ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បារាំង រុស្ស៊ី អាមេរិក​ស្វះស្វែង​បញ្ចប់​ការប្រយុទ្ធ​គ្នា​នៅ​ក្នុង​តំបន់ Nagarno-Karabak


រូបឯកសារ៖ ទាហាន​ជនជាតិ​អាមេនី​ម្នាក់ បាញ់​កាំភ្លើងធំ​មួយ​គ្រឿង​ពេល​កំពុង​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​អាស៊ែបៃហ្សង់​នៅ​តំបន់ Nagarno-Karabak។
រូបឯកសារ៖ ទាហាន​ជនជាតិ​អាមេនី​ម្នាក់ បាញ់​កាំភ្លើងធំ​មួយ​គ្រឿង​ពេល​កំពុង​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​អាស៊ែបៃហ្សង់​នៅ​តំបន់ Nagarno-Karabak។

មេដឹកនាំ​សហរដ្ឋ​អាមេរិក បារាំង​និង​ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ឈប់​បាញ់​គ្នាជា​បន្ទាន់ ​នៅ​ពេល​មាន​ជម្លោះ​រវាង​ជាតិសាសន៍​អាមេនី​និង​កងកម្លាំង​អាស៊ែបៃហ្សង់​នៅតំបន់​ Nagarno-Karabak។ ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​នោះ បាន​សម្លាប់​មនុស្ស​រាប់​សិប​នាក់​នៅ​ក្នុង​តំបន់​កូកាសភាគ​ខាង​ត្បូង​ (South Caucasus)​ ដែល​មាន​ចលាចលក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។

សេចក្តី​ថ្លែងការណ៍រួម​មួយ​របស់លោក​ប្រធានាធិបតី Donald Trump ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ​និងប្រធានាធិបតីរុស្ស៊ី​លោក Vladimir Putin ដែល​ត្រូវផ្សព្វផ្សាយមុន​ដំបូង​គេ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​វិមាន​ក្រឹមឡាំង​របស់​រុស្ស៊ីកាលពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​បញ្ជាក់​ថា៖ «យើង​ចូលរួម​កាន់ទុក្ខ​ដល់​អ្នក​ដែល​បាន​បាត់​បង់​អាយុ​ជីវិត​និង​សម្តែង​នូវ​សមានទុក្ខ​ដល់​ក្រុមគ្រួសារ​របស់​អ្នក​ដែល​ស្លាប់​និង​រង​របួស»។

សេចក្តីថ្លែងការណ៍​នោះ បាន​បញ្ជាក់​ទៀត​ថា៖ «យើង​អំពាវនាវ​ឲ្យ​មាន​ការ​បញ្ឈប់​អារិភាព​រវាង​កងកម្លាំង​យោធា​ដែល​ពាក់​ព័ន្ធ​ទាំងអស់។ យើង​ក៏​អំពាវនាវ​ដល់​មេដឹកនាំអាមេនី និងអាស៊ែបៃហ្សង់​ ឲ្យ​ធ្វើ​ការតាំងចិត្ត​ដោយ​គ្មាន​ពន្យារ​ពេល​ដើម្បី​បន្ត​ការ​ចរចាប្រកប​ដោយ​សេចក្តី​ស្មោះត្រង់​ដោយ​គ្មាន​លក្ខខណ្ឌ​ជាមុន»។

តាម​រយៈសេចក្តី​ប្រកាស​ខាង​ការទូតនេះ សហរដ្ឋ​អាមេរិក បារាំង​និង​ប្រទេស​រុស្ស៊ី បាន​ចាប់​ផ្តើម​តួនាទី​របស់​ខ្លួន​ឡើង​វិញជា​សហ​ប្រធាន​របស់​អង្គការ​ដើម្បី​សន្តិសុខ​និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ទ្វីប​អឺរ៉ុប (OSCE) ​ដែល​មាន​ប្រវត្តិ​ពីដំណើរការ​ចរចាសន្តិភាព​ដែល​បាន​ចាប់ផ្តើម​នៅ​ពេល​មាន​ជម្លោះ​អំពី​តំបន់ Nagarno-Karabak នៅ​ដើម​ទសវត្សរ៍​១៩៩០។

ការអំពាវនាវ​រួម​គ្នា​របស់​ប្រទេសទាំងនោះ​កើត​មាន​ឡើង​ខណៈមាន​ការកើន​ឡើង​នូវ​ការ ព្រួយ​កង្វល់​ថា តួកគី​ដែល​ជា​សម្ព័ន្ធមិត្ត​ប្រពៃណី​របស់​អាស៊ែបៃហ្សង់​និង​ជា​សមាជិក​របស់​អង្គការ​អូតង់​ ហើយ​ដែលតួកគី​ត្រូវ​ពលរដ្ឋ​អាមេនី​បាន​ស្តី​បន្ទោស​ចំពោះ​ការ​ប្រល័យ​ពូជសាសន៍​ពលរដ្ឋ​របស់​ខ្លួនកាល​ពី​សតវត្សរ៍​មុន អាច​ធ្វើ​ឲ្យ​ជម្លោះ​ក្នុង​តំបន់​នោះ​រីកកាន់តែ​ធំ​ឡើង៕

XS
SM
MD
LG