ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​កាសែត​ជិត​ដប់​នាក់​ត្រូវ​ចាប់​ខ្លួន​ក្នុង​ពេល​ថ្មីៗ​នេះ


អ្នក​កាសែត​កម្ពុជា (រូប​ឯកសារ)
អ្នក​កាសែត​កម្ពុជា (រូប​ឯកសារ)

នៅ​ក្នុ​ងអំឡុង​ខែ​កញ្ញា​នេះ ​យ៉ាង​តិច​មាន​អ្នក​កាសែតប្រាំបី​នាក់​នៅ​តាម​បណ្តា​ខេត្តចំនួន​ពីរ​គឺ​ខេត្ត​កំពង់ឆ្នាំង​ និង​ខេត្ត​កំពត ត្រូវ​ចាប់ឃាត់​ខ្លួន​ និង​ចោទ​ប្រកាន់​ដោយ​តុលាការ​ពី​បទ​កំហែង​ទារ​ប្រាក់។​

ចំណាត់ការ​មួយ​ចំនួន​ត្រូវ​គេ​ដឹង​ថា ​កើត​ចេញ​ដោយ​មាន​បណ្តឹង​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ជា​ស្ថាប័ន​របស់​រដ្ឋា​ភិបាល។​

អ្នក​កាសែត​ទាំង​នោះមក​ពីអង្គភាព​សារ​ព័ត៌មាន​ដើម​អម្ពិល ​ទូរទស្សន៍​អប្សរា ទូរទស្សន៍​ហង្សមាស ​កាសែត​ថ្ងៃ​នេះ​ កាសែត​នគរវត្ត ​សមាជិក​សមាគម​អ្នក​កាសែត​ប្រជា​ធិបតេយ្យ​ ស្ថានីយ​ទូរទស្សន៍​ខ្មែរ​ប៉ុស្តិ៍​លេខ​៩។​

ក្រុម​អ្នក​ជំនាញ​បាន​មើល​ឃើញ​ពី​ភាព​មិន​ច្បាស់​លាស់​នៅ​ក្នុង​ការ​បំពេញ​វិជ្ជាជីវៈ​ឲ្យ​បាន​ត្រឹម​ត្រូវ​របស់​ស្ថាប័ន​ព័ត៌មាន​និង​របស់​ស្ថាប័ន​រដ្ឋ។​

លោក ​សេក បរិសុទ្ធ ​ប្រធាន​ក្រុម​ប្រឹក្សា​ក្រម​សីលធម៌​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ បាន​អត្ថាធិប្បាយ​ដោយ​ផ្អែក​លើ​មូលដ្ឋាន​វិជ្ជាជីវ​អ្នក​សារព័ត៌មាន​ និង​ការ​ឆ្លៀត​ឱកាស​រួម​ទាំង​ការ​ការពារ​ផលប្រយោជន៍​របស់​ជន​ពុករលួយ។​

«វា​អាស្រ័យ​ទៅ​លើ​ការណ៍​ពិត​ពី​ព្រោះ​វាអាច​កើត​ទៅ​រួច។ ពេល​ខ្លះ​អ្នក​កាសែត​ធ្វើ​ទៅ​ប៉ះពាល់​លើ​ផល​ប្រយោជន៍​បុគ្គល​ខូច ​ហើយ​បុគ្គល​នោះ​ធ្វើ​បាប​អ្នក​កាសែត។​ ប៉ុន្តែ​វា​អាច​ទៅ​រួច​ដែរ​ ក្នុង​ករណី​ខ្លះ ​អ្នក​សារព័ត៌មាន​ប្រើប្រាស់​តួនាទីដើម្បី​ផល​ប្រយោជន៍ ​ដើម្បី​លាភ​សក្ការៈ​ដែល​ខុស​ទៅ​នឹង​គោល​ការណ៍​ដែរ»។​

ប្រទេស​កម្ពុជា​មាន​កាសែត ​និង​ទស្សនាវដ្តី​ដែល​ចុះ​បញ្ជី​នៅ​ក្រសួង​ព័ត៌មាន​រាប់​រយ ​ក៏ប៉ុន្តែ​មាន​សារ​ព័ត៌មាន​ដែល​ចេញផ្សាយ​ទៀងទាត់​មួយ​ក្តាប់តូច​តែ​ប៉ុណ្ណោះ។​ អ្នក​យក​ព័ត៌មាន​មួយ​ចំនួន​ ជាពិសេស​នៅ​តាម​មូលដ្ឋាន​ខេត្ត​នានា​ ត្រូវ​គេ​រំឭក​អំពី​ការ​បំពេញ​តួនាទី​ជំនួស​សមត្ថកិច្ច​ ដូចជា​រដ្ឋបាល​ព្រៃ​ឈើ​ ឬ​ភ្នាក់ងារ​គយ ​ឬ​ក៏​ភ្នាក់ងារ​ប៉ូលិស​ និង​កង​រាជ​អាវុធហត្ថ​ជា​ដើម។​

លោក​ អ៊ូ វីរៈ ​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​របស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​លើក​ឡើង​ថា ​ការចាត់​ការ​លើ​អ្នក​យក​ព័ត៌មាន​ដែល​មាន​កំហុស​គឺ​ជា​រឿង​ត្រឹមត្រូវ។ ​ប៉ុន្តែ​ការ​ឆ្លៀត​ឱកាស​បាន​របស់​អ្នក​កាសែត​ក៏​អាច​បណ្តាល​មក​ពី​អំពើ​ខុស​ច្បាប់​របស់បុគ្គលអ្នក​ប្តឹង​នោះ​ដែរ។​

«មិន​មែន​អ្នក​កាសែត​ទាំងអស់​ទេ​ ប៉ុន្តែ​នៅ​តាម​ខេត្ត​មួយ​ចំនួន ​មិនមែន​អាជីព​ទេគ្រាន់​តែ​កន្លែង​មួយ​ដើម្បី​ទៅ​សំឡុត​គេ​យក​លុយ​ទេ។ ​ហើយ​នៅ​ប្រទេស​យើង​ភាគ​ច្រើន​ដែល​គាត់​សម្លុត​បាន​គឺ​អ្នក​នោះ​ខុស​ច្បាប់​ដែរ​ទេ។ ​ដូចជា​សម្លុត​អ្នក​ដឹក​ឈើ ​ឬ​ជួន​កាល​សម្លុត​អ្នក​ធ្វើ​អាជីវកម្ម​ក៏​មាន​ដែរ ​តែ​សុទ្ធ​តែ​អ្នក​ប្រព្រឹត្ត​នូវ​អំពើ​ខុស​ច្បាប់​ដែរ​ទេ។ ​បើសិន​ជា​ទាក់​ទង​រឿង​សម្លុត​យក​លុយ​អ្វី​ហ្នឹង​ គួរ​តែ​ចាប់​ជន​ល្មើស​នោះ​ដែរ។​ បើ​យើង​ទុក​ឲ្យ​ម្នាក់ៗ​យក​តួនាទី​អ្នក​កាសែត​ធ្វើ​ដូច្នេះ​ វា​ខូច​ឈ្មោះ​ដល់​សេរីភាព​សារ​ព័ត៌មាន​ផង​ដែរ»។​

ក្នុង​ចំណោម​អ្នក​កាសែត​ទាំង​ប្រាំបី​នាក់​ ដែល​ត្រូវ​ចាប់​ខ្លួន​ អ្នក​កាសែត​ចំនួន​ប្រាំមួយ​នាក់​ត្រូវ​តុលាការ​ខេត្ត​កំពង់​ឆ្នាំង​ដោះ​លែង​មក​វិញ។​ ដោយ​ឡែក​អ្នក​កាសែត​ចំនួន​ពីរ​នាក់​មក​ពី​ទូរទស្សន៍​ហង្សមាស​ និង​ទូរទស្សន៍​ខ្មែរ​ប៉ុស្តិ៍​លេខ​៩​កំពុង​ស្ថិត​ក្រោម​ចំណាត់​ការ​របស់​តុលាការ​តាម​បណ្តឹង​របស់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ។​ អ្នក​កាសែត​ទាំងពីរ​ស្ថិត​ក្នុ​ងរឿង​ដែល​មិនច្បាស់​លាស់​មួយ​ទាក់ទងនឹងព្រៃ​កោងកាង​នៅ​ក្នុ​ងឆ្នេរ​សមុទ្រ​នៃ​ខេត្ត​កំពត។​ ​រឿង​នេះ​ដែល​ទំនង​ជាបាន​ពាក់​ព័ន្ធ​ជាមួយ​ការ​សម្រេច​ចិត្ត​បែប​ណា​របស់​អាជ្ញាធរ​មូលដ្ឋាន។​

លោក​ ព្រាប កុល ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​ថា ការ​ចាប់ខ្លួន​អ្នក​កាសែតស្ថិត​ក្រោម​ការ​មន្ទិល​សង្ស័យ​នៃ​ភាព​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ខុស​ច្បាប់​បែប​ណា​មួយ។​

«ទៅ​ជំរិត​យក​លុយ​គេ​នេះ​គឺ​ខុស​ច្បាប់​ហើយ គឺ​ស្ថិត​ក្នុង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ដែរ។ ​ដូច្នេះ​បើ​សិន​ជា​អ្នក​សារ​ព័ត៌មាន​ទៅ​ជំរិត​យក​លុយ​គេ​ គំរាម​យក​លុយ​គេ​គឺ​ជា​បទ​ល្មើស​មួយ។​ ប៉ុន្តែ​ចំណុច​ដែល​មន្ទិល​សង្ស័យ​នោះ​គឺ​ថា ​តើ​គាត់​ទៅ​ជំរិត​យក​លុយ​អ្នកណា​ ហើយ​អ្នក​ដែល​គាត់​ទៅ​ជំរិត​យក​លុយ​នោះ​បាន​ធ្វើ​អ្វី​ខុស? ​មាន​ចំណុច​ខ្សោយ​អី​ ទើប​អាច​អ្នក​សារ​ព័ត៌មាន​អាច​ទៅ​ជំរិត​ឬ​គំរាម​ទារ​ប្រាក់»។​

វីអូអេ​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​ពន្យល់​ពីលោក ​ឱម យ៉ិនទៀង ​ប្រធាន​អង្គភាព​របស់​រដ្ឋាភិបាល​ប្រឆាំង​អំពើ​ពុក​រលួយ​ តែមិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។​
ទោះ​ជា​យ៉ាង​ណា ​លោក​ផៃ ស៊ីផាន​ រដ្ឋលេខាធិការ​ និង​ជាអ្នក​នាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​មើល​ឃើញ​ថា មាន​ការ​ប្រព្រឹត្ត​លើស​ដែន​កំណត់​របស់​វិជ្ជាជីវៈ​សារ​ព័ត៌មាន​មួយ​ចំនួន​ ហើយ​នេះ​ជា​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​តែ​ប៉ុណ្ណោះ។​

ទោះ​ជា​បែប​នេះ​ក្តី ​ចំណាត់​ការ​លើ​អ្នក​កាសែតតាម​បណ្តឹង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នេះបង្ហាញ​ពីចំណាត់​ការ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើមួយ​ដែល​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​នៃ​ការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ។

លោក​ព្រាប កុល ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​ថា ​ការ​វាយ​សំពង​លើ​អំពើ​ពុក​រលួយ​មាន​ប្រសិទ្ធិភាព​ច្រើន​នៅ​ប្រទេស​មួយ​ចំនួន​គឺ​ត្រូវ​បោស​សំអាត​លើ​មន្ត្រីកាន់​មុខ​ការ​សាធារណៈ​ដែល​មាន​បណ្តា​ស័ក្តិធំ​និង​មាន​តួនាទី​ផ្តាច់មុខ​ ហើយ​ចំណាត់​ការត្រូវ​ធ្វើ​ជា​ប្រព័ន្ធ។​

ដោយ​ឡែក​ លោកសេក បរិសុទ្ធ ​ប្រធាន​ក្រុម​ប្រឹក្សា​ក្រម​សីលធម៌​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ យល់​ថា ​ចំណាត់​ការ​ជា​ទូទៅ​លើ​អំពើ​ពុក​រលួយ​ត្រូវ​ផ្តោត​លើ​ទាំង​វិធានការ​អប់រំ​ និង​វិធាន​ការ​ច្បាប់ ​រាប់​បញ្ចូល​ទាំង​ការ​អប់រំ​លើ​អ្នក​កាសែត​ផង​ដែរ៕

XS
SM
MD
LG