ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បំពុល​សម្លាប់​អ្នក​កាសែត​ឥណ្ឌូនេស៊ី​នៅ​តែ​មិន​ទាន់​ដោះស្រាយ


ឯកសារ - បាតុករ​ឥណ្ឌូនេស៊ី​ម្នាក់​ស្រែក​ពាក្ស​ស្លោក​​ខណៈ​ដែល​គាត់​កាន់​បដា​រូប​លោក Munir Said Thalib ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅ​ខាង​ក្រៅ​​​ការិយាល័យ​នៃ​ទី​ភ្នាក់ងារ​ស៊ីប​ការណ៍​សម្ងាត់​ជាតិ (BIN) ក្នុង​​រដ្ឋធានី​ចាកាតា។
ឯកសារ - បាតុករ​ឥណ្ឌូនេស៊ី​ម្នាក់​ស្រែក​ពាក្ស​ស្លោក​​ខណៈ​ដែល​គាត់​កាន់​បដា​រូប​លោក Munir Said Thalib ក្នុង​អំឡុង​បាតុកម្ម​មួយ​នៅ​ខាង​ក្រៅ​​​ការិយាល័យ​នៃ​ទី​ភ្នាក់ងារ​ស៊ីប​ការណ៍​សម្ងាត់​ជាតិ (BIN) ក្នុង​​រដ្ឋធានី​ចាកាតា។

មួយ​ទសវត្សរ៍​ក្រោយ​ពី​ការ​សម្លាប់​សកម្មជន​សិទ្ធិ​មនុស្ស​ឈ្មោះ ​Munir Said Thalib នៅ​ឥណ្ឌូនេស៊ី​នោះ ករណី​នេះ​នៅ​មិន​ទាន់​ដោះស្រាយ​នៅ​ឡើយ​ តែ​ក៏​មិន​ទាន់​មាន​អ្នក​ណា​ភ្លេច​ដែរ។​ មួយ​ថ្ងៃ​មុន​លោក​ Joko Widodo ​ប្រធានាធិបតី​ជាប់​ឆ្នោត​របស់​ប្រទេស​នេះ ចូល​កាន់​តំណែង​នោះ​ មាន​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​ឲ្យ​ប្រធានាធិបតី​ថ្មី​ដែល​គាំទ្រ​កំណែ​ទម្រង់​នេះ ​បើក​ការ​ស៊ើប​អង្កេត​ករណី​នេះ។​

នៅ​ពេល​ដែល​សិទ្ធិ​ជន​ស៊ីវិល​និង​សេរីភាព​បញ្ចេញ​មតិ​ត្រូវ​គាប​សង្កត់​នោះ​ លោក Munir Said Thalib ​បាន​តស៊ូ​យ៉ាង​ខ្លាំង​ដើម្បី​បង្ហាញ​អំពី​ការ​រំលោភ​បំពាន​នានា​របស់​រដ្ឋ។​

ក្នុង​តំណាក់កាល​ដំបូង​នៃ​ប្រជាធិបតេយ្យ​អន្តរកាល​ដ៏​រង្គោះ​រង្គើរ​នៅ​ប្រទេស​នេះ​ លោក ​Munir ​បាន​ជួយ​បង្ហាញ​ភស្តុតាង​អំពី​ការ​ចូល​ពាក់​ព័ន្ធ​របស់​កងទ័ព​ក្នុង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​ទីម័រ​ខាង​កើត​និង ​Aceh។​

លោក​ក៏​បាន​ចោទ​មន្ត្រី​ជាន់ខ្ពស់​ពីរ​នាក់​ក្នុង​ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​របស់​រដ្ឋ​ថា ​បាន​ជាប់​ទាក់ទងនឹង​ការបង្ក្រាប​ដោយ​កងទ័ព​ ដែល​មាន​មនុស្ស​ស្លាប់​ រួមទាំង​ការ​ចាប់​ពង្រាត់​ និង​ការ​បាត់ខ្លួន​សកម្មជន​និស្សិត ​អំឡុង​ពេល​មាន​ការ​បះបោរ​ ដែល​បាន​បណ្តាល​ឲ្យ​លោក​អតីត​ប្រធានាធិបតី ​Suharto​ ធ្លាក់​ពី​តំណែង។​

ប៉ុន្តែ​ការ​និយាយ​ការណ៍​ពិត​អំពី​អ្នក​មាន​អំណាច​នាំ​ឲ្យ ​Munir ​មាន​ផល​វិបាក។​ នៅ​ពេល​លោក​ជិះ​យន្តហោះ​ទៅ​ទីក្រុង​ Amsterdam​ នៅ​ថ្ងៃ​ទី៧​ ខែ​កញ្ញា​ ឆ្នាំ​២០០៤​ ​លោកMunir ​ត្រូវ​គេ​បំពុល​ដោយ​ជាតិ​ ​Arsenic ​ហើយ​លោក​បាន​ស្លាប់​មុន​ពេល​យន្តហោះចុះចត។​

គេ​មិន​ដឹង​ច្បាស់​ទេ​ថា​តើ​លោក​ត្រូវ​គេ​បំពុល​ស្លាប់​នៅ​ពេល​លោក​ជិះ​យន្តហោះ​អាកាសចរណ៍​ឥណ្ឌូនេស៊ី​ Garuda ​ឬ​នៅ​ក្នុង​តំណាក់​កាល​លោក​ធ្វើ​ដំណើរ​ឆ្លង​កាត់​នៅ​ប្រទេស​សឹង្ហបុរី ​ប៉ុន្តែ​មតិ​ជា​ច្រើន​ជឿ​ថា ​អ្នក​នៅ​ពី​ក្រោយ​ការ​សម្លាប់​លោក​មិន​ដែល​ប្រឈមមុខ​នឹង​តុលាការ​ទេ។​

លោក ​Ardi Mantro Aridputra អ្នក​ស្រាវជ្រាវ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ឥណ្ឌូនេស៊ី​ឈ្មោះ ​Indonesian​ Human Rights Monitor​ ជា​អង្គការ​ដែល​ដឹកនាំដោយ​លោក​Munir ​មុន​ពេល​លោក​ស្លាប់​នោះ​ និយាយ​ថា​ ករណី​នេះ​គឺ​ជា​ការ​ពិសោធន៍​មួយ​សម្រាប់​ឥណ្ឌូនេស៊ី។

លោក​ Ardi​ និយាយ​ថា ​ប្រធានាធិបតី​ជាប់​ឆ្នោត​ត្រូវ​តែ​ប្រកាន់​ជំហរ​រឹងមាំ​ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ក្នុង​ពេល​អនាគត។ ​ប្រសិន​បើ​លោក​នៅ​តែ​បន្ត​និទណ្ឌភាព​សម្រាប់​អ្នក​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​តទៅ​ទៀត ​នោះ​ប្រទេស​ឥណ្ឌូនេស៊ី​នឹង​មិន​អាច​ដោះស្រាយ​បញ្ហា​របស់​ខ្លួន​បាន​ទេ​ក្នុង​ពេល​អនាគត។​

មាន​មនុស្ស​៣​នាក់​ក្នុង​ក្រុមហ៊ុន​អាកាសរចណ៍​ឥណ្ឌូនេស៊ី​ Garuda​ នោះ​ត្រូវ​បាន​កាត់​ទោស​ទាក់ទង​នឹង​ឃាតកម្ម​នោះ ​ប៉ុន្តែ​គេ​ជឿ​ថា ​អ្នក​ទាំង​នេះ​មិន​មែន​ធ្វើ​ដោយ​ចិត្ត​ឯង​ទេ។​

ក្រុម​សកម្មជន​សង្ស័យ​ថា ​ជនជាប់​ចោទ​ទាំង​នោះ​ធ្វើតាម​បញ្ជា​ពី​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ជាតិ ​ដោយ​សម្មជន​ទាំងនេះ​លើក​យក​ភស្តុតាង​អំពីការ​ហៅ​ទូរស័ព្ទ​ និង​ការ​ដែល​អំឡុង​ពេលនោះ ​អនុ​ប្រធាន​ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​បានទៅ​ជួប​លោក ​Pollycarpus​ Priyanto ​ក្នុង​ពន្ធនាគារ​ដែល​ជា​ជន​សង្ស័យ​ម្នាក់។​

ប៉ុន្តែ​អំឡុង​ពេល​ដំណើរការ​កាត់ទោស​នោះ​ សកម្ម​ជន​និយាយ​ថា​ ភស្តុតាង​ត្រូវ​រាំង​ខ្ទប់​ ហើយ​សាក្សី​សំខាន់ៗ​បាន​ដក​ការ​ផ្តល់​សក្ខីកម្ម​របស់​ខ្លួន។​

ទូរលេខ​ការទូត​មួយ​របស់​ស.រ.អា.​ក្នុងឆ្នាំ​២០០៧ ​បញ្ចញ​ដោយ ​Wikileaks​ ក៏ បាន​បង្ហាញ​ថា មានសាក្សី​ចោទ​ប្រកាន់​ថា ​លោក ​Abdullah Mahmud Hendropriyono​ អតីត​ប្រធាន​ទីភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​រដ្ឋ ​បាន​ធ្វើ​ជា​អធិបតី​នៃ​កិច្ច​ប្រជុំ​ដែល​គេ​ធ្វើផែនការ​សម្លាប់​លោក Munir។​

នៅ​ដើម​សប្តាហ៍​នេះ លោក​ John Kerry ​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​ «ការ​ទទួល​ខុសត្រូវ​នៅ​តែ​មិន​ច្បាស់លាស់​សម្រាប់​អ្នក​ដែល​សង្ស័យ​ថា​ ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នេះ»។​

លោក​ Aleksius Jemadu ​ព្រឹទ្ធ​បុរស​មហា​វិទ្យាល័យ​វិទ្យា​សាស្ត្រ​នយោបាយ​នៅ​សាកល​វិទ្យាល័យ​ ​Pelita Harapan ​ថ្លែង​ថា​ ថ្វី​បើ​មាន​ការ​គាប​សង្កត់​ជាថ្មី​ក្តី ​លោក​ ​Joko Widodo​ ប្រធានាធិបតី​ជាប់​ឆ្នោត​ទំនង​ជា​នឹង​មិន​បើក​សំណុំ​រឿង​នេះ​ឡើង​វិញ​ទេ។​

«វប្បធម៌​និទណ្ឌភាព​មាន​សភាព​ខ្លាំង​ក្លា​ណាស់ ​មាន​ទ្រង់​ទ្រាយ​ធំ ហើយ​ខ្ញុំមិន​គិត​ថា ​លោក ​Joko ​Widodo ​មាន​លទ្ធភាព​ទេ​គឺ​មិនមាន​បទ​ពិសោធន៍​ដើម្បី​ប្រឈម​នឹង​បញ្ហា​ធំ​បែប​នេះ​ទេ ​ព្រោះ​ថា ​ចំពោះ​ខ្ញុំ ​ខ្ញុំ​គិត​ថា មាន​ការ​ព្រមព្រៀង​គ្នា​ធ្វើ​ល្បិចកល​ក្នុង​ចំណោម​អ្នកធំ ​អ្នកមាន​អំណាច​ដែល​ថា ​គេ​មិន​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​កន្លង​មក​ទេ​គឺ​មិន​ត្រូវ​ស៊ើប​អង្កេត​ដល់​កម្រិត​ដែល​គេ​ចង់​បាន ​ឬ​ដែល​ស.រ.អា.​អាច​នឹង​ចង់​បាន​នោះ​ទេ»។​

ក្នុង​អំឡុង​លោក​កាន់​តំណែង​ក្នុង​អាណត្តិ​ទីមួយ​ លោក​ប្រធានាធិបតី​ Susilo Bambang ​Yudhoyono ​បាន​បង្កើត​ក្រុម​ឯករាជ្យ​មួយ​ធ្វើការ​ស៊ើប​អង្កេត​ករណី​នេះ។ ​តែ​ទោះ​ជា​មាន​ចែង​ក្នុង​ក្រិត្យ​ប្រធានាធិបតី​លេខ​១១១/២០០៤​ក្តី លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នោះ​មិន​ដែល​ត្រូវ​គេ​ផ្សាយ​ជា​សាធារណៈ​ទេ។​

ឥឡូវ​នេះ​សកម្មជន​កំពុង​ជំរុញ​ឲ្យ​លោក​ Joko Widodo ​ប្រធានាធិបតី​ជាប់ឆ្នោត​ បង្ហាញ​លទ្ធផល​នោះ​ឲ្យមាន​តម្លាភាព​ ក្រោយពី​លោក​ចូល​កាន់​តំណែង​នៅ​ខែ​ចុង​តុលា​នេះ។​

តែ​ប្រហែល​ជា​ដោយ​សារតែ​ហេតុផល​នយោបាយ​ លោក​ Joko Widodo​ បាន​យក​ចិត្ត​មន្ត្រី​ពីរនាក់ដែលមាន​បញ្ហា​ប្រវត្តិ​សិទ្ធិ​មនុស្ស​ ដោយ​ឲ្យចូល​ក្នុង​មជ្ឈដ្ឋាន​ផ្ទៃក្នុង​ធ្វើការ​ងារ​របស់​លោក ​មន្ត្រីម្នាក់​គឺ​លោក​ Hendropriyono ​គឺបុរស​ដែល​បណ្តាញ​ព័ត៌មាន​ Wikileaks​ បាន​ផ្សព្វផ្សាយ។​

ថ្វីបើ​លោក ​Joko Widodo ​ទាក់ទាញ​សន្លឹក​ឆ្នោត​ឥណ្ឌូនេស៊ី​ ដោយ​មិន​អួតអាង​ និង​បាន​តាំងចិត្ត​ការពារ​សិទ្ធិ​មនុស្ស​នោះ ​លោក​មិន​ដែល​និយាយ​ជាក់លាក់​ថា​ លោក​នឹង​ដោះស្រាយ​សំណុំ​រឿង​របស់​លោក​ Munir​ នេះ​ទេ។​

លោក​ Haris ​Azhar​ អ្នកសម្រប​សម្រួល​នៃ​អង្គការក្រៅ​រដ្ឋាភិបាល​ឈ្មោះ​ គណៈ​កម្មការ​សម្រាប់​មនុស្ស​បាត់​ខ្លួន ​និង​ជន​រងគ្រោះ​នៃ​អំពើ​ហិង្សា​ និយាយ​ថា​ ប្រទេស​ឥណ្ឌូនេស៊ី​ត្រូវការ​មេ​ដឹក​នាំ​ក្លាហាន។​

«ករណី​នេះ​មាន​អ្វីៗ​គ្រប់យ៉ាង ​ដូចជា​ភស្តុតាង ​ការ​គាប​សង្កត់​ និង​ចំណាប់​អារម្មណ៍​សាធារណជន គឺ​មាន​ទាំង​អស់។ អ្វីដែល​យើង​ត្រូវ​ការ​នោះ​គឺ​រដ្ឋាភិបាល​ដែល​មាន​សេចក្តី​ក្លាហាន​តែ​ប៉ុណ្ណោះ​ ដើម្បី​ដោះស្រាយ​ករណី​នេះ»។​

តែ​នៅពេល​ចូល​កាន់តំណែង​ លោក​ Joko Widodo​ រំពឹង​ថា​ នឹង​ដោះស្រាយ​បញ្ហា​សំខាន់​ពីរ​ជាអាទិភាព​គឺ​បញ្ហា​រសើប​ខាង​នយោបាយ​ ដូច​ជា​ប្រាក់​បម្រុង​ឧបត្ថម្ភ​ស្តុក​ប្រេង ​និង​ការ​ចរចា​ក្នុង​សភា​ដែល​ក្នុង​នោះ​ដៃ​គូ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​របស់​លោក​ដែល​មាន​សំឡេង​ភាគ​តិច​ក្នុង​សភា៕

ប្រែ​សម្រួល​ដោយ ពិន ស៊ីសុវណ្ណ

XS
SM
MD
LG