ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នឹង​ពិភាក្សា​អំពី​ជម្លោះ​តំបន់ Nagorno-Karabakh នៅ​ថ្ងៃ​អង្គារ​នេះ

ក្នុងរូបភាពដកស្រង់ពីវីដេអូ​ដែល​ចេញផ្សាយ​ដោយ​ក្រសួង​ការពារជាតិ​អាមេនី​កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ បង្ហាញពី​ការប្រយុទ្ធ​គ្នារវាង​កងទ័ព​អាមេនី និង​អាស៊ែបៃហ្សង់។ អាមេនី បាន​ចោទ​អាស៊ែបៃហ្សង់ថា បាន​វាយ​ប្រហារ​លើកន្លែង​តាំងទីលំនៅ​របស់​ជនស៊ីវិល​ក្នុងតំបន់​មានជម្លោះ Nagorno-Karabakh។

អាជ្ញាធរ​ក្នុង​តំបន់ Nagorno-Karabakh បាន​ឲ្យ​ដឹង​ថា ទាហាន ៥៨ នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​នោះ​តាំង​ពី​ថ្ងៃ​អាទិត្យ នៅ​ពេល​ភាគី​ខាង​អាស៊ែបៃហ្សង់​បើក​ការ​វាយ​ប្រហារ​តាម​អាកាស​ និង​ការ​វាយ​ប្រហារ​ដោយ​កាំភ្លើង​ធំ។

នៅ​ថ្ងៃ​អង្គារ​នេះ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​គ្រោង​នឹង​ពិភាក្សា​អំពី​ការ​ប្រយុទ្ធ​គ្នា​កាន់​តែ​ខ្លាំង​ឡើង​នៅ​តំបន់ Nagorno-Karabakh។

ការ​ប្រជុំ​បិទទ្វារ​នេះ ​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​ប្រទេស​ចំនួន ៥ គឺ​ចក្រភព​អង់គ្លេស ប៊ែលហ្ស៊ិក អេស្ដូនី បារាំង និង​អាល្លឺម៉ង់ ស្របពេល​ដែល​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​នៃ​ប្រទេស​អាមេនី និង​កងទ័ព​ប្រទេស​អាស៊ែបៃហ្សង់​នៅ​តំបន់​នោះ មាន​លក្ខណៈ​កាន់តែ​ខ្លាំងឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។

បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Associated Press អ្នក​នាំ​ពាក្យ​របស់​លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​និយាយ​ជាមួយ​លោក​ប្រធានាធិបតី​អាស៊ែបៃហ្សង់​លោក Ilham Aliyev និង​នាយក​រដ្ឋមន្ត្រី​អាមេនី​លោក Nikol Pashinian និង​បាន​អំពាវនាវ​ឲ្យ «ឈប់​ប្រយុទ្ធ​គ្នា​ជា​បន្ទាន់ និង​បន្ថយ​ភាព​តានតឹង ហើយ​ងាក​មក​ចរចា​ប្រកប​ដោយ​ផ្លែផ្កា ដោយ​គ្មាន​លក្ខខណ្ឌ​កំណត់​ជាមុន ឬ​ក៏​ការ​ពន្យារពេល»។

អាជ្ញាធរ​ក្នុង​តំបន់ Nagorno-Karabakh បាន​ឲ្យ​ដឹង​ថា ទាហាន ៥៨ នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​នោះ​តាំង​ពី​ថ្ងៃ​អាទិត្យ នៅ​ពេល​ភាគី​ខាង​អាស៊ែបៃហ្សង់​បើក​ការ​វាយ​ប្រហារ​តាម​អាកាស​ និង​ការ​វាយ​ប្រហារ​ដោយ​កាំភ្លើង​ធំ។

ប្រទេស​អាមេនី​បាន​ចោទ​ប្រទេស​អាស៊ែបៃហ្សង់​ថា​ បាន​វាយ​ប្រហារ​លើ​កន្លែង​តាំង​ទី​លំនៅ​របស់​ជន​ស៊ីវិល​នៅ​ក្នុង​តំបន់ Nagorno-Karabakh ដែល​ជា​តំបន់​មាន​ជម្លោះ​នោះ។ ចំណែក​ឯ​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​អាស៊ែបៃហ្សង់​វិញ បាន​បញ្ជាក់​ថា ខ្លួន​បើក​ប្រតិបត្តិការ​យោធា​នៅ​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ «ដើម្បី​បង្ក្រាប​សកម្មភាព​ប្រទូស្តរាយ​របស់​ប្រទេស​អាមេនី និង​ដើម្បី​ធានា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ»។

តំបន់​ជម្លោះ Nagorno-Karabakh នេះ ​ត្រូវ​បាន​ក្រុម​ផ្ដាច់​ខ្លួន​អាមេនី​ដណ្ដើម​កាន់កាប់​ពី​ប្រទេស​អាស៊ែបៃហ្សង់​នៅ​ក្នុង​សង្គ្រាម​បង្ហូរឈាម​កាល​ពី​ទសវត្សរ៍ ១៩៩០។ សង្គ្រាម​នេះ ​បាន​ធ្វើ​ឲ្យ​មនុស្ស​ប្រហែល ៣ ម៉ឺន​នាក់​ស្លាប់។

ការ​ចរចា​រក​ដំណោះស្រាយ​សម្រាប់​ជម្លោះ​នេះ​ បាន​ជាប់គាំង​តាំង​ពី​មាន​កិច្ច​ព្រមព្រៀង​ឈប់​វាយ​ប្រយុទ្ធ​គ្នា​ឆ្នាំ ១៩៩៤ រវាង​ប្រទេស​អាមេនី អាស៊ែបៃហ្សង់ និង​តំបន់ Nagorno-Karabakh។

កិច្ច​ប្រឹងប្រែង​សន្តិភាព​សម្រាប់​ជម្លោះ​ក្នុង​តំបន់ Nagorno-Karabakh ដែល​សម្របសម្រួល​ដោយ​ក្រុម Minsk Group នៃ​អង្គការ​សន្តិសុខ​និង​កិច្ច​សហប្រតិបត្តិការ​អឺរ៉ុប (OSCE) បាន​បរាជ័យ​នៅ​ក្នុង​ឆ្នាំ ២០១០៕

XS
SM
MD
LG