ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​មហាផ្ទៃ៖​ ការ​សើរើ​បញ្ហា​អន្តោប្រវេសន៍​វៀតណាម​គឺ​ដើម្បី​បញ្ចប់​នយោបាយ​«ជាតិ​និយម»​នៅ​កម្ពុជា


រូបឯកសារ៖ ផ្ទះ​បណ្ដែត​ទឹករបស់​ជនជាតិ​វៀតណាមនៅ​តំបន់ទន្លេសាប​ នៅ​ខេត្ត​កំពង់ធំ កាលពី​ថ្ងៃអាទិត្យ ទី​០៧ ខែសីហា ឆ្នាំ​២០១៦។ ​(ឡេង ឡែន/វីអូអេ)

មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​អះអាង​ថា​ កិច្ច​ខិត​ខំប្រឹង​ប្រែង​ក្នុង​ការ​សើរើ​ឡើង​វិញ​ទាំង​ស្រុង​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​និង​ជន​បរទេស​នៅ​កម្ពុជា ​ក្រោយ​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ២០១៣​នោះ​ ជា​ការ​ព្យាយាម​បិទ​បញ្ចប់​នយោបាយ​«ជាតិនិយម»​ប្រឆាំង​នឹង​រដ្ឋាភិបាល។​

លោក​ ខៀវ សុភ័គ​ រដ្ឋ​លេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ​ប្រាប់​ VOA ​ថា​ រដ្ឋាភិបាល​កម្ពុជា​មើល​ឃើញ​ថា​ សំណុំ​រឿង​អន្តោ​ប្រវេសន៍​ពាក់ព័ន្ធ​នឹង​ជនជាតិ​វៀតណាម​ជា​ពិសេស ​ជា​សំណុំ​រឿង​ចម្បង​សម្រាប់​នយោបាយ​កម្ពុជា​ច្រើន​របប​ដឹកនាំ​មក​ហើយ​ រាប់​តាំង​ពី​របប​សង្គមរាស្ត្រ​និយម​មក​ដល់​របប​សាធារណ​រដ្ឋ​ខ្មែរ​និង​សម័យ​បច្ចុប្បន្ន។​

«យើង​មើល​សភាព​ការណ៍​កម្ពុជា​មើល​ អា​រឿង​ Nationalism ​ហ្នឹង ​ជាតិ​និយម​ហ្នឹង។ ​វាច្រើន​តែ​យក​ជាតិ​និយម​ហ្នឹង​ធ្វើ​ជា​អាវុធ​ដើម្បី​ផ្ដួល​រំលំ​ឬ​ក៏​ដើម្បី​រដ្ឋ​ប្រហារ​អី​បន្ដុះ​បង្អាប់​របប​ដឹកនាំ​នីមួយៗ»។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​រូបនេះ​បន្ថែម​ថា​ សំណុំ​រឿង​ជនជាតិ​វៀតណាម​រស់​នៅ​កម្ពុជា​នេះត្រូវ​បាន​ប្រើ​«គ្រាន់​ជា​លេស​ផ្ដួល​រំលំ​ឬ​ក៏​បំពាន​ទាញ​ចំណេញ​នយោបាយ​របស់​អ្នក​នយោបាយ ​និង​គណបក្ស​ផ្សេងៗ» ​ដែល​លោក​មិន​បញ្ជាក់​ឈ្មោះ។​

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ជួប​សន្ទនា​តាម​ទូរសព្ទ​កាល​ពី​ព្រលប់​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ​ជាមួយ​ប្រធាន​រដ្ឋ​វៀតណាម​លោក​ Nguyen Phu Trong ​និង​ជា​អគ្គលេខា​បក្ស​កុម្មុយនីស្ដ ​ដែល​ក្នុង​ជំនួប​នោះ​ ប្រធាន​រដ្ឋ​វៀតណាម​បាន​ទទូច​ម្ដង​ទៀត​ឱ្យ​ភាគី​កម្ពុជា​ជួយ​ «បង្កើត​លក្ខខណ្ឌ​អំណោយ​ផល» ​សម្រាប់​ការ​រស់​នៅ​របស់​ជនជាតិ​មាន​ដើម​កំណើត​ឈាម​ជ័រ​ជា​វៀតណាម​ក្នុង​ប្រទេស​កម្ពុជា។​

ត្រឹម​តែ​មួយ​ថ្ងៃ​បន្ទាប់​ពី​ជំនួប​តាម​ទូរស័ព្ទ​រវាង​នាយក​រដ្ឋមន្ត្រី​កម្ពុជា​និង​ប្រធាន​រដ្ឋ​វៀតណាម ​នោះ ក្រសួង​មហាផ្ទៃ​កម្ពុជា​បាន​ចេញ​មុខ​បំភ្លឺ​រឿង​កំណែ​ទម្រង់​អន្តោប្រវេសន៍​ ដែល​ក្រសួង​នេះ​បាន​ធ្វើ​យុទ្ធនាការ​សើរើ​ទូទាំង​ប្រទេស ​ចាប់​ពី​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៣ ​មក។​

ក្រសួង​មហាផ្ទៃ​កម្ពុជា​បាន​ចេញ​សេចក្ដី​បំភ្លឺ​ ដោយ​បាន​បង្ហាញ​ទិន្ន​ន័យ​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​លើ​បញ្ហា​ជន​អន្តោប្រវេសន៍ ​ដែល​ក្រសួង​នេះ​បាន​បរិយាយ​ថា​ជា​«គ្រោះ​ហានិភ័យ​ចំពោះ​សន្តិសុខ​ជាតិ ​សណ្ដាប់​ធ្នាប់​និង​សុវត្ថិភាព​សង្គម»។​

សេចក្តី​បំភ្លឺ​របស់​ក្រសួង​មហាផ្ទៃ​ឲ្យ​ដឹង​ថា ​ កំណែ​ទម្រង់​ដែល​បាន​បិទ​បញ្ជី​កាលពី​ខែ​មិថុនា​ ឆ្នាំ​២០១៩​ បាន​នាំ​ទៅ​ដល់​ការ​ដក​ហូត​ឯកសារ​រស់​នៅ​របស់​ជន​បរទេស​ជិត​៧ម៉ឺន​នាក់​(៦៩ ​៩៥៧​នាក់) ​ដែល​ក្នុង​នោះ​ស្ទើរ​តែ​ទាំង​អស់​ទៅ​ហើយ​ជា​ជន​ជាតិ​វៀតណាម។​ក្រសួង​មហាផ្ទៃ​បន្ថែម​ថា​ មាន​ជន​បរទេស​សរុប​ជិត​៩ម៉ឺន​នាក់ ​(៨៩ ៧៨៦​នាក់)​ កំពុង​រស់​នៅ​កម្ពុជា ​ដោយ​មាន​បណ្ណ​ស្នាក់​នៅ​ជា​អចិន្រ្តៃយ៍​ក្នុង​នាម​ជា​ជន​អន្តោប្រវេសន៍ ​ដែល​ក្នុង​នោះ​ស្ទើរ​តែ​ទាំង​អស់​ជា​ជន​ជាតិ​វៀតណាម។

ត្រង់​ចំណុច​នេះ ​លោក​ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ​មាន​ប្រសាសន៍​ថា​ នេះ​ជា​ការ​បង្ហាញ​ទិន្នន័យ​ផ្លូវ​ការ​មួយ។

«ឥឡូវ​ យើង​បញ្ចេញ​ដាក់​លើ​តុ​ទាំង​អស់​គ្នា។ ​មាន​អ្វី​ទៀត​ឥឡូវ​ហ្នឹង!»​

ខ្លឹមសារ​នៃ​សំណើ​នេះ​ត្រូវ​បាន​ផ្សាយ​ដោយ​កាសែត​ប្រជាជន​ (Nhan Dan) ​ដែល​ជា​គ្រឹះ​ស្ថាន​ឃោសនា​ផ្លូវ​ការ​របស់​បក្ស​កុម្មុយនីស្ដ​វៀតណាម​ តែ​មិន​ត្រូវ​បាន​ឃើញ​បង្ហាញ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ​ផ្សព្វផ្សាយ​ពី​ជំនួប​នោះ​ឡើយ។​សេចក្តី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​មាន​និយាយ​អំពី​ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។

លោក​ខៀវ សុភ័គ​បញ្ជាក់​ថា​ ការ​ចេញ​មុខ​ធ្វើ​អន្តរាគមន៍​ពី​សំណាក់​ក្រសួង​មហាផ្ទៃ ​ភ្លាមៗ​ក្រោយ​ជំនួប​តាម​ទូរស័ព្ទ​រវាង​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​កម្ពុជា​វៀតណាម​នោះ​ពុំ​មាន​ការ​ជាប់​ទាក់​ទង​គ្នា​នោះ​ឡើយ។ ​

