ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​និង​កម្ពុជា​រួម​គ្នា​អំពាវនាវ​ឱ្យ​មាន​ការ​ដោះ​ស្រាយ​វិបត្តិ​នៅ​អ៊ុយក្រែន​តាម​ផ្លូវ​ទូត


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

មេដឹកនាំ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​ លោកហ៊ុន សែន ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​បាន​ថ្លែង​គាំទ្រ​ជំហររបស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ ដែល​ចង់​ឃើញ​ការ​ដោះស្រាយ​ជម្លោះ​រស្ស៊ី ​អ៊ុយក្រែន​តាមផ្លូវ​ការទូត។

នៅ​ឯពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​មន្ទីរពេទ្យ​មិត្ត​ភាព​កម្ពុជា​ចិនត្បូង​ឃ្មុំ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​បន្ទរ​ការ​អត្ថាធិប្បាយ​របស់​ឯកអគ្គរដ្ឋទូត​ចិន​លោក Wang Wentian ដែល​បាន​អំពាវនាវ​ឲ្យមាន​ការសន្ទ​នា​គ្នា​រវាង​អង្គការ​កតិកា​សញ្ញា​អាត្លង់​ទិក​ខាង​ជើង​ (ណាតូ​) រុស្ស៊ី និងសហភាព​អឺរ៉ុប​ សម្រាប់​ការ​កសាង​សន្តិ​សុខ​ក្នុង​តំបន់​អឺរ៉ុប​។

«ការ​ចរ​ចា​នោះ​ ខ្ញុំ​យល់​ស្រប​ជាមួយ​នឹង​ទស្សនៈ​របស់​ឯកឧត្តម Wang Wentian ម្ខាង​ចរចា​រវាង​រុស្ស៊ី​ជាមួយ​នឹង​អ៊ុយក្រែន​ ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ ទ្វេភាគី​ តែម្ខាង​ទៀត​ គឺការ​ចរចា​រវាង​ណាតូ អឺរ៉ុប​ជា​មួយ​នឹងរុស្ស៊ី​ ទាក់​ទង​នឹង​ការ​ព្រួយបារម្ភ​ កង្វល់​ សមស្រប​របស់​រុស្ស៊ី​ ពាក់​ព័ន្ធទៅ​លើសន្តិសុខ​របស់​ខ្លួន»។

ក្នុង​ប្រយោគ​ខាង​លើ​ លោក ហ៊ុន សែន ចង់​សំដៅ​ទៅ​សុន្ទរកថា​ក្នុង​ពិធី​តែមួយ​ដែល​ថ្លែង​ដោយ​លោក Wang Wentian ដែល​រិះគន់​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី ស្នើ​គ្រប់​ភាគី​ចរចា ហើយ​ស្នើ​ខាង​អង្គការ​សន្ធិសញ្ញា​អាត្លង់​ទិក​ខាង​ជើង (NATO) ដោះ​ស្រាយ​កង្វល់​ផ្នែក​សន្ដិសុខ​ដែល​រុស្ស៊ី​បាន​លើក​ឡើង។

«ការដាក់​ទណ្ឌកម្ម​ទៅលើ​រុស្ស៊ី​មិនត្រឹម​តែ មិន​អាច​ជួយ​អ្វី​បាន ប៉ុន្តែ​នឹង​រំខាន​ដល់​ការ(រក)​ ដំណោះ​ស្រាយ​វិបត្តិ​នៅ​អ៊ុយ​ក្រែន​តាម​វិធី​នយោបាយ​។ ប្រទេស​ចិន​ស្វាគមន៍​ការ​សន្ទនា​ និងការ​ចរចា​ដោយ​ផ្ទាល់​រវាង​រុស្ស៊ី​ និង​អ៊ុយក្រែន ​ហើយ​និង​បន្ត​[សម្រប]សម្រួល​ និង​ជំរុញ​ការចរចា​ សន្តិភាព​តាម​របៀប​របស់​ខ្លួន»។

វិបត្តិ​អ៊ុយក្រែន​ បានឆ្លង​ចូល​ថ្ងៃទី១១​ហើយ​ គិត​ចាប់​តាំង​ពីការ​លើក​ទ័ព​របស់​រុស្ស៊ីចូល​ឈ្លាន​ពាន​ទឹកដី​អ៊ុយក្រែន​ ដែល​ខ្លួន​មាន​គោល​ដៅ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ក្រុង​គៀវ​ដែល​ស្និទ្ធ​បសិ្ចមលោក​ រំលាយ​ចោល​យោធា​អ៊ុយក្រែន និង​បន្សាប​«លទ្ធិ​ណាស៊ី»​នៅ​អ៊ុយក្រែន ជា​អ្វី​ដែល​អ៊ុយក្រែន​បដិសេធ​ថា​មិន​ពិត។ រុស្ស៊ី​កំពុង​រង​ការ​ថ្កោល​ទោស​និង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចំពោះ​ទង្វើ​នេះ។

ការ​ថ្លែង​អំពាវ​នាវ​រួម​គ្នា​រវាង​ចិន​និង​កម្ពុជា​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​បោះឆ្នោត​ផ្សេង​គ្នា​លើ​សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ ​កាល​ពីថ្ងៃ​ពុធ​សប្ដាហ៍​មុន ​ថ្កោល​ទោស​សកម្មភាព​យោធា​របស់​រុស្ស៊ី ដោយ​ចិន​បោះឆ្នោត​អនុបវាទ ហើយ​កម្ពុជា​តាំង​នាម​ជា​សហ​ស្ថាបនិក​ផ្ដួច​ផ្ដើម​ផង(Co-Sponsor)​និង​បោះឆ្នោត​គាំទ្រ​ផង។

ក្រោយ​ការ​បោះ​ឆ្នោត​នោះ​ លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​ Wang Yi បាន​បញ្ជូន​បេសកជន​ពិសេស​របស់​ខ្លួន​គឺ​អ្នកស្រី Yang Yanyi (យ៉ាង យ៉ាន់អ៊ី) មក​ជួប​លោក​ ប្រាក់ សុខុន​ ប្រមុខ​ការ​ទូត​កម្ពុជា ហើយ​ក្នុង​ជំនួប​នោះ​លោក​ ប្រាក់ សុខុន ក៏​បាន​ពន្យល់​អ្នក​ការ​ទូត​ចិន​ជាន់​ខ្ពស់​ខាង​លើ​អំពី​មូល​ហេតុ​ដែល​កម្ពុជា​សម្រេច​ឈរ​ឈ្មោះ​ជា Co-Sponsor លើ​សេចក្ដី​សម្រេច​ខាង​លើ។

លោក Anatoly Borovik ឯក​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​កម្ពុជា បាន​រៀប​រាប់​លើ​ទំព័រ​ Twitter របស់លោក​កាល​ពី​ថ្ងៃ​សៅរ៍​ដែរ​ថា លោក​បាន​ធ្វើការ​«ពិភាក្សាយ៉ាងស៊ីជម្រៅ»​ជាមួយ អ្នកស្រី សឿង រដ្ឋចាវី រដ្ឋ​លេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា អំពី​«របៀប​វារៈ​ទេ្វ​ភាគី​រុស្ស៊ី-កម្ពុជា កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​បញ្ហា​តំបន់​និង​អន្តរជាតិ​នានា» ដែល​មាន​«ជាមួយ​នឹង​ការ​ផ្ដោត​លើ​សេចក្ដី​លម្អិត​នៃ​ស្ថានការណ៍​ក្នុង​ប្រទេស​អ៊ុយក្រែន»។

នៅ​ពិធី​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ លោក​ហ៊ុន សែន​ លើក​ឡើង​បន្ថែម​ថា​ កម្ពុជា​មិន​អាច​មើល​រំលង​វិបត្តិ​នៅ​អ៊ុយ​ក្រែន​បាន​ទេ ដោយ​ថា​ មាន​ការ​វាយ​លុក​ទ្រង់​ទ្រាយ​ធំ​ពី​សំណាក់​រដ្ឋ​មួយ​ចូល​ទៅ​ក្នុង​រដ្ឋ​មួយ​ទៀត​ ដែល​មាន​អធិបតេយ្យ​ដូចគ្នា។ លោក​ថ្លែង យ៉ាង​ដូច្នេះ​៖

«យើង​មិន​អាច​ព្រងើយ​កន្តើយ​ជាមួយ​នឹង​ការ​វាយលុក​ទ្រង់​ទ្រាយ​ធំ​ ពីប្រទេស​មួយ​ចូល​ទៅ​ក្នុង​ប្រទេស​មួយ​ទៀត​បានទេ»។

លោក​បាន​បន្ថែម​ថា​ ការ​ចរចា​អាច​ធ្វើ​ទៅ​បាន​ ល្គឹក​ណា​គូភាគី​យោធាដែល​កំពុងវាយប្រហារ​គ្នានៅ​អ៊ុយ​ក្រែន​ព្រម​ដាក់​អាវុធ​តាម​រយៈ​បទ​ឈប់​បាញ់​នៅ​ទីតាំង​ជាក់​ស្ដែង។ លោក ហ៊ុន សែន​លើកឡើងថា៖

«បាន​សេចក្តី​ថា​ អ្នក​កម្លាំង​ណា​ គឺ​នៅ​កន្លែង​ហ្នុង​ ប៉ុន្តែ​ផ្អាក​បាញ់ ដើម្បី​កាត់​បន្ថយ​នូវ​មហន្តរាយ​សម្រាប់​ប្រជាពលរដ្ឋ​ សម្រាប់​ប្រជាពលរដ្ឋ​ រួចហើយ​ចាប់​ផ្តើម​ចរចា»។

​អ្នកវិភាគ​នយោបាយ​លោកសេង​ សារី​ បាន​និយាយថា​ ការ​អំពាវនាវ​របស់​មេដឹកនាំ​កម្ពុជា​ឱ្យមាន​បទ​ឈប់​បាញ់​នៅអ៊ុយក្រែន​ ទំនងគ្រាន់​តែ​ជា​ការ​បង្ហាញ​នូវទឹកចិត្ត​ចង់​ឃើញការបញ្ចប់ជម្លោះ​នៅ​អ៊ុយក្រែន។ បើតាម​លោកសេង សារី​ សំឡេង​កម្ពុជា​មិនធ្ងន់​ដែល​អាច​បង្ខំ​ឱ្យយ​លោកពូទី​ន ផ្លាស់​ប្តូរ​ចិត្តគំនិត​ ឈ្លាន​ពាន​អ៊ុយ​ក្រែន​នោះ​ទេ។ លោកប្រាប់​វីអូអេ​នៅថ្ងៃ​ចន្ទ​ថា៖

«យើង​មើល​ការ​អំពាវនាវ​ជាង​១៤០​ប្រទេស​នៅ​អង្គការ​សហប្រជាជាតិ​ ក៏​ជា​ការ​អំពាវនាវ​មួយ​ដែល​មិន​អាច​ធ្វើ​ឱ្យ​ពូទីន​ផ្លាស់​ប្តូរ​ចិត្ត​នៅ​ក្នុង​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​ដែរ​។ ក៏ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏ដោយ​ ក្នុង​នោះ​ក៏មាន​កម្ពុជា​មួយ​ដែរ​ ដែល​បាន​បោះឆ្នោត​គាំ​ទ្រ​ការ​ឈប់​បាញ់​ ឬក៏ការ​ដក​ទ័ព​រុស្ស៊ី​ចេញ​ពីអ៊ុយក្រែន»។

ការ​ចរចា​ដើម្បី​ឱ្យមាន​បទ​ឈប់​បាញ់​អាចធ្វើ​ទៅបាន​នៅក្នុង​ជម្លោះ​រុស្ស៊ី​អ៊ុយក្រែន​ ប្រសិន​បើ​ភាគី​ជម្លោះ​ទាំង​សង​ខាង​ មាន​សម្អាង​ខ្លាំង​ក្លា​លើការ​ប្រើប្រាស់​ឥទ្ធិពល​យោធា​ដូច​គ្នា។ នេះ​បើតាម​ការ​កត់​សម្គាល់​របស់​លោក​ ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ។

លោក ​ឯម សុវណ្ណារ៉ា បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា៖​

«ការ​អំពាវ​នាវ​របស់​ចិន​ ឬ​ក៏​កម្ពុជា​បច្ចុប្បន្ន​ហ្នឹង​ ខ្ញុំ​គិត​ថា​ ពុំមាន​ទម្ងន់​គ្រប់​គ្រាន់​សម្រាប់​ឱ្យ​រុស្ស៊ី​ស្តាប់តាម​ទេ។ ហើយ​ជម្រើស​ដែល​រុស្ស៊ី​អាច​ស្តាប់​ហ្នឹង​លុះត្រា​តែ​ គេហៅថា​ សព្វាវុធ​ ឬក៏​ភាព​ឈ្នះ​ខាង​សង្គ្រាម​របស់​រុស្ស៊ី​ហ្នឹង​ត្រូវ​បាន​អាក់​ខាន​ ឬក៏​ត្រូវ​បាន​ទប់ស្កាត់​ដោយ​ជំនួយ​របស់​លោក​ខាង​លិច​ ឬក៏​ណាតូ​ ដែល​បាន​ផ្តល់​នូវ​សម្ភារយោធា​មួយ​ចំនួន​ធំ​ទៅ​អ៊ុយក្រែន​ ហើយ​នៅពេល​ដែល​កម្លាំង​ហ្នឹង​អាច​ប្រដំប្រសង​គ្នា​អាច​បញ្ឈប់​ការរុលរបស់​ទាហាន​រុស្ស៊ី​ចូល​ទៅទឹកដី​អ៊ុយក្រែន​អាហ្នឹង​ការ​ចរ​ចា​ទើប​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជជែកគ្នា»។

​លោកបន្ថែម​ថា​ រុស្ស៊ី​មាន​តួនាទី​សំខាន់​ក្នុងការ​បង្កើតឱ្យមាន​បទ​ឈប់​បាញ់​។​ នេះមាន​ន័យ​ថា​ បើសិន​រុស្ស៊ី​ ព្រមទទួល​យក​បទ​ឈប់​បាញ់​ នោះការ​វាយប្រហារ​គ្នានៅ​អ៊ុយក្រែន​នឹង​អាច​បញ្ឈប់បាន៕

XS
SM
MD
LG