ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍​​VOA៖ យុទ្ធសាស្រ្ត​គ្រប់គ្រង​អំណាច​យូរ​អង្វែង​របស់​គណបក្ស​ប្រជាជន​កម្ពុជា


រូបឯកសារ៖ លោក ពៅ សូរពង្ស សាស្ត្រាចារ្យ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​រដ្ឋបាល​សាធារណៈ​នៃ​សាកល​វិទ្យាល័យ Ryerson University នៅ​ទីក្រុង​ Toronto ប្រទេស​កាណាដា។ (​រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក)
រូបឯកសារ៖ លោក ពៅ សូរពង្ស សាស្ត្រាចារ្យ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​រដ្ឋបាល​សាធារណៈ​នៃ​សាកល​វិទ្យាល័យ Ryerson University នៅ​ទីក្រុង​ Toronto ប្រទេស​កាណាដា។ (​រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក)

កំណត់​និពន្ធ៖ លោក ពៅ សូរពង្ស គឺ​ជា​សាស្រ្តាចារ្យ​ផ្នែក​នយោបាយ​និង​រដ្ឋបាល​សាធារណៈ​នៃ​សាកលវិទ្យាល័យ Ryerson ក្នុង​ប្រទេស​កាណាដា។ លោក​ក៏​ជា​ប្រធាន​ស្ថាប័ន​វិទ្យាសាស្រ្ត​សម្រាប់​សន្តិភាព (Science for Peace) នៃ​សាកល​វិទ្យាល័យ Toronto និង​ជា​សមាជិក​របស់​សមាគម​និស្សិត​អន្តរជាតិ​និង​នយោបាយ​អាស៊ី។ លោក ពៅ សូរពង្ស ទើប​តែ​ចេញ​ផ្សាយ​អត្ថបទ​របស់​លោក កាល​ពី​ក្នុង​ខែ​កក្កដា​កន្លង​ទៅ​នេះអំពី ​ប្រព័ន្ធ​គណបក្ស​ដែល​គ្រប់គ្រង​អំណាច​តែ​មួយ​គត់​របស់​កម្ពុជា៖ តើ​គណបក្ស​ប្រជាជន​ក្លាយ​ជា​គណបក្ស​គ្រប់គ្រង​អំណាច​ដោយ​របៀប​ណា​និង​ដោយ​មូលហេតុ​អ្វី? សូម​លោក​អ្នក​ស្តាប់​បទ​សម្ភាសន៍​រវាង​កញ្ញា យូ សុធារី នៃ​វីអូអេ ជា​មួយ​លោក ពៅ សូរពង្ស អំពី​អត្ថបទ​របស់​លោក​ដូច​តទៅ៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

VOA៖ តើ​លោក​សរសេរ​អំពី​អ្វី​ក្នុង​អត្ថបទ​របស់​លោក?

លោក សូរពង្ស៖ អត្ថបទ​ដែល​ខ្ញុំ​សរសេរ​ហ្នឹង​គឺការ​ទាក់ទង​នឹង​គណបក្ស​ប្រជាជន​ដែល​មាន​ជ័យ​ជម្នះ​ក្នុង​ការ​ពង្រឹង​អំណាច​របស់​ខ្លួន។ ខ្ញុំ​ពន្យល់​ពី​បញ្ហា​មួយ​ថា ហេតុអ្វី​បាន​ជា​គណបក្ស​ប្រជាជន​មាន​ជ័យជម្នះ​ក្នុង​ការ​ពង្រឹង​អំណាច​របស់​ខ្លួន ជា​ពិសេស​រហូត​ដល់​ការ​បោះឆ្នោត​ថ្មីៗ​ហ្នឹង។ ខ្ញុំ​គ្រាន់​តែ​ចង់​ពន្យល់​ថា បញ្ហា​ធំ​បំផុត​ក្នុង​ស្រុកខ្មែរ​គឺ​ថា រឿង​មិន​ទុក​ចិត្ត​គ្នា។ ប៉ុន្តែ​អត្ថបទ​ខ្ញុំ​ដែល​សរសេរ​សំខាន់​បំផុត​ គឺ​ថា​វា​ជា​រឿង​សន្តិសុខ​ផ្ទាល់​ខ្លួន ឬ​ក៏​សន្តិសុខ​គណបក្ស ពីព្រោះ​ស្ថាប័ន​ជាតិ​របស់​ខ្មែរ​យើង​ វា​អត់​រឹងមាំ។

VOA៖ លោក​បាន​សរសេរ​អំពី​យុទ្ធសាស្រ្ត C-3 ដែល​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ប្រើប្រាស់​ក្នុង​ការ​បង្កើន​អំណាច។ តើ​លោក​ចង់​សំដៅ​លើ​អ្វី?

លោក សូរពង្ស៖ គណបក្ស​ណា​ដែល​ខ្លាំង​ជាង​ត្រូវ​តែ​ក្តោបក្តាប់​អំណាច​ដោយ Control [ត្រួតត្រា] ចាប់​យក​អំណាច​នៅ​កន្លែង ស្ថាប័ន​រដ្ឋ​ ដូចជា​ព្រឹទ្ធសភា រដ្ឋសភា ខាង​កងទ័ព ខាង​តុលាការ។ អ្នក​ដឹកនាំ​ដែល​មាន​អំណាច​ច្រើន ត្រូវ​តែ​ត្រួតត្រា ខ្មែរ​យើង​ថា​ត្រួតត្រា។ ត្រួតត្រា​ស្ថាប័ន​រដ្ឋ​នឹង គឺថា ទីមួយ​គឺ​ត្រូវ​តែ​ចាប់​យក​កន្លែង គ្រប់គ្រង​កន្លែង​ហ្នឹង​ឲ្យ​បាន។ ទី​ពីរ Coercion គឺ​ត្រូវ​តែ​បង្ខំ។ បង្ខំ គឺ​ថា​ត្រូវ​យក​អាវុធ ឬ​ក៏​យក​ស្អី យក​កម្លាំង​បាយ ខ្មែរ​យើង​ថា​យក​កម្លាំង​បាយ បង្ខំ​ឲ្យ​គេ​ចុះចាញ់ ឬ​ក៏​ឲ្យ​គេ​ចុះចូល ហើយ​បើ​មិន​ចុះចូល​ទេ អាច​យក​វិធាន​ការ​មួយ​ទៅ ផ្សេង​មួយ​ទៅ បង្ខំ​ឲ្យ​គេ​ទាល់​តែ​ចុះចូល។ នេះហៅថា Coercion។ ទីបី​គឺ Co-Option គឺ​ថា​បញ្ចុះបញ្ចូល​ឲ្យ​គេ​ចូលរួបរួម​គណបក្ស​ ឬ​ក៏​ក្រុម​ខ្លួន​ ដោយ​ប្រើ​វិធី​ទន់ភ្លន់ ឬ វិធី​មួយ​ដែល​ធ្វើ​ឲ្យ​គេ​ចូលចិត្ត ឬ​ក៏​ឲ្យ​គេ​ចង់​បាន។

VOA៖ តើ​លោក​អាច​លើក​ឧទាហរណ៍​ជាក់ស្តែង​មក​ពន្យល់​បាន​ទេ?

លោក សូរពង្ស៖ ដូច​ខ្ញុំ​ជម្រាប​អីចឹង បើ​និយាយ​ពី Control ការ​ត្រួតត្រា​ស្ថាប័ន​រដ្ឋ​ខ្មែរ គឺ​ថា ទីមួយ​គឺ​ថា​ តាំង​ពី​ជំនាន់​អ៊ុនតាក់ [UNTAC]​មក ជាប់​ឆ្នោត បោះ​ឆ្នោត​តាំង​ពី​ឆ្នាំ​១៩៩៣មក ពេល​ដែល​អ៊ុនតាក់​កំពុង​តែ​បោះឆ្នោត​ កំពុង​តែ​រៀបចំ​ការ​បោះឆ្នោត គឺ​ថា​គណបក្ស​ប្រជាជន​មិន​អាច​ឲ្យ​ពួក​អ៊ុនតាក់​ហ្នឹង​ទៅ ត្រួតត្រា​ក្រសួង​ផ្សេងៗ ដែល​គេ​ត្រូវ​រ៉ូវ​គ្នា​ថា ត្រូវ​មាន​អ៊ុនតាក់​ឲ្យ​ត្រួតត្រា ដូចជា​ក្រសួង​ការ​បរទេស ក្រសួង​ការពារ​ជាតិ ក្រសួង​ខាង​ឲ្យ​ដំណឹង។ អីចឹង​ហើយ​បាន​ថា អ៊ុនតាក់​មាន​ការ​លំបាក​បង្កើតEnvironment [បរិយាកាស] មួយ ដែល​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ហ្នឹង​មាន​សេរីភាព។ អីចឹង​ហើយ​បាន​ថា អ៊ុនតាក់​មិន​អាច​គ្រប់គ្រង​របប​ ឬ​ក៏​គ្រប់គ្រង​ក្រសួង​សំខាន់ៗ​នោះ​បាន។ ដូច​ខ្ញុំ​និយាយ Coercion ការ​បង្ខិត​បង្ខំ​នឹង​មាន​តាំង​ពី​ដើម​មក ចែក​អំណាច តែ​មិន​ព្រម គឺ​ថា​បែក​បាក់​គ្នា ត្រូវ​ធ្វើ​សង្រ្គាម​គ្នា។ ក្នុង​ឆ្នាំ​១៩៩៧ ដែល​គេ​ហៅថា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ព្រះអង្គម្ចាស់​រណឫទ្ធិ នឹង​ជា​រឿង​មួយ​ដែល​ហៅ​ថា Coercion ការ​បង្ខិត​បង្ខំ ឬ​ក៏​ប្រើ​កម្លាំង​បាយ ឬ​កម្លាំង​អាវុធ។ Co-Option ដូចទាក់ទង​នឹង​រឿង​ថា ​ពេល​មាន​លុយ​ច្រើន​ទៅ ទៅ​ជា corruption [​អំពើ​ពុក​រលួយ]។

អ្នក​ដឹក​នាំ​ដូចជា​នៅ​ក្នុង​ប្រទេស​ខ្មែរ មធ្យោបាយ​ទី៣សំខាន់​ជាង​គេ។ បើ​មាន Co-Optionហ្នឹង ធ្វើ​ឲ្យ​គេ​ចុះចូល​ដោយ​មិន​បាច់​បង្ខំ ឬ​ក៏​មិន​ចាំ​បាច់​ប្រើ​កម្លាំង​បាយ ដោយ​ប្រើ​ការ​បញ្ចុះ​បញ្ចូល​។ ស្រុក​ខ្មែរ ក៏​ដូច​ជា​ស្រុក​អ្នក​ដទៃ​ទៀត​ដែរ យើង​និយាយ​ឲ្យ​យុត្តិធម៌។ Co-Optionហ្នឹង យើង​ត្រូវ​តែ​មាន​លុយ​ច្រើន​ណាស់ ដើម្បី​ទិញ​ទឹក​ចិត្ត​គេ ឬ​ក៏​ឲ្យ​បុណ្យ​សក្តិ​គេ​ឲ្យ​ច្រើន ដើម្បី​ឲ្យ​គេ​ចូល​ខាង​ខ្លួន។ នេះ​ជា​មធ្យោបាយ​មួយ ដែល​មិន​ចាំបាច់​ពឹងCoercion ការ​បង្ខិត​បង្ខំ​ហ្នឹង​ខ្លាំង។

VOA៖ ហេតុអ្វី​បាន​ជា​លោក​ចាត់​ទុក​ប្រទេស​កម្ពុជា​ថា​ជា​ប្រទេស​ដែល​មាន​គណបក្ស​មាន​តែ​មួយ ​មិន​មាន​គណបក្ស​ផ្សេង​អាច​ប្រកួត​ប្រជែង​បាន ដែល​ភាសា​អង់គ្លេស​ហៅ​ថា Hegemonic-party system?

លោក សូរពង្ស៖ វា​ខុស​ពី Multiparty system។ Multiparty system ហ្នឹង​ គណបក្ស​ផ្សេងៗ​មាន​លទ្ធភាព​ប្រកួត​ប្រណាំង​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ ហើយ​អាច​សង្ឃឹម​ថា​ឈ្នះ​ឆ្នោត​បាន។ ប៉ុន្តែ​នៅ Hegemonic-party system ហ្នឹង អត់​មាន​សង្ឃឹម​ទេ អ្នក​ផ្សេងៗ​ទៀត។ អ្នក​ខ្លះ​ហ្នឹង បង្កើត​គណបក្ស​ហ្នឹង​ ឲ្យ​តែ​បង្កើត​ទៅ តែ​ថា​ឲ្យ​ឈ្នះ​សន្លឹក​ឆ្នោត​អី ឬ​បង្កើត​រដ្ឋាភិបាល​ឈ្នះ​ឆ្នោត​អី​គឺ​ថា​អត់​ទៅ​រួច​ទេ។

VOA៖ តើ​ប្រទេស​កម្ពុជា​ធ្លាប់​មាន​ពហុបក្ស​ដែរ​ឬ​ទេ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង?

លោក សុពង្ស៖ ធ្លាប់​មាន​ តែ​អត់​រស់​បាន​យូរ ជា​ពិសេស​នៅ​ជំនាន់​លោក​ លន់ នល់​នោះ សាធារណរដ្ឋ​ឆ្នាំ​១៩៧០។ ប៉ុន្តែ​កាល​ពី​មុន​នឹង​មាន​ដែរ ដើម​ឆ្នាំ​៥០អី ១៩៥០មាន​ដែរ​ប៉ុន្តែ​វា​ខ្សោយ។ គណបក្ស​ប្រជាធិបតេយ្យ​ហ្នឹង​មក​ស្រុក​ខ្មែរ​ បន្ទាប់​ពី​បារាំង​ឲ្យ​យើង​មាន​សេរីភាព​ក្នុង​ការ​បង្កើត​គណបក្ស។ ប៉ុន្តែ​វា​ខ្សោយ អត់​ដែល​រឹងមាំ​ទេ ដែល​រឹងមាំ​បន្តិច គឺ​ជំនាន់​សាធារណរដ្ឋ មាន​គណបក្ស​ផ្សេងៗ​ប្រកួត​ប្រណាំង​ប្រជែង​គ្នា។ ប៉ុន្តែ​គណបក្ស​របស់​ប្រធានាធិបតី​ លន់ នល់ ​ហ្នឹង នៅ​តែ​ខ្លាំង​ជាង​គេ។ ដូច្នេះ​ហើយ​ស្រុក​ខ្មែរ​យើង វា​មាន​បញ្ហា​ហ្នឹង ចង់​បង្កើត​គណបក្ស ដែល​សម្ព័ន្ធ​គណបក្ស​នយោបាយ​ដែល​ឲ្យ​សេរីភាព​ដល់​គណបក្ស​ប្រឆាំង​ហ្នឹង គឺ​ថា​ពិបាក​ណាស់ ពិបាក​មែន​ទែន។ ដល់​ខ្មែរ​ក្រហម​ចូល​មក កម្ទេច​ទាំង​អស់ អត់​ឲ្យ​មាន​គណបក្ស​ប្រឆាំង​សោះ មាន​តែ​គណបក្ស​កុម្មុយនីស្ត​មួយ ដល់​អញ្ចឹង​ទៅ​ស្រុក​យើង មិន​ដែល​មាន​គណបក្ស​ច្រើន​ដែល​មាន​កម្លាំង​អាច​ប្រកួត​ប្រណាំង​ប្រជែង​ដោយ​មាន​សេរីភាព​ ហើយ​សង្ឃឹម​ថា​ឈ្នះ​បាន​ទេ។ គណបក្ស​ណា​ដែល​ខ្លាំង ​ច្រើន​តែ​ខ្លាំង​រហូត។ រហូត​ទាល់​តែ​បាក់​ហ្មង ដូច​ខ្មែរ​ក្រហម​ទាល់​តែ​វៀតណាម​ចូល​បាន​រលំ។ ឆ្នាំ​១៩៩៣ កាល​ពី​អ៊ុនតាក់​មក​ហ្នឹង មាន Multiparty system។ ប៉ុន្តែ Multiparty system ហ្នឹង ​វា​ដូរ​ទៅ​ជា Hegemonic-party system នៅ​ឆ្នាំ១៩៩៧។

VOA៖ តើ​លោក​យល់​ថា គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​បង្ហូរ​ឈាម​ដើម្បី​ប្តូរ​អ្នក​ដឹកនាំ​នា​ពេល​អនាគត​ឬទេ?

លោក សូរពង្ស៖ នៅ​ក្នុង​ពេល​អនាគត​ ​ខ្ញុំ​ថា​វា​មាន​ស្ថិរភាព​ជាង។ ប៉ុន្តែ​មិន​បាន​ន័យ​ថា long term [បាន​យូរ​អង្វែង]​នៅ​ថ្ងៃ​មុខ​ឆ្ងាយ​ យើង​មើល​អត់​ឃើញ​ទេ ពីព្រោះ Hegemonic-party system ដូច​នៅ​ស្រុក​ខ្មែរ​យើង​អីចឹង។ វា​អាច​ធ្វើ​ឲ្យ​មនុស្ស​ខឹង អ្នក​ដែល​គេ​អត់​មាន​អំណាច ដែល​គេ​មាន​អារម្មណ៍​មួយ​ថា​គេ​កំពុង​ទទួល​ការ​ជិះ​ជាន់​នឹង ទៅ​ជា​កំហឹង ទៅ​ជា​អី​ទៅ ចង់​តែ​ប្រឆាំង​ចង់​តែ​រំលំ។

ហើយ​ជួន​កាល​វា​អាច​មាន​បញ្ហា​មួយ​ទៀត គឺ​ថា system ហ្នឹង​គឺ​ថា បើ​មិន​ប្រយ័ត្ន​ទេ វា​អាច​ផ្ទុះ​ពី​ក្នុង ពីព្រោះ system វា​អត់​មាន គណបក្ស​ប្រឆាំង វា​អត់​មាន ពីព្រោះ​គណបក្ស​ប្រឆាំង​ខ្សោយ​អស់​ហើយ។ មាន​តែ​គណបក្ស Hegemonic-party ហ្នឹង​ដែល​នៅ​ត្រួតត្រា​ធំ​ជាង​គេ ខ្លាំង​ជាង​គេ​។ ប៉ុន្តែ​ក្នុង​គណបក្ស​ហ្នឹង​វា​អាច​ទៅ​ជា​ប្រេះឆា ពីព្រោះ​កាល​ណា​អំណាច​ហ្នឹង​វា​ប្រមូល​ផ្តុំ​ខ្លាំង​ពេក កាល​ណា​វា​គាប​ជាប់​ទៅ អ្នក​ខាង​ក្នុង​វា​អាច​ប្រទ្រូសប្រត្រាស់​គ្នា វា​អាច​ទៅ​ជា​បញ្ហា។ វា​អាច​ឲ្យ​គណបក្ស​ហ្នឹងអាច​ទៅ​ជា​រលំ។ ប៉ុន្តែ​រលំ​ហ្នឹង​អត់​មក​ពី​ក្រៅ​ទេ រលំ​ហ្នឹង​វា​អាច​មក​ពី​ក្នុង។

VOA៖ តើ​លោក​យល់​យ៉ាង​ណា​ដែរ ចំពោះ​មតិ​ដែល​លើក​ឡើង​ថា ​កម្ពុជា​មិន​អាច​គ្មាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ​ទេ?

លោក សូរពង្ស៖ អត់ទេ ខ្ញុំ​អត់​ជឿ​ថា​អីចឹង​ទេ។ ប៉ុន្តែ​គ្រាន់​តែ​ខ្ញុំ​ជឿ​ថា ការ​គ្រប់គ្រង​នៅ​ស្រុក​ខ្មែរ​ធំ​បំផុត​គឺ​ថា ទាល់​តែ​មាន​ការ​ចែក​អំណាច​គ្នា ហើយ​យក​អំណាច​ហ្នឹង​ទៅ​កសាង​ស្ថាប័ន​រដ្ឋ។ លោក ​ហ៊ុន សែន​ ក៏​មិន​អាច​ធ្វើ​អី​បាន​ដែរ។ តាម​ការ​ស្រាវជ្រាវ​របស់​ខ្ញុំ គឺ​ថា​លោក​ ហ៊ុន សែន ​បាន​ធ្វើ​ការ​ល្អ​ជូន​ប្រទេស​ជាតិ​យើង​បាន​ច្រើន​ដែរ។ ហើយ​ទៅ​ចោទ​គាត់​អី​ក៏​អត់​ត្រូវ​ដែរ។ ក៏​ប៉ុន្តែ​ឲ្យ​លោក ​ហ៊ុន សែន​ ទៅ​កាន់​អំណាច​មួយ​ជីវិត​របស់​គាត់​ហ្នឹង​ក៏​អត់​ល្អ​សម្រាប់​ប្រទេស​យើង​ដែរ ពីព្រោះ​ធ្វើ​ឲ្យ​គេ​ខឹង​ច្រើន គេ​គំ​ច្រើន ធ្វើ​ឲ្យ​គេ​សង​សឹក​កាន់​តែ​ខ្លាំង​ឡើង​ទៀត។ ទាំង​ហ្នឹង​វា​អត់​ល្អ​ទេ។

VOA៖ តើ​លោក​យល់​យ៉ាង​ណា ចំពោះ​ទស្សនៈ​ខ្លះ​ដែល​លើក​ឡើង​ថា ប្រទេស​ដែល​នៅ​ទន់​ខ្សោយ​នៅ​ឡើយ​ដូច​កម្ពុជា ត្រូវ​ការ​មនុស្ស​មួយ​ក្រុម​ដែល​ក្តាប់​អំណាច​ដើម្បី​គ្រប់​គ្រង និង​អភិវឌ្ឍ​ប្រទេស?

លោក សូរពង្ស៖ ប្រទេស​ខ្មែរ​យើង​ក៏​មិន​អាច​ទៅ​រួច​ដែរ បើ​យើង​ចង់​ក្តាប់​អំណាច ពីព្រោះ​កាល​ណា​បើ​យើង​ចង់​ឲ្យ​មាន​អ្នក​ដឹក​នាំ​មួយ​ខ្លាំង គណបក្ស​មួយ​ខ្លាំង ដូច​ខ្ញុំ​និយាយ​អីចឹង​ប្រើ​យុទ្ធសាស្រ្ត C-3 ហ្នឹង វា​ធ្វើ​ឲ្យ​មាន​បញ្ហា​បែក​បាក់​គ្នា។ ដល់​ហើយ វា​អាច​ធ្វើ​ឲ្យ system ហ្នឹង ដូច​ខ្ញុំ​និយាយ is prone to crisis [ងាយ​នឹង​រង​វិបត្តិ]។ មាន​បញ្ហា​មួយ​ទៅ​បញ្ហា​មួយ​ហ្នឹង វា​អាច​ធ្វើ​ឲ្យ​ស្រុក​ហ្នឹង​អាច​ចម្រើន​ដែរ តែ​អាច​មិន​ចម្រើន​មាំ​ទាំ។ ដូច្នេះ​បាន​ន័យ​ថា​ម៉េច មិន​មាំទាំ ពីព្រោះ​បើ​សេដ្ឋកិច្ចចម្រើន​ដោយ​សារ ពឹង​ទៅ​លើ​វិនិយោគ​ទុន ទៅ​លើ​ជំនួយ​បរទេស។ ដល់​ពេល​យើង​ទៅ​ឈ្លោះ​គ្នា អត់​មាន​ពេល។ System [ប្រព័ន្ធ] ហ្នឹង​គឺ​ថា អ្នក​ដឹក​នាំ​ប្រើ​អស់​កម្លាំង ប្រើ​កម្លាំង​ចិត្ត កម្លាំង​បាយ គំនិត ធ្វើ​ម៉េច​ឲ្យ​តែ​រក្សា​ការ​កាន់​អំណាច​ហ្នឹង​ឲ្យ​បាន​មាំទាំ។ ប្រទេស​ហ្នឹង​នៅ​តែ​ពឹង​ទៅ​លើ ចម្រើន​អី​ទាល់​តែ​មាន Foreign investment [វិនិយោគ​]ពី​ខាង​ក្រៅ។ ដល់​ខាង​ក្នុង​យើង​គិត​តែ​ពី​រឿង ប្រើ​ពេល​វេលា​គ្រប់​គ្រង​ឲ្យ​បាន​ជាប់។ ដូច្នេះ in the long run System [ក្នុង​រយៈពេល​យូរ​ទៅ​មុខ​ទៀត ប្រព័ន្ធ​ហ្នឹង]​ មិន​អាច​ធ្វើ​ឲ្យ​យើង​ទៅ​ជា​ការ​រីក​ចម្រើន​ជាប់​លាប់​ទេ។ Sustainable development [ការ​អភិវឌ្ឍ​ដោយ​ចីរភាព​]ហ្នឹង​វា​អាច​មាន​បញ្ហា។ ដូច្នេះ​វា​អាច​ចម្រើន​មួយ​ក្នុង​រយៈ បួន ដប់ ម្ភៃ​ឆ្នាំ ប៉ុន្តែ​វា​អាច​ខ្សោយ ពីព្រោះ មូលដ្ឋាន​ក្នុង​ការ​ពង្រឹង​សេដ្ឋកិច្ច​ជាតិ​ហ្នឹង​មាន​ដែរ តែ​វា​នៅ​ខ្សោយ។

VOA៖ មាន​ការ​លើក​ឡើង​ថា ប្រសិន​បើ​ប្រទេស​មួយ​ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​ឈាន​ដល់ «កម្រិត​មធ្យម» កាន់​តែ​ច្រើន​ប្រទេស​នោះ​នឹង​មាន​លទ្ធិប្រជាធិបតេយ្យ​ដោយ​ខ្លួន​ឯង។ តើ​លោក​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ បញ្ហា​នេះ​និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នា​ពេល​បច្ចុប្បន្ន?

លោក សូរពង្ស៖ ទ្រឹស្តី​ហ្នឹង​ខ្សោយ​ណាស់ ខ្ញុំ​មិន​យល់​ស្រប​ទ្រឹស្តី​ហ្នឹង​ទេ។ ពីព្រោះ​ហេតុ​អី? គឺ​ថា​នៅ​ក្នុង​ករណី​សិង្ហបុរី វា​អីចឹង​មែន ប៉ុន្តែ​ប្រទេស​សិង្ហបុរី វា​តូច។ ប្រទេស​ចិន វា​ធំ ធំ​ជាង​ខ្មែរ​យើង​ឆ្ងាយ ហើយ​វា​អាច​រីក​ចម្រើន​អីចឹង​បាន។ ប៉ុន្តែ​មក​ពី​ហេតុអី? មក​ពី​ប្រទេស​ចិន​ហ្នឹង តាំង​ពី​គណបក្ស​កុម្មុយនីស្ត​ឈ្នះ តាំង​ពី​បន្ទាប់​ពី​សង្រ្គាម​លោក​លើក​ទី​២ ឆ្នាំ​១៩៤៩​មក គឺ​ថា គេ​ពង្រឹង​ស្ថាប័ន​រដ្ឋ ពង្រឹង​គណបក្ស​នយោបាយ​ហ្នឹង​ខ្លាំង​ណាស់។ ហើយ​ដល់​ស្ថាប័ន​រដ្ឋ​គេ​ខ្លាំង​អីចឹង​ទៅ គេ​អាច​ធ្វើ​ឲ្យ​ចម្រើន ប៉ុន្តែយើង​មើល​ឧទាហរណ៍ ប្រទេស​សិង្ហបុរី និង​ប្រទេស​ចិន។ ប្រទេស​ទាំង​ពីរ​នេះ គឺ​មិន​អាច​ហៅ​ថា​ប្រទេស​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ទេ។ គេ​អាច​ចម្រើន​បាន ខាង​សេដ្ឋកិច្ច​ ប៉ុន្តែ​រឿង​លទ្ធិ​ប្រជាធិបតេយ្យ​អត់​មាន។ អីចឹង​បាន​ថា ឥឡូវ​យើង​ចង់​បាន​អ្វី? រឿង​ខ្មែរ​យើង​ធំ​បំផុត គឺ​ថា បើ​គណបក្ស​ប្រជាជន​អាច​ធ្វើ​បាន​ហ្នឹង ​វា​ជួយ​ដែរ។ ទី​មួយ​គឺ​ថា បើ​គណបក្ស​ប្រជាជន​ហ្នឹង​ខ្លាំង​ហើយ ត្រូវ​តែ​សម្តែង​ឲ្យ​គេ​ឃើញ​ថា​ខ្លួន​ហ្នឹង​ខ្លាំង បាន​ន័យ​ថា​ដោះស្រាយ​បញ្ហា​អំពើ​ពុករលួយ​ហ្នឹង​ឲ្យ​ចេញ​បាន។ ឥឡូវ​យើង​មើល សិង្ហបុរី​ជា​ឧទាហរណ៍ សិង្ហបុរី​ធ្វើ​ការ​ហ្នឹង​កើត តែ​បើ​យើង​និយាយ​ពី​រឿង​ពុករលួយ សិង្ហបុរី​គេ​ឲ្យ​តម្លៃ​ខ្ពស់​ដោយ​គ្មាន​ការ​ពុក​រលួយ​ខ្លាំង​ក្លា។ ហើយ​ប្រទេស​ខ្មែរ​យើង បញ្ហា​គឺ​ពុក​រលួយ ហើយ​បើ​គណបក្ស​ប្រជាជន​ហ្នឹង​អាច​កម្ទេច​ហ្នឹង​ជា​ការ​ល្អ ប្រជាជន​គាំទ្រ។ ប៉ុន្តែ​យើង​ឃើញ​ថា រហូត​ដល់​ពេល​នេះ ប្រជាជន​អត់​ឃើញ​ថា គណបក្ស​ហ្នឹង​អាច​កម្ចាត់​អំពើ​ពុក​រលួយ​បាន។

VOA៖ ខ្ញុំ​មាន​សំណួរ​ទាក់​ទង​នឹង​ការ​កសាង​ទំនុក​ចិត្ត​ក្នុង​វិស័យ​នយោបាយ។ តើ​លោក​គិត​ថា​អ្នក​ដឹក​នាំ​កម្ពុជា​គួរ​តែ​ធ្វើ​យ៉ាង​ណា​ដើម្បី​កសាង​ការ​ទុក​ចិត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក?

លោក សូរពង្ស៖ អីចឹង​បាន​ថា ទាល់​តែ​មាន Process [ដំណើរការ]មួយ what I call it trust building [ដែល​ខ្ញុំ​ហៅ​ថា ការ​បង្កើត​ទំនុក​ចិត្ត]។ ការ​បង្រៀន​ឲ្យ​ទុក​ចិត្ត​គ្នា​ហ្នឹង​គឺ​ថា យើង​ត្រូវ​ធ្វើ​ឲ្យ​មុតមាំ។ កាល​យើង​គ្រាន់​តែ​ប្រមាណ​ឆ្នាំ​២០១៥​ហ្នឹង យើង​និយាយ​ពី culture of dialogue [វប្បធម៌​សន្ទនា]។ Culture of dialogue [វប្បធម៌​សន្ទនា]ហ្នឹង​ល្អ​ហើយ។ ប៉ុន្តែ​យើង​ត្រូវ​រៀន​ពី​មេរៀន​ថា ហេតុ​អ្វី​បាន​ជា Culture of Dialogue [វប្បធម៌​សន្ទនា]ហ្នឹង ​វា​ចុះ​ខ្សោយ​ភ្លាម។ អីចឹង​បាន​ជា​យើង​ត្រូវ​រៀន​ពី​មេរៀន​មួយ សម្រាប់​ធ្វើ​ឲ្យ​យើង​ទុក​ចិត្ត​គ្នា។ ខ្ញុំ​មាន​គំនិត​ច្រើន​ណាស់ ប៉ុន្តែ​ខ្ញុំ​មិន​អាច​និយាយ​ក្នុង​ពេល​សម្ភាសន៍​ក្នុង​ពេល​ខ្លីៗ​ហ្នឹង​បាន​ទេ ព្រោះ​វា​ជា very complicated process [ដំណើរការ​ស្មុគ្រស្មាញ​ណាស់]។ ហើយ​គ្រាន់​តែ​យើង​ជជែក​គ្នា​ឲ្យ​តែ​រួច​ពី​មាត់ ចេះ​តែ​ព្រមព្រៀង​គ្នា និយាយ​ឲ្យ​រួច​ពី​មាត់ ស្រាប់​តែ​ចេញ​ទៅ ជេរ​គ្នា​ហ៊ុយ​ដី​ហ្នឹង ​ខ្ញុំ​និយាយ​ឲ្យ​សាមញ្ញ​បន្តិច​ចុះ។ ហ្នឹង​រឿង​ការ​ទុកចិត្ត​ហ្នឹង​វា​ពិបាក កាល​ណា​ស្ថាប័ន​រដ្ឋ​ហ្នឹង​វា​ខ្សោយ​ ទុក​ចិត្ត​និយាយ​គ្នា​ហើយ ស្អែក​ឡើង​ទៅ​ទៀត។ ត្រូវ​គិត​ទាល់​តែ​ខ្លាំង​មែន​ទែន។ ខ្ញុំ គំនិត​ខ្ញុំ​នេះ ត្រូវ​រក​បញ្ញវន្ត​ធំៗ​មក​បង្កើត​ជា process [ដំណើរការ] ហ្នឹង​មួយ monitor process [ត្រួតពិនិត្យ​តាមដាន​ដំណើរការ​ហ្នឹង] ​មើល​ការ​ខុស​ត្រូវ process [ដំណើរការ] ហ្នឹង​ធ្វើ​ម៉េច។ ព្រោះ​គ្រាន់​តែ​គណបក្ស​អង្គុយ​ទល់​មុខ​គ្នា និយាយ​គ្នា ឈប់​ហើយ ហើយ​ទុក​ចិត្ត​គ្នា អត់​ទៅ​រួច​ទេ ពីព្រោះ​ការ​មិន​ទុក​ចិត្ត​គ្នា​ហ្នឹង​វា​ខ្លាំង​មែន​ទែន។ It is a long term process [វា​គឺ​ជា​ដំណើរ​ការ​ដែល​ត្រូវ​ការ​ពេល​យូរ​អង្វែង]៕

XS
SM
MD
LG