អង្គការអ្នកកាសែតគ្មានព្រំដែនព្រួយបារម្ភអំពីសេរីភាពព័ត៌មាននិងសិទ្ធិបញ្ចេញមតិក្នុងប្រទេសកម្ពុជា ជាពិសេសអ្នកសរសេរប្លក(Blog)។ ក្តីបារម្ភដូច្នេះកើតឡើងក្រោយពេលដែលតុលាការក្រុងភ្នំពេញបានកាត់ទោស និងផាកពិន័យលោករ៉ូពឺត វីនឆេស្ទឺឱ្យសងជំងឺចិត្តដ៏ធ្ងន់ធ្ងរ។ លោក រ៉ូពឺត វីនឆេស្ទឺ (Rupert Winchester) គឺអ្នកកាសែតជនជាតិអង់គ្លេសម្នាក់មានមូលដ្ឋាននៅរាជធានីភ្នំពេញនិងជាអ្នកសរសេរប្លក ហើយត្រូវបានកាត់ទោសពីបទបរិហារកេរ្តិ៍ ដែលអង្គការអ្នកកាសែតគ្មានព្រំដែនចាត់ទុកថា ជាដំណើរការរំខានមួយ។
ការកាត់ក្តីនេះកើតឡើងប៉ុន្មានខែបន្ទាប់ពីមានការបែកធ្លាយសេចក្តីព្រាងច្បាប់ ប្រព័ន្ធអ៊ីនធឺណិត។
អង្គការនេះបានចោទសួរថានៅក្នុងប្រទេសដែលគណបក្សកាន់អំណាចគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយស្ទើរតែទាំងអស់នោះ តើអ្នកកាសែតឯករាជ្យ និងអ្នកផ្តល់ព័ត៌មាន ឯករាជ្យតាមប្រព័ន្ធអ៊ីនធឺណិត អាចមានសេរីភាពបញ្ចេញទស្សនៈរបស់គេ និងផ្សព្វផ្សាយព័ត៌មានរយៈពេលប៉ុន្មានទៀត?
កាលពីថ្ងៃទី៤ខែមិថុនា លោក Winchester បានផ្សព្វផ្សាយលើប្លករបស់លោក ដែលមានឈ្មោះថាThe Mighty Penh អំពីការអភិរក្សសំណង់ស្ថាបត្យកម្មខ្មែរ ដោយសរសេរថា ក្រុមហ៊ុន អភិវឌ្ឍន៍មួយ ចង់លក់វីឡាជំនាន់បុរាណឬជំនាន់អាណានិគមបារាំងមួយកន្លែងតម្លៃ ១៤លាន ដុល្លារសរអា ដែលអាចនឹងត្រូវគេបំផ្លាញចោលហើយសាងសង់អគា៧ជាន់ជំនួសវិញ។ ក្រុមហ៊ុន បារាំងមួយនោះបដិសេធ ហើយប្តឹង លោក Winchester ទៅតុលាការ។
តុលាការក្រុងភ្នំពេញបានសម្រេចជម្រះរឿងក្តីនេះហើយបានសម្រេចឲ្យសងជំងឺចិត្តចំនួន ២៥.០០០ ដុល្លារដល់ដើមបណ្តឹងជនជាតិបារាំងនិងពិន័យជាប្រាក់២០០០ដុល្លារ សរអាពីបទបរិហាកេរ្តិ៍៕