«អត់​មាន​អីទេ!​ អត់​មាន​ពាក់ព័ន្ធ​អី​ទេ!​ គ្រាន់​តែ​យើង​Update​(ធ្វើ​បច្ចុប្បន្ន​ភាព)​ព័ត៌មាន ​ប៉ុណ្ណោះ​ឯង។​ហើយ​បើ​គេ​ថា​ ដើម្បី​យ៉ាង​ម៉េច​ក៏​គេ​ថា​បាន។​គេ​ចេញ​មក​អ៊ីចឹង។​ ប៉ុន្តែ​យើង​មិន​មែន​គាប់​ជួន​អ៊ីចឹង​ទេ។​យើង​ធ្វើ​តាំង​ពី​មុន​ហ្នឹង​ទៅ​ទៀត!»​

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ធ្លាប់​មាន​តំណាងរាស្ត្រ​៥៥​អាសនៈ​នៅ​រដ្ឋ​សភា​កាល​ពី​ឆ្នាំ​២០១៣ ​តទល់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​យក​បាន​៦៨​អាសនៈ​ ធ្លាប់​បាន​លើក​ឡើង​ពី​ករណី​ដែល​ជនជាតិ​ដើម​កំណើត​វៀតណាម​ អាច​ទទួល​បាន​នូវ​ឯកសារ​បញ្ជាក់​អត្ត​សញ្ញាណ​ពី​អាជ្ញាធរ​មូលដ្ឋាន​ ហើយ​ចូលរួម​បោះ​ឆ្នោត​គាំទ្រ​បក្ស​កាន់​អំណាច។​ បក្ស​ប្រឆាំង​ក៏​ធ្លាប់​លើក​ឡើង​ដែរ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​វៀតណាម​ផ្ចុង​ផ្ដើម​កាល​ពី​អំឡុង​ទស​វត្សរ៍​៨០ ​ហើយ​បាន​កាន់​អំណាច​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។​

តុលាការ​កំពូល​បាន​សម្រេច​ដោយ​រលូន​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នេះ ​កាលពី​ឆ្នាំ២០១៧។​ដោយ​ប្រតិបត្តិ​ពី​ក្រៅ​ប្រទេស ​ ក្រុម​មន្រ្តី​ជាន់​ខ្ពស់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទើប​បាន​បង្កើត​គណៈកម្មការ​កិច្ចការ​ព្រំដែន​និង​អន្តោប្រវេសន៍ ​ដែល​បណ្ដុំ​ដោយ​អ្នក​រិះគន់​រដ្ឋាភិបាល​លើ​បញ្ហា​ដោះស្រាយ​ព្រំដែន​និង​អន្តោ​ប្រវេសន៍​ជាមួយ​វៀតណាម។​

លោក ​ខៀវ សុភ័គ ​បាន​ទទួល​ស្គាល់​ថា​ គ្រា​មុន​យុទ្ធនាការ​កំណែ​ទម្រង់​អន្តោប្រវេសន៍​នេះ​ ពិត​ជា​មាន​អាជ្ញាធរ​ រដ្ឋ​បាលថ្នាក់​ក្រោម​ជាតិ​ រហូត​ដល់​អតីត​រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ​មួយ​រូប​ផង ​ជាប់​ពាក់ព័ន្ធ​ចេញ​ផ្ដល់​នូវ​ឯកសារ​«មិន​ប្រក្រតី»​បញ្ជាក់​អត្ត​សញ្ញាណ​ សញ្ជាតិ​និង​សិទ្ធិ​រស់នៅ​ដល់​ជនជាតិ​បរទេស​នានា​រាប់​ទាំង​បណ្ដា​ជន​វៀតណាម​ផង។​

នៅ​ពេល​សួរ​ថារដ្ឋ​អំណាច​នឹង​មាន​វិធានការ​អ្វី​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​ដែល​ជាប់​ពាក់​ព័ន្ធ​ទាំង​នោះ ​ លោក​ខៀវ សុភ័គ ​បាន​ឆ្លើយ​ថា៖ ​«បើ​យើង​មាន​វិធាន​ការ​អ៊ីចឹង ​បាន​សេចក្ដី​ថា​ យើង​ត្រូវ​សង់​គុក​ថែម​សម្រាប់​ ប្រហែល​ជា​ប៉ុន្មាន​ម៉ឺន​នាក់​ទៀត។​ ឥឡូវ​កំពុង​តែ​មាន​ប៉ុន្មាន​ម៉ឺន​នាក់​ហើយ»។​

អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​រូបនេះ​បន្ថែម​ថា៖​ «ដូច្នេះ​យើង​ថា​ឱ្យ​ចប់​មួយសា​ទៅ​ចុះ​ដូច​ពាក្យ​សាមញ្ញ​ថា​ឆា​ចោល​មួយ​សា !​ដាក់​ចូល​ច្បាប់​ទៅ ​ឱ្យ​ទៅ​ចាប់!ចង​ពីណា ​ បើ​មាន​ទាំង​មេឃុំ ​មាន​ទាំង​ប៉ូលិស ​មាន​ទាំង​អតីត​រដ្ឋ​លេខាធិការ។ ខ្ញុំ​មិន​បញ្ចេញ​ឈ្មោះ​ទេ»។ ​

លោក ​Phil Robertson ​អនុប្រធាន​ផ្នែក​កិច្ចការ​តំបន់​អាស៊ី​នៃ​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​(Human Rights Watch) បាន​លើក​ឡើង​ថា​ កំណែ​ទម្រង់​អន្តោប្រវេសន៍​បាន​ធ្វើឱ្យ​បណ្ដាជន​ដែល​មាន​កំណើត​វៀតណាម​រង​នូវ​ហានិភ័យ​នៃ​ការ​បំពាន​សិទ្ធិ​និង​ងាយ​រងគ្រោះ។​

លោក​ប្រាប់ ​VOA ​តាម​សារ​អេឡិច​ត្រូនិក​ថា៖​

«[រដ្ឋាភិបាល]​កម្ពុជា​គួរ​ណាស់​តែ​ដោះ​ស្រាយ​នូវ​បញ្ហា​គ្មាន​រដ្ឋ​ជ្រកកោន​[របស់​បណ្ដា​ជន​ដើម​កំណើត​វៀតណាម​ទាំង​នោះ]​ តាម​រយៈ​ការ​ផ្ដល់​ជូន​នូវ​ឯកសារ​ដែល​ទទួល​ស្គាល់​នូវ​វត្តមាន​ស្របច្បាប់​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​នេះ និង​ផ្ដល់នូវ​មាគ៌ា​ឈាន​ទៅ​ទទួល​បាន​សញ្ជាតិ​ដែល​ប្រកប​ដោយ​យុត្តិធម៌​និង​តម្លាភាព ​ដើម្បី​ជា​ការ​ទទួល​ស្គាល់​នូវ​បណ្ដាជន​ទាំង​នេះ​ថា​បាន​រស់​នៅ​ក្នុង​ប្រទេស​[កម្ពុជា]​អស់​ជា​ច្រើន​ជំនាន់​មក​ហើយ»។​

អ្នក​តស៊ូ​មតិ​ផ្នែក​សិទ្ធិ​មនុស្ស​រូបនេះ​បន្ថែម​ថា​ ប្រទេស​វៀតណាម​ខ្លួន​ឯង​ក៏​ត្រូវ​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​ផង​ដែរ​លើ​ការ​បញ្ចប់​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ក្រោម​ហេតុផល​នយោបាយ​និង​សាសនា ​លើ​បណ្ដាជន​ខ្មែរ​ក្រោម​និង​បណ្ដា​ជន​ម៉ុងតាញ៉ា​ ហើយ​ខណៈ​នេះ ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ក៏​ត្រូវ​ផ្ដល់​សញ្ជាតិ​ឲ្យ​បណ្ដា​ជន​ខ្មែរ​ក្រោម​ អាច​ទទួល​សិទ្ធិ​ជា​ពលរដ្ឋ​ស្រប​ច្បាប់​នៃ​ប្រទេស​កម្ពុជា​ផង​ដែរ។​

មាន​តែ​ការ​ផ្ដល់​ការ​ទទួល​ស្គាល់​ផ្នែក​ផ្លូវ​ច្បាប់​និង​ការ​ចាត់​វិធាន​ការ​បញ្ឈប់​ការ​រើស​អើង​ទេ ទើប​អាច​ដោះស្រាយ​បន្ថយ​ទុក្ខ​លំបាក​និង​ហានិភ័យ​សម្រាប់​បណ្ដា​ជន​ភាគ​តិច​វៀតណាម​ ខ្មែរ​ក្រោម​និង​ម៉ុងតាញ៉ា​បាន។ ​ នេះ​ជា​ការ​លើក​ឡើងរបស់លោក ​Phil Robertson៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG