អង្គការពលកម្មអន្តរជាតិ (ILO) ដែលជាស្ថាប័នមួយរបស់អង្គការសហប្រជាជាតិ បានអំពាវនាវនៅថ្ងៃអង្គារនេះ ឲ្យក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់នានាក្នុងពិភពលោក ដំឡើងថ្លៃទិញសម្លៀកបំពាក់នៅកម្ពុជាដើម្បីជួយឲ្យវិស័យកាត់ដេរនៅកម្ពុជាបន្តជីវិតទៅទៀត ស្របពេលដែលថៅកែរោងចក្រត្រូវដំឡើងប្រាក់ឈ្នួលកម្មករ។
សេចក្តីអំពាវនាវនេះធ្វើឡើងស្របពេលដែលសមាគមរោងចក្រកាត់ដេរត្អូញត្អែរអំពីការធ្លាក់ចុះនៃការបញ្ជាទិញសម្រាប់រយៈពេលដើមឆ្នាំ២០១៥នេះ ខណៈដែលការដំឡើងប្រាក់ខែគោលរបស់កម្មករឲ្យដល់១២៨ដុល្លារក្នុងមួយខែនឹងចូលជាធរមានចាប់ពីខែមករានេះតទៅ។
លោកម៉ូរីហ្ស៊ីយោ ប៊ូស៊ី (Maurizio Bussi) នាយកអង្គការពលកម្មអន្តរជាតិ ILO ប្រចាំកម្ពុជា វៀតណាម និងឡាវបានអំពាវនាវនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនសុំឲ្យក្រុមហ៊ុនបញ្ជាទិញក្នុងពិភពលោកដែលទិញផលិតផលសម្លៀកបំពាក់ពីប្រទេសកម្ពុជា ជួយឧស្សាហកម្មនេះដើម្បីបង្កើនតម្លៃផលិត។ នៅក្នុងនោះ ILO ស្នើដល់ក្រុមហ៊ុនបញ្ជាទិញបង្កើនតម្លៃទិញផលិតផលសម្លៀកបំពាក់នៅកម្ពុជាពី២,៤ទៅ៣ភាគរយ ឬស្មើនឹងឡើងថ្លៃប្រហាក់ប្រហែលនឹងពីរសេនដុល្លារសម្រាប់អាវ។
លោកម៉ូរូហ្ស៊ីយោ ប៊ូស៊ីមានប្រសាសន៍ថា៖ «វាមានសារៈសំខាន់ដែលភាគីទាំងអស់ធ្វើការរួមគ្នាដើម្បីធានាដល់វិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជាបន្តរស់រានតទៅទៀត»។
លោកមានប្រសាសន៍តាមសម្តីដើមថា៖ «យើងសូមអំពាវនាវដល់ក្រុមហ៊ុននានាក្នុងពិភពលោកឲ្យបំពេញតួនាទីរបស់ពួកគេ។ យើងទទួលបានសញ្ញាមកថា អ្នកបញ្ជាទិញសំខាន់ៗនឹងគោរពតាមការសន្យាដែលពួកគេបានផ្តល់ជូនរដ្ឋាភិបាលកម្ពុជាកាលពីខែកញ្ញា»។
ភាគីថៅកែរោងចក្រ រដ្ឋាភិបាល និងសហជីពកម្មករបានព្រមព្រៀងគ្នាថា នឹងដំឡើងប្រាក់ខែគោលកម្មកររោងចក្រឲ្យដល់១២៨ដុល្លារក្នុងមួយខែសម្រាប់ឆ្នាំនេះ។ យោងតាមអង្គការពលកម្មអន្តរជាតិ ILO ប្រាក់ខែគោលនេះនឹងអនុញ្ញាតឲ្យក្រុមកម្មករអាចនឹងរកប្រាក់ប្រចាំខែសរុបចាប់ពី១៨៣ដល់២១៧ដុល្លារអាមេរិក ប្រសិនបើពួកគេទទួលបានកម្រៃបន្ថែម ឬធ្វើការថែមម៉ោង។
រោងចក្រនៅក្នុងប្រទេសកម្ពុជាបានកើនដល់ចំនួនជាង១០០០រោងចក្រក្នុងពេលបច្ចុប្បន្ន។ ហើយរោងចក្រទាំងនេះស្រូបយកកម្លាំងពលកម្មជាង៦០ម៉ឺននាក់។
អង្គការពលកម្មអន្តរជាតិ ILO បញ្ជាក់ថា ការនាំចេញសម្លៀកបំពាក់និងស្បែកជើងរបស់ប្រទេសកម្ពុជាបានកើនដល់៦ពាន់លានដុល្លារ។ ហើយការដំឡើងថ្លៃទិញបន្តិចបន្តួចអាចនឹងបន្ថែមលើប្រាក់ចំណូល១៦០លានដុល្លារអាមេរិកសម្រាប់បើកប្រាក់ឈ្នួលដល់កម្មករ។
លោកខេន លូ (Ken Loo) អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅថា GMAC លើកឡើងថា អ្នកបញ្ជាពិបាកនឹងដំឡើងថ្លៃទិញដោយសារពួកគេមិនសូវទុកចិត្តស្ថានភាពនៅក្នុងប្រទេសកម្ពុជា ប្រកបដោយអំពើហិង្សានាពេលកន្លងមក និងពួកគេព្រួយបារម្ភអំពីភាពយឺតយ៉ាវក្នុងការផ្គត់ផ្គង់ទំនិញ។
ទោះជាយ៉ាងណា លោកខេន លូចាត់ទុកថា អង្គការពលកម្មអន្តរជាតិបានទទួលស្គាល់ផលវិបាកនៃរោងចក្រកាត់ដេរនៅកម្ពុជា។
«នេះជាការល្អដែរ។ គាត់យល់ពីផលវិបាកចំពោះរោងចក្រ។ ប៉ុន្តែយើងពិចារណាឡើងវិញ ILO អត់មានសិទ្ធិបញ្ជាទៅអ្នកបញ្ជាទិញទេ។ នេះគ្រាន់តែជាលិខិត ព្រោះ ILO មិនមែនជាមេរបស់ពួកគាត់ទេ។ ប៉ុន្តែយើងសប្បាយចិត្តដែរថា ឥឡូវ (គេ)ទទួលស្គាល់ថា រោងចក្រមានផលវិបាក»។
ជាមួយគ្នានេះ លោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា (C-CAWDU) មានប្រសាសន៍ថា ការដំឡើងប្រាក់ខែដល់កម្មកររោងចក្រមិនមែនជាការព្រួយបារម្ភសម្រាប់ដំណើរការរោងចក្រនៅក្នុងស្រុកនោះទេ។
ប៉ុន្តែលោកទទួលស្គាល់ថា ការដំឡើងប្រាក់ខែនេះអាចនឹងបង្កផលវិបាកខ្លះដល់ថៅកែរោងចក្រ។
«ដាច់ខាតត្រូវការការបញ្ជាទិញពីអ្នកបញ្ជាទិញឲ្យបានលឿនដើម្បីឲ្យឧស្សាហកម្មហ្នឹងដំណើរការបានល្អ។ មានន័យថា ការដំឡើងនេះ ទោះបីជាមិនទាន់ដល់កម្រិត ប៉ុន្តែវាអាចប៉ះពាល់ខ្លះដល់ដំណើរការជាធម្មតារបស់ក្រុមហ៊ុន ដោយសារតែអ្នកបញ្ជាទិញជាអ្នកកំណត់តម្លៃ»។
វីអូអេបានព្យាយាមទាក់ទងសុំការបំភ្លឺពីលោកហេង សួ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែមិនអាចទាក់ទងបានទេនៅថ្ងៃនេះដោយសារទូរស័ព្ទរបស់លោករោទ៍ដោយគ្មានអ្នកទទួល៕