ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក បារាំង និង​រុស្ស៊ី ជំរុញ​ឲ្យ​មាន​ការបញ្ឈប់​ការប្រយុទ្ធគ្នា​ក្នុង​តំបន់ Nagorno-Karabakh


ស្ត្រី​ម្នាក់​ដែល​បាន​ភៀសខ្លួន​ចេញពី​តំបន់ Nagorno-Karabakh អង្គុយ​នៅក្នុង​កន្លែង​មួយ​ក្នុង​ក្រុង Goris ដែល​នៅ​ជាប់ព្រំដែន​កាលពី​ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២០ ចំ​ពេល​មាន​ការប្រយុទ្ធ​គ្នា​រវាង​ប្រទេស​អាមេនី និង​អាស៊ែបៃហ្សង់។

សហរដ្ឋ​អាមេរិក បារាំង និង​រុស្ស៊ី បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួមគ្នា​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ ដោយ​ជំរុញ​ឲ្យ​មាន​ការ​ឈប់​វាយ​ប្រយុទ្ធ​គ្នា​រវាង​ប្រទេស​អាមេនី និង​អាស៊ែបៃហ្សង់ នៅ​ក្នុង​តំបន់​ជម្លោះ Nagorno-Karabakh។

ក្នុង​នាម​ជា​តំណាង​ឲ្យ​ប្រទេស​សហ​ប្រធាន​នៃ​ក្រុម Minsk Group របស់​អង្គការ​សន្តិសុខ​និង​កិច្ច​សហ​ប្រតិបត្តិការ​អឺរ៉ុប (OSCE) ដែល​ជា​អង្គការ​មាន​ភារកិច្ច​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov រដ្ឋមន្ត្រី​ការបរទេស​បារាំង​លោក Jean-Yves Le Drian និង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​ថ្កោលទោស​អំពើ​ហិង្សា​នៅ​តំបន់ Nagorno-Karabakh ដែល​បាន​កើតឡើង​ជាង​មួយ​សប្ដាហ៍​កន្លង​មក។

សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​របស់​ប្រទេស​ទាំង ៣ បាន​បញ្ជាក់​ថា៖ «រដ្ឋមន្ត្រី​ការបរទេស​សង្កត់ធ្ងន់​ដោយ​ឥត​លក្ខខណ្ឌ​ថា ការ​វាយ​ប្រហារ​កាល​ពី​ពេល​ថ្មីៗ​នេះ ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​បាន​សំដៅ​លើ​កន្លែង​ជន​ស៊ីវិល​ទាំង​នៅ​តាម​បណ្ដោយ​ព្រំដែន និង​នៅ​ក្នុង​ដែនដី​នៃ​ប្រទេស​អាស៊ែបៃហ្សង់ និង​ប្រទេស​អាមេនី​នៅ​ក្រៅ​តំបន់​ជម្លោះ Nagorno-Karabakh បូក​រួម​ទាំង​ទិដ្ឋភាព​មិន​ស៊ី​មេទ្រី​គ្នា​នៃ​ការ​វាយ​ប្រហារ​ដូច​នេះ គឺ​បាន​បង្កើត​ឲ្យ​មាន​នូវ​ការ​គំរាមកំហែង​ដែល​មិន​អាច​ទទួល​យក​បាន​ចំពោះ​ស្ថិរភាព​នៅ​ក្នុង​តំបន់»។

បើ​យោង​តាម​អង្គការ​សហប្រជាជាតិ ជម្លោះ​រាលដាល​នេះ​បាន​ធ្វើ​ឲ្យ​ជន​ស៊ីវិល​ជាង ៤០ នាក់​ស្លាប់ មនុស្ស​ជាង ២០០ នាក់​ទៀត​រង​របួស ហើយ​ផ្ទះ​សម្បែង​ជា​ច្រើន​រយ​ខ្នង​ត្រូវ​បាន​បំផ្លាញ។

លោក Stephane Dujarric អ្នក​នាំពាក្យ​អង្គការ​សហប្រជាជាតិ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា៖ «យើង​អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ទាំង​អស់​គោរព​ជា​ពិសេស​លើ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ ដោយ​ធានា​ឲ្យ​បាន​នូវ​ការ​ការពារ​ជន​ស៊ីវិល និង​ការ​ការពារ​កំុំ​ឲ្យ​ខូតខាត​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​នានា»។

នៅ​ក្នុង​ការ​ជជែក​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាមេនី និង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ែបៃហ្សង់ ឧបការី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក Stephen Biegun បាន​ជំរុញ​ឲ្យ​ភាគី​ទាំង​ពីរ​យល់ព្រម​ឈប់​វាយ​ប្រយុទ្ធ​គ្នា​ជា​បន្ទាន់ និង​បាន​និយាយ​ថា «ដំណោះ​ស្រាយ​សម្រាប់​ជម្លោះ​ក្នុង​តំបន់ Nagorno-Karabakh គឺ​មិន​ធ្វើ​ឡើង​តាម​បែប​យោធា​នោះ​ទេ»។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​អ្នកស្រី Morgan Ortagus។

ការ​ចរចា​រក​ដំណោះស្រាយ​សម្រាប់​ជម្លោះ​នេះ ​បាន​ជាប់គាំង​តាំង​ពី​មាន​កិច្ច​ព្រមព្រៀង​ឈប់​វាយ​ប្រយុទ្ធ​គ្នា​ឆ្នាំ ១៩៩៤ រវាង​ប្រទេស​អាមេនី អាស៊ែបៃហ្សង់ និង​តំបន់ Nagorno-Karabakh មក។

កិច្ច​ប្រឹងប្រែង​សន្តិភាព​សម្រាប់​ជម្លោះ​ក្នុង​តំបន់ Nagorno-Karabakh ដែល​សម្របសម្រួល​ដោយ​ក្រុម Minsk Group នៃ​អង្គការ OSCE បាន​បរាជ័យ​នៅ​ក្នុង​ឆ្នាំ ២០១០៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG