ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ Freedom House ព្រួយបារម្ភ​ថា សេរីភាព​​សារព័ត៌មាន​នៅ​កម្ពុជា អាច​ត្រូវ​​រឹតត្បិត​កាន់តែ​ខ្លាំង មុន​ការបោះឆ្នោត


អ្នកនាង Sarah Repucci អ្នកគ្រប់គ្រង​ជាន់​ខ្ពស់​ខាង​ការបោះឆ្នោត​ផ្សាយ​ជា​សកល នៃ​អង្គការ​ Freedom House និយាយ​ជាមួយ​​​ថ្នាក់គ្រប់គ្រង​​និង​បុគ្គលិក​នៃ​​ក្រុមប្រឹក្សា​ភិបាល​នៃ​ការ​ផ្សព្វផ្សាយ BBG នៅ​ទីស្នាក់ការ​របស់​ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី២៧
អ្នកនាង Sarah Repucci អ្នកគ្រប់គ្រង​ជាន់​ខ្ពស់​ខាង​ការបោះឆ្នោត​ផ្សាយ​ជា​សកល នៃ​អង្គការ​ Freedom House និយាយ​ជាមួយ​​​ថ្នាក់គ្រប់គ្រង​​និង​បុគ្គលិក​នៃ​​ក្រុមប្រឹក្សា​ភិបាល​នៃ​ការ​ផ្សព្វផ្សាយ BBG នៅ​ទីស្នាក់ការ​របស់​ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅ​ថ្ងៃទី២៧

តំណាង​អង្គការ​Freedom House ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​សម្ដែង​ការ​ព្រួយបារម្ភ​ថា សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ ជា​ពិសេស​គឺ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នឹង​មាន​ការ​រឹតត្បិត​កាន់​តែ​ខ្លាំង​ថែម​ទៀត ដោយសារ​តែ​ប្រទេស​នេះ នឹង​រៀបចំ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​​នៅ​ឆ្នាំ​នេះ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​ក្រោយ។

[កំណត់និពន្ធ៖ ក្រោយ​ពី​ការ​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៧​របស់​ខ្លួន​ស្ដីពី​សេរីភាព​សារព័ត៌មាន​នៅ​ជុំវិញ​លោក​កាល​ពី​សប្ដាហ៍​មុន តំណាង​អង្គការ​Freedom House ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​សម្ដែង​ការ​ព្រួយបារម្ភ​ថា សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ ជា​ពិសេស​គឺ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នឹង​មាន​ការ​រឹតត្បិត​កាន់​តែ​ខ្លាំង​ថែម​ទៀត ដោយសារ​តែ​ប្រទេស​នេះ នឹង​រៀបចំ​ការ​បោះឆ្នោត​ឃុំ​សង្កាត់នៅ​ឆ្នាំ​នេះ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​ក្រោយ។ លោក សាយ​ មុន្នី នៃ​VOA បាន​សម្ភាសន៍​អ្នក​នាង Sarah Repucci អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​ខាង​ការ​បោះឆ្នោត​ផ្សាយ​ជា​សកល នៃ​អង្គការ​Freedom House នៅ​ពេល​ដែល​អ្នកនាង​បាន​មក​ផ្សព្វផ្សាយ​របាយការណ៍​ថ្មី​នេះ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​សប្ដាហ៍​មុន។]

VOA៖ សូម​ជម្រាប​សួរ អ្នកនាង Sarah Repucci និង​សូម​អរគុណ​ចំពោះ​ការ​ផ្តល់​បទសម្ភាសន៍​ជាមួយ​VOA។

Sarah Repucci៖ ចាស៎ សូម​ជម្រាបសួរ។

VOA៖ របាយការណ៍របស់​អង្គការ Freedom House ស្តី​ពី​សេរីភាព​សារព័ត៌មាន​សម្រាប់​ឆ្នាំ​២០១៧​នេះ បាន​រកឃើញ​ថា សេរីភាព​សារព័ត៌មាន​នៅ​លើ​ពិភពលោក បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាបបំផុត​ក្នុង​រយៈពេល​១៣​ឆ្នាំ​ចុងក្រោយ​នេះ។ តើ​អ្នក​នាង​ អាច​រៀបរាប់​បន្ថែម​បន្តិច​បាន​ទេ​ ជាពិសេស​អំពី​ស្ថានភាព​នៃ​សារព័ត៌មាន​ក្នុ​ង​តំបន់​អាស៊ី​អាគ្នេយ៍​ជាទូទៅ និង​ជាពិសេស​នៅ​ក្នុង​ប្រទេស​កម្ពុជា?

Sarah Repucci៖ យើង​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដែល​ថា​នេះ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នេះ បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​នៅ​ទូទាំង​សាកលលោក​ក្នុង​រយៈពេល​១៣​ឆ្នាំ​មក​នេះ ហើយ​យើង​ក៏​មើល​ឃើញ​ការ​ធ្លាក់​ចុះ​នេះ​នៅ​គ្រប់​តំបន់​រួម​ទាំង​តំបន់​អាស៊ីអាគ្នេយ៍​ផង​ដែរ។ នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ មាន​ស្ថានភាព​ផ្សេងៗ​គ្នា​ជាច្រើន។ នៅ​ហ្វីលីពីន សារព័ត៌មាន​ មាន​សេរីភាព​ជាង​នៅ​វៀតណាម ឡាវ និង​កម្ពុជា។ និយាយ​ដោយឡែក នៅ​កម្ពុជា យើង​មិន​ឃើញ​មាន​ការ​ប្រែប្រួល​ជា​ដុំកំភួន​នោះ​ទេ។ ស្ថានភាព នៅ​តែ​មាន​ការ​រឹតត្បិត​ខ្លាំង ហើយ​មិន​មាន​ការ​ផ្លាស់ប្ដូរ​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ទេ។ ប៉ុន្តែ នៅ​ឆ្នាំ​នេះ យើង​កំពុង​ឃ្លាំមើល ដោយសារ​តែ​មាន​ការ​បោះឆ្នោត​នឹង​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។ ពួក​យើង​និង​អ្នក​វិភាគ​របស់​យើង ជឿ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ អាច​នឹង​បន្ត​ធ្លាក់​ចុះ​ថែមទៀត ហើយ​យើង​នឹង​ធ្វើ​ការ​វិភាគ​នៅ​ពេល​ខាង​មុខ​ទៀត។

VOA៖ តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​អ្នក​វិភាគ​គិត​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ អាច​នឹង​បន្ត​ធ្លាក់​ចុះ​ថែម​ទៀត​នោះ?

Sarah Repucci៖ នៅ​មុន​ការ​បោះឆ្នោត ជារឿយៗ យើង​ឃើញ​រដ្ឋាភិបាល ជាជាង​ព្យាយាម​គ្រប់គ្រង​ការ​បោះឆ្នោត​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ពួកគេ ព្យាយាម​គ្រប់គ្រង​សារ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ។ មាន​អ្នក​ឃ្លាំមើល​អន្តរជាតិ ដែល​នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​បោះឆ្នោត ហើយ​រដ្ឋាភិបាល មិន​ចង់​បង្ហាញ​ឲ្យ​ពួកគេ​ឃើញ​នូវ​ចំណុច​អាក្រក់​នៅ​ថ្ងៃ​នោះ​ទេ។ ដូច្នេះ ពួកគេ នឹង​រឹតត្បិត​លទ្ធភាព​របស់​អ្នក​សារព័ត៌មាន​ក្នុង​ការ​រាយការណ៍​អំពី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ ដោយ​សេរី​នោះ​ទៅវិញ។ រដ្ឋាភិបាល នឹង​ព្យាយាម​ធ្វើ​យ៉ាងម៉េច​ឲ្យ​សារ​ចេញ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្ថិត​នៅ​ក្នុង​រង្វង់​ដៃ​របស់​ពួកគេ ហើយ​សង្ឃឹម​ថា ពលរដ្ឋ​នឹង​មិន​មាន​ព័ត៌មាន​សេរី​នោះ​ទេ។ ហេតុដូច្នេះ​ហើយ ពួកគេ នឹង​គាំទ្រ​គណបក្ស​កាន់អំណាច ដោយសារ​តែ​ហេតុផល​ដែល​គណបក្ស​នេះ បាន​អះអាង​ប្រាប់​ពួកគេ ជា​ហូរហែ​មក​នោះ។​

