ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគ្រិន​បច្ចេកវិទ្យា​កម្ពុជា​មួយ​ក្រុម​ចង់​បង្កើត​ក្រុមហ៊ុន​បង្កើត​ថ្មី​មួយ​ ក្រោយ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​អាមេរិក


 សហគ្រិន​កម្ពុជា​ដែល​ចូលរួម​ក្នុង​កម្មវិធី International Visitor Leadership Program (IVLP) ទៅ​ទស្សនកិច្ច​នៅ​ឯ​ទីស្នាក់ការ​ក្រុមហ៊ុន Instacart នៅ​ក្នុង​ទីក្រុង San Francisco។ (ស្រេង លក្ខិណា/VOA)
សហគ្រិន​កម្ពុជា​ដែល​ចូលរួម​ក្នុង​កម្មវិធី International Visitor Leadership Program (IVLP) ទៅ​ទស្សនកិច្ច​នៅ​ឯ​ទីស្នាក់ការ​ក្រុមហ៊ុន Instacart នៅ​ក្នុង​ទីក្រុង San Francisco។ (ស្រេង លក្ខិណា/VOA)

កាលពី​នៅ​រាជធានី​ភ្នំពេញ​ អ្នក​បច្ចេកវិទ្យាវ័យ​ក្មេង​កម្ពុជា​៥នាក់​ស្គាល់​គ្នា​ដោយ​សារ​តែ​កេរ្តិ៍ឈ្មោះ​ ប៉ុន្តែ​ពួក​គេ​មិន​មាន​ឱកាស​ស្គាល់​គ្នា​ឲ្យ​បាន​ច្បាស់​នោះ​ទេ។ ក្រោយ​ធ្វើ​ដំណើរ​ទស្សនកិច្ច​សិក្សា​ជុំវិញ​សហរដ្ឋ​អាមេរិក​រយៈ​ពេល​៣សប្តាហ៍​មក ពួកគេ​បាន​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​ដោយ​នាំ​មក​វិញ​នូវ​គំនិត​ផ្តួចផ្តើម​ក្នុង​ការ​សហការ​រួម​គ្នា​ក្នុង​ការ​បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Startup ផ្នែក​ហិរញ្ញវត្ថុ​មួយ។ ​

លោក សុខ សុភមង្គល អាយុ ២៩ឆ្នាំ សហ​ស្ថាប​និក​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Codingate ដែល​ជា​ក្រុមហ៊ុន​បង្កើត​គេហទំព័រ​និង​កម្មវិធី​តាម​ទូរស័ព្ទ​សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម​នានា​បាន​ថ្លែង​ប្រាប់​ VOA ថា៖«ពី​មុន យើង​អាច​និយាយ​ថា យើង​សុបិន្ត​ពេល​យើង​និយាយ​អំពី​ ពាណិជ្ជកម្ម​វាល់​លាន​ដុល្លារ ​ពេល​យើង​គិត​ពី​អាហ្នឹង​ យើងមាន​បរិបទ​មួយ យើង​ថា​វា​ជា​ការ​ស្រមើ​ស្រមៃ​ដែល​មិន​មែន​ជា​ការ​ពិត‍» ។

សហគ្រិនកម្ពុជាដែលចូលរួមក្នុងកម្មវិធី International Visitor Leadership Program (IVLP) ទៅទស្សនកិច្ចនៅឯទីស្នាក់ការក្រុមហ៊ុន Tokenនៅក្នុងទីក្រុង San Francisco។ (ស្រេង លក្ខិណា/VOA)
សហគ្រិនកម្ពុជាដែលចូលរួមក្នុងកម្មវិធី International Visitor Leadership Program (IVLP) ទៅទស្សនកិច្ចនៅឯទីស្នាក់ការក្រុមហ៊ុន Tokenនៅក្នុងទីក្រុង San Francisco។ (ស្រេង លក្ខិណា/VOA)

លោក ជា ឡង់ដា ​ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន BookMeBus ដែល​ជា​ក្រុមហ៊ុន​កក់​សំបុត្រ​រថយន្ត​ក្រុង សាឡាង និង​តាក់ស៊ី តាម​រយៈ​គេហទំព័រ​និង​កម្មវិធី​តាម​ទូរស័ព្ទ BookMeBus បាន​ជួប​លោក​ សុខ សុភមង្គល នៅ​ក្នុង​កម្មវិធី​ភាព​ជា​អ្នក​ដឹកនាំ​អន្តរជាតិ International Visitor Leadership Program (IVLP) ឧបត្ថម្ភ​ដោយ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ដែល​ផ្តោត​ទៅ​លើ​ប្រធាន​បទ​នានា​ ដូចជា​ បច្ចេកវិទ្យា ​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស​ សន្តិសុខ បរិស្ថាន ឧក្រិដ្ឋកម្ម​អន្តរជាតិ​ កំណើន​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ។

លោក ជា ឡង់ដា ស្ថាបនិកនិងអគ្គនាយកនៃក្រុមហ៊ុនBookMeBus នៅក្នុងកិច្ចពិភាក្សាមួយនៅឯការិយាល័យទទួលបន្ទុកកិច្ចការច្នៃប្រឌិត នៅឯសាលាក្រុង San Francisco។ (ស្រេង លក្ខិណា/VOA)
លោក ជា ឡង់ដា ស្ថាបនិកនិងអគ្គនាយកនៃក្រុមហ៊ុនBookMeBus នៅក្នុងកិច្ចពិភាក្សាមួយនៅឯការិយាល័យទទួលបន្ទុកកិច្ចការច្នៃប្រឌិត នៅឯសាលាក្រុង San Francisco។ (ស្រេង លក្ខិណា/VOA)

កម្មវិធី​រយៈ​ពេល​បី​សប្តាហ៍​ដែល​ផ្តោត​ខ្លាំង​លើ​បច្ចេកវិទ្យា​ក្រោម​ប្រធាន​បទ«ពន្លឿន​សហគ្រិនភាព​បច្ចេកវិទ្យា​និង​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​និង​មធ្យម‍» ផ្តោត​ទៅ​លើ​ការ​រីក​លូត​លាស់​នៃ​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា។ ​សហគ្រិន​បច្ចេកវិទ្យា​ខ្មែរ​វ័យ​ក្មេង​ទាំង​នេះ​បាន​ជួប​ជាមួយ​នឹង​មេដឹកនាំ​ខាង​ផ្នែក​បច្ចេកវិទ្យា​នៅ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន ទីក្រុង Cleveland រដ្ឋ Ohio ទីក្រុង Raleigh រដ្ឋ North Carolina ទីក្រុង San Francisco និង​ទីក្រុង San Jose រដ្ឋ California។

លោក ឡង់ដា បាន​ថ្លែង​ថា នៅ​ក្នុង​តំបន់​បច្ចេកវិទ្យា Silicon Valley ពួក​គេ​បាន​ជួប​ជាមួយ​នឹង​«ក្រុមហ៊ុន​ជា​ច្រើន​ដែល​ជោគជ័យ​ទាំង​ធំ​ ទាំង​តូច‍»។

«យើង​ឃើញ​ពី​របៀប​នៃ​ការ​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម តើ​គេ​រៀបចំ​ក្រុមហ៊ុន​គេ​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​បាន​ជោគជ័យ‍»។

លោក ឡង់ដា បាន​លើក​ឡើង​ពី​ចំណុច​វិជ្ជមាន​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​បាន​ថ្លែង​ថា៖«វា​ជា​ឱកាស​មួយ​ដែល​យើង​អាច​ប្រាប់​ពួកគាត់​ពី​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​របស់​យើង‍ ដូច​ជា​វិស័យ​អ៊ីនធឺណិត ការ​អប់រំ វិស័យ​សេដ្ឋកិច្ច​របស់​យើង ដែល​បង្ហាញ​ពី​សក្តានុពល​ប្រទេស​របស់​យើង ដែល​ជា​ផល​ចំណេញ​មួយ​ប្រសិន​បើ​គាត់​មក​បណ្តាក់​ទុន​នៅ​ក្នុង​ប្រទេស​របស់​យើង»។

សហគ្រិនកម្ពុជាដែលចូលរួមក្នុងកម្មវិធី International Visitor Leadership Program (IVLP) ទៅទស្សនកិច្ចនៅឯទីស្នាក់ការក្រុមហ៊ុន Instacart នៅក្នុងទីក្រុង San Francisco។ (ស្រេង លក្ខិណា/VOA)
សហគ្រិនកម្ពុជាដែលចូលរួមក្នុងកម្មវិធី International Visitor Leadership Program (IVLP) ទៅទស្សនកិច្ចនៅឯទីស្នាក់ការក្រុមហ៊ុន Instacart នៅក្នុងទីក្រុង San Francisco។ (ស្រេង លក្ខិណា/VOA)

លោក Nicholas Geisinger មន្ត្រី​កម្មវិធី IVLP ដែល​ទទួល​បន្ទុក​ដំណើរ​ទស្សនកិច្ច​ផ្តោត​លើ​បច្ចេកវិទ្យា​នេះ ​បាន​លើក​ឡើង​ថា កម្មវិធី​នេះ​ជោគជ័យ​នៅ​ពេល​ដែល​កម្មវិធី​នេះ​អាច​បណ្តុះ​គំនិត​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​សហគ្រិន​ដែល​ចូលរួម​ទាំង​អស់​នោះ​ជាមួយ​នឹង​ភាគី​អាមេរិក។

«គំនិត​នេះ​ផ្តួច​ផ្តើម​ឡើង​ដោយ​ស្ថានទូត​អាមេរិក ហើយ​ការ​ពង្រីក​ការ​លូត​លាស់​ខាង​វិស័យ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ស្ថិត​ក្នុង​ចំណោម​គោល​ដៅ​មួយ​របស់​យើង‍ ដូច្នេះ​ហើយ​ទើប​យើង​បង្កើត​កម្មវិធី​មួយ​ដោយ​ផ្តោត​លើ​ប្រធានបទ​នេះ»។

លោក​បាន​បន្ថែម​ថា វា​ជា​ផល​ចំណេញ​មួយ​ «នៅ​ពេល​ដែល​សហគ្រិន​បច្ចេកវិទ្យា​ទាំង​នេះ​បាន​រៀន​សូត្រ ហើយ​មាន​គំនិត​ថ្មីៗ ក្រោយ​បាន​ពិភាក្សា​គ្នា​នៅ​ក្នុង​បរិយាកាស​ថ្មី​មួយ​នេះ‍»។

‍«វា​គឺ​ជា​ជ័យ​ជម្នះ​ដ៏​ធំធេង​មួយ​សម្រាប់​កម្មវិធី​នេះ ជា​ជ័យ​ជំនះ​មួយ​សម្រាប់​ពលរដ្ឋ​កម្ពុជា ហើយ​ខ្ញុំ​ទន្ទឹម​ចាំ​មើល​ថា​តើ​ពួក​គេ​នឹង​ធ្វើ​អ្វី​ត​ទៅ​មុខ​ទៀត‍»។

លោក ស៊ឹម ច័ន្ទ​គីរីរ័ត្ន ស្ថាបនិក​និង​ជា​ប្រធាន​ក្រុមហ៊ុន បញ្ជី ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​មួយ​បាន​ប្រាប់ VOA ថា ស្រប​ពេល​ដែល​សហគ្រិន​ទាំង​នេះ​បាន​រៀន​សូត្រ​ពី​វិស័យ​បច្ចេកវិទ្យា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ អ្វី​ដែល​សំខាន់​នោះ​គឺ​លោកបាន​ស្គាល់​គ្នា​ជាមួយ​សហគ្រិន​ដទៃ​ទៀត​ច្រើន​ជាង​មុន។

«តែ​អា​មួយ​ទៀត​នោះ​គឺ​អ្នក​ដែល​មក​ហ្នឹង​យើង​ស្គាល់​គ្នា​ច្បាស់​ជាង​មុន‍»។

លោក ស៊ឹម ច័ន្ទគីរីរ័ត្ន ស្ថាបនិកនិងអគ្គនាយកនៃក្រុមហ៊ុន Banji នៅក្នុងកិច្ចពិភាក្សាមួយនៅឯការិយាល័យទទួលបន្ទុកកិច្ចការច្នៃប្រឌិត នៅឯសាលាក្រុង San Francisco។ (ស្រេង លក្ខិណា/VOA)
លោក ស៊ឹម ច័ន្ទគីរីរ័ត្ន ស្ថាបនិកនិងអគ្គនាយកនៃក្រុមហ៊ុន Banji នៅក្នុងកិច្ចពិភាក្សាមួយនៅឯការិយាល័យទទួលបន្ទុកកិច្ចការច្នៃប្រឌិត នៅឯសាលាក្រុង San Francisco។ (ស្រេង លក្ខិណា/VOA)

លោក ធុល រិទ្ធី ស្ថាបនិក​នៃ​ក្រុមហ៊ុន SmallWorld ដែល​ជា​ក្រុមហ៊ុន​ផ្តល់​ការិយាល័យ​ធ្វើ​ការ​រួម​គ្នា ឬ​ហៅ​ថា co-working space បាន​ប្រាប់​ VOA ថា ពួកគេ​ចំនួន​៥នាក់​យល់​ថា ពួកគេ​អាច​ធ្វើ​ការ​ជាមួយ​គ្នា​បាន​ពេល​ត្រឡប់​ទៅ​កម្ពុជា​វិញ‍។

«អ្វី​ដែល​មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​គឺ​ ទៅ​វិញ​យើង​បាន​ធ្វើ​ការ​ជាមួយ​គ្នា‍»។

ពួក​គេ​ទាំង​៥​សុទ្ធ​តែ​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​រៀងៗ​ខ្លួន ដូច្នេះ​តើ​អ្នក​ណា​នឹង​គ្រប់គ្រង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដែល​ពួកគេ​គ្រោង​នឹង​បង្កើត​រួម​គ្នា​នេះ? ពួក​គេ​សុំ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ក្រុមហ៊ុន​បង្កើត​ថ្មី​របស់​ពួកគេ ដោយ​គ្រាន់​តែ​ប្រាប់ VOA ថា ក្រុមហ៊ុន​នោះ​គឺ​ជា​ក្រុមហ៊ុន​ដែល​ជួយ​ដល់​ការ​ទូទាត់​ប្រាក់។

លោក ឡង់ដា បាន​ប្រាប់​ថា ការ​សហការ​គ្នា​បង្កើត​ក្រុមហ៊ុន​បង្កើត​ថ្មី​នេះ​មាន​ទាំង​គុណ​សម្បត្តិ​និង​គុណ​វិបត្តិ។

«គុណ​សម្បត្តិ​ បើ​សិន​ពួក​ខ្ញុំ​ធ្វើ​បាន​ជោគជ័យ វា​នឹង​អាច​ជួយ​ដល់​ប្រទេស​កម្ពុជា ឲ្យអ្នក​ជំនាន់​ក្រោយ អ្នក​ចាប់​ផ្តើម​អាជីវកម្ម​ដទៃ​ទៀត​គឺ​គាត់​អាច​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រកប​អាជីវកម្ម​ ជា​ពិសេស​គឺ​ទាក់​ទង​នឹង​ការ​ទូទាត់​ប្រាក់​ហ្នឹង​តែ​ម្តង‍»។

ក៏​ប៉ុន្តែ​លោក​ក៏​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ផង​ដែរ។

‍«អ្វី​ដែល​ខ្ញុំ​បារម្ភ​គឺ​ដោយ​សារ​តែ​ពួក​ខ្ញុំ​សុទ្ធ​តែ​មាន​អាជីវកម្ម​ផ្ទាល់​ខ្លួន អញ្ជឹង​ហើយ​ពេល​ខ្លះ​នៅ​ពេល​ដែល​មាន​អ្នក​ពូកែ​ច្រើន​ពេក​នៅ​ក្នុង​ក្រុម​ វា​អាច​ជា​ការ​ផល​ប៉ះពាល់​វិញ‍»។

ឱកាស​និង​ការ​គាំទ្រ

បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​បី​សប្តាហ៍​ក្នុង​សហរដ្ឋ​អាមេរិក​ លោក​ ឡង់​ដា​បាន​ថ្លែង​ថា លោក​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​គ្រប់​ជាន់​ថ្នាក់​ទាំង​ថ្នាក់​មូលដ្ឋាន ​ថ្នាក់​រដ្ឋ​និង​រដ្ឋាភិបាល​សហព័ន្ធ ទៅ​លើ​ក្រុមហ៊ុន​បង្កើត​ថ្មី​ឬ​ហៅ​ថា startup។

«ឱកាស​មើល​ឃើញ​ដូច​ជា​ ការ​សហការ​រវាង​រដ្ឋាភិបាល​ ហើយ​និង​អាជីវកម្ម សហគ្រាស ហើយ​និង​កម្មវិធី​មួយ​ចំនួន​ដូច​ជា incubation ដែល​ជា​កម្មវិធី​បណ្តុះ​បណ្តាល​អាជីវកម្ម​ខ្នាត​តូច​ឲ្យ​យល់​ច្បាស់​ពី​អាជីវកម្ម​ផ្ទាល់​ខ្លួន​ ឲ្យ​រៀប​ចំ​ឲ្យ​ស្តង់​ដារ​ ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ការ​រក​ថវិកា​ ឬ​រក​អ្នក​បណ្តាក់​ទុន‍»។

ឧទាហរណ៍ សហគ្រិន​កម្ពុជា​បាន​ចូលរួម​ជួប​ពិភាក្សា​នៅ​ឯ​ការិយាល័យ​ Civic Innovationនៅ​ក្នុង​សាលាក្រុង​ San Franciscoអំពី​ថា​តើ​ ក្រុមហ៊ុន​ក្នុង​ស្រុក​អាច​ជួយ​ដល់​ទីក្រុង ឬ​តើ​អាជ្ញាធរ​ក្រុង​អាច​ជួយ​ដល់​ក្រុមហ៊ុន​ទាំង​នោះ​ដោយ​របៀប​ណា។

នៅ​ក្នុង​សហរដ្ឋ​អាមេរិក មាន​តែ​ទីក្រុង San Francisco ប៉ុណ្ណោះ​ដែល​មាន​ការិយាល័យ​ Civic Innovation ដែល​ជួយ​ដល់​ក្រុមហ៊ុន​បង្កើត​ថ្មី នេះ​បើ​យោង​តាម​អ្នកស្រី Siobhan Oat-Judge ដែល​ជា​កម្មសិក្សាការី​នៅ​ក្នុង​ការិយាល័យ​មួយ​នេះ​ដែល​ជួយ​ផ្សាភ្ជាប់​ទីភ្នាក់ងារ​រដ្ឋាភិបាល​ជាមួយ​នឹង​ក្រុមហ៊ុន​បង្កើត​ថ្មី ក្នុង​ការ​បង្កើត​ផលិត​ផល​ថ្មីៗ ដែល​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​ការិយាល័យ​ Civic Innovation នៅ​ក្នុង​សាលាក្រុង​ San Francisco។

អ្នកស្រី Oat-Judge បាន​លើក​ឡើង​ថា ការ​ជួយ​ដល់​ក្រុមហ៊ុន startup ​បង្កើត​ថ្មី​មិន​មែន​ផ្តល់​ផល​ប្រយោជន៍​ដល់​តែ​ម្ខាង​នោះ​ទេ។

«សហគមន៍​ទាំង​មូល​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​ជួយ​ដល់​ក្រុមហ៊ុន​បង្កើត​ថ្មី​ទាំង​នោះ ដោយ​សារ​តែ​ក្រុមហ៊ុន​ទាំង​នោះ​ជួយ​ផ្តល់​ដំណោះស្រាយ​ដល់​បញ្ហា​នានា។ វា​ផ្តល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក‍»។

អ្នកស្រី Siobhan Oat-Judge កម្មសិក្សាការីនៃកម្មវិធី Pearson ប្រចាំនៅការិយាល័យទទួលបន្ទុកកិច្ចការច្នៃប្រឌិត នៅឯសាលាក្រុង San Francisco ជួបជាមួយនឹងសហគ្រិនកម្ពុជាដែលចូលរួមក្នុងកម្មវិធី International Visitor Leadership Program (IVLP)។ (ស្រេង លក្ខិណា/VOA)
អ្នកស្រី Siobhan Oat-Judge កម្មសិក្សាការីនៃកម្មវិធី Pearson ប្រចាំនៅការិយាល័យទទួលបន្ទុកកិច្ចការច្នៃប្រឌិត នៅឯសាលាក្រុង San Francisco ជួបជាមួយនឹងសហគ្រិនកម្ពុជាដែលចូលរួមក្នុងកម្មវិធី International Visitor Leadership Program (IVLP)។ (ស្រេង លក្ខិណា/VOA)

អ្នកស្រី​ថ្លែង​ប្រាប់​ VOAបន្ថែម​ថា៖

«យើង​ជួយ​ដល់​ក្រុមហ៊ុន​បង្កើត​ថ្មី​ទាំង​នោះ ប៉ុន្តែ​ពួក​យើង​ក៏​ចំណេញ​ពី​ពួកគេ​វិញ​ផង​ដែរ ដោយ​សារ​តែ​ពួកគេ​ផ្តល់​ដំណោះស្រាយ​ដល់​បញ្ហា​នានា។ ពួកគេ​នាំ​មក​នូវ​គំនិត​ថ្មី ​បច្ចេកវិទ្យា​ថ្មី ដែល​ជួយ​ដល់​អ្វី​ដែល​យើង​កំពុង​តែ​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន‍»។

លោក អ៊ិន វិសាល សហស្ថាបនិកក្រុមហ៊ុន Khmerload ថ្លែងនៅក្នុងកិច្ចពិភាក្សាមួយនៅឯការិយាល័យទទួលបន្ទុកកិច្ចការច្នៃប្រឌិត នៅឯសាលាក្រុង San Francisco។ (ស្រេង លក្ខិណា/VOA)
លោក អ៊ិន វិសាល សហស្ថាបនិកក្រុមហ៊ុន Khmerload ថ្លែងនៅក្នុងកិច្ចពិភាក្សាមួយនៅឯការិយាល័យទទួលបន្ទុកកិច្ចការច្នៃប្រឌិត នៅឯសាលាក្រុង San Francisco។ (ស្រេង លក្ខិណា/VOA)

លោក អ៊ិន វិសាល សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន Khmerload ដែល​ជា​ក្រុមហ៊ុន​កម្ពុជា​ដំបូង​គេ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុមហ៊ុន​វិនិយោគ​ពី​តំបន់​ Silicon Valley បាន​ថ្លែង​ថា វា​មាន​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ថវិកា​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ សម្រាប់​អ្នក​ដែល​ទើប​ចាប់​ផ្តើម​អាជីវកម្ម​ថ្មី​ថ្មោង មាន​ក្រុមហ៊ុន​អាមេរិក​ច្រើន​ដែល​ចង់​ធ្វើ​វិនិយោគ​ទៅ​លើ​ក្រុមហ៊ុន​ដែល​មាន​គំនិត​ថ្មីៗ ដែល​នេះ​ជា​អ្វី​ដែល​លោក​ វិសាល បាន​ដឹង​នៅ​ពេល​ដែល​ក្រុមហ៊ុន 500 Startups ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​មួយ​មាន​ស្នាក់​ការ​នៅ​ក្នុង​ទីក្រុង San Francisco បាន​វិនិយោគ​ប្រាក់​ ២សែន​ដុល្លារ​ទៅ​លើ​គេហទំព័រ Khmerload ​របស់​លោក។

«ក្រុមហ៊ុន​មួយ​ចំនួន​ដោយ​សារ​តែ​មាន​អ្នក​វិនិយោគ​ច្រើន​នៅ​ទីនោះ​ អញ្ជឹង​ពេល​ពួក​គេ​មាន​គំនិត​ល្អ ពួក​គេ​មិន​ចាំ​បាច់​ចំណេញ​នោះ​ទេ ពួក​គេ​អាច​ស្វែង​រក​ថវិកា ពី​មួយ​ទៅ​មួយ​ ដោយ​មិន​ចាំ​បាច់​ចំណេញ ៥ ៦ ឆ្នាំ។ ប៉ុន្តែ​សម្រាប់​ស្រុក​ខ្មែរ​វិញ​ បើ​យើង​គិត​ពី​រឿង​មិន​ចាំ​បាច់​ចំណេញ​ ៥ ៦ឆ្នាំ​វិញ វា​ពិបាក​ទៅ​រួច​ណាស់‍»។

​កញ្ញា កែវ គូនីឡា ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្រ្តី​ពីរ​នាក់​ប៉ុណ្ណោះ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី IVLP នេះ​បាន​ថ្លែង​ថា កញ្ញា​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើន​ការ​គាំទ្រ​ដល់​ក្រុមហ៊ុន​បង្កើត​ថ្មី។ កញ្ញា គូនីឡា គឺ​ជា​នាយក​ផ្នែក​គ្រប់គ្រង​នៅ​ក្នុង​ក្រុមហ៊ុន RedHill Asia ហើយ​កញ្ញា គូនីឡា ត្រូវ​បាន​ជ្រើសរើស​ចូល​ក្នុង​តារាង Forbes ក្រោម​អាយុ ៣០ឆ្នាំ សម្រាប់​ឆ្នាំ២០១៧​នេះ។

«អ្វី​ដែល​ខ្ញុំ​ចង់​ឲ្យ​មាន​ទៅ​ថ្ងៃ​មុខ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ គឺ​ការ​សហការ​គ្នា​ឲ្យ​បាន​កាន់​តែ​ល្អ កាន់​តែ​ស្អិត​រមួត​រវាង​រដ្ឋាភិបាល រវាង​ក្រុមហ៊ុន​ឯកជន​ ក៏​ដូច​ជា​ គំនិត​ផ្តួច​ផ្តើម​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល។ នោះ​យើង​អាច​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​បណ្តុះបណ្តាល​ក្រុមហ៊ុន​បច្ចេកវិទ្យា‍»៕

XS
SM
MD
LG