ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយ​ការណ៍​អាមេរិក៖​​​ ជនជាតិ​ម៉ុងតាញ៉ា​កាន់​សាសនា​គ្រិស្ត​ ២៧​នាក់​ នៅ​ជាប់​ក្នុង​ប្រទេស​កម្ពុជា​ឆ្នាំ​មុន


រូបឯកសារ៖ ក្រុម​បុរស​ជនជាតិ​ដើម​តំបន់​ភ្នំ​វៀតណាម ឬ Montagnard ដើរ​តាម​ផ្លូវ​ចេញ​ពី​តំបន់​ព្រៃ​ជ្រៅ​នៅចម្ងាយ​​ប្រមាណ​៧០​គីឡូម៉ែត្រ​ ភាគ​ឦសាន​​ក្រុង​បានលុង​ ទី​រួម​ខេត្ត​រតនគីរី​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០០៤។

ជន​ជាតិ​តំបន់​ភ្នំ​ម៉ុងតាញ៉ាកាន់​សាសនា​គ្រិស្ត​ដែល​រត់​គេចខ្លួន​ពី​ប្រទេស​វៀតណាម​ ចំនួន ​២៧ ​នាក់​ បាន​ជាប់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​ កាល​ពី​ឆ្នាំ​មុន ខណៈ​ពួកគេ​ស្វះស្វែង​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ទី​៣។ នេះ​បើ​យោង​តាម​របាយ​ការណ៍​ថ្មី​ចុង​ក្រោយ​មួយ​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រសហ្បតិ៍​។

ការ​ចេញ​ផ្សាយ​របាយ​ការណ៍​ស្តីពី​សេរីភាព​សាសនា​អន្តរជាតិ​ ឆ្នាំ​២០១៩​នេះ ​ធ្វើ​ឡើង​ ​មុន​ទិវា​ជនភៀស​ខ្លួន​ពិភពលោក ​នៅ​ថ្ងៃ​ទី​២០ ​ខែ​មិថុនា។

របាយ​ការណ៍​នេះ​បាន​រៀបរាប់​ថា​ រដ្ឋាភិបាល​កម្ពុជា​មិន​ព្រម​អនុញ្ញាត​ឲ្យ​ជនជាតិ​ម៉ុងតាញ៉ា​ទាំង​នេះ​ទៅ​តាំង​ទី​លំនៅ​នៅ​ប្រទេស​ទី​៣ទេ ទាល់​តែ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន ​(ហៅកាត់​ថា​ UNHCR) ទទួល​បាន​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​វៀតណាម​ជាមុន​សិន។​

ប៉ុន្តែ​ UNHCR បាន​បដិសេធ​សំណើ​របស់​កម្ពុជា ដោយ​និយាយ​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​រដ្ឋាភិបាល​វៀតណាម​ដោយ​ខ្លួន​ឯង។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​ដដែល។​

ជនជាតិភាគតិច​ម៉ុងតាញ៉ា​ដែល​ធ្លាប់​មាន​ប្រវត្តិ​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​នឹង​យោធា​អាមេរិក​ក្នុង​អំឡុង​សង្គ្រាម​វៀតណាម ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ក្នុង​ប្រទេស​វៀតណាម។​

កាល​ពី​ឆ្នាំ​២០១៧ ​ជនជាតិ​ទាំង​នេះ​ដែល​ភាគ​ច្រើន​ជា​អ្នកកាន់​សាសនា​គ្រិស្ត​ ប្រមាណ ​២០០​នាក់ ​បាន​គេច​ខ្លួន​ពី​ប្រទេស​វៀតណាម ​ហើយ​បាន​ចូល​មក​កម្ពុជា​ដើម្បី​ស្វែង​រក​ឋានៈ​ជាជន​ភៀសខ្លួន។

​២៧​ នាក់​ក្នុង​ចំណោម​នោះ​បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ប៉ុន្តែ​កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​ពួកគេ ​៤​នាក់​ ត្រឡប់​ទៅ​វៀតណាម​វិញ ដែល​នាំ​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG