ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ម៉ាក​ល្បីៗ​គាំទ្រ​ប្រាក់​ខែ​ថ្មី​សម្រាប់​កម្មករ​​នៅ​កម្ពុជា


ទិដ្ឋភាព​ទូទៅ​នៅក្នុង​ហាង​លក់​ទំនិញ Walmart នៅ​រដ្ឋArkansas សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤។
ទិដ្ឋភាព​ទូទៅ​នៅក្នុង​ហាង​លក់​ទំនិញ Walmart នៅ​រដ្ឋArkansas សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤។

ក្រុមហ៊ុន​ម៉ាក​ល្បីៗ​ដែល​បញ្ជា​ទិញ​ផលិតផល​រោងចក្រ​កាត់​ដេរ​ពី​ប្រទេស​ កម្ពុជា​គាំទ្រ​ប្រាក់​ខែ​អប្បបរិមា​ថ្មី​ចំនួន​១២៨​ដុល្លារ​នៅ ក្នុង​វិស័យ​ឧស្សាហកម្ម​ដ៏​ធំ​នេះ​ហើយ​ចាត់​ទុក​ថា ប្រទេស​កម្ពុជា​ជា​គោល​ដៅ​ដ៏​សំខាន់​របស់​ពួកគេ។

ជំហរនេះបាន​ធ្វើ​ឡើង​បន្ទាប់​មាន​ការ​ដំឡើង​ប្រាក់​ខែ​ថ្មី​ដែលចូល​ជាធរមាន​ចាប់​ពី​ខែ​មករានេះ​ហើយមាន​ការ​អំពាវនាវ​ពី​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO) ​ឱ្យ​មាន​ការ​គាំទ្រ​ពី​អ្នក​បញ្ជាទិញ​អន្តរជាតិ។​

ក្រុមហ៊ុន​ធំៗ​របស់​អាមេរិកាំង​បញ្ជាក់​ថា​ការមាន​ប្រាក់​ខែ​គ្រប់​គ្រាន់​អាច​រស់​នៅបាន​សមរម្យ​គឺ​ជា​គោល​ដៅ​ដែល​ពួកគេ​តែងតែ​ជំរុញ​ដល់​រដ្ឋាភិបាល​និង​រោងចក្រ​ដែល​ផលិត​ទំនិញ​ឱ្យ​ពួកគេ។​

លោកស្រី ឡូរ៉ា វីលគីនសុន​ អ្នក​នាំ​ពាក្យ​នៃ​ក្រុម​ហ៊ុន Gap Inc. ​បញ្ជាក់​ថា​ក្រុមហ៊ុន​នេះ​ជា​អ្នក​គាំទ្រ​ដ៏សកម្ម​ឱ្យ​មាន​ការបង្កើត​ការចរចា​ជាប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ដោះស្រាយ​ក្តី​កង្វល់​ខាងផ្នែក​ថវិកា​របស់​កម្មករឱ្យ​ពួកគេ​អាចរស់​នៅ​បាន​សមរម្យ។​

លោក​ស្រី​បន្ថែម​ថា៖

«យើង​នៅតែ​ប្តេជ្ញា​ធ្វើការបញ្ជាទិញ​ពី​ប្រទេស​កម្ពុជា... យើង យកចិត្ត​ទុកដាក់​ដល់​កម្មករ​ស្រ្តី​និង​បុរស​ដែល​ផលិត​សម្លៀក​បំពាក់របស់​យើង​ហើយនៅ​បន្ត​ប្តេជ្ញា​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​ជីវភាពកម្មករ​រោងចក្រ​ក្នុង​ប្រទេស​ដែល​យើងបញ្ជាទិញ»។​

ប្រាក់​ខែ​ថ្មី​នេះ​គឺ​ជា​ការព្រម​ព្រៀង​គ្នា​ដែល​កំណត់​ដោយ​រដ្ឋាភិបាល​ ប៉ុន្តែ​កម្មករ​រោងចក្រ​និយាយ​ថានឹង​មិន​ជួយ​ធ្វើ​ឱ្យ​ជីវភាព​របស់​ពួកគេ​ប្រសើរឡើង​ប៉ុន្មាន​ទេ​ក្នុង​ពេល​ដែល​តម្លៃ​ទំនិញ​ប្រើប្រាស់​និង​សេវាកម្មនានា​ក៏​កើនឡើង​ដែរ។ ប៉ុន្តែ​ក្រុមថៅកែ​រោងចក្រ​បាន​សម្តែង​ការព្រួយ​បារម្ភ​ថា​អាច​នឹង​បាត់​បង់​អ្នក​បញ្ជា​ទិញ​ប្រសិន​បើ​ដំឡើង​ខ្លាំង​ពេក។

ក្រុមហ៊ុន​លក់​ទំនិញ​រាយ​របស់​អាមេរិកាំង​ដ៏​ល្បី​ឈ្មោះ​គឺ​ Walmart​ ចាត់​ទុក​ថា​កម្ពុជា​គឺ​ជា​កន្លែង​ដែល​ខ្លួន​បញ្ជាទិញ​ទំនិញ​ដ៏​សំខាន់​មួយ។​

លោក​ស្រី​ Marilee McInnis ​អ្នកនាំ​ពាក្យ​ក្រុមហ៊ុន​ទទួល​បន្ទុកកិច្ចការ​អន្តរជាតិ​បាន​បញ្ជាក់ថា៖

«ក្រុមហ៊ុន​យើង​បាន​ចូលរួម​ជាមួយ​នឹង​ក្រុមហ៊ុន​ដទៃ​ទៀត​និង​សហជីព​ បាន​តស៊ូ​ឱ្យ​មាន​ការ​ប្រកាន់​យក​ដំណើរការ​កំណត់​ប្រាក់​ខែ​ប្រកប​ដោយ​តម្លាភាព​។ ដូច្នេះ​យើង​គោរព​តារាង​តម្លៃ​ថ្មី​ដែល​បាន​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា​និង​នៅ​តែ​សង្ឃឹម​ថា​ថា​គ្រប់​ភាគី​ទាំងអស់​នឹង​បន្ត​ការពិភាក្សា​ប្រកប​ដោយ​ស្ថាបនា​ដែល​គាំទ្រ​ដល់​កម្មករ​កាត់ដេរ​កម្ពុជា»។​

​ក្រុមហ៊ុនColumbia ជាក្រុម​ហ៊ុន​ដែល​បាន​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​ជាយូរ​ហើយ​និង​ទើប​តែ​បន្ថែម​ការ​បញ្ជាផលិតផល​ស្បែក​ជើង​របស់​ខ្លួន​ជាលើក​ទីមួយ​នៅ​ដើម​ឆ្នាំ​២០១៥។

លោក​រ៉ន ផាហែម អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​បានបញ្ជាក់ថា​៖

«ការចរចា​តម្លៃ​បញ្ជាទិញ​របស់​យើង​នៅ​រដូវ​ស្លឹក​ឈើជ្រុះ​ឆ្នាំ​២០១៥​នេះ​ជាមួយ​នឹង​អ្នក​ផ្គត់​ផ្គង់​កម្ពុជា​របស់​យើង​បាន​បញ្ចូល​តម្លៃ​ដែល​បាន​ស្នើ​ឡើង​នោះ​អស់​ហើយ ដូច្នេះ​យើង​នឹង​មិនមាន​ធ្វើការ​កែប្រែ​អ្វី​ទៀត​ទេ​នៅ​ពេល​ដែល​ការអនុវត្ត​នេះ​ចូល​ជា​ធរមាន»។​

អង្គការ​ពលកម្ម​អន្តរជាតិ​ក៏​បានធ្វើ​ការ​ប៉ាន់​ប្រមាណឱ្យដឹង​ដែរ​ថាប្រាក់​ខែ​មធ្យម​របស់​កម្មករ​ដោយ​រួម​បញ្ចូលប្រាក់​ធ្វើ​ការ​លើស​ម៉ោង​និង​ប្រាក់​រង្វាន់នឹង​ឡើង​ដល់​ចន្លោះ​ពី​១៨៣ដុល្លារ​ដល់​២១៧​ដុល្លារ។​

អង្គការ​ពលកម្ម​អន្តរជាតិ​ប៉ាន់​ស្មាន​ថា​ក្រុមហ៊ុន​ម៉ាកល្បីៗ​នឹង​ត្រូវ​បង្កើន​តម្លៃ​ដែល​ពួកគេ​ត្រូវ​បង់​ឱ្យ​រោងចក្រ​ចន្លោះពី​២,៤ ភាគរយ​ដល់​៣ភាគរយ ដើម្បី​បំពេញ​បន្ថែម​លើការ​ដំឡើង​ប្រាក់​ខែ​នេះ។ នេះ​មាន​ន័យ​ថា​ក្នុង​អាវយឺត​មួយ​គេត្រូវ​បង់​បន្ថែម​ឱ្យ​រោងចក្រកាត់​ដេរ​ចំនួន​ពីរសេន​ថែម​ទៀត​ទៅលើ​តម្លៃ​អាវយឺត​មួយ​ដែល​យក​តម្លៃ​ផលិត​៨០​សេន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ILO ឱ្យ​ដឹង​ថា​ការដំឡើង​នេះ​នឹង​ត្រូវ​ការ​ប្រាក់​ចំណូល​បន្ថែម​ទៀត​ចំនួន​១៦០​លានដុល្លារ​សម្រាប់​ឧស្សាហកម្ម​នាំ​ចេញ​ដែល​មាន​តម្លៃ៦ពាន់​លាន​ដុល្លារ​នេះ។

លោក​ ម៉ូរីហ្ស៊ីយូ ប៊ូសស៊ី នាយក​ប្រចាំ​ប្រទេស​កម្ពុជា​ ថៃ​ និង​ឡាវ​បាន​បញ្ជាក់​ថា៖

«ជាការ​សំខាន់​ដែល​គ្រប់​ភាគី​ទាំង​អស់​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ធានា​ថា​ឧស្សាហកម្ម​កាត់​ដេរ​កម្ពុជា​នៅ​តែ​រស់​រវើក​ខាងផ្នែក​សេដ្ឋកិច្ច​។ យើង​អំពាវនាវ​ដល់​ក្រុមហ៊ុន​ដែល​មាន​ម៉ាកល្បីៗ​ចូលរួម​ចំណែក​ផងដែរ»។​

​ក្រុម​ហ៊ុន​អាឌីដាស បាន​បញ្ជាក់​ថា​ប្រទេស​កម្ពុជា​គឺ​ជា​ប្រទេសដ៏​សំខាន់ដែល​ក្រុមហ៊ុន​នេះ​បញ្ជា​ទិញ​ទំនិញ​។

លោកស្រី​ស៊ីលវៀ រាក់ខាន់នី អ្នក​នាំពាក្យ​ក្រុមហ៊ុន អាឌីដាស​បាន​បញ្ជាក់​តាម​សារអេឡិក​ត្រូនិក​ថានៅពេល​ណា​ដែល​មាន​ការ​កំណត់​ប្រាក់ខែ​ខ្ពស់​ជាងមុន​ថ្មី​គឺ​ក្រុមហ៊ុន​អាឌីដាស​តម្រូវ​ឱ្យ​អ្នក​ផ្គត់ផ្គង់​ទំនិញ​ធ្វើ​តាម​ការកំណត់​ថ្មីនោះដោយ​គោរព​តាម​កម្រិត​ប្រាក់​ឧបត្ថម្ភ​និង​ផលប្រយោជន៍​នានា​ដែល​ច្បាប់​តម្រូវ។​

លោក​ស្រី​បន្ថែម​ទៀត​ថា៖

«យើង​នឹងធ្វើ​តាម​ការដំឡើង​ប្រាក់​ដែល​បាន​កំណត់​ក្នុងពេល​ថ្មីៗ​នេះ​ទៅតាម​សកម្មភាព​បញ្ជាទិញ​ធម្មតា​របស់​យើង​ដើម្បី​គាំទ្រ​រោងចក្រ​ផលិត​ទំនិញ​ឱ្យយើង​បំពេញតាម​តម្រូវ​ការ​ប្រាក់​ខែ​ថ្មីនេះ»។​

ក្រុម​ហ៊ុន​អាឌីដាស​ក៏​ឱ្យ​ដឹង​ដែរ​ថា​ប្រាក់ខែ​មធ្យម​របស់​កម្មករ​នៅ ក្នុង​រោងចក្រ​ដែល​ផ្គត់​ផ្គង់​ផលិត​ផល​របស់​ខ្លួន​មាន​ចំនួន​ខ្ពស់​ជាងនេះ​ស្រាប់​ហើយ។​

លោកស្រី​ អែមប៊ឺ រេនសឹន​អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​Levi Strauss បាន​បញ្ជាក់​នៅ​ក្នុង​សារអេឡិក​ត្រូនិកដោយ​ស្វាគមន៍​ចំពោះ​តារាង​ប្រាក់​ខែ​ថ្មី។ លោក​ស្រី​បន្ថែម​ថា​ចង់​ឱ្យ​មាន​ការខិត​ខំ​បន្ត​ឱ្យ​មាន​ប្រាក់​ខែ​សមរម្យ​និង​ការ​ចរចាទៅមុខ​ទៀត​សម្រាប់​កម្មកររោងចក្រ៖

«ក្នុង​ខណៈ​ពេល​ដែល​យើង​ស្វាគមន៍​ការបង្កើត​ឡើង​នូវ​ប្រាក់​អប្បបរមា​ថ្មី​ក្នុងឆ្នាំ​២០១៥ ក្រុម​ហ៊ុន​ Levi Strauss នឹង​បន្ត​លើក​ទឹក​ចិត្ត​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បង្កើត​នូវ​ដំណើរការ​ដែល​មាន​គ្រប់​ភាគី​ចូលរួម​និង​មាន​តម្លាភាព​សម្រាប់​ការរៀបចំ​ប្រាក់​បៀវត្សរ៍​អប្បបរិមា​ជាប្រចាំ»។​

កាលពី​ខែ​កញ្ញា​ឆ្នាំ​មុន​ ក្រុមហ៊ុន​ដែលមាន​ម៉ាកល្បីៗ​បាន​ផ្ញើ​លិខិត​រួម​គ្នា​មួយ​ទៅ​រដ្ឋាភិបាល​កម្ពុជា​និង​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា​ GMACដើម្បី​សម្តែងជំហរនិង​ចេតនារួម​គាំទ្រ​ការចរចា​ប្រាក់បៀវត្សរ៍​នេះ។​

នៅ​ពេល​នេះ​ក្រុម​ហ៊ុន​ H&M​ក៏​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​និង​ GMAC ​បង្កើត​នូវ​ដំណើរការ​តាម​ដាន​ការអនុវត្តប្រាក់​ខែ​ថ្មី នេះ​និង​ឃ្លាំមើល​«រោងចក្រ​កាត់​ដេរ​ណា​ដែល​មិន​គោរព​តាម​កម្រិត​ស្តង់ដា​ប្រាក់​ខែ​អប្បបរមា​ថ្មីនេះ»។​

លោក​ស្រី​ Lena Enocson Almroth ​អ្នក​នាំ​ពាក្យ​ក្រុម​ហ៊ុន​បាន​បញ្ជាក់​បន្ថែមថា«ធ្វើ​ដូច​នេះ​នឹង​ធានា​ឱ្យ​មាន​កន្លែង​ប្រកួត​ប្រជែង​ស្មើ​ភាព​គ្នា​និង​បង្កើត​នូវផល​ប្រយោជន៍ដែល​ប្រកួត​ប្រជែង​សម្រាប់​រោងចក្រ​ដែល​គោរព​តាម​ស្តង់ដា​ប្រាក់​ខែ​អប្បបរិមា​ថ្មី»។​

លោក​ស្រី​បាន​បន្ថែម​ថា៖

«យើង​បាន​ធ្វើ​ការ​យ៉ា​ង​សកម្ម​ជាច្រើន​ឆ្នាំ​មក​ហើយ​ដើម្បី​ជួយ​ពង្រឹង​ស្ថានភាព​កម្មករ​រោងចក្រ​កាត់​ដេរ​ហើយ​យើង​ស្វាគមន៍​ការដំឡើង​ប្រាក់​ខែ​នេះ។ ការបន្ត​វត្តមាន​របស់​អ្នក​បញ្ជាទិញ​ធំៗ​ក្នុងរយៈ​ពេល​យូរ​និង​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការអភិវឌ្ឍន៍​ពេល​អនាគត​នៃ​ប្រទេស​ទាំង​នេះ ហើយ​យើង​សង្ឃឹម​ថា​នឹង​អាច​ចូលរួម​បង្កើន​ការ​ទទួល​ខុសត្រូវ​ក្នុងទីផ្សារទាំង​នេះ»។

ក្រុម​សហជីព​ចង់​បាន​ប្រាក់ខែ​ចំនួន​១៧៧​ដុល្លារ​ដែល​ពួកគេ​យល់​ថា​ជាចំនួន​ដែល​អាច​រស់​នៅ​បាន​សមរម្យ​។

ជារឿយៗ​ការតវ៉ារបស់​កម្មករ​តែងតែ​រងការបង្រ្កាប​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ហើយ​ការតវ៉ា​មួយ​កាលពី​ដើមឆ្នាំ​២០១៤បាន​ដល់​អំពើហិង្សា​និង​ត្រូវ​កងកម្លាំង​មាន​សមត្ថកិច្ច​បាញ់​សម្លាប់​កម្មករ​យ៉ាង​ហោច​ណាស់​បួន​នាក់​និង​បាញ់ឱ្យ​របួស​ជាច្រើន​ណាស់​ទៀត​។ រហូត​មកដល់​ពេលនេះ​ជន​រងគ្រោះ​និង​ក្រុម​គ្រួសារ​អ្នក​ដែល​បាន​បាត់​បង់​ជីវិត​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​ទេ។​

ដោយ​ឡែក​ក្រុម​ហ៊ុន​បញ្ជា​ទិញ​នៅ​បរទេស​រំពឹង​ថា​ដំណើរ​ការ​ចរចា​ប្រាក់​ខែ​ប្រចាំ​ឆ្នាំ​សម្រាប់​កម្មករ​នឹង​ធ្វើ​ឡើង​ដោយ​ត្រឹមត្រូវ​និង​យក​តាម​មតិ​អ្នក​ជំនាញ​ដូច​ជា​អង្គការ​ពលកម្ម​អន្តរជាតិ​ជាដើម។​

ចាប់​តាំង​ពី​ឆ្នាំ​២០០០​មក​ឧស្សាហកម្ម​រោងចក្រ​កាត់​ដេរ​មាន​ការ​រីក​ចម្រើន​ជា​លំដាប់​។ អង្គការ​ពលកម្ម​អន្តរជាតិ​រំពឹង​ថា​នៅ​ឆ្នាំ​២០១៥​នេះ​នឹង​មាន​ការ​កើនឡើង​ចំនួន​៤ភាគរយ​ទៀត។​

សមាគម​រោងចក្រកាត់​ដេរ​ក៏​បាន​ឱ្យ​ដឹង​ដែរថា​ចំនួន​កូដកម្ម​និង​ការ​ខាតបង់​ពេល​ម៉ោង​ធ្វើការ​ងារបាន​ធ្លាក់​ចុះ​ជាច្រើន​នៅ​ក្នុង​ឆ្នាំ​២០១៤។ តួលេខ​នៃ​សមាគមនេះ​ឱ្យ​ដឹង​ថា​កាលពីឆ្នាំ​មុន​មាន​កូដកម្ម​តែ​១០៨លើក​ប៉ុណ្ណោះ​បើ​ប្រៀបធៀប​នឹង​ចំនួន​១៤៧​លើក​ក្នុង​ឆ្នាំ​២០១៣។ រីឯ​ចំនួន​ខាតបង់​ម៉ោង​ធ្វើការ​បាន​ធ្លាក់​ចុះ​ប្រហែល​ជិត​ពាក់​កណ្តាល៕

XS
SM
MD
LG