ក្រុមអង្គការសារព័ត៌មានស.រ.អា.និងអង្គការធំៗមួយចំនួនទៀតបានថ្លែងថា ការបាញ់សម្លាប់អ្នកសារព័ត៌មានខ្មែរម្នាក់គឺជាការបង្ហាញថា កម្ពុជាមិនមាន សេរីភាពសារព័ត៌មាន ហើយក៏ជាការរិតត្បិតសេរីភាពសារព័ត៌មានដែលមានការស៊ើបអង្កេតលើបញ្ហារស៊ើបមួយចំនួនដូចជាបញ្ហាកាប់ឈើខុសច្បាប់នេះដែរ។
លោកតាំង ទ្រី អាយុ៤៨ឆ្នាំ ជាអ្នកកាសែតមិនជាប់កិច្ចសន្យានិងជាសមាជិកសមាគមសារព័ត៌មានខ្មែរអ្នកប្រជាធិបតេយ្យ ត្រូវបានជនដៃដល់មានគ្នាបីនាក់បាញ់ដោយកាំភ្លើងខ្លីមួយគ្រាប់ចំថ្ងាសកាលពីថ្ងៃអាទិត្យ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដែលស្ថិតនៅតំបន់ត្រពាំងត្រាច ភូមិខ្សឹមក្រៅ ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ ជនសង្ស័យទាំងបីត្រូវបានប៉ូលិសផ្តល់អត្តសញ្ញាណ។ ក្នុងនោះមានឈ្មោះឡា ណារ៉ុង អាយុ៣២ឆ្នាំ ជាអតីតមន្ត្រីយោធាខេត្តមណ្ឌលគីរី ឈ្មោះខឹម ភក្តី អាយុ២៧ឆ្នាំជាមន្ត្រីកងរាជអាវុធហត្ថក្នុងរាជធានីភ្នំពេញផ្នែកអន្តរាគមន៍ដែលជាម្ចាស់កាំភ្លើងខ្លី និងឈ្មោះពិន ហ៊ាង អាយុ៣១ឆ្នាំជាម្ចាស់រថយន្តដែលជិះធ្វើសកម្មភាពនិងជាមន្ត្រីនគរបាលខេត្តរតនគីរី។
អ្នកស្រីការីន កាលិកា (Karin Deutsch Karlekar) អ្នកស្រាវជ្រាវជាន់ខ្ពស់និងជានាយិកាផ្នែកចាត់ចែងព័ត៌មាននៃអង្គការតាក់តែងគោលនយោបាយ របស់ស.រ.អា. ហៅថា Freedom House បានអះអាងថា ការបាញ់សម្លាប់អ្នកកាសែតដែលស្រាវជ្រាវអំពីការកាប់ឈើខុសច្បាប់នេះជារឿងខកចិត្តខ្លាំងណាស់។
«ដូច្នេះ ជារឿងអភ័ព្វ។ នេះជាផ្នែកមួយនៃគម្រូ ដែលខ្ញុំអាចនិយាយបានថានេះជាកំណើននៃការយារយី តម្រង់គោលដៅលើអ្នកកាសែត ដែលព្យាយាមរាយការណ៍អំពីប្រធានបទនេះក្នុងប្រទេសកម្ពុជា»។
អ្នកស្រីបានថ្លែងថា ក្នុងប្រទេសដែលប្រព័ន្ធផ្សព្វផ្សាយស្ទើរតែទាំងអស់ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ គណបក្សគ្រប់គ្រងប្រទេស និងរដ្ឋាភិបាលនោះ គេគួរស៊ើបអង្កេតឲ្យបានដិតដល់។
«ខ្ញុំចង់និយាយថា វាជារឿងវិជ្ជមានដែលថា អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យភ្លាមៗ។ តែយើងចង់សូមលើកទឹកចិត្តនិងជំរុញឲ្យមានការស៊ើបអង្កេតពេញលេញចំពោះការសម្លាប់នេះ ហើយពិចារណាផងដែរ ដោយមិនគ្រាន់តែចំពោះអ្នកសម្លាប់ប៉ុណ្ណោះទេ គឺថែមទាំងអ្នកនៅពីក្រោយខ្នងដែរ ព្រោះមានករណីជាច្រើន មិនមែនតែនៅក្នុងប្រទេសកម្ពុជាទេ តែក្នុងពិភពលោកដែលថា អ្នកកេះកៃកាំភ្លើងពិតៗអាចត្រូវគេកាត់ទោស តែអ្នកបញ្ជាជារឿយៗតែងតែរួចខ្លួន»។
អ្នកស្រីបានចាត់ទុកថា ការបាញ់សម្លាប់នេះគឺជាទំរង់នៃការចាប់ពិរុទ្ធដ៏អាក្រក់ ដោយអះអាងថា ការបាញ់សម្លាប់នេះកើតឡើងមិនគួរជារឿងភ្ញាក់ផ្អើលខ្លាំងពេកទេ ដោយសារការបាញ់សម្លាប់នេះធ្លាប់កើតឡើងចំពោះអ្នកកាសែតផ្នែកបរិស្ថានព្រៃឈើនេះគឺលោកហង្ស សេរីឧត្តម និងលោកឈុត វុទ្ធី សកម្មជនឆ្នើមការពារព្រៃឈើកាលពីឆ្នាំ២០១២ដែរ។
លោកប៉ប ឌីតហ្ស (Bob Dietz) អ្នកសម្របសម្រួលកម្មវិធីកិច្ចការអាស៊ីនៃអង្គការសារព័ត៌មានមួយក្នុងប្រទេសអាមេរិក (Committee to Protect Journalists) បានអះអាងថា លោកសង្កេតឃើញថា មានអ្នកកាសែតត្រូវគេសម្លាប់ ចាប់ដាក់គុក និងគំរាមកំហែងដោយសារការចុះយកព័ត៌មានអំពីការរុករករ៉ែនិងកាប់បំផ្លាញព្រៃឈើខុសច្បាប់ ហើយរឿងនេះគ្រប់គ្នាទទួលស្គាល់ថា ចំណុចនេះប្រទេសកម្ពុជាគ្មានសេរីភាពសារព័ត៌មានប៉ុន្មានទេ ហើយថែមទាំងអាក្រក់ទៀតផង។
«សារព័ត៌មានសេរី ដែលរាយការណ៍អំពីការកាប់ឈើខុសច្បាប់ អាចបញ្ឈប់ការកាប់ឈើខុសច្បាប់ ឬអាចនាំអ្នកកាប់ឈើទាំងនោះមកកាត់ទោស ដាក់ពិន័យ ឬដាក់គុក ឬក៏យ៉ាងហោចណាស់ក៏បញ្ឈប់ការកាប់ឈើដែរ។ តែប្រសិនបើគេមិនអនុញ្ញាតឲ្យអ្នកកាសែតរាយការណ៍ទេ ពេលនោះការកាប់បំផ្លាញព្រៃឈើនឹងបន្តកើតមាន ហើយរឿងនេះក៏វាកើតឡើងដូចគ្នាចំពោះសកម្មភាពខុសច្បាប់ដទៃទៀតក្នុងប្រទេសកម្ពុជាដែរ»។
លោកប៉ប ឌីតហ្សបានជំរុញដល់អាជ្ញាធរឲ្យបញ្ចប់វប្បធម៌គ្មានទោសពៃរ៍ក្នុងប្រទេសកម្ពុជា ហើយបានថ្កោលទោសការបាញ់សម្លាប់នេះ។
«ហើយអ្វីដែលហៅថា វប្បធម៌រួចទោសនោះ វាពិតជាមានទំហំធំធេងសម្រាប់អ្នកដែលចង់សម្លាប់អ្នកកាសែតដោយសាររបាយការណ៍របស់គេ។ មានឃាតករសម្លាប់អ្នកកាសែតតិចតួចណាស់ដែលត្រូវនាំយកមកកាត់ទោសក្នុងប្រទេសកម្ពុជា»។
អ្នកកាសែតយ៉ាងតិច១២នាក់ដែលត្រូវសម្លាប់តាំងពីទសវត្សរ៍១៩៩០មក តែមានជនដៃដល់តិចតួចណាស់ដែលត្រូវគេចាប់ខ្លួនមកផ្តន្ទាទោស ទោះជាមន្ត្រីអាជ្ញាធរបានអះអាងថា គ្មានសំណុំរឿងណាមួយត្រូវបានបិទការស៊ើបអង្កេតក៏ដោយ។
លោកធី គូម៉ា (T. Kumar) នាយកផ្នែកតស៊ូមតិនៃអង្គការសិទ្ធិមនុស្សអន្តរជាតិឈ្មោះ Amnesty International ប្រចាំការិយាល័យក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានថ្លែងថា ជាអកុសល វប្បធម៌គ្មានទោសបានកើតឡើងជាច្រើនឆ្នាំហើយ ដោយសារមានអ្នកខ្លះគេចផុតពីការកាត់ទោសពាក់ព័ន្ធនឹងការកាប់សម្លាប់ក្នុងរបបខ្មែរក្រហម។
«តែប្រទេសកម្ពុជាត្រូវដោះស្រាយដើម្បីផ្លាស់ប្តូរពីវប្បធម៌រួចទោសដ៏សកម្មខ្លាំងក្លានេះទៅកាន់នីតិរដ្ឋ ដែលជាថ្មីម្តងទៀត សេរីភាពសារព័ត៌មានគឺពិតជារឿងសំខាន់បំផុតដើម្បីឲ្យនីតិរដ្ឋដំណើរការទៅមុខ»។
លោកបានចាត់ទុកថា ការសម្លាប់អ្នកកាសែតជាទង្វើគ្រោះថ្នាក់ ដោយលោកទទូចឲ្យរដ្ឋាភិបាលស៊ើបអង្កេត ហើយនឹងការពារអ្នកកាសែត។
«ប្រទេសណាក៏ដោយ នៅពេលសារព័ត៌មានមិនត្រូវគេអនុញ្ញាតឲ្យរាយការណ៍ដោយសេរី ហើយពួកគេត្រូវគេបិទមាត់នោះ រឿងនោះមានន័យថា វាជារឿងអាក្រក់សម្រាប់អនាគតប្រទេសនោះ ហើយក្នុងរឿងនេះគឺកម្ពុជា។ បញ្ហាគឺមិនមែនជាការចង្អុលទៅលើប្រទេសណាទេ តែយើងទទូចដល់រដ្ឋាភិបាលកម្ពុជាឲ្យធានា និងការពារអ្នកកាសែត»។
លោកថ្លែងថា ការសម្លាប់នេះគឺធ្វើឲ្យមានការចាប់ពិរុទ្ធដោយខ្លួនឯង ហើយបញ្ហាមួយចំនួនមិនត្រូវបានគេរាយការណ៍ សេរីភាពភាពផ្សេងទៀតត្រូវរិតត្បិត បញ្ហារបស់សារធារណជន ដែលជារឿងត្រូវផ្សព្វផ្សាយ ត្រូវរារាំងផងដែរ។
«ជាការណ៍ពិត រឿងនេះនឹងបញ្ជូនសារខុសឆ្គងមួយទៅកាន់អ្នកកាសែត ដែលថា ពួកគេមិនគួរផ្សព្វផ្សាយបញ្ហាជាក់លាក់មួយចំនួននោះទេ»។
ប្រទេសកម្ពុជាត្រូវគេចាត់បញ្ចូលថា ជាប្រទេសគ្មានសេរីភាពសារព័ត៌មានប៉ុន្មានឆ្នាំជាប់ៗគ្នា ដោយសារការសម្លាប់អ្នកកាសែតនិងសកម្មជន ឬការចាប់ដាក់គុកជាដើមនោះ។
លោកប៊េនយ៉ាមីន អ៊ីស្មាអ៊ីល (Benjamin Ismail) នាយកការិយាល័យអាស៊ីប៉ាស៊ីហ្វិកនៃអង្គការអ្នកកាសែតគ្មានព្រំដែននៅក្នុងប្រទេសបារាំង បានថ្លែងថា ការសម្លាប់អ្នកកាសែតនេះគឺជារឿងព្រួយបារម្ភ។
«ការសម្លាប់នេះជានិន្នាការបារម្ភមួយ ហើយវាពិតជាបង្ហាញថា បញ្ហាបរិស្ថាននិងការរត់ពន្ធឈើខុសច្បាប់ក្នុងប្រទេសកម្ពុជាគឺជារឿងរស៊ើបនៅពេលនេះ ដែលរឿងនេះជារឿងធ្វើឲ្យមានវប្បធម៌រួចទោសចំពោះអ្នកសម្លាប់អ្នកកាសែត និងសកម្មជនផងដែរ»។
លោកបានទទូចមិនឲ្យមានការរារាំងណាមួយក្នុងដំណើរការនីតិវិធីទេហើយលោកបញ្ជាក់ពីស្ថានការណ៍សេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជាថា៖
«ជាក់ស្តែង ស្ថានការណ៍ក្នុងប្រទេសកម្ពុជាគ្មានការរីកចម្រើនទេ។ ករណីនេះពិតជាបាន រំឭកយើងអំពីករណីសម្លាប់លោកហង្ស សេរីឧត្តម ដែលជាអ្នកយកព័ត៌មានផ្នែកស៊ើបអង្កេតផងដែរ ដែលត្រូវគេបាញ់សម្លាប់ក្នុងពេលចុះយក ព័ត៌មានអំពីការកាប់ឈើខុសច្បាប់ និងបញ្ហាបរិស្ថាននោះ»។
កញ្ញា ម៉ម កល្យាណនី អ្នកនិពន្ធភាពយន្តឯកសារអំពីបរិស្ថានតំបន់អារ៉ែង ដែលមានក្តីអាណិតអាសូរដល់ជនជាតិដើមភាគតិច«ជុង» (Chong)ក្នុងខេត្តកោះកុងបានថ្លែងថា នាងមានភាពក្តុកក្តួលខ្លាំងណាស់នៅពេលដែលអ្នកកាសែតការពារបរិស្ថានម្នាក់ត្រូវគេបាញ់សម្លាប់ដោយសារការស្រាវជ្រាវរកការណ៍ពិតដែលគេត្រូវការនោះ។
«ខ្ញុំនៅពេលដែលបានឮថា គេបានសម្លាប់លោក តាំង ទ្រី ខ្ញុំមានការសោកស្តាយមែនទែន ព្រោះខ្ញុំមិនមែនត្រឹមតែគិតអំពីគាត់ទេ តែបានគិតពីប្រទេសជាតិយើងទាំងអស់គ្នា ហើយបានគិតពីលោកឈុត វុទ្ធីដែរ ហើយគិតពីទាំងអស់គ្នាដែលបានធ្វើបាតុកម្មទៅជួយបរិស្ថាននៅក្នុងស្រុកខ្មែរយើង ហើយខ្ញុំបានគិតពីប្រជាជនក្នុងតំបន់អារ៉ែងដែរ។ កន្លែងខ្ញុំបានទៅថត»។
កញ្ញាបានសួរថា តើកម្ពុជាគួរតែគិតពីលុយ ពីអំណាច និងពីទ្រព្យសម្បត្តិតែ ប៉ុណ្ណឹងឬក៏គិតអំពីសេចក្តីស្រឡាញ់ សេចក្តីមេត្តាចំពោះជនរួមជាតិ និង ជីវភាពរស់នៅក្នុងសន្តិភាព និងសុខដុមរមនាជាមួយនឹងធម្មជាតិ?
នាងបានបន្តថា នៅពេលសួរសំណួរទៅកាន់ជនរងគ្រោះដោយសារដីធ្លីនៅអារ៉ែងដែលគេផ្តល់អាជ្ញាបណ្ណទៅដល់ក្រុមហ៊ុនចិនដើម្បីធ្វើវារីអគ្គិសនីនោះ ពួកគេបាននិយាយថា ពួកគេមិនចង់បានអ្វីក្រៅពីធម្មជាតិ ដីធ្លី ព្រៃព្រឹក្សា បរិស្ថាននោះឡើយ។
«អញ្ចឹងគាត់អត់ចង់បានលុយ។ គាត់ចង់បានដី។ គាត់ចង់បានធម្មជាតិរបស់គាត់។ ហើយខ្ញុំគិតថា ប្រជាជនទាំងអស់គ្នានៅក្នុងស្រុកខ្មែរយើងមានគំនិតអញ្ចឹងដែរ មានគំនិតថា ធម្មជាតិសំខាន់ជាងអ្វីៗទាំងអស់»។
ប្រទេសកម្ពុជាត្រូវអង្គការអ្នកកាសែតគ្មានព្រំដែនដាក់ចំណាត់ថ្នាក់ទី១៤៤ ក្នុងចំណោម១៨០ប្រទេសនៃសេរីភាពសារព័ត៌មានពិភពលោកក្នុងឆ្នាំ២០១៤។ ហើយត្រូវអង្គការ Freedom House របស់ស.រ.អា.បានចាត់បញ្ចូលទៅក្នុងប្រទេសដែលគ្មានសេរីភាពសារព័ត៌មាន៕