ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ Interpol ចង់​ចាប់​លោក​ Ghosn អតីត​ប្រធាន​ប្រតិបត្តិ​​ក្រុមហ៊ុន​ផលិត​ឡាន​ដែល​រត់​គេចខ្លួន


អតីតនាយកក្រុមហ៊ុន Nissan លោក Carlos Ghosn ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មាននៅក្រុងប៉េរូត ប្រទេសលីបង់ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០។
អតីតនាយកក្រុមហ៊ុន Nissan លោក Carlos Ghosn ថ្លែងអំឡុងពេលសន្និសីទសារព័ត៌មាននៅក្រុងប៉េរូត ប្រទេសលីបង់ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០។

អង្គការ​ Interpol បាន​សុំ​ជាផ្លូវការ​ឱ្យ​អាជ្ញាធរ​នៃ​ប្រទេស​លីបង់​ចាប់ខ្លួន​ជន​រត់គេច​ខ្លួន​ម្នាក់​គឺ​លោក Carlos Ghosn ដែល​ជាអតីត​ប្រធាន​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​ផលិត​រថយន្ត​មួយ ​បន្ទាប់​ពី​រូប​លោកបានរត់​គេចខ្លួន​ចេញ​ពីប្រទេសជប៉ុន​ដែល​នៅ​ទីនោះ​លោក​រង់ចាំ​ការ​កាត់ក្តី​អំពី​ការប្រព្រឹត្ត​មិនត្រឹម​ត្រូវ​ខាង​ហិរញ្ញវត្ថុ។​អាជ្ញាធរ​បានចោទ​ប្រកាន់លោក Ghosn ថា បាន​គៃ​បន្លំ​ប្រាក់​របស់ក្រុមហ៊ុនដាក់​ក្នុង​ហោប៉ៅ​លោក​ផ្ទាល់។

លោក Carlos Ghosn ​រត់គេច​ខ្លួនពី​យុត្តិធម៌​ដែល​ Interpol និង​ប្រទេស​ជប៉ុន​រក​ចាប់​ខ្លួន​រស់​នៅ​ក្នុង​ផ្ទះ​មួយ​នៅ​ប្រទេស​លីបង់។ លោក Albert Serhan រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​នៃ​ប្រទេស​លីបង់​និយាយ​ថា៖ «យើង​មិន​ឃើញ​មាន​ការរំលោភ​ខាង​ផ្លូវ​ច្បាប់​ណា​មួយ​ទេ។ គាត់​បាន​ចូល​ឆ្លង​កាត់​ព្រំដែន​ដូច​ជនជាតិ​លីបង់​ឯទៀតៗ​ដែរ​ ដោយ​មាន​លិខិត​ឆ្លង​ដែន​ត្រឹមត្រូវ​តាមច្បាប់‍» ។

លោក​ Carlos Ghosn ជា​បុរស​ម្នាក់​មានលិខិត​ឆ្លង​ដែន​ច្រើន។

លោក​ជា​អតីតប្រធាន​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ម៉ាក​ Nissan ម៉ាក Mitsubishi និង​ម៉ាក Renault។ ក៏ប៉ុន្តែ​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ២០១៨​ អាជ្ញាធរ​បាន​ចាប់ខ្លួន​លោក Ghosn។ ​អាជ្ញាធរ​បាន​ចោទ​ប្រកាន់​លោក​ថា​បាន​រាយការណ៍​បន្ទាប​ប្រាក់ចំណូល​របស់​លោក​និង​បាន​គៃ​បន្លំ​ប្រាក់​ក្រុមហ៊ុន​ Nissan ប្រាំ​លាន​ដុល្លារ។​

ដោយ​មាន​ការ​បង់ប្រាក់​ធានា​នៅ​ក្រៅ​ឃុំ​និង​រង់​ចាំ​ការ​កាត់​ក្តី​ លោក Ghosn បានរត់​គេច​ខ្លួន​ទៅ​កាន់​ប្រទេស​លីបង់​ដែល​ជា​ប្រទេស​កំណើត​របស់​លោក។​ប្រទេស​ទាំង​ពីរ​នេះ​គ្មានសន្ធិសញ្ញា​បត្យាប័ន​ទេ។ លោក​ Stephen Givens ដែល​ជា​មេធាវី​និង​ជា​អ្នកវិភាគ​ខាង​ក្រុមហ៊ុន និយាយថា៖ «ការណ៍​នេះ​នឹង​ចប់​ក្នុង​ស្ថានភាព​គាំងដំណើរ​មួយ​ដែល​លោក Ghosn នឹង​ឋិត​នៅ​ក្នុងប្រទេស​លីបង់​រហូត​ដល់​ពេល​លោកស្លាប់។ ការ​រក​ឃើញ​របស់​យើង​ដែលជាភស្តុតាង​ដែល​ត្រូវ​ដាក់​បង្ហាញ​ក្នុង​ការ​កាត់​ក្តីនេះ​នឹង​ក្លាយជា​ការ​អសារ​ឥត​ការ​‍»។

នៅ​ល្ងាច​មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី លោក Ghosn បាន​ពន្យល់​អំពី​ហេតុអ្វី​បាន​ជា​លោក​រំលោភ​លើ​ការ​ឋិត​នៅ​ក្រៅ​ឃុំ។ លោក Ghosn និយាយ​ថា៖ «នេះ​ជា​ការ​លប​ប្រព្រឹត្ត​អំពើ​អាក្រក់​មួយ។ ​នេះ​ជា​ការ​រួមគំនិត​ប្រព្រឹត្តអំពើ​ទុច្ចរិត។ ​នេះ​ជា​ការ​ចាក់ពី​ក្រោយ​ខ្នង។នេះ​ជា​អ្វី​ដែល​យើង​កំពុង​និយាយ‍»។

លោក Ghosn និយាយ​ថា ​លោក​មិនបាន​គេចវេស​ពី​យុត្តិធ៌មទេ ក៏ប៉ុន្តែ​បាន​ជៀសវាង​ពី​‍«អំពើ​អយុត្តិធ៌ម​និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខាង​នយោបាយ‍»។ ដូច្នេះលោក​បានរត់​គេច​ខ្លួន​តាម​អាកាសយាន​ដ្ឋាន​ Ataturk នៅ​ក្នុងទីក្រុង​ Istanbul​ ប្រទេស Turquie។​ អាជ្ញាធរ​នៅ​ទី​នោះ​បាន​ឃាត់​ខ្លួន​មនុស្ស​៧នាក់​ដែល​បាន​ត្រូវ​យល់​ថា​ បានជួយ​លោក​ Ghosn ឱ្យ​ធ្វើដំណើរ​ទៅ​កាន់​ក្រុង Beirut តាម​យន្តហោះ​ឯកជន​មួយ​គ្រឿង។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែធ្នូ​ ឆ្នាំ​២០១៩ អាជ្ញាធរ​លីបង់​បាន​បញ្ជាក់​ថា​ពួក​គេ​បាន​ទទួល​អ្វី​ដែល​ Interpol ហៅថា​«សេចក្ដីប្រកាស​ពណ៌​ក្រហម‍»ដែល​ជា​ការ​ស្នើ​សុំ​ដល់​អាជ្ញាធរ​ពង្រឹង​ច្បាប់ក្នុង​មូល​ដ្ឋាន​ឱ្យ​ចាប់ខ្លួន​អ្នក​រត់​គេច​ខ្លួន​ដែល​គេ​រក​ចាប់។ លោក​ Albert Serhan ដែលជា​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​លីបង់​និយាយ​ថា៖ «មិនមែន​ជា​ការ​សម្ងាត់ទេ ដែល​លោក Ghosn រស់​នៅ​ក្នុង​ប្រទេសលី​បង់។យើង​គឺ​ជា​រដ្ឋមួយ​ដែល​គោរព​គោលការណ៍​ច្បាប់។​ យើង​ជា​នីតិរដ្ឋ​ហើយ​ដូច្នេះ​នឹង​មានការ​ចាត់វិធានការ​ទាំង​អស់​តាម​ច្បាប់​នៃ​ប្រទេស​លីបង់‍»។

អនាគត​នៃ​ករណី​នេះ​នៅតែ​មិន​ច្បាស់លាស់។​ លោក​ Ghosn មាន​សញ្ជាតិ​និង​កាន់​លិខិត​ឆ្លងដែន​នៃ​ប្រទេសលីបង់ ប្រទេសបារាំង​ និង​ប្រទេស Bresil។​ប្រទេស​បារាំង​បាន​និយាយ​រួច​ស្រេច​ហើយ​ថា​ខ្លួន​នឹង​មិនធ្វើបត្យាប័ន​ពល​រដ្ឋខ្លួន​ឡើយ៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG