ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​សម រង្ស៊ី៖ ​បើគ្មាន​អ.ស.ប. ​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចរចា​ទេ

  • ហេង រស្មី

មេដឹកនាំ​គណបក្ស​ប្រឆាំង​ប្រកាស​ប្រាប់អ្នក​គាំទ្រ​នៅ​សួន​ប្រជាធិបតេយ្យ​ថា បើ​មិនមាន​អ.ស.ប.​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចរចា​ទេ។​
មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​សម រង្ស៊ី​ និង​លោក​កឹម សុខា ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ប្រកាស​បិទ​ផ្លូវ​ចរចាជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ទម្លុះ​ទម្លាយភាព​ជាប់​គាំង​នយោបាយ​ ក្រោយ​ពី​ការ​បោះ​ឆ្នោត​ដោយ​មេ​ដឹកនាំ​ទាំង​ពីរ​បាន​ប្រកាស​ថា​ នឹង​ទាម​ទារ​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដោយ​លួច​បន្លំ​នេះ។

យោង​តាម​លទ្ធផល​ជាបណ្តោះ​អាសន្នក្រោយ​ពី​ការ​បោះឆ្នោត ​កាល​ពី​ថ្ងៃទី​២៨​ខែ​កក្កដា​ បានឲ្យ​ដឹង​ថា ​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​ថា ​ខ្លួន​បាន​ទទួល​អាសនៈ​ចំនួន​៦៣។ ​

ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា​ បាន​ទទួល​អាសនៈ​ចំនួន​៦៨។

លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ ​និង​លោក​អនុប្រធាន​កឹម សុខា​ បាន​និយាយ​ថ្លែង​អំណរ​គុណ​ដល់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ទីលាន​ប្រជា​ធិបតេយ្យ នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ថា ​លោក​មិន​ទទួល​យកយន្ត​ការ​ចរចាដែល​បង្កើត​ឡើង​ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការបោះ​ឆ្នោត​ទេ ​ហើយ​លោក​ទាមទារឲ្យ​មាន​ការ​ចូលរួម​ពី​អង្គការ​សហ​ប្រជាជាតិ។​

ចំណែក​លោក​សម រង្ស៊ី​វិញ​បាន​និយាយ​ថា​ បើសិន​មិន​មាន​ដំណោះ​ស្រាយ​តាម​ការ​ចង់​បាន​របស់​ម្ចាស់​ឆ្នោត​ទេ​ លោក​និង​ប្រជាពលរដ្ឋ​នឹង​ដឹកនាំ​ទាមទារ​រហូត​ដល់​មាន​ដំណោះ​ស្រាយ។​

លោក​និយាយ​ថា៖​ «ភ្ញាក់​ហើយ​ ស្វាង​ហើយ​ ក្រោក​ហើយ​ ងើបហើយ។​ តស៊ូ​ការពារ​ជ័យ​ជំនះ​របស់​យើង​ឲ្យ​ទាល់​តែ​បាន»។​

គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​បាន​ទាមទារ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​សង្គ្រោះ​ជាតិ​ដោះ​ស្រាយ​តាម​យន្ត​ការ​ដែល​មាន​ស្រាប់​ដោយ​បង្កើត​គណៈ​កម្មការ​ចំពោះ​កិច្ច​មួយ​ដើម្បី​ដោះស្រាយ​ភាព​ជាប់​គាំង​ក្រោយ​ពី​ការ​បោះឆ្នោត។​

លោក​សម រង្ស៊ី​បាន​និយាយ​ថា​ បើសិន​មិន​មាន​ដំណោះស្រាយឲ្យ​បាន​ជាក់​លាក់ទេ​ លោក​មិន​ចូល​រួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ​និង​មិន​ចូល​រួម​ប្រជុំ​សភា​ទេ​ហើយ​លោក​ប្តេជ្ញា​ទាមទារ​រហូត​ដល់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ធ្លាក់​ចេញ​ពី​អំណាច។​

ការ​ប្រកាស​របស់​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងពីរ​តែង​តែ​បាន​ទទួល​មក​វិញ​នូវ​ការ​ស្វាគមន៍ពី​ប្រជា​ពលរដ្ឋ​ដែល​បាន​មក​ស្តាប់​ការ​ថ្លែង​អំណរ​គុណ​ជា​ច្រើន​ពាន់​នាក់។

អ្នក​ចូលរួម​ស្រែក​ថា៖​ «ដូរ ដូរ ដូរ ដូរ ដូរ»។​

ប្រជាពលរដ្ឋ​មួយ​រូប​ ដែល​ជា​អ្នក​រត់​ម៉ូតូ​ឌុប​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ បាន​និយាយ​ថា​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​កាន់​កាប់​អំណាច​ជា​យូរ​មក​ហើយ។​ លោក​ត្រូវ​តែ​ចុះចេញ​ពី​មុខ​តំណែង​ដើម្បី​ចៀស​វាង​ការ​ធ្វើ​បាតុកម្ម។​

និយាយ​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បុរស​រូប​នោះ​បាន​និយាយ​ថា​ លោក​នឹង​ចូល​រួម​ ប្រសិន​ណា​បើមាន​ចលនា​បាតុកម្ម។​

លោក​បញ្ជាក់​ថា៖​ «ខ្ញុំជា​ប្រជាជន​មួយ​ដែរ។ ​ខ្ញុំ​ថា ​ត្រូវ​ទាមទារ​ឲ្យ​ប្រទេស​ជាតិ​ហ្នឹង​ល្អ​ដូច​សម័យ​ដើម​អញ្ចឹង។ ​បើ​សម័យ​ឥឡូវ​ ខ្ញុំ​ធ្លាប់​ឆ្លងកាត់​ច្រើន​អាណត្តិ​មក​ហើយ​ ដូច​ជា​អត់​មាន​កន្លែង​ណា​ឲ្យ​ប្រជាជន​សប្បាយ​រីករាយ​សោះ»។​

លោក​ឧប​នាយក​រដ្ឋមន្ត្រី​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​មិញ​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ឯទីស្តី​ការ​ក្រសួង​មហា​ផ្ទៃ​ថា ​បើមាន​បាតុកម្ម​ដែល​ធ្វើ​ឡើង​ដោយ​គណបក្ស​សង្គ្រោះជាតិ​ គណបក្ស​នេះត្រូវ​តែ​អនុវត្តទៅតាម​ច្បាប់៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG