ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋវិទូ៖ សមត្ថភាព​ខ្លាំង​នៃ​ស្ថាប័ន​ហិរញ្ញវត្ថុ​គឺ​ចាំ​បាច់​សម្រាប់​ការ​អភិវឌ្ឍ


បុរស​កម្ពុជា​ម្នាក់​ដើរ​នៅ​ជិត​រូបថត​រូបិយវត្ថុ​ផ្សេងៗ ក្នុង​អំឡុង​ពិធី​​បើក​សម្ពោធទី​ស្នាក់ការ​ផ្សារ​មូលបត្រ​កម្ពុជា​ (Cambodia Securities Exchange) ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​​ច័ន្ទ​ទី​១១​ខែ​កក្កដា​ឆ្នាំ​២០១១។
បុរស​កម្ពុជា​ម្នាក់​ដើរ​នៅ​ជិត​រូបថត​រូបិយវត្ថុ​ផ្សេងៗ ក្នុង​អំឡុង​ពិធី​​បើក​សម្ពោធទី​ស្នាក់ការ​ផ្សារ​មូលបត្រ​កម្ពុជា​ (Cambodia Securities Exchange) ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​​ច័ន្ទ​ទី​១១​ខែ​កក្កដា​ឆ្នាំ​២០១១។

សមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​គឺ​ប្រៀប​ដូច​កញ្ចក់​មួយ ដែល​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ស្ថានភាព​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​មួយ។ អ្នក​ជំនាញ​ណែ​នាំ​ថា សម្រាប់​កម្ពុជា​ដែល​ជា​ប្រទេស​ក្រីក្រ​មួយ ដើម្បី​ពង្រីក​សេវា​សាធារណៈ​ទាមទារ​ការ​ពន្លឿន និង​ការ​បង្កើន​ប្រសិទ្ធភាព​នៃ​កំណែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ។

កំណែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​គឺ​សំដៅ​លើ​កំណែ​ទម្រង់​ចំណូល​ចំណាយ​ថវិកា​ជាតិ ក្នុង​ន័យ​ដើម្បី​ពង្រីក​សេវា​សាធារណៈ​ឲ្យ​ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធិ​ភាព ដូច​ជា សេវា​ការ​អប់រំ សុខាភិបាល និង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ដើម។ ក៏​ប៉ុន្តែ អ្នក​ជំនាញ ឲ្យ​ដឹង​ថា ដើម្បី​សម្រេច​ឲ្យ​បាន​លទ្ធផល​ពី​កំណែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នេះ កម្ពុជា​ក៏​ត្រូវ​ពង្រឹង​សមត្ថភាព និង​គណនេយ្យភាព ឬ​ការ​ទទួល​ខុស​ត្រូវ​របស់​ស្ថាប័ន។

យោង​តាម​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ២០១៥ ដែល​អនុម័ត​ដោយ​រដ្ឋ​សភា​កាល​ពី​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា ឆ្នាំ២០១៤ ចំណូល​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៥​នេះ​អាច​នឹង​កើន​ដល់​២ពាន់​៩០០លាន​ដុល្លារ។ ហើយ​ការ​ចំណាយ​ថវិកា​ជាតិ​វិញ​មាន​ចំនួន​សរុប​៣ពាន់​៨០០លាន​ដុល្លារ គឺ​ខ្ពស់​ជាង​ចំណូល​រដ្ឋ​ក្នុង​ស្រុក​ចំនួន​ប្រមាណ​៩០០លាន​ដុល្លារ ដោយ​សារ​កម្ពុជា​យើង​ត្រូវ​ការ​វិនិយោគ​ខ្លាំង​លើ​ហេដ្ឋារចនា​សម្ព័ន្ធ ដើម្បី​ពង្រឹង​សក្ដានុពល​សេដ្ឋកិច្ច។

ដូច្នេះ មាន​ន័យ​ថា សម្រាប់​ឆ្នាំ​២០១៥​នេះ កម្ពុជា​ត្រូវ​ការ​ហិរញ្ញប្បទាន​ក្រៅ​ប្រទេស ឬ​ប្រាក់​កម្ចី​បន្ថែម​ចំនួន​ប្រមាណ​៩០០លាន​ដុល្លារ បើ​ទោះ​បី​ជា​«ចំណូល​ថវិកា​ក្នុង​ស្រុក​បាន​កើន​ពី​៦ភាគរយ​នៃ​ផល​ទុន​សរុប​ក្នុង​ស្រុក​កាល​ពី​ឆ្នាំ​២០០៣ មក​ដល់​១៥ភាគរយ​នៅ​ឆ្នាំ​២០១៤‍»​ក្តី។

លោក ហេង ឌីណា សេដ្ឋវិទូ
លោក ហេង ឌីណា សេដ្ឋវិទូ

កំណែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​កម្ពុជា​ត្រូវ​បាន​តាក់​តែង​ឡើង និង​អនុវត្ត​កាល​ពី​ឆ្នាំ​២០០៤​មក។ លោក ហេង ឌីណា សេដ្ឋ​វិទូ​កម្ពុជា​មួយ​រូប បាន​បក​ស្រាយ​ថា កំណែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ‍«គឺ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​គ្រប់​គ្រង​ចំណូល​ចំណាយ​ថវិកា​ជាតិ​មាន​ប្រសិទ្ធ​ភាព ដើម្បី​ពន្លឿន​ការ​អភិវឌ្ឍន៍ និង​កាត់​បន្ថយ​ភាព​ក្រីក្រ»។

លោក ឌីណា បាន​លើក​ឡើង​ថា៖ «‍ដើម្បី​បន្ត​ការ​អភិវឌ្ឍន៍ និង​ដើម្បី​ក្លាយ​ជា​ប្រទេស​ចំណូល​មធ្យម ប្រទេស​មួយ​ត្រូវ​ការ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​មួយ​ដែល​រឹងមាំ ហើយ​ស្ថាប័ន​ត្រូវ​មាន​សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង​ចំណូល​ចំណាយ​ឲ្យ​មាន​ប្រសិទ្ធភាព»។

កម្មវីធី​កំណែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​កម្ពុជា គឺ​ត្រូវ​បាន​បែង​ចែក​ជា​៤​ដំណាក់​កាល និង​៤​ជំហាន។ យោង​តាម​ការ​បក​ស្រាយ​របស់​លោក ហេង ឌីណា ឲ្យ​ដឹង​ថា ដំណាក់​កាល​ទី១ គឺ​បង្កើន​ភាព​ជឿ​ទុក​ចិត្ត​នៃ​ថវិកា។ មាន​ន័យ​ថា រដ្ឋ​ត្រូវ​ប្រមូល​ចំណូល​ឲ្យ​បាន​ត្រឹម​ត្រូវ ដោយ​ភាព​ជឿ​ជាក់ និង​មាន​ប្រសិទ្ធ​ភាព។

ដំណាក់​កាល​ទី២ គឺ​ពង្រឹង​គណនេយ្យ​ភាព​ហិរញ្ញវត្ថុ គឺ​ការ​រឹត​បន្តឹង​ការ​គ្រប់​គ្រង​ថវិកា ដើម្បី​ឲ្យ​បុគ្គល ឬ​ស្ថាប័ន​ដែល​មាន​សិទ្ធិ​ក្នុង​សេចក្តី​សម្រេច​ចិត្ត​ធ្វើ​ការ​ចាត់​ចែង និង​ចាយ​វាយ​ថវិកា​ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ហើយត្រូវ​មាន​ការ​ផ្តល់​ជា​ការ​លើក​ទឹក​ចិត្ត​ចំពោះ​ការ​អនុវត្ត​ការងារ​ល្អ។

ដំណាក់​កាល​ទី៣ គឺ​ការ​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​នូវ​ការ​ផ្សារ​ភ្ជាប់​ថវិកា​ទៅ​នឹង​គោល​នយោបាយ។ ហើយ​ដំណាក់​កាល​ទី៤ គឺ​សម្រេច​ឲ្យ​បាន​នូវ​គណនេយ្យភាព​ចំពោះ​លទ្ធផល មាន​ន័យ​ថា មន្ត្រី​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​ចាយ​ថវិកា ដើម្បី​ទទួល​បាន​លទ្ធផល​ដែល​ចង់​បាន​តាម​គោល​ដៅ​ថវិកា។

លោក ឌីណា បាន​បញ្ញាក់​ថា ‍‍«បច្ចុប្បន្ន​នេះ កម្ពុជា​កំពុង​ឋិត​ក្នុង​ដំណាក់​កាល​នៃ​ការ​បង្កើន​គណនេយ្យ​ភាព​ហិរញ្ញវត្ថុ ហើយ​នឹង​ឈាន​ដល់​ការ​ផ្សារ​ភ្ជាប់​ថវិកា​ទៅ​នឹង​គោល​នយោបាយ»។ មាន​ន័យ​ថា កម្ពុជា​កំពុង​តែ​ខិតខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ចំណាយ​ផ្សារ​ភ្ជាប់​ទៅ​នឹង​អ្វី ដែល​កម្ពុជា​ចង់​សម្រេច​ជា​លទ្ធផល​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ផ្តល់​សេវា​សាធារណៈ​ឲ្យ​បាន​ទូលំ​ទូលាយ និង​ប្រកប​ដោយ​គុណភាព និង​កាត់​បន្ថយ​ភាព​ក្រីក្រ។

ស្រប​ពេល​ជាមួយ​នឹង​កិច្ច​ខំ​ប្រឹង​ប្រែង​ធ្វើ​កំណែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​នេះ កម្ពុជា​ក៏​ត្រូវ​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន។ យោង​តាម​ការ​បក​ស្រាយ​របស់​លោក​សេដ្ឋវិទូ ហេង ឌីណា ឲ្យ​ដឹង​ថា ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​នោះ ទី​មួយ កម្ពុជា​ត្រូវ​ពង្រឹង​សមត្ថភាព​ស្ថាប័ន មាន​ន័យ​ថា ក្រសួង​ពាក់ព័ន្ធ​ត្រូវ​ចាយ និង​ធ្វើ​គម្រោង​ចំណាយ​ថវិកា​ជាតិ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​ត្រូវ​ទៅ​តាម​ទិស​ដៅ​អាទិភាព​សម្រាប់​ការ​អភិវឌ្ឍន៍។

ទី​ពីរ ការ​បែង​ចែក​ថវិកា​ត្រូវ​តែ​ឲ្យ​ចំ​តាម​តម្រូវ​ការ​អភិវឌ្ឍន៍ និង​សម្រាប់​សក្ដានុពល​សេដ្ឋកិច្ច​ក្នុង​វិស័យ​សំខាន់ៗ​ដែល​អាច​ជួយ​បង្កើន​ចំណូល​ថវិកា​ជាតិ។ ដោយ​ឡែក ការ​កាត់​បន្ថយ​បុគ្គលិក​ខ្មោច​គ្រប់​ស្ថាប័ន ការ​កាត់​បន្ថយ​ចំណាយ​មិន​ចាំ​បាច់ និង​ការ​កាត់​បន្ថយ​ការ​លេច​ធ្លាយ​ថវិកា​ក៏​អាច​ជួយ​ឲ្យ​កម្ពុជា​សន្សំ​ថវិកា​ខ្លះ​សម្រាប់​វិស័យ​សំខាន់ៗ​ដូច​ជា វិស័យ​អប់រំ និង​សុខាភិបាល​ជា​ដើម។

ទី​បី ការ​ពន្លឿន និង​ការ​ទម្លាក់​ថវិកា​ឲ្យ​ដល់​មូលដ្ឋាន​គឺ​ចាំ​បាច់​ក្នុង​ការ​សម្រួល និង​ពង្រឹង​សមត្ថភាព​រដ្ឋបាល​របស់​ស្ថាប័ន​នីមួយៗ ដើម្បី​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ។

កម្ពុជា​មាន​ផ្លូវ​វែង​ឆ្ងាយ​ដើម្បី​ពង្រឹង​សមត្ថភាព និង​លទ្ធភាព​ស្ថាប័ន​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ដ៏​មាន​គុណភាព និង​ចីរភាព​មួយ តាម​រយៈ​កំណែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នេះ។

ដូច​លោក ឌីណា បាន​លើក​ឡើង៖ «‍វិញ្ញាសា​ដែល​កម្ពុជា​យើង​ត្រូវ​ដោះ​ស្រាយ គឺ​ការ​ផ្សារ​ភ្ជាប់​ការ​តំឡើង​ប្រាក់​បៀរវត្សរ៍ ការ​កែ​ទម្រង់​ប្រព័ន្ធ​បៀវត្សរ៍​ទៅ​នឹង​ការ​កែ​ទម្រង់​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ ការ​កែ​ទម្រង់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ»។

លោក​ថា «នៅ​ពេល​ដែល​កម្ពុជា​យើង​អាច​ដោះ​ស្រាយ​វិញ្ញាសា​នេះ​រួច នោះ​កម្ពុជា​នឹង​រួច​រាល់​សម្រាប់​កំណើន​សេដ្ឋកិច្ច​ដែល​មាន​ចីរភាព និង​ការ​អភិវឌ្ឍ​វែង​ឆ្ងាយ ដើម្បី​ក្លាយ​ជា​ប្រទេស​ចំណូល​មធ្យម​ដែល​សមស្រប»៕

XS
SM
MD
LG