អាជីវកម្មហាងកាហ្វេនៅទីក្រុងសែនមនោរម្យនៃខេត្តមណ្ឌលគីរីមានការរីកចម្រើនដោយសារភ្ញៀវទេសចរជាច្រើនធ្វើដំណើរទៅទស្សនាតំបន់នេះ។
ក្នុងរយៈពេលប្រហែលតែកន្លះម៉ោងមានភ្ញៀវទេសចរក្នុងស្រុកនិងបរទេសប្រហែល៥០នាក់មកទិញកាហ្វេ ឬទឹកផ្លែបឺក្រឡុក ហើយយកទៅពិសារតាមផ្លូវនៅពេលធ្វើដំណើរ។ កាហ្វេ និងផ្លែបឺដុះបានល្អនៅក្នុងទឹកដីខេត្តមណ្ឌលគីរី។ ចំនួនអ្នកទេសចរមានការកើនឡើងគឺមកពីផ្លូវមានលក្ខណៈល្អប្រសើរជាងមុន។
ខេត្តមណ្ឌលគីរីនេះជាខេត្តដាច់ស្រយាលជាប់ព្រំដែននៃប្រទេសវៀតណាមនៅភាគឦសានប្រទេសកម្ពុជា។ ខេត្តនេះត្រូវបានគេស្គាល់សព្វថ្ងៃនេះថា ជាកន្លែងដ៏ល្អមួយសម្រាប់ដំណើរកម្សាន្តព្រៃព្រឹក្សាហើយក៏ជាកន្លែងដែលសម្បូរទៅដោយសត្វព្រៃនិងទឹកជ្រោះធម្មជាតិផងដែរ។ ទេសភាពពណ៌បៃតងដ៏ស្អាត ភ្នំព្រៃ ដីពណ៌ក្រហម និងកន្លែងដែលកុលសម្ព័ន្ធភ្នំជនជាតិដើមភាគតិចរស់នៅតាមបែបប្រពៃណីនេះគឺជាកត្តាទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តនៅក្នុងខេត្តនេះ។ យើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា តើនឹងមានការអភិវឌ្ឍអ្វីទៀតនៅក្នុងតំបន់នេះនាពេលអនាគត។
លោកប៊ូ សុភាព ជាម្ចាស់ហាងកាហ្វេ បាននិយាយថា៖ «មានភ្ញៀវទេសចរច្រើនប្រភេទមកលេង មានខ្មែរ អឺរ៉ុប និងអាស៊ី។ ពួកគាត់មកទស្សនាខេត្តមណ្ឌលគីរី ដោយសារពួកគាត់ចង់ឃើញព្រៃឈើ និងការរស់នៅរបស់ប្រជាជនជនជាតិភាគតិច និងដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ»។
រមណីយដ្ឋាននេះចាប់ផ្តើមបើកប៉ុន្មានឆ្នាំកន្លងមកហើយ។ ចាប់តាំងពីពេលនោះមក លោកប៊ូ សុភាពឃើញមនុស្សកាន់តែច្រើនមកលេងកម្សាន្តនៅហាងកាហ្វេរបស់គាត់ និងដើរមើលកសិដ្ឋានរបស់លោកដែលមានដើមឈើជាង៣០ប្រភេទផ្សេងគ្នា។
លោកបានមានប្រសាសន៍ថា៖«រថយន្តរាប់ រយរថយន្តមកជារៀងរាល់ថ្ងៃ»។
លោកគង់ សុភារៈ ប្រធាននាយកដ្ឋានស្ថិតិនៃក្រសួងទេសចរណ៍ បាននិយាយថា ចំនួនភ្ញៀវទេសចរមកទស្សនាខេត្តមណ្ឌលគីរីបានកើនឡើងដោយសារផ្លូវនៅទីនោះមានភាពប្រសើរឡើងជាងមុន។ មានភ្ញៀវទេសចរជិត១១០០០នាក់ដែលបានមកទស្សនាខេត្តនេះនៅឆ្នាំ២០១៤ ហើយជាងពាក់កណ្តាលនៃអ្នកទេសចរគឺជាជនបរទេស។
លោកស្វាយ សំអៀង អភិបាលរងខេត្តនេះ បានឱ្យដឹងថា ផ្លូវប្រវែង៤៨គីឡូម៉ែត្រ ឬប្រហែលជា៦០ភាគរយនៃផ្លូវលេខ៧៦ផ្លូវដែលកាត់តាមខេត្តនេះ ត្រូវបានជួសជុលឱ្យប្រសើរឡើង ហើយការស្តារស្ថានភាពផ្លូវនេះអាចនឹងត្រូវធ្វើចប់សព្វគ្រប់ក្នុងពេលប៉ុន្មានខែឆាប់ៗខាងមុខនេះ។ មិនយូរមិនឆាប់ ផ្លូវនេះនឹងតភ្ជាប់ចរាចរទៅកន្លែងឆ្ងាយៗនៅភាគខាងជើង។ ក្នុងពេលបច្ចុប្បន្ន ខេត្តនេះមានបន្ទប់សម្រាកប្រហែល៦០០សម្រាប់អ្នកទេសចរជួលស្នាក់នៅ។ រីឯកាលពីឆ្នាំ២០០៥ មានបន្ទប់ប្រហែល១០០ប៉ុណ្ណោះសម្រាប់ភ្ញៀវទេសចរស្នាក់នៅ។ លោកបាននិយាយថា៖ «ពេលខ្លះមិនមានកន្លែងគ្រប់គ្រាន់សម្រាប់ភ្ញៀវទេសចរដើម្បីស្នាក់នៅផង»។
លោកហូ វណ្ឌី សហប្រធាននៃក្រុមការងាររវាងរដ្ឋាភិបាល និងវិស័យឯកជន ដែលជាក្រុមការងារធ្វើការលើវិស័យទេសចរណ៍ បានទៅលេងខេត្តមណ្ឌលគីរីក្នុងពេលថ្មីៗនេះ។ លោកបាននិយាយថា ដោយសារការកើនឡើងក្នុងវិស័យទេសចរណ៍ ខេត្តនេះគួរតែមានការដាក់ស្លាកសញ្ញាជាច្រើនទៀតដើម្បីជួយអ្នកមកលេងកម្សាន្តទទួលបាននូវព័ត៌មានពាក់ព័ន្ធនឹងការធ្វើដំណើរក្នុងតំបន់នេះ។
លោកបាននិយាយថា៖ «យើងចង់ឱ្យអាជ្ញាធរជួយដាក់ស្លាកសញ្ញាសម្គាល់ឡើង»។
ទោះជាយ៉ាងណាក្តី អេកូទេសចរណ៍នេះក៏អាចនាំមកនូវការខាតបង់ផងដែរ។ ក្រុមអ្នករិះគន់បាននិយាយថា ការផ្លាស់ប្តូរនៃការរស់នៅប្រចាំថ្ងៃរបស់ក្រុមជនជាតិដើមភាគតិចនៅទីនេះនិងការបាត់បង់ព្រៃឈើ និងសត្វព្រៃដោយសារការអភិវឌ្ឍអាចបំផ្លាញការរីកចម្រើនវិស័យទេសចរណ៍ដែលកំពុងតែងើបឡើង។
លោកឈិត សំអាត នាយកប្រចាំប្រទេសកម្ពុជានៃអង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) ដែលជួយក្នុងការអភិវឌ្ឍវិស័យអេកូទេសចរណ៍នៅក្នុងខេត្តនេះ បាននិយាយថា៖«ខេត្តមណ្ឌលគីរីជាខេត្តពោរពេញទៅដោយភ្នំ និងធនធានធម្មជាតិ ទឹកជ្រោះ សត្វព្រៃគ្រប់ប្រភេទ និងមានអាកាសធាតុត្រជាក់ជាពិសេស។ ដូច្នេះការការពារព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់នេះគឺមានសារៈសំខាន់ដើម្បីទាក់ទាញភ្ញៀវទេសចរ»។
លោកបាននិយាយថា រដ្ឋាភិបាលសង្ឃឹមថា ការអភិរក្សនឹងនាំឲ្យមានសត្វខ្លាព្រៃឡើងវិញដើម្បីជួយទាក់ទាញទេសចរជាច្រើនទៀត។ ការធ្វើបែបនេះនឹងធ្វើឱ្យកម្ពុជាក្លាយជាកន្លែងកម្រមួយនៅក្នុងចំណោមកន្លែងកម្រពីរ ឬបីក្នុងពិភពលោកដែលអាចមានខ្លាធំឡើងវិញ។
លោកស្វាយ សំអ៊ាង អភិបាលរងខេត្តនេះ បាននិយាយថា មន្ត្រីថ្នាក់ខេត្តកំពុងធ្វើការជាមួយក្រុមហ៊ុនឯកជន និងអង្គការមិនមែនរដ្ឋាភិបាលដើម្បីការពារតំបន់ព្រៃនៅក្នុងខេត្តនេះបន្ថែមទៀត។
លោកបាននិយាយថា៖ «យើងកំពុងការពារតំបន់បម្រុងទុក ហើយយើងនឹងមិនអនុញ្ញាតឱ្យមានការចាប់យកដីកើតឡើងទេ។ យើងដឹងថា ប្រសិនបើមិនមានព្រៃ ឬសត្វនោះទេ យើងក៏មិនអាចទាក់ទាញភ្ញៀវទេសចរឱ្យមកបានដែរ»។
ប៉ុន្មានថ្ងៃថ្មីៗនេះ លោកសុផល ដែលជាមគ្គុទេសក៍ទេសចរមកពីខេត្តបាត់ដំបង បាននាំភ្ញៀវទេសចរមកពីប្រទេសបែលហ្ស៊ិកពីរនាក់ទេសចរជុំវិញខេត្តមណ្ឌលគីរី។ ពួកគាត់បានអង្គុយនៅក្នុងហាងកាហ្វេរមណីយដ្ឋាន បន្ទាប់ពីពួកគាត់បានជិះដំរីនៅជុំវិញតំបន់ទឹកធ្លាក់ និងតំបន់ភ្នំ។
លោកសុផលបាននិយាយថា៖ «ពួកគាត់ចង់មកទីនេះជាយូរមកហើយ។ ពួកគាត់មកក្នុងពេលនេះ ដោយសារមានផ្លូវថ្នល់ល្អ ក៏ដូចជាសណ្ឋាគារសម្រាប់ពួកគេស្នាក់នៅ»។
លោកបានបន្ថែមថា៖«ភ្ញៀវទេសចរជាច្រើនប្រភេទនឹងមកកម្សាន្តនៅទីនេះ រាប់ចាប់ពីភ្ញៀវទេសចរវេចសំពាយរហូតដល់ទៅភ្ញៀវទេសចរថ្នាក់ប្រណីត»។
លោកបាននិយាយថា៖ «ខ្ញុំគិតថា ខេត្តមណ្ឌលគីរីទាក់ទាញភ្ញៀវទេសចរជាច្រើនមកពីលោកខាងលិច។ នៅក្នុងពេលអនាគត វាអាចទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនទៀត ប្រសិនបើមានសណ្ឋាគារ និងភោជនីយដ្ឋានសម្រាប់ពួកគាត់»
លោកសុផលបាននិយាយថា លោកមានការព្រួយបារម្ភថា ការបាត់បង់ធម្មជាតិនៅក្នុងខេត្តនេះអាចនឹងបង្អាក់ការកើនឡើងនូវភ្ញៀវទេសចរ។
លោកបាននិយាយថា៖«ពួកគាត់គិតថា ទីនេះពោរពេញទៅដោយធម្មជាតិ ប៉ុន្តែនៅពេលដែលពួកគេមកដល់ទីនេះ ពួកគេមានការស្រង៉ាកចិត្តបន្តិចដោយសារតែមិនមានព្រៃច្រើន»។
លោកសន្និដ្ឋានថា៖ «បើយើងអាចរក្សាប្រពៃណីរបស់ជនជាតិដើមភាគតិច តាំងពីការរស់នៅ និងការស្លៀកពាក់តាមរបៀបជាជនជាតិដើមភាគតិចបាន នោះភ្ញៀវទេសចរកាន់តែច្រើននឹងចូលចិត្តកន្លែងនេះ។ ប៉ុន្តែទេសភាពពីធម្មជាតិបរិសុទ្ធ ត្រូវបានបាត់បង់បន្តិចម្តងៗ»៕