កម្មកររោងចក្រនិយាយថា ប្រាក់ខែអប្បរមាដែលចាប់មានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ខែមករានេះ គ្រាន់តែអាចជួយសំរាលជីវភាពរបស់ពួកគាត់បានបន្តិចបន្តួចប៉ុណ្ណោះ។ ប្រាក់ខែអប្បរមាដែលឡើងដល់១២៨ ដុល្លារស.រ.អា. ទាបជាងការទាមទាររបស់សហជីព៣០%ពី១៧៧ដុល្លារស.រ.អា. បន្ទាប់ពីការចរចាឡើងប្រាក់ខែកាលពីឆ្នាំមុន។
អង្គុយនៅក្នុងបន្ទប់តូចមួយទំហំប្រហែល៣ម៉ែត្រការ៉េ អ្នកស្រីអនថន អាយុ៤៥ ឆ្នាំដែលជាកម្មកររោងចក្រ បានមានប្រសាសន៍ថា គាត់នៅតែមានការលំបាកយ៉ាងខ្លាំងក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃ បើទោះជាមានការដំឡើងប្រាក់ខែក៏ដោយ។
អ្នកស្រីនិយាយថា៖ «នៅតែពិបាកក្នុងការរស់នៅ»។
អ្នកស្រីបន្ថែមថា៖ «យើងត្រូវខ្ចីលុយគ្នាទៅវិញទៅមក ហើយបង្វិលសងវិញ នៅពេលយើងមានលុយ»។
បន្ថែមពីនោះ អ្នកស្រីក៏មានការបារម្ភផងដែរអំពីការធ្លាក់ចុះនៃការបញ្ជាទិញនិង ការធ្វើការថែមម៉ោង ដែលមានការធ្លាក់ចុះបន្ទាប់ពីមានការតវ៉ាកាលពីឆ្នាំមុន។
ដូចគ្នានឹងកម្មករផ្សេងៗទៀតដែរ អ្នកស្រីអន ថនចំណាយភាគច្រើនទៅលើថ្លៃជួលផ្ទះ ប្រហែលជា៧០ដុល្លារក្នុងមួយខែ បន្ថែមទៅលើការចំណាយថ្លៃទឹកនិងថ្លៃភ្លើង ដែលធ្វើឲ្យប្រាក់ខែរបស់គាត់នៅសល់តិចតួចសម្រាប់ការចំណាយផ្សេងៗទៀត។
អ្នកស្រីបានប្រាប់អំពីកង្វល់របស់អ្នកស្រីយ៉ាងដូចច្នេះថា៖«ខ្ញុំខ្លាចតែឈ្នួលផ្ទះឡើងថ្លៃទេ»។
គាត់បន្ថែមថា៖ «ខ្ញុំមិនដឹងថា ទៅណាទេ»។
ថ្លៃអាហារក៏ជាកង្វល់ដ៏ធំមួយដែរ។
អ្នកស្រីអន ថនចំណាយលុយ១៥០០រៀលទិញស្ពៃ និង៤០០០រៀលទិញឆ្អឹងជំនឺជ្រូកពីខាំ ដែលគ្រប់គ្រាន់សម្រាប់ធ្វើស៊ុបសម្រាប់មនុស្ស ៤នាក់។
អ្នកស្រីបានមានប្រសាសន៍ថា៖«ខ្ញុំមិនដែលញ៉ាំចំណី ឬបង្អែម»។
អ្នកស្រីបន្ថែមថា៖«ខ្ញុំហូបតែបាយថ្ងៃ ចំណីអត់ញ៉ាំទេ សន្សំលុយ។ប្រាក់ខែអត់ដែលគ្រប់។ ញ៉ាំតែបាយ ចំណីអត់ដែលញ៉ាំ» ។
អ្នកស្រីអន ថនមានប្រសាសន៍ថា ការកើនឡើងប្រាក់អប្បបរមាអាចជួយពួកគាត់បានបន្តិចបន្តួច ពីព្រោះការងារថែមម៉ោងមានតិចតួច។ អ្នកស្រីអាចរកកម្រៃបាន១៧០ដុល្លារពីការងារថែមម៉ោង ជាចំនួនប្រាក់ដែលអ្នកស្រីអាចរស់នៅបាន។ ការតវ៉ា និងការមិនពេញចិត្តផ្សេងៗទៀត រួមទាំងការតវ៉ានៅក្នុងខែមករា ដែលបណ្តាលឲ្យមនុស្ស៥នាក់ស្លាប់នៅក្នុងការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើការតវ៉ា បានបណ្តាល ឲ្យការបញ្ជាទិញមានការធ្លាក់ចុះ។
អ្នកស្រីមានប្រសាសន៍ថា៖«ពីមុនខ្ញុំធ្វើការថែមម៉ោងរហូតដល់ម៉ោង៨កន្លះ»។
អ្នកស្រីអន ថនបានបន្ថែមថា៖«ឥឡូវអត់មានខោអាវដេរ។ ឆ្នាំនេះ ខ្ញុំអត់បានធ្វើការថែមម៉ោងទេ»។
លោកអាត់ ធន ប្រធានសម្ព័ន្ធសជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបាន និយាយថា អ្នកទិញមិនដឹងច្បាស់ពីស្ថានភាពកម្លាំងពលកម្មនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះទេ។ លោកមាន ប្រសាសន៍ថា កម្មកររោងចក្រអាចរស់នៅបានជាមួយប្រាក់ខែអប្បបរមា១២៨ដុល្លារ លុះត្រាតែតម្លៃសាំង និងអាហារធ្លាក់ចុះ។
លោកអាត់ ធនមានប្រសាសន៍ថា៖«ប្រសិនបើរដ្ឋាភិបាលអាចធ្វើឲ្យ តម្លៃអាហារធ្លាក់ចុះ ប្រាក់នេះអាចគ្រប់គ្រាន់»។
លោកអាត់ ធនបានបន្ថែមថា៖«ប្រសិនបើថ្លៃសាំងធ្លាក់ចុះនៅក្នុងតម្លៃ៣០០០រៀលក្នុងមួយលីត្រ ហើយតម្លៃអង្ករ និងសាច់ត្រីធ្លាក់ចុះ៥០% នោះវាអាចឲ្យពួកគាត់អាចរស់នៅបាន»។
វិស័យកាត់ដេរគឺជាវិស័យចម្បង ដែលជំរុញសេដ្ឋកិច្ចប្រទេស ហើយផ្តល់ការងារដល់កម្មករប្រហែល៦០០.០០០នាក់ ដែលភាគច្រើនជាស្ត្រីវ័យក្មេងមកពីតំបន់ជនបទក្រីក្រ។
បងប្អូនស្រីស៊ីន ដា និងស៊ីន ល័ក្ខឈប់រៀន និងបានចាកចេញពីឪពុកម្តាយរបស់ពួកគាត់មកធ្វើការជាមួយបងប្អូនពីរនាក់ទៀតក្នុងរោងចក្រនៅក្នុងខណ្ឌពោធិសែនជ័យ។ ពួកគាត់ព្យាយាមសន្សំសំចៃការចំណាយ។
ស៊ីន ដា អាយុ២០ឆ្នាំ បាននិយាយថា គាត់ចំណាយលុយ២០០០រៀលទិញលៀស៤កំប៉ុង៖ «យើងមានលៀសបួនកំប៉ុងថ្ងៃនេះ»។
ស៊ីន ដាបន្ថែមថា៖«វាគ្រប់គ្រាន់សម្រាប់យើងបួននាក់»។
ស៊ុន ល័ក្ខ អាយុ១៨ឆ្នាំ បាននិយាយថា គាត់មិនដែលញ៉ាំអាហារពេលព្រឹកទេ ហើយគាត់ចំណាយ២០០០រៀលសម្រាប់អាហារថ្ងៃត្រង់។
ការរស់នៅបែបនេះអាចឲ្យបងប្អូនទាំងបួននាក់ផ្ញើរលុយ៣០០ដុល្លារក្នុងមួយខែទៅឪពុកម្តាយរបស់ពួកគាត់។
ការរស់នៅរបៀបនេះក៏បណ្តាលឲ្យពួកគាត់ជួបផលលំបាកដែរ។