​VOA៖ នៅ​ក្នុង​របាយការណ៍​ថ្មី​របស់​អង្គការ​Freedom House​ ដែល​បាន​ដាក់​ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​ត្រូវ​ឃ្លាំមើល​នោះ មាន​ការ​លើកឡើង​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដេជ្ញា​ថា​នឹង​បញ្ចៀស​អ្វី​ដែល​បាន​កើតឡើង​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ ដែល​នៅ​ពេល​នោះ គណបក្ស​ប្រឆាំង បាន​ទទួល​សំឡេង​គាំទ្រ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។ របាយការណ៍​បន្ត​ថា ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ អាច​ឈាន​ទៅ​រក​ការ​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ នៅ​មុន​ការ​បោះឆ្នោត។ តើ​អ្នក​នាង​អាច​ពន្យល់​បន្ថែម​អំពី​ការ​លើកឡើង​ត្រង់​ចំណុច​នេះ​បាន​ទេ?

Sarah Repucci៖ ចាស៎ ដូច​ខ្ញុំ​បាន​និយាយ​ហើយ​ថា ការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន​នេះ កើតឡើង​ញឹកញាប់​ណាស់​ នៅ​ពេល​ដែល​មាន​ការបោះឆ្នោត​ម្តងៗ ដូច​ដែល​ធ្លាប់​កើតឡើង​កាល​ពី​អតីតកាល​រួច​មក​ហើយ​ក្នុង​ប្រទេស​កម្ពុជា។ អ្វី​ដែល​យើង​រំពឹង​ថា​នឹង​ឃើញ​នោះ គឺ​បច្ចេកទេស​ថ្មីៗ ដែល​អាច​នឹង​មិន​ដូច​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ​២០១៣​មែន ប៉ុន្តែ​ អាច​ជា​ការ​ខិតខំ​ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​អ្នកសារព័ត៌មាន អាច​រាយការណ៍​បាន​ដោយ​សេរី ដូច​ជា​មិន​អាច​រាយការណ៍​ពី​ទស្សនៈ​ប្រឆាំង​ជាដើម ដូច្នេះ ពលរដ្ឋ នឹង​មិន​យល់​ទេ ថា​គណបក្ស​កាន់​អំណាច កំពុង​រឹតត្បិត​សិទ្ធិ​និង​សេរីភាព​របស់​ពួកគេ​នោះ ហើយ​ពួកគេ​ នឹង​ជឿ​ថា តាម​ពិត​ទៅ គណបក្ស​កាន់អំណាច​ បែរ​ជា​បម្រើ​ផលប្រយោជន៍​របស់​ពួកគេ​កាន់តែ​ច្រើន​ឡើង​ទៅ​វិញ។

យើង​ចង់​បាន​ព័ត៌មាន​សេរី។ យើង​ចង់​បាន​ទស្សនៈ​ចម្រុះ ប៉ុន្តែ​ យើង​បារម្ភ​ថា ទាំង​អស់​នេះ នឹង​មិន​កើតឡើង​ទេ​ នៅ​មុន​ការ​បោះឆ្នោត​ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ។

VOA៖ កាល​ពី​សប្ដាហ៍​មុន អង្គការ​ អ្នករាយការណ៍ គ្មាន​ព្រំដែន (Reporters without Borders ) ក៏​បាន​ចេញ​របាយការណ៍​របស់​ពួកគេ​មួយ​ដែរ ដោយ​និយាយ​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ ក៏​បាន​ធ្លាក់​ចុះ​ដូច​គ្នា ប៉ុន្តែ រដ្ឋាភិបាល​កម្ពុជា បាន​បដិសេធ​ការ​លើកឡើង​នៅ​ក្នុង​របាយការណ៍​នោះ ដោយ​អះអាង​ថា កម្ពុជា គឺ​ជា​ប្រទេស​ដែល​មាន​សេរីភាព​ខាង​សារព័ត៌មាន​ច្រើន​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ាន។ តើ​អ្នកនាង​ចង់​ឆ្លើយតប​ដូចម្ដេច​វិញ?

​Sarah Repucci៖ អ្នក​ដឹង​ហើយ​ថា ការ​ជ្រើសរើស​សាររបស់​រដ្ឋាភិបាល ដើម្បី​ឆ្លើយតប​ទៅ​នឹង​របាយការណ៍​នេះ​គឺ​ត្រូវ​តែ​ផ្ដល់​ប្រយោជន៍​ដល់​រដ្ឋាភិបាល ហើយ​ពួកគេ​បន្ត​និយាយ​បែប​នោះ​ម្តង​ហើយ​ម្តងទៀត។ ប៉ុន្តែ ការ​លើកឡើង​របស់​រដ្ឋាភិបាល​ គឺ​មិន​ពិត​ទេ។

វា​ជា​រឿង​ធម្មតា​ទៅ​ហើយ ដែល​រដ្ឋាភិបាល​ នឹង​ថ្លែង​សារ​ដែល​ពួកគេ​ចង់​ឲ្យ​ពលរដ្ឋ​ឭ ​ម្ដង​ហើយ​ម្ដង​ទៀត ប៉ុន្តែ នៅ​ក្នុង​ការ​វិភាគ​របស់​យើង ដែល​ផ្អែក​ទៅ​លើ​ការ​ប្រៀបធៀប​ជា​សកល​និង​វិធីសាស្ត្រ​ស្រាវជ្រាវ​មួយ​ដែល​ពួក​យើង​បាន​យក​មក​អនុវត្ត​ជិត​៣០​ឆ្នាំ​មក​ហើយ​នោះ យើង​មើល​មិន​ឃើញ​ថា សារព័ត៌មាន​នៅ​កម្ពុជា​ មាន​សេរីភាព​នោះ​ទេ។

VOA៖ អញ្ចឹង តើ​គេ​អាច​ធ្វើ​ដូចម្ដេច​បាន ដើម្បី​ធានា​ថា កម្ពុជា អាច​មាន​សេរីភាព​ខាង​សារព័ត៌មាន​ ជាពិសេស​នៅ​មុន​ការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ​និង​នៅ​ឆ្នាំ​ក្រោយ?

Sarah Repucci៖ អ្នក​សារព័ត៌មាន​ ចាំបាច់​ត្រូវ​តែ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​រាយការណ៍​ព័ត៌មាន​ដោយ​សេរី។ ប្រសិន​បើ ពួកគេ​មិន​អាច​រាយការណ៍​បាន​នៅ​តាម​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន​ ពួកគេ​អាច​រាយការណ៍​តាម​បណ្ដាញ​អ៊ីនធឺណិត​បាន។ ឬ​មួយ​ពួកគេ អាច​ផ្ដល់​ព័ត៌មាន​ដល់​អ្នក​កាសែត​បរទេស​ក៏​បាន។ ពួកគេ​ ចាំបាច់​ ត្រូវ​តែ​ផ្សាយ​ព័ត៌មាន​នោះ​ចេញ​ទៅ​ក្រៅ។ ដូច្នេះ​ អ្នក​សារព័ត៌មាន​ ត្រូវ​តែ​រក​វិធីសាស្ត្រ​ក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប​នេះ ដើម្បី​ធ្វើ​យ៉ាងម៉េច​ឲ្យ​សារ​របស់​ពួកគេ បាន​ទៅ​ដល់​ប្រជាពលរដ្ឋ។

​VOA៖ សូម​អរគុណ អ្នក​នាង Sarah Repucci ចំពោះ​ពេលវេលា​ សម្រាប់​បទសម្ភាសន៍​នេះ។

Sarah Repucci៖ ចាស សូម​អរគុណ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG