ចៅក្រមនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានសម្រេចកាលពីថ្ងៃចន្ទម្សិលមិញថា អ្នកសារព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន Reuters ពីរនាក់នឹងប្រឈមនឹងការកាត់ទោសពាក់ព័ន្ធនឹងបទចោទប្រកាន់ថាបានរំលោភលើច្បាប់រក្សាការណ៍សម្ងាត់របស់ប្រទេសមីយ៉ាន់ម៉ា ដោយសារតែអ្នកទាំងពីរបានរាយការណ៍អំពីវិបត្តិ Rohingya។ ការសម្រេចនេះបានធ្វើឡើងនៅក្នុងរយៈពេលជាច្រើនខែក្រោយមក បន្ទាប់ពីសវនាការបឋមលើអ្នកទាំងពីរបានបញ្ចប់ទៅ។
លោក Wa Lone អាយុ ៣២ ឆ្នាំ និងលោក Kyaw Soe Oo អាយុ ២៨ ឆ្នាំ ត្រូវបានចោទប្រកាន់ថាបានរំលោភលើច្បាប់រក្សាការណ៍សម្ងាត់ផ្លូវការរបស់ប្រទេសមីយ៉ាន់ម៉ា ដែលអ្នកប្រព្រឹត្តិខុសអាចជាប់ពន្ធនាគារខ្ពស់បំផុត ១៤ ឆ្នាំ។
លោក Stephen Adler ដែលជាប្រធាន និងជានិពន្ធនាយកទីភ្នាក់ងារព័ត៌មាន Reuters បានបញ្ជាក់នៅ ក្នុងសេចក្ដីប្រកាសមួយថា៖ «យើងមានការខកចិត្តយ៉ាងខ្លាំងដែលតុលាការមិនព្រមបញ្ចប់នីតិវិធីប្រឆាំងនឹងលោក Wa Lone និងលោក Kyaw Soe Oo ដែលអូសបន្លាយដ៏យូរ និងគ្មានមូលដ្ឋាននេះ។ អ្នកសារព័ត៌មានរបស់ Reuters ទាំងពីរនាក់នេះ គឺបានបំពេញការងាររបស់ខ្លួនជាអ្នកកាសែតឯករាជ្យ និងមិនលម្អៀង ហើយគ្មានការពិត ឬ ក៏ភស្តុតាងណាមួយដែលបញ្ជាក់ថា ពួកគេបានរំលោភច្បាប់នោះទេ»។
អ្នកកាសែតទាំងពីរនាក់នេះត្រូវបានអាជ្ញាធរមីយ៉ាន់ម៉ាឃុំខ្លួនតាំងពីពួកគេត្រូវបានចាប់ខ្លួននៅក្នុងខែធ្នូ ឆ្នាំមុនមក និងត្រូវបានចោទប្រកាន់ថាទទួលបាននូវឯកសារសម្ងាត់ដែលពាក់ព័ន្ធទៅនឹងការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ានៅក្នុងរដ្ឋ Rakhine។
នៅពេលនោះ អ្នកកាសែតទាំងពីរនាក់នោះបានជួបជាមួយនឹងមន្ត្រីប៉ូលិសមីយ៉ាន់ម៉ាពីរនាក់នៅក្នុងទីក្រុងរ៉ង់ហ្គូន ដែលពួកគេមិនដែលស្គាល់ពីមុនមកនោះទេ។ អ្នកទាំងពីរនាក់នោះបានប្រាប់សាច់ញាតិរបស់ខ្លួនថា បន្ទាប់ពីប៉ូលិសពីរនាក់បានហុចឯកសារមួយចំនួនឲ្យពួកគេមក ភ្លាមៗនោះពួកគេត្រូវបានចាប់ខ្លួន៕