ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រយុទ្ធ​គ្នា​រវាង​អាមេនី​និង​អាស៊ែបៃហ្សង់​បាន​ធ្លាយ​ហួស​ព្រំដែន​តំបន់​ជម្លោះ Nagorno-Karabakh


ពលរដ្ឋស៊ីវិលជ្រកក្នុងកន្លែងសុវត្ថិភាពមួយដែលស្ថិតក្នុងបន្ទប់ក្រោមដីរបស់ព្រះវិហារសាសនាគ្រិស្តនៅក្នុងតំបន់ជម្លោះ Nagorno-Karabakh ក្នុងទីក្រុង Stepanakert កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០។

ការប្រយុទ្ធ​គ្នា​រវាង​កង​កម្លាំង​ប្រទេស​អាមេនី និង​ប្រទេស​អាស៊ែបៃហ្សង់​ នៅ​តំបន់ Nagorno-Karabakh បាន​ធ្លាយ​ហួស​ព្រំដែន​តំបន់​ដែល​មាន​ជម្លោះ​នេះ​ កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

លោក Hikmet Hajiyev ជំនួយការ​របស់​ប្រធានាធិបតី​អាស៊ែបៃហ្សង់​លោក Ilham Aliyev បាន​និយាយ​ថា កង​កម្លាំង​អាមេនី​បាន​បាញ់​ផ្ដក់​គ្រាប់​កាំភ្លើង​ត្បាល់​និង​គ្រាប់​រ៉ុកកែត ​ដាក់​ទីក្រុង Ganja ដែល​ជា​ទីក្រុង​ធំ​បំផុត​ទី ២ របស់​ប្រទេស​អាស៊ែបៃហ្សង់ ដោយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់ និង ៣២ នាក់​ទៀត​រង​របួស។

លោក Hajiyev បាន​បន្ថែម​ថា កងកម្លាំង​អាមេនី​ក៏​បាន​វាយ​ប្រហារ​ទីក្រុង​ឧស្សាហកម្ម Mingachevir និង​ក្រុង​តូចៗ​ផ្សេង​ទៀត​ផងដែរ។

ការ​អះអាង​របស់​លោក Hajiyev បាន​ត្រូវ​ច្រាន​ចោល​ដោយ​កងទ័ព​អាមេនី ក៏​ប៉ុន្តែ លោក Arayk Harutyunyan មេដឹកនាំ​នៃ​តំបន់ Nagorno-Karabakh បាន​បញ្ជាក់​នៅ​ក្នុង​សារ​បង្ហោះ​លើ Facebook ថា កង​កម្លាំង​របស់​លោក​បាន​វាយ​ប្រហារ​ទីតាំង​យោធា​ក្នុង​ទីក្រុង Ganja មុន​ពេល​លោក​បញ្ជា​ឲ្យ​ពួកគេ​បញ្ឈប់​ការ​វាយ​ប្រហារ​ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​ជន​ស៊ីវិល។

លោក Harutyunyan បាន​ព្រមាន​ថា កងទ័ព​របស់​លោក​នឹង​ចាប់ផ្តើម​វាយ​ប្រហារ​ទីក្រុង​ធំៗ​ផ្សេង​ទៀត​ នៅ​ក្នុង​ប្រទេស​អាស៊ែបៃហ្សង់ ហើយ​បាន​ជំរុញ​ឲ្យ​ទីក្រុង​ទាំង​នោះ​ជម្លៀស​ពលរដ្ឋ​ជា​បន្ទាន់។

អាជ្ញាធរ​នៅ​ក្នុង​តំបន់ Nagorno-Karabakh បាន​ព្រមាន​ថា «សមរភូមិ​ចុងក្រោយ» ដើម្បី​តំបន់​នេះ បាន​ចាប់ផ្តើម​ហើយ។ កាល​ពី​ថ្ងៃ​សៅរ៍ ពួកគេ​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ «ទទួល​ស្គាល់​ឯករាជ្យភាព» របស់​តំបន់ Nagorno-Karabakh ថា​ជា «យន្តការ​ប្រកប​ដោយ​ប្រសិទ្ធភាព​តែ​មួយ​គត់ ​ដើម្បី​ស្ដារ​សន្តិភាព​ឡើង​វិញ»។

ការ​ចរចា​រក​ដំណោះស្រាយ​សម្រាប់​ជម្លោះ​នេះ​បាន​ជាប់គាំង​ តាំង​ពី​មាន​កិច្ច​ព្រមព្រៀង​ឈប់​វាយ​ប្រយុទ្ធ​គ្នា​ឆ្នាំ ១៩៩៤ រវាង​ប្រទេស​អាមេនី អាស៊ែបៃហ្សង់ និង​តំបន់ Nagorno-Karabakh មក។

កិច្ច​ប្រឹងប្រែង​សន្តិភាព​សម្រាប់​ជម្លោះ​ក្នុង​តំបន់ Nagorno-Karabakh ដែល​សម្របសម្រួល​ដោយ​ក្រុម Minsk Group នៃ​អង្គការ​សន្តិសុខ​និង​កិច្ច​សហប្រតិបត្តិការ​អឺរ៉ុប (OSCE) បាន​បរាជ័យ​នៅ​ក្នុង​ឆ្នាំ ២០១០៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG