ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​សង្កេត​ការណ៍​បោះឆ្នោត​​សុំឲ្យ​គ.ជ.ប.​ផ្តល់​ឯកសារ​ដើម្បី​ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី


មន្ត្រីគ.ជ.ប.​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅស្នាក់​ការ​គណៈ​កម្មាធិការ​នេះ។​
មន្ត្រីគ.ជ.ប.​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅស្នាក់​ការ​គណៈ​កម្មាធិការ​នេះ។​
ក្រុម​អ្នក​សង្កេត​ការណ៍​ការបោះឆ្នោត​ឯករាជ្យ​បាន​ស្នើសុំ​ឲ្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​ផ្តល់​ឯកសារ​មួយ​ចំនួន​ដើម្បី​ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្ងៃ​ទី២៨​ខែ​កក្កដា។​ ក៏​ប៉ុន្តែ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​ថ្លែង​ថា​ ខ្លួន​ពុំអាច​ផ្តល់​ឯកសារ​ពាក់ព័ន្ធ​ក្នុង​ការ​ផ្ទៀងផ្ទាត់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​កំពុង​មាន​បញ្ហា​ចម្រូង​ចម្រាស​ទេ។​ លោក ​សុខ ខេមរា​ នៃ​ វីអូអេ​បាន​រាយការណ៍​ថា ​មន្ត្រី​គ.ជ.ប.​បាន​អះអាង​ថា ​ពេលនេះ​ជា​ពេល​ដែល​គ.ជ.ប.​ជាប់​រវល់ខ្លាំង។​

នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​ដើម្បី​រក​ការណ៍ពិត​ទាក់ទិន​នឹង​លទ្ធផល​បោះឆ្នោត​ដ៏​ចម្រូង​ចម្រាស​ ក្រុមអ្នក​សង្កេត​ការណ៍​បោះឆ្នោត​ឯករាជ្យ​បាន​ស្នើ​សុំ​ឲ្យ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​ផ្តល់​ឯកសារ​មួយ​ចំនួន​ដែល​គេ​អាច​រក​ឃើញ​ការ​ណ៍ពិតនៃ​ការ​បោះឆ្នោត​ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី​ ការ​បន្លំ​ឈ្មោះ​ លទ្ធផល​ឆ្នោត​មិន​ត្រឹមត្រូវ ​ការ​ចេញ​លិខិត​ដល់​អ្នក​បោះឆ្នោត​មិន​ត្រឹមត្រូវ។​ ក៏​ប៉ុន្តែ​គ.ជ.ប.​បាន​ពន្យល់​ថា​ ខ្លួន​រវល់​ក្នុង​ការ​ដោះស្រាយ​ពាក្យ​បណ្តឹង​នានា​ដើម្បី​ពន្លឿន​ការ​ប្រកាស​ផ្សាយ​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ​ដំបូង​នៅ​ថ្ងៃ​ទី​១០​ខែ​សីហា​ដោយ​មិន​អាច​សហការ​ជាមួយសង្គម​ស៊ីវិល​បាន​ទេ​ពេល​នេះ។​

ក្រុម​សង្គម​ស៊ីវិល ​ដែល​ទំនង​ជាមិនអាច​ទទួល​បាន​ឯកសារ​មុន​ការ​ប្រកាស​លទ្ធផល​បោះឆ្នោត​ជា​បឋម​នោះ ​បាន​ស្នើ​សុំ​ជា​ផ្លូវ​ការ​កាល​ពី​ដើម​ខែ​សីហា ​ដើម្បី​ឲ្យ​គ.ជ.ប.​ប្រគល់​ជូន​ឯកសារ​យ៉ាង​តិច​បី​ប្រភេទ​ដល់​ពួក​គេ​គឺ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ដែល​បាន​បោះ​រួច។​ ឯកសារ​ទាក់ទង​នឹង​ការ​ចេញ​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​ ហើយ​នឹង​ទម្រង់​១១០២​ និង​១១០៤​ ដែល​ទាក់​ទង​នឹង​ការ​កត់ត្រា​លទ្ធផល​បោះឆ្នោត​តាម​ការិយាល័យ​នីមួយៗ។​

លោក​ទេព នីថា ​អគ្គលេខា​ធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​អះអាង​ថា​ គ.ជ.ប.​មិនទាន់​បាន​មើល​ឯកសារ​ដែល​សង្គម​ស៊ីវិល​ដែល​ជា​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​បាន​ស្នើសុំ​នៅ​ឡើយ​ទេ។​

លោក​និយាយថា៖​ «អញ្ចឹង​ទេ ​អ្វីដែល​សង្គម​ស៊ីវិល​សុំ​នោះ​ វា​គ្រាន់តែ​ជា​រឿង​ក្រៅ​មួយ​ទេ​ ព្រោះ​ថា ​សង្គម​ស៊ីវិល​គាត់​មាន​ភារកិច្ច​សង្កេត​មើល​ការ​បោះ​ឆ្នោត ​ហើយ​គាត់​ឃើញ​អី​ គាត់​និយាយ​រឿង​ហ្នឹង​ទៅ។​ ហើយ​ការ​ស្រាវជ្រាវ​របស់​គាត់​ហ្នឹង​គ្រាន់តែ​ជា​ចំណែក​មួយ​ដែល​គាត់​ចង់​បំពេញ​ឯកសារ​របស់​គាត់។​ អញ្ចឹង​ទេ ​គ.ជ.ប.​អត់ទាន់​បាន​ឆ្លើយ​តប​បញ្ហា​នេះ​នៅ​ឡើយ​ទេ»។​

លោក​ទេព នីថា​បានបញ្ជាក់​ពី​អទិភាព​របស់​គ.ជ.ប.​ថា​ ពេល​នេះ​គ.ជ.ប.​កំពុង​បន្ត​ដោះ​ស្រាយ​បណ្តឹង​ចំនួន​១២៨​ឲ្យ​ហើយ​ដើម្បីឲ្យ​ទាន់​ប្រតិទិន​ដែល​ត្រូវ​ប្រកាស​លទ្ធ​ផល​បោះឆ្នោត​ជាផ្លូវការ​ដំបូង​នៅថ្ងៃ​១០​ខែ​សីហា។

លោក​និយាយថា៖​ «អញ្ចឹង​ទេ ​មិនមែន​យើង​បដិសេធ​ទេ​ តែ​ពេល​វេលា​មិន​អនុគ្រោះ​ឲ្យ​យើង​ធ្វើ​អញ្ចឹង​ទេ ​ព្រោះ​ការងារ​ត្រូវ​ចំណាយ​ពេល​ច្រើន។ ​ហើយ​ម៉្យាង​ទៀត​ តាម​នីតិវិធី​នៃ​ការ​បោះឆ្នោត​ហ្នឹង​ ឯកសារ​ទាំអស់​នោះ​យើង​ដាក់​នៅ​ក្នុង​កញ្ចប់​មួយ ​ហើយ​នីតិវិធី​ទាល់​តែ​មាន​បណ្តឹង​ ហើយនឹង​ករណី​ចាំ​បាច់​បាន​អាច​បើក​កញ្ចប់​អស់​នោះ។ ​ហើយ​ឥឡូវ​ស្រាប់តែ​អត់​មាន​បណ្តឹង​អី​សោះ ​អត់មាន​បណ្តឹង​អី​ពាក់​ព័ន្ធ​ក្នុង​រឿង​ហ្នឹង​សោះ​ ស្រាប់តែ​សំណើ​របស់​សង្គម​ស៊ីវិល​មួយ​សុំ​ទៅ​បើក​អាហ្នឹង។​ តើ​ធ្វើ​បាន​ទេ? ​ហើយ​បើ​អង្គការ​សង្កេត​ការណ៍​ជាង​៣០​អង្គការ​សុំ​បើក​ទាំងអស់​ ​ការ​បោះឆ្នោត​ហ្នឹង​ជា​យ៉ាង​ម៉េច​ ​នៅ​ពេល​អ្នក​អត់​មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​រឿង​ហ្នឹង​ស្នើ​សុំ​បើក​បាន?»​

គណបក្ស​ធំៗ​ពីរ​គឺគណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​ បាន​អះអាង​ពីជ័យ​ជំន្នះ​រៀងៗ​ខ្លួន ​ហើយ​រំពឹង​ថា​ អាច​នឹង​បង្កើត​រដ្ឋាភិបាល​ម្នាក់​ឯង​បាន។ ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដែល​កាន់ អំណាច​៣០​ឆ្នាំ​ បាន​អះអាង​ថា​ ខ្លួន​ទទួល​បាន​អាសនៈ​៦៨​ក្នុង​ចំណោម​អាសនៈ​សរុប​១២៣​ក្នុង​រដ្ឋ​សភា​ ហើយ​គណបក្ស​សង្គ្រោះ​ជាតិទទួល​បាន​តែ​៥៥​អាសនៈ​ប៉ុណ្ណោះ​ក្នុងការ​បោះឆ្នោត​ជាតិ​និតិកាល​ទី៥​កាល​ពី​ថ្ងៃ​ទី២៨​ខែ​កក្កដា​ឆ្នាំ​២០១៨។​ តែ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៉ី​ និង​លោក​កឹម សុខា​អះអាង​ថា​ ខ្លួន​ទេ​ជាអ្នក​ឈ្នះការ​បោះឆ្នោត​ ដោយ​បាន​អះអាង​ថា ទទួល​បាន​អាសនៈ​៦៣ ​ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​តែ​៦០​អាសនៈ​ប៉ុណ្ណោះ។​

គណបក្ស​ជំទាស់​មិន​ទទួល​យក​លទ្ធផល​បោះឆ្នោត​ដែល​គណបក្ស​ប្រជាជន​ឈ្នះ​ទេ ​ហើយ​បាន​ចោទ​ប្រកាន់​ថា ​មាន​ភាព​មិន​ប្រកតី​ច្រើន​ដែល​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​លើ​សំឡេងឆ្នោត​ និង​ភាព​មិន​ប្រក្រតី​ ដូចជា​អ្នក​បោះ​ឆ្នោត​១​លាន​២សែន​នាក់​មិន​បាន​បោះឆ្នោត​ ទឹក​ថ្នាំ​អាច​លាង​ជ្រះ​ ហើយ​ត្រូវ​គេ​អះអាង​ថា​ ជា​ការ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នក​ឆ្លៀត​ឱកាស​បោះឆ្នោត​ពីរ​ទៅបី​ដង​ និង​ការ​ចេញ​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​ប្រមាញ​១​លាន​នាក់​ដែល​គេ​រក​ឃើញ​ថា ​មាន​ភាព​មិន​ប្រក្រតី​ជា​ដើម​ផង​នោះ។​

លោក​បណ្ឌិត​ពុទ្ធា ហង្ស​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​មួយ​ឈ្មោះ​និចហ្វិក​ បាន​អះអាង​ថា​ ការ​ធ្វើ​សវនកម្ម​លើ​ឯកសារ​ទាំង​បី​នេះ​ជា​រឿង​សំខាន់​ដែល​អាច​ផ្តល់ឲ្យ​មាន​ទំនុក​ចិត្ត​លើ​ការ​បោះឆ្នោត ​ថា​តើ​មាន​ភាព​មិន​ប្រក្រតី​ ឬគ្មាន​ ហើយ​តើ​វា​ប៉ះពាល់​ដល់​ការ​បោះ​ឆ្នោត​ឬ​ទេ។​

លោក​និយាយថា៖​ «បញ្ជី​ឈ្មោះ​ដែល​បាន​បោះឆ្នោត​ហើយ ​សង្គម​ស៊ីវិល​ត្រូវ​ការ​គឺ​ចង់​ផ្ទៀង​ផ្ទាត់ ថា​តើ​អ្នក​បាន​បោះឆ្នោត​ហ្នឹង​ប៉ុន្មាន​នាក់​ជាក់លាក់​ ​ហើយ​តើ​មាន​ការ​បោះឆ្នោត​ស្ទួន​ឬ​ទេ?​ ហើយ​ប្រភេទ​ឯកសារ​ទីពីរ​ដែល​សង្គម​ស៊ីវិល​ត្រូវ​ការ​គឺ​ទំរង់​១១០២ ​និង​១១០៤​ ​គឺចង់​បញ្ជាក់​អំពី​លទ្ធផល​រាប់​សន្លឹក​ឆ្នោត​នៅ​តាម​ការិយាល័យ​នីមួយៗ។ ​តើផ្ទៀង​ផ្ទាត់​ទៅ​ត្រូវនឹង​ការ​បូក​សរុប​នៅ​ថ្នាក់​ឃុំ​ និង​ថ្នាក់​ខេត្ត​ដែរ​ឬ​អត់?»​

លោក​ពុទ្ធា ហង្ស​បាន​បន្ថែម​ពី​ឯកសារ​ទី៣​យ៉ាង​ដូច្នេះ​ថា៖​ «ហើយ​ប្រភេទ​ឯកសារ​មួយ​ទៀត​ពាក់​ព័ន្ធ​គ្នា​ដែរ​គឺ​ក្បាល​បញ្ជីនៃ​ការ​ចេញ​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​សម្រាប់បម្រើ​ឲ្យ​ការ​បោះឆ្នោត ​ពីព្រោះ​ឯកសារ​បញ្ជាក់​អត្ត សញ្ញាណ​ហ្នឹង​ យើង​ធ្លាប់​រក​ឃើញ​ថា ​មាន​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ចេញ​ឬ​ផ្តល់​ឲ្យ​អ្នក​បោះឆ្នោត។​ អញ្ចឹង​យើង​ត្រូវការ​ឯកសារ​ទាំង​បី​ដើម្បី​ផ្ទៀងផ្ទាត់​គ្នា​ ប្រសិន​ជា​មាន​ឈ្មោះ​ហើយ ​ប៉ុន្តែខ្វះ​ឯកសារ​ហ្នឹង​ ឬ​មួយធ្វើ​ឯកសារ​ហ្នឹង​បំពេញ​ដើម្បី​យក​ទៅ​បោះឆ្នោត។ ​នោះ​យើង​មាន​មូលដ្នាន​ច្បាស់​លាស់​ក្នុង​ការ​ផ្ទៀងផ្ទាត់។​ អញ្ចឹង​យើងអាច​នឹង​រក​ឃើញ​ ថា​តើ​ការ​ចោទ​ប្រកាន់​របស់​គណបក្ស​ណាៗ​នោះ​តើ​ជា​ការណ៍​ពិត​ឬ​មិន​ពិត»។​

លោក​គល់ បញ្ញា​ នាយក​ប្រតិបត្ត​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ខុមហ្រ្វែល​ បាន​អះអាង​ថា​ ការ​បោះឆ្នោត​នេះ​ពិបាក​រក​ឃើញ​ថា​ មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ ​បើគ្មាន​ការ​បង្ហាញ​ឯកសារ​ដើម្បី​ជា​ទុន​នៃ​ការ​ស៊ើប​អង្កេត​ដោយ​តម្លាភាព​ទេនោះ។​

លោក​និយាយថា៖​ «ប្រសិនបើ​យើង​បាន​ធ្វើរឿង​ហ្នឹង​ត្រឹមត្រូវ​ វា​ជួយ​ដល់​ការ​ដោះស្រាយ​ទំនាស់​បោះឆ្នោត​ក្តី ​រឿង​លទ្ធផល​បោះឆ្នោតក្តី​ ធ្វើ​ឲ្យ​ភាគី​ទាំង​អស់​ហ្នឹង​មាន​ទំនុក​ចិត្ត ​ហើយ​អ្នក​បោះឆ្នោត​ក៏មាន​ទំនុក​ចិត្ត។ ​អញ្ចឹង​មាន​តែ​តម្លាភាព​នៃ​ការ​អង្កេតទេ​ ដែល​បង្កើន​ទំនុកចិត្ត​ឡើង​វិញ ​ហើយ​ទាំង​អស់​គ្នា​ប្រាកដ​ជា​មិនងាក​ទៅ​ប្រើ​កម្លាំង​នយោបាយ​អីទេ»។​

លោក​គល់ បញ្ញា​អះអាង​ទៀត​ថា ​ទោះបី​ជា​សេចក្តី​ថ្លែង​ការណ៍​ទាំងអស់​របស់​អន្តរជាតិ​ធំៗ​ ស.រ.អា. ​អ.ស.ប.​ សហគមន៍​អឺរ៉ុប​និង​ប្រទេស​មួយ​ចំនួន​បាន​កោត​សរសើ​អំពី​បរិយាកាស​បោះឆ្នោត​មែន ​តែ​ក៏បាន​ទទូច​សុំ​ឲ្យ​គណបក្ស​នយោបាយ​កម្ពុជា​ និង​អាជ្ញាធរ​ដោះស្រាយ​ ឬស៊ើប​អង្កេត​បញ្ហា​ភាព​មិនប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​នេះ​ឲ្យ​បាន​ត្រឹមត្រូវ។

លោក​និយាយថា៖​ «ប៉ុន្តែ​ឥឡូវ​យើង​មិន​អាច​វិនិច្ឆ័យ​បាន​ទេ ​ថា​ស្អី​ទៅ​ភាព​មិន​ប្រក្រតី​ដែល​ធ្ងន់​ធ្ងរ ​ប៉ះពាល់​ដល់​លទ្ធផល​បោះឆ្នោត​ហ្នឹង ​ព្រោះ​ទាំង​អស់​ហ្នឹង​វា​ត្រូវការ​ឲ្យ​មាន​ការ​អង្កេត​មួយ​ឲ្យ​បាន​ត្រឹមត្រូវ​ ហើយ​មាន​តម្លាភាព»។​

លោក​គល់ បញ្ញា​ថ្លែង​ដូច្នេះ​ដោយ​យោង​ថា​ តាម​ច្បាប់​បោះឆ្នោត ​គេ​អាច​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើង​វិញ​ បោះឆ្នោត​ឡើង​វិញ​ បើ​មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ។ ​តែ​ដោយសារ​គ្មាន​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​សវនកម្ម​ឯកសារ​នានា​គឺ​មិន​អាច​វាយ​តម្លៃការ​បោះឆ្នោត​បាន​ទេ។​ ​
គ.ជ.ប.​បាន​បដិសេធ​ការ​បង្កើត​គណៈ​កម្មាធិការ​ឯករាជ្យ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី ​ដែល​គណបក្ស​ជំទាស់​ចង់​បាន​អ.ស.ប.​និង​សង្គម​ស៊ីវិល​ឯករាជ្យ​ចូលរួម​ ដោយ​ចាត់​ទុក​ថា​ មិនមែន​ជា​សមត្ថ​កិច្ច​របស់​ខ្លួន។​

គណបក្ស​ជំទាស់​បាន​គំរាម​ធ្វើ​មហា​បាតុកម្ម​អហិង្សា ​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​ភាព​មិនប្រក្រតី​ ហើយ​បិទផ្លូវ​ចរចា​ស្វែងរក​ដំណោះ​ស្រាយ៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG