ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ បង្កើត​ក្រុម​ការងារ​ទទួល​បណ្ដឹង​ពី​អង្គការ​សង្គម​ស៊ីវិល​លើ​ការ​រឹតត្បិត​​សកម្មភាព​របស់​ពួក​គេ


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅអ្នកសារព័ត៌មាន នៅរាជធានីភ្នំពេញ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨។

​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​និង​លោក​ ​ស​ ​ខេង​ ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ ​បាន​ចេញ​បញ្ជា​ឲ្យ​មាន​ការ​បើកចំហ​លំហ​សេរីភាព​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ​ស្រប​ពេល​មជ្ឈដ្ឋាន​អន្តរ​ជាតិ​ធំៗ​មួយ​ចំនួន​ បាន​រិះគន់​ ​និង​ត្រៀម​ដាក់​ទណ្ឌកម្ម​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស។

លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ដោះស្រាយ​សំណើ​ ​និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល​ ​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ​បាន​ជូន​ដំណឹង​ឲ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ស្របច្បាប់​ទាំងអស់​ ​រាយការណ៍​ទៅ​ខ្លួន​ប្រសិន​បើ​មាន​ការ​រឹតត្បិត​ការ​ធ្វើ​សកម្មភាព​ជួប​ជុំ​ណាមួយ​នៅ​តាម​មូលដ្ឋាន។​ នេះ​បើ​តាម​សេចក្ដី​សម្រេច​របស់​លោក​នាយក​រដ្ឋមន្ត្រី។

​សេចក្ដី​សម្រេច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ចេញ​នៅ​ថ្ងៃ​ទី២​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ២០១៨​ ​ស្ដីពី​ការ​បង្កើត​ក្រុម​ការងារ​របស់​រាជរដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​សំណើ ​និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល​ ​មាន​ចំនួន​៥​ប្រការ។

​ក្នុង​ប្រការ​១​ ​លោក​នាយក​រដ្ឋមន្ត្រី​បាន​កំណត់​យក​សមាសភាព​មន្ត្រី​ជាន់ខ្ពស់​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​៨រូប​ ​ដោយ​ត្រូវ​បំពេញ​ការងារ​របស់​ខ្លួន​ក្រោម​ការណែនាំ​ ​និង​ដឹកនាំ​ផ្ទាល់​ពី​លោក​ ​ស ខេង​ ​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ។

​ប្រការ២​ ​នៃ​សេចក្ដី​សម្រេច​នោះ​ បាន​បញ្ជាក់​ពី​តួនាទី​ភារកិច្ច​របស់​ក្រុម​ការងារ​នោះ​តាម​ន័យ​ដើម​ថា៖

​«រៀបចំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ ​ដើម្បី​ពិនិត្យ​ពិភាក្សា​នូវ​បញ្ហា​ប្រឈម​នានា​ដែល​សង្គម​ស៊ីវិល​បាន​ជួប​ប្