ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ​ស ខេង​ ​បញ្ជា​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ធានា​សេរីភាព​ក្នុង​ការ​អនុវត្ត​ការងារ​របស់​សង្គម​ស៊ីវិល​ឡើង​វិញ


​​រូបឯកសារ៖ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក​ ស​ ខេង​ ថ្លែង​ទៅកាន់​ក្រុម​អ្នក​សារ​ព័ត៌មាន​នៅ​រដ្ឋសភា​ជាតិកាលពី​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)
​​រូបឯកសារ៖ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក​ ស​ ខេង​ ថ្លែង​ទៅកាន់​ក្រុម​អ្នក​សារ​ព័ត៌មាន​នៅ​រដ្ឋសភា​ជាតិកាលពី​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)

កា​របើក​ទូលាយ​នេះ​ត្រូវ​បាន​សង្គម​ស៊ីវិល​សាទរ​ ប៉ុន្តែ​នៅ​បារម្ភ​ថា​ ​សេរីភាព​នេះ​នឹង​ត្រូវ​បាន​បិទ​វិញ​ ​ទៅតាម​ស្ថាន​ការណ៍​នយោបាយ។

នៅ​ថ្ងៃអង្គារ​នេះ​ ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ ​លោក​ ​ស ខេង​ ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ឲ្យមាន​ការ​បើក​សិទ្ធិ​សេរីភាព​ក្នុង​ការ​អនុវត្ត​ការងារ​របស់សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​ព្រម​ទាំង​សហគមន៍​នានា​នៅ​មូលដ្ឋាន​ ឲ្យ​បាន​ពេញលេញ​ ​ជាពិសេស​ការ​ធ្វើ​សកម្ម​ភាព​ផ្សេងៗ​ដោយ​មិន​ចាំបាច់​ជូន​ដំណឹង​ដល់​អាជ្ញាធរ​ដូច​ពេល​មុន។

​ក្នុង​លិខិត​ដែល​ចុះ​ហត្ថ​លេខា​ដោយ​ ​លោក​ ​ស ខេង​ នៅ​ថ្ងៃទី២៧​ ​ខែវិច្ឆិកា​ ​នេះ​បញ្ជាក់​ថា​ ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ ​និង​ភាពជា​ដៃគូ​រវាង​រដ្ឋាភិបាល​ ​និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ​ជាមួយ​សមាគម​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​ព្រម​ទាំង​សហ​គមន៍​នានា​នៅ​មូលដ្ឋាន​ ​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ជូន​ទៅ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ខេត្ត​ ​អំពី​ការ​អនុញ្ញាត​ឲ្យ​សមា​គម​ ​អង្គការ​ទាំង​នោះ​ ​អាច​ធ្វើ​សកម្មភាព​ពេញ​លេញ​ដោយ​មិន​ចាំបាច់​ជូន​ដំណឹង។

​លិខិត​របស់​លោក​ ​ស ខេង​ ​ត្រូវ​បាន​សរសេរ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

​«សមាគម​ ​អង្គការ​មិនមែន​រដ្ឋា​ភិបាល​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ស្របតាម​ច្បាប់​ ​ព្រមទាំង​សហគមន៍​នានា​នៅ​មូលដ្ឋាន​ ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការ​ធ្វើ​សកម្មភាព​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ​ស្របតាម​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិ​យុត្ត​នានា​ជា​ធរមាន​ ​ព្រមទាំង​លក្ខន្តិកៈ​របស់​ខ្លួន​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហា​ផ្ទៃ​ ​ដោយ​មិន​ចាំបាច់​ជូន​ដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​រយៈពេល​៣ថ្ងៃ​ ​មុន​ពេល​ចាប់ផ្ដើម​សកម្ម​ភាព​ដូច​មុន​នោះ​ឡើយ»។

​នេះ​មិនមែន​ជា​លើកទីមួយ​ទេ​ ​ដែល​រដ្ឋាភិបាល​បញ្ជា​ឲ្យ​មានការ​ពង្រីក​លំ​ហរ​សេរីភាព​សម្រាប់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ​និង​សហជីព​ ​បន្ទាប់​ពី​នៅមុន​ ​អំឡុង​ ​និង​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៨​បន្តិច​ ​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​សកម្មៗ​ជាច្រើន​បាន​ក្លាយជា​មុខសញ្ញា​ដែល​រដ្ឋាភិបាល​គំរាម​ថា​នឹង​បិទ​ ​ឬ​ចោទ​ប្រកាន់​តាមផ្លូវ​ច្បាប់​ផ្សេង​ៗ​ជាដើម។

​នៅ​ដើម​ខែវិច្ឆិកា​នេះ​ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ដោះស្រាយ​សំណើ​និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល​ ​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ​កាលពី​ខែតុលា​ ​បាន​ជូន​ដំណឹង​ឲ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ស្របច្បាប់​ទាំងអស់​ ​រាយការណ៍​ទៅ​ខ្លួន​ប្រសិនបើ​មាន​ការ​រឹតត្បិត​ការ​ធ្វើសកម្មភាព​ជួបជុំ​ណាមួយ​នៅ​តាម​មូលដ្ឋាន។

​លំហរ​សេរីភាព​សម្រាប់​ការអនុវត្ត​ការងារ​របស់​ក្រុម​សង្គម​ស៊ីវិល​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា ​ម្តង​ធូរ​ម្តង​តឹង​ទៅ​តាម​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស។​

​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ​២០១៧​ ​ពោល​គឺ​មុន​ការបោះឆ្នោត​ថ្នាក់​ជាតិ​អាណត្តិ​ទី៦​ ​ក្រសួង​មហាផ្ទៃ​បាន​ចេញ​លិខិត​មួយ​ច្បាប់​ ​ដោយ​បញ្ជា​ឲ្យ​គ្រប់​អាជ្ញាធរ​រាជធានី​ខេត្ត​ទាំងអស់​រៀបចំ​ក្រុមការងារ​ប្រចាំ​បញ្ជា​សម្រាប់​តាមដាន​ ​និង​ដោះស្រាយ​បញ្ហា​នានា​ដែល​រដ្ឋាភិបាល​ហៅ​ថា​ជា​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្តួល​រំលំ​រដ្ឋ​អំណាច​នៅ​កម្ពុជា។

​អំឡុង​ពេលនោះ​ ​ការ​ធ្វើសកម្មភាព​អប់រំ​ ​ឬ​ការ​ប្រមូល​ផ្តុំ​តាម​មូលដ្ឋាន​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ត្រូវ​បាន​ហាម​ប្រាម​ជា​បន្ត​បន្ទាប់។

​នាយ​ឧត្តម​សេនីយ៍​ ​ខៀវ​ ​សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃអង្គារ​នេះ​ថា​ ​ការ​សម្រេច​បើកឲ្យ​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​របស់​ពួកគេ​ដោយ​សេរី​ពេញលេញ​ ​ដោយ​មិន​ចាំបាច់​ជូន​ដំណឹង​ជាមុន​គឺ​ធ្វើឡើង​ដោយសារ​រដ្ឋាភិបាល​មើល​ឃើញ​ថា​ ​សង្គម​ស៊ីវិល​គឺជា​ដៃគូ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ជាតិ។

​លោក​បញ្ជាក់​ថា៖​

​«យើង​អបអរសាទរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អង្គការ​សង្គម​ស៊ីវិល​ ​ដែល​បាន​ទុន​ពីក្រៅ​ប្រទេស​មក​ ​ហើយ​យក​មក​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ប្រទេស​ជាតិ​របស់​យើង​ ​មាតុភូមិ​របស់​យើង​ហ្នឹង​ ​យើង​សូម​អបអរ​សាទរ​។​ ​ហើយ​យើង​បើក​សកម្មភាព​របស់​គាត់​កាន់តែ​ទូលាយ​ថែមទៀត​ ​ព្រោះ​ថវិកា​ហ្នឹង​វា​ជា​លំហូរ​មក​កាន់​ប្រជាពលរដ្ឋ​យើង។​ ​ខ្ញុំ​យល់ថា​មិនដែល​មាន​ការ​បន្តឹង​ ​ឬក៏​បន្ធូរ​អី​ផង​ ​យើង​មានតែ​គោល​ការណ៍​អញ្ចឹង​រហូត​ ​លើកលែងតែ​គាត់​មាន​បំណង​បដិវត្តន៍​ពណ៌​ផ្តួល​រំលំ​អី​អញ្ចឹង​ ​ហ្អាហ្នឹង​យើង​ធ្វើ​ទៅ​តាម​ច្បាប់»។

​ការ​ចេញ​លិខិត​ជា​បន្តបន្ទាប់​បញ្ជា​ឲ្យ​មានការ​បើក​លំ​ហរ​សេរីភាព​ដល់​សង្គម​ស៊ីវិល​ ​និង​សហជីព​ ​ធ្វើ​ឡើង​ខណៈ​ដែល​ស្ថាប័ន​អន្តរជាតិ​ ​និង​ប្រទេស​កាន់លទ្ធិ​ប្រជា​ធិប​តេយ្យ​ធំៗ​មួយចំនួន​ ​បាន​រិះគន់​ ​និង​ត្រៀម​ដាក់​ទណ្ឌកម្ម​ពាក់ព័ន្ធ​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ការ​ចាប់ខ្លួន​ប្រធាន​គណបក្ស​នេះ​ដាក់​ពន្ធនាគារ​ ​ការ​រឹតត្បិត​លើ​សារព័ត៌មាន​ឯករាជ្យ​ ​និង​ការ​បង្ក្រាប​លើ​សង្គម​ស៊ីវិល​តាមរយៈ​ការ​ហាម​ឃាត់​ការ​ជួបជុំ​ ​ព្រមទាំង​ការ​បិទ​ស្ថាប័ន​ដែល​ធ្វើការ​ជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ​ជាដើម។

​សហភាព​អឺរ៉ុប​នៅ​ដើម​ខែតុលា​នេះ​ ​បាន​ជូន​ដំណឹង​ទៅ​រដ្ឋាភិបាល​កម្ពុជា​ថា​ ​ប្រទេស​កម្ពុជា​នឹង​បាត់​បង់​ឋានៈ​អនុគ្រោះ​ពន្ធ​សម្រាប់​នាំ​ទំនិញ​ចូល​ទីផ្សារ​របស់​សហគមន៍​អឺរ៉ុប​ ​ដោយសារ​តែ​ការរំលោភ​សិទ្ធិ​មនុស្ស។ សហភាព​អឺរ៉ុប​ក៏បាន​ទុក​ពេល​ឲ្យ​កម្ពុជា​រយៈពេល​១២ខែ​ ​ដើម្បី​ស្តារ​ស្ថានភាព​ប្រជាធិបតេយ្យ​ឡើងវិញ​ ​មុននឹង​សម្រេច​ដក​ពន្ធ​អនុគ្រោះ​ដែល​ផ្ដល់​ផល​ចំណេញ​ឲ្យ​កម្ពុជា​ប្រមាណ​ជា​៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

​លោក​ ​អំ សំអាត​ ​មន្រ្តី​ជាន់ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លី​កាដូ​ ​លើក​ឡើង​ថា​ ​លោក​អប​អរ​ចំពោះ​ការ​ចេញ​លិខិត​របស់​រដ្ឋា​ភិបាល​ ​ដែល​បង្ហាញ​ពី​ការ​បន្ធូរបន្ថយ​ការ​រឹត​ត្បិត​ការ​អនុវត្ត​ការ​ងារ​របស់​ក្រុម​សង្គម​ស៊ីវិល​ជា​បន្ត​បន្ទាប់។​ ​ប៉ុន្តែ​លោក​ថា​ ​លោក​នៅ​បារម្ភ​ពី​ការអនុវត្ត​របស់​អាជ្ញាធរ​ថ្នាក់​ក្រោម​ ​ខណៈ​ដែល​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​សកម្មៗ​មួយ​ចំនួន​តែង​រង​ការ​លាប​ពណ៌​ឬ​ចោទ​ប្រកាន់​ថា​មាន​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​បដិវត្ត​ពណ៌​ដើម្បី​ផ្តួល​រលំ​រដ្ឋា​ភិបាល​ជាដើម។

​មន្រ្តី​ការពារ​សិទ្ធិមនុស្ស​ដែល​ធ្លាប់​រង​ការប្រើ​ហិង្សា​ពីសំណាក់​កង​សន្តិសុខ​ខណ្ឌ​ ​ក្នុងអំឡុងពេល​ចុះ​ ​បំពេញ​ការងារ​របស់​ខ្លួន​នា​ពេល​កន្លងទៅ​ ​បន្ថែម​ថា​ ​ការអនុវត្ត​ការងារ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដោយ​សេរី​ ​និង​ពេញលេញ​ ​គួរតែ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​រៀង​រហូត​ ​មិនមែន​បើក​បិទ​ទៅតាម​ស្ថាន​ការណ៍​នយោបាយ​នោះ​ទេ។

​លោក​បញ្ជាក់​ថា​៖

​«អង្គការ​ធ្វើការ​ពាក់ព័ន្ធ​ផ្នែក​សិទ្ធិមនុស្ស​ ​លទ្ធិប្រជាធិបតេយ្យ​ ​អភិបាលកិច្ច​ ​ហើយ​និង​ការ​តស៊ូ​មតិ​ហ្នឹង​ ​លាប​ពណ៌​ទៅជា​អ្នក​ដែល​ធ្វើបដិវត្តន៍​ពណ៌​ ​ឬក៏​អ្នក​ដែល​ប្រឆាំង​ ​ឬក៏​គាំទ្រ​គណបក្ស​ប្រឆាំង​ ​អានេះ​ដែល​ជា​លទ្ធផល​រុញច្រាន​ឲ្យ​មានការ​រឹត​បន្តឹង​ពី​អាជ្ញាធរ​មូលដ្ឋាន​។​ ​អញ្ចឹង​យើង​លុបបំបាត់​ទាំងអស់​ហ្នឹង​ ​ហើយ​យើង​អនុវត្ត​តាម​គោលការណ៍​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ទៅ​ ​ហើយ​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​មហាផ្ទៃ​នេះ​ ​ខ្ញុំ​គិតថា​វា​អាច​នឹង​មាន​លំហ​រស​ម្រាប់​ការអនុវត្ត​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល​ហើយ»។

​បើ​តាម​បាយ​ការណ៍​របស់ក្រ​សួង​មហាផ្ទៃ​ ​អង្គការ​ ​សមាគម​ ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​រហូត​មក​ដល់​ពេល​នេះ​មាន​ចំនួន​ ​៥៣៦៣​ ​អង្គការ​ ​ក្នុង​នោះ​ ​សមាគម​មាន​ចំនួន​ ​២១៧៩​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​ ​៣១៤៩។

​នៅ​មុន​ ​និង​ក្រោយ​ការបោះឆ្នោត​ជាតិ​ឆ្នាំ២០១៨​ ​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ ​ក្រុម​សមាគម​ ​អង្គការ​សង្គម​ស៊ី​វិល​សកម្មៗ​មួយចំនួន​ ​បាន​បន្ថយ​សកម្មភាព​ការងារ​របស់​ខ្លួន​ ​ដោយ​ពួកគេ​បាន​អះអាង​ថា​ ​បាន​ទទួលរង​សម្ពាធ​ ​និង​ការ​រឹតត្បិត​ពី​រដ្ឋាភិបាល៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG