គណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតដាច់គេដោយនាំមុខគណបក្ស១៩ទៀតដ៏ច្រើនលើសលុប ក្នុងការបោះឆ្នោតដែលរងការរិះគន់ថាមិនសេរី យុត្តិធម៌ ត្រឹមត្រូវ ហើយគ្មានគណបក្សជំទាស់ដែលមានកម្លាំងប្រហាក់ប្រហែលចូលរួមនោះ។
បើតាមសេចក្តីប្រកាសព័ត៌មានអំពីលទ្ធផលបោះឆ្នោតបណ្តោះអាសន្នរបស់គ.ជ.ប. ដែលចេញផ្សាយនៅព្រឹកនេះគ.ជ.ប. បានបង្ហាញឲ្យឃើញថាគណបក្សប្រជាជនកម្ពុជាទទួលបានសម្លេង ៤ លាន៨ សែន ខណៈដែលគណបក្ស១៩ទៀតបានទទួលសំឡេងឆ្នោត តែ ជាង៣សែន។ តួលេខនេះ បើគ្មានអ្វីប្រែប្រួលនឹងផ្តល់អាសនៈចំនួន១២៥ ក្នុងរដ្ឋសភាដល់គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
តែគ.ជ.ប.ទុកពេលវេលាប្តឹងតវ៉ាចំនួន៧២ម៉ោង។ ការបោះឆ្នោតកាលពីថ្ងៃ២៩ ខែ កក្កដា មានមនុស្សចំនួន ៦លាន ៩ សែននាក់បានចេញទៅបោះឆ្នោតក្នុងចំណោមអ្នកបោះឆ្នោតជាង៨លាន៣សែន។
ប្រទេសកម្ពុជាគ្រោងនឹងបង្កើតសភានិងរដ្ឋាភិបាលថ្មីនៅដើមខែកញ្ញាខាងមុខ។