ការសិក្សាថ្មីៗនេះបានបង្ហាញថា បញ្ហាសុខភាព កង្វះអាហាររូបត្ថម្ភ ក្នុងចំណោមកម្មកររោងចក្របណ្តាលឲ្យពួកគាត់ត្រូវប្រឈមនឹងការដួលសន្លប់។
លោកប៉ាវ ស៊ុណា ប្រធានសហជីពសហព័ន្ធចលករខ្មែរ បានមានប្រសាសន៍ថា កម្មកររោងចក្រត្រូវការ លុយយ៉ាងហោចណាស់១៥០ ដុល្លារក្នុងមួយខែដើម្បីរស់នៅក្នុងទីក្រុងភ្នំពេញ។ ប៉ុន្តែប្រាក់ខែអប្បបរមាឡើងមិនដល់កម្រិតនោះទេ ដែលធ្វើឲ្យជីវិតពួកគាត់ពិបាក។
លោកប៉ាវ ស៊ុណាបានមានប្រសាសន៍ថា៖ «ក្រុមប្រឹក្សាការងារបានរកឃើញថា គេត្រូវការប្រាក់ខែពី១៥៧ទៅ១៧៧ដុល្លារសម្រាប់មនុស្សម្នាក់ដើម្បី អាចរស់សមរម្យនៅក្នុងទីក្រុងភ្នំពេញ»។
លោកប៉ាវ ស៊ុណាបានបន្តថា៖«យើងចង់បានប្រាក់ខែគោលពី១៥០ទៅ១៦០ដុល្លារក្នុងមួយខែ»។
ទោះបីជាយ៉ាងនេះក៏ដោយ អ្នកធ្វើការក្រៅទីក្រុងភ្នំពេញខ្លះមានការពេញចិត្តនឹងប្រាក់ខែអប្បបរមានេះ។
លោកពុំ សុគន្ធា កម្មកររោងចក្រនៅខេត្តស្វាយរៀង គិតថា រូបលោកមានសំណាងដែលប្រាក់ខែគោលរបស់គាត់កើនឡើង។ គាត់មិនបារម្ភពីប្រាក់ត្រូវបង់ថ្លៃឈ្នួលផ្ទះទេ ព្រោះគាត់អាចរស់នៅជាមួយគ្រួសាររបស់គាត់បាននៅក្នុងខេត្តស្វាយរៀង។ លោកពុំ សុគន្ធាអាចសល់ប្រាក់បានប្រហែល៧៥ដុល្លារក្នុងមួយខែ។
លោកមានប្រសាសន៍ថា៖«ប្រសិនបើយើងបូកនឹងប្រាក់អត្តប្រយោជន៍ផ្សេងៗទៀត និងប្រាក់ថែមម៉ោង ប្រាក់ខែមានភាពប្រសើរជាងឆ្នាំ២០១៤»។
ប្រាក់ខែអប្បបរមាមិនគ្រប់គ្រាន់សម្រាប់កម្មកររោងចក្រភាគច្រើននៅក្នុង និងជុំវិញទីក្រុងភ្នំពេញទេ។
អ្នកស្រីអន ថន ជាកម្មកររោងចក្រ ដែលមានកូនក្នុងបន្ទុកផងនោះ បានខ្ចីប្រាក់បងប្អូនរបស់គាត់ចំនួន១.០០០ដុល្លារ ហើយកម្រនឹងផ្ញើរប្រាក់ទៅផ្ទះដើម្បីផ្គត់ផ្គង់ម្តាយ និងម្តាយមីងរបស់គាត់ទេ។
អ្នកស្រីអន ថនបាននិយាយថា៖ «ពិបាកណាស់»។
គាត់បានបន្ថែមថា៖«ខ្ញុំត្រូវគិតពីជីវិតនៅទីនេះ និងនៅទីនោះ។ ខ្ញុំប្រហែលជាត្រូវត្រឡប់ទៅផ្ទះរកស៊ីបន្តិចបន្តួចដើម្បីចិញ្ចឹមកូន»៕
ដោយសារប្រាក់ខែកម្មករដែលឡើងត្រឹម១២៨ដុល្លារមិនអាចទប់ទល់នឹងចំណាយក្នុងទីក្រុងបាន ដូច្នេះការវិលត្រឡប់ទៅស្រុកកំណើតរបស់កម្មករ អាចនឹងធ្វើឲ្យវិស័យកាត់ដេរដែលជាប្រភពប្រាក់ចំណូលធំបំផុតរបស់ប្រទេសកម្ពុជានេះ អាចនឹងស្រុតចុះ៕