៅ​នឹង​ព្រះ​អង្គ​ម្ចាស់​ នរោត្តម ​រណឫទ្ធិ​ ដែល​បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន​អន្តរជាតិ Reuters​ ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ព្រះអង្គ​នឹង​ត្រៀម​ព្រះ​កាយ​ធ្វើ​ការ​ជា​មួយ​បក្ស​កាន់​អំណាច​របស់​លោក ​ហ៊ុន សែន។

ចំណែក​លោក កែវ ណារ៉េត ប្រធានក្រុមប្រឹក្សា​រាជធានីភ្នំពេញនៃគណបក្ស​សញ្ជាតិ​កម្ពុជា​លើក​ឡើង​ថា​ ​ការ​ធ្វើ​នយោបាយ​គឺ​ដើម្បី​បាន​សំឡេង​ពី​ប្រជា​ពលរដ្ឋ​ ​ដូច្នេះ​លោក​ថា​ លោក​នឹង​ទទួល​យក​អាសនៈ​ដែល​យក​ចេញ​ពី​គណបក្ស​ដែល​ត្រូវ​រំលាយ​ទៅ​តាម​ការបែងចែក​របស់រដ្ឋាភិបាល បើ​ទោះ​បី​ជា​មាន​ការ​រិះគន់។​

លោក​ កែវ ណារ៉េត​ បញ្ជាក់​ថា៖​

«ការ​រិះគន់​ ​ការ​យល់​ឃើញ ធម្មតា​ទស្សនៈ​របស់​មនុស្ស​ចេះ​តែ​មាន​ផ្សេងៗ។​ តែ​យើង​ទទួល​យក​ទៅ​តាម​ច្បាប់​ដូច​ជា​អត់​មាន​ខុស​អី​ធ្ងន់ធ្ងរ​ដល់​យើង អត់​មាន​ប៉ះពាល់​ច្បាប់​មាត្រា​ណាមួយ​ ​ឬក៏​យើង​ធ្វើ​ឲ្យ​មាន​ចលាចល​អសន្តិសុខ​សាធារណៈ​អី​ទេ ព្រោះ​គេ​បែងចែក​ឲ្យ​យើង​អញ្ចឹង។​ និយាយ​ទៅ​យើង​ធ្វើ​ទៅ​តាម​ច្បាប់ ទៅ​តាម​រដ្ឋាភិបាល​គេ​ឲ្យ​ធ្វើ»។

​ក៏ប៉ុន្តែ​ លោក​ កូវ គា​ ​អ្នក​នាំ​ពាក្យ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោក​ ​ខឹម វាសនា បញ្ជាក់​ថា​ ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​នឹង​មិន​ទទួល​យក​អាសនៈ​ដែល​បាន​មកពី​ការ​រំលាយ​គណបក្ស​ណាមួយ​ក្នុង​រដ្ឋសភា​នោះ​ទេ។​ លោក​បន្ថែម​ថា​ ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ចង់​បាន​សំឡេង​ពី​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គោល​នយោបាយ​របស់​គណបក្ស​លោក។

លោក ​កូវ គា​ បញ្ជាក់​ថា៖​

«ការ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​ដែល​គាត់​បោះ​ឲ្យ​គណបក្ស​សម្ព័ន្ធ​ហ្នឹង​ ​គឺ​ទាក់​ទង​នឹង​ការ​យល់ ទោះ​បី​តិច​ច្រើន​ក៏​ដោយ​ ​វា​ជា​ការ​យល់​អំពី​គំនិត ​បង្ហាញ​ពី​ការ​យល់ បង្ហាញ​ពី​ការ​គាំទ្រ​គណ​បក្ស​សម្ព័ន្ធ។ ដល់​ពេល​រឿង​បែង​ចែក​កៅអី​នេះ​គឺ​វា​ខុស​គ្នា វា​គឺ​ជា​កៅអី​របស់​គណបក្ស​សង្គ្រោះជាតិ ហើយ​បើ​ទោះបីជា​កៅអី​របស់​គណបក្ស​សង្គ្រោះជាតិ​ក៏​ដោយ កាលណា​បែងចែក​គឺ​គេ​ធ្វើ​តាម​ច្បាប់ បើ​ទោះ​ជា​យើង​យក​ក៏​វា​មិន​ខុស​ច្បាប់​អី​ដែរ​ ​ព្រោះ​គេ​និយាយ​រឿង​ច្បាប់។​ ប៉ុន្តែ​ស្អី​ដែល​គណបក្ស​សម្ព័ន្ធ​អត់​យក​ហ្នឹង​គឺ​វា​ធ្វើ​អី​អត់​កើត​ ​វា​ជួយ​អត់​បាន។​ កុំ​ថា​៦​ ​ឲ្យ​ទាំង​៥៥​ហ្នឹង​ក៏​អត់​យក​ដែរ»។

VOA​ ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ​ ​និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​បាន​ទេ​ ​រហូត​ដល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ។

ការ​ប្រកាស​ពី​ជំហរ​ផ្សេង​គ្នា​របស់​គណបក្ស​ទាំង​បី​នេះ​ ​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​រដ្ឋសភា​ ​ដែល​មាន​តែ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​កាន់​អំណាច​ចំនួន​៦៧​រូប​ ​បាន​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​បួន​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​ ​ដើម្បី​បែង​ចែក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ​ឲ្យ​ទៅ​គណបក្ស​ផ្សេងៗ​ ​យ៉ាង​រលូន​ ដោយ​គ្មាន​វត្តមាន​របស់​គណបក្ស​ជំទាស់។ ​

​ការ​អនុម័ត​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ចំនួន​បួន​ ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​ដើម្បី​បែង​ចែក​អាសនៈ​របស់​គណបក្ស​ដែល​ត្រូវ​រំលាយ​ ​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ។

នៅ​ថ្ងៃ​អង្គារ​នេះ​ ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​ប្រកាស​ថា​ ​ពួកគេ​មិន​គាំទ្រ​ដាច់​ខាត​ចំពោះ​ការ​អនុម័ត​ច្បាប់​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ទាំង​បួន​ ​ដោយ​រដ្ឋសភា​ឯកបក្ស​នៃ​គណបក្ស​កាន់​អំណាច​នោះ។​ សេចក្តី​ថ្លែង​ការណ៍​នោះ​បន្ថែម​ថា​ ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះជាតិ​ចាត់​ទុក​ថា ការ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ទាំង​បួន គឺ​ជា​ការ​រំលោភ​លើ​ឆន្ទៈ​ដែល​ជា​សិទ្ធិ​អំណាច​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ជ្រើសរើស​តំណាង​របស់​ខ្លួន តាម​គោលការណ៍​ប្រជាធិបតេយ្យ សេរី ពហុបក្ស។

ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះជាតិ​បាន​បន្ថែម​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​តាមន័យ​ដើម​ថា៖

«អំពាវនាវ​ឲ្យ​ស្ថាប័នជាតិ​ដែល​មាន​សមត្ថកិច្ច​ក្នុង​ការ​អនុម័ត​ច្បាប់ និង​ផ្តល់​សុពលភាព​ច្បាប់​ទាំង​នេះ មេត្តា​ពិនិត្យ និង​ពិចារណា​ឡើង​វិញ​ ដើម្បី​គោរព​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​អំណាច ​គោរព​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​ ​និង​កុំឲ្យ​ប្រវត្តិសាស្រ្ត​កត់ត្រា​ទុក​នូវ​ព្រឹត្តិការណ៍​កំហុស​ឆ្គង​ដ៏​ធ្ងន់ធ្ងរ​នេះ។ សហគមន៍​អន្តរជាតិ​មេត្តា​ពិចារណា​ឲ្យ​បាន​ដិត​ដល់​មុន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ដែល​មិន​ស្រប​ច្បាប់​ខាង​លើ​នេះ»។

​ស្របគ្នា​នោះ​ដែរ ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ច័ន្ទ​ ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ ​បាន​ចេញសេចក្តី​ថ្លែងការណ៍ជា​សាធារណៈ​មួយ​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​ទាំង​បួន​នោះ។

​សេចក្តី​ថ្លែងការណ៍កាលរបស់​អ្នកនាំពាក្យ​ក្រសួងការបរទេសអាមេរិក ចេញផ្សាយកាលពី​ល្ងាច​ថ្ងៃច័ន្ទ​ បង្ហាញពីក្តីបារម្ភអំពី​ស្ថានភាពនយោបាយនៅកម្ពុជា ក្រោយពេល​រដ្ឋសភាជាតិកម្ពុជាបាន​អនុម័តវិសោធនកម្ម​ច្បាប់បោះឆ្នោតនៅកម្ពុជា។ (Web Screenshot)
​សេចក្តី​ថ្លែងការណ៍កាលរបស់​អ្នកនាំពាក្យ​ក្រសួងការបរទេសអាមេរិក ចេញផ្សាយកាលពី​ល្ងាច​ថ្ងៃច័ន្ទ​ បង្ហាញពីក្តីបារម្ភអំពី​ស្ថានភាពនយោបាយនៅកម្ពុជា ក្រោយពេល​រដ្ឋសភាជាតិកម្ពុជាបាន​អនុម័តវិសោធនកម្ម​ច្បាប់បោះឆ្នោតនៅកម្ពុជា។ (Web Screenshot)

​អ្នកស្រី​ Heather Nauert​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ថា ប្រសិន​បើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​នេះ​ស្របគ្នា​នឹង​ពាក្យ​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ​ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ​(CNRP) នោះ​នឹង​ដក​ហូត​សិទ្ធិ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ ​ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ឆ្នាំ២០១៣​ និង​ឆ្នាំ​២០១៧។

អ្នកស្រី​បន្ថែម​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ដោយ​សម្រង់​ន័យ​ដើម​ថា៖ ​

​«ការ​ប្រកួត​ប្រជែង​ពិត​ប្រាកដ​មាន​សារៈសំខាន់​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​ ​និង​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨។​ ប្រវត្ដិសាស្ដ្រ​បញ្ជាក់​ថា ​ការ​បង្ក្រាប​សកម្មភាព​នយោបាយ​ស្រប​ច្បាប់​ ​នាំ​ឲ្យ​មាន​អស្ថិរភាព​យូរ​អង្វែង​ច្រើន​ជាង​រយៈពេល​ខ្លី។​ យើង​ជំរុញ​ឲ្យ​មន្រ្តី​រដ្ឋាភិបាល​ពិចារណា​ពី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​សកម្មភាព​ថ្មីៗ​របស់​ពួក​គេ។ ​យើង​ក៏​សូម​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​មាន​ការ​ដោះលែង​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ ​លោក​ ​កឹម សុខា​ ​ចេញ​ពី​ពន្ធនាគារ»។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ​ស្ថាប័ន​ជាតិ​ ​អន្តរជាតិ​ ​ព្រមទាំង​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​សង្គម​ ​និង​នយោបាយ​ជាច្រើន​បាន​រិះ​គន់​រដ្ឋាភិបាល​លោក ​ហ៊ុន សែន ​ដោយ​និយាយ​ថា​ ​ការ​ត្រៀម​រំលាយ​គណបក្ស​ប្រឆាំង​នេះ​នឹង​ធ្វើ​ឲ្យ​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរ​ថយ​ក្រោយ​ ​ឈាន​ទៅ​រក​ភាព​ខ្ទេចខ្ទី​ ​ហើយ​ថា​ ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​នេះ​ នឹង​ជះ​ឥទ្ធិពល​ដល់​ដំណើរការ​បោះឆ្នោត​ក្នុង​ឆ្នាំ​ ២០១៨​ខាង​មុខ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ច្រានចោល​ការ​លើក​ឡើង​ទាំង​នោះ​ ​និង​ថា​ ​កម្ពុជា​ជា​ប្រទេស​នីតិរដ្ឋ​មាន​អធិបតេយ្យ ​មិនអនុវត្ត​តាម​ការ​បង្គាប់​បញ្ជា​របស់​បរទេស​ណា​មួយនោះ​ទេ។

លោក​ សុខ ឥសាន​ ​មាន​ប្រសាសន៍​ថា៖​

​«ព្រះរាជាណាចក្រ​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ​ ​និង​មាន​អធិបតេយ្យ​ ​អញ្ចឹង​ទេ​ ​យើង​ធ្វើ​អី​នៅ​ក្នុង​ក្របខណ្ឌ​សិទ្ធិ​ឯករាជ្យ​របស់​យើង​ ​និង​អធិបតេយ្យភាព​ជាតិ​របស់​យើង។​ យើង​មិន​អាច​យក​ច្បាប់​បរទេស​ ​ឬ​តាម​ការ​អំពាវនាវ​ ​ឬ​មួយ​ក៏​ការ​បង្ខិត​បង្ខំ​ណា​មួយ​របស់​បរទេស​ទេ។​ ពីព្រោះ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ ក៏​មិន​បាន​ណែនាំ​ឲ្យ​អស់​លោក​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ដែរ។​ អញ្ចឹង​ទេ​សូម​ឲ្យ​អស់​លោក​ពិនិត្យ​មើល​ពី​ក្រម​សីលធម៌​ ​ក៏​ដូចជា​ធម្មនុញ្ញ​អង្គការ​សហ​ប្រជាជាតិ​ផង»។

យោង​តាម​សេចក្តី​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​បួន​នោះ​កំណត់​ថា​ ក្នុង​នីតិកាល​នៃ​រដ្ឋសភា​ ​ប្រសិន​បើ​មាន​គណបក្ស​នយោបាយ​ណា​មួយ​ប្រកាស​បោះបង់​ចោល​អាសនៈ​ ​ឬ​គណបក្ស​នោះ​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​គណបក្ស​នយោបាយ​ ឬ​ត្រូវ​រំលាយ​ស្រប​តាម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ នោះ​បញ្ជី​បេក្ខជន​ ​និង​តំណាងរាស្រ្ត​ទាំងអស់​នៃ​គណបក្ស​នយោបាយ​នោះ​ លែង​មាន​សុពល​ភាព​និង​លែង​មាន​លក្ខណៈ​សម្បត្តិ​ជា​សមាជិក​សភា​តទៅ​ទៀត​ហើយ។

ក្នុង​ករណី​នេះ​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ត្រូវ​បែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​នោះ ក្នុង​រយៈ​ពេល​យ៉ាង​យូរ​៧​ថ្ងៃ​ ​ឲ្យ​ទៅ​គណបក្ស​នានា​ ​ដែល​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ក្នុង​រាជធានី-ខេត្ត​នោះ​ ដោយ​មិន​គិត​បញ្ចូល​គណបក្ស​នយោបាយ​ដែល​បោះបង់​ចោល​អាសនៈ​ ​ឬ​ដែល​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​គណបក្ស​នយោបាយ​ ​ឬ​ដែល​ត្រូវ​រំលាយ​នោះ​ទេ។

ប៉ុន្តែ​ប្រសិន​បើ​ពុំ​មាន​គណបក្ស​នយោបាយ​ណា​ទទួល​យក​អាសនៈ​ដែល​នៅ​ទំនេរ​ទេ​នោះ​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ត្រូវ​បែងចែក​អាសនៈ​ដែល​នៅ​ទំនេរ​នោះ​ ​ឲ្យ​ទៅ​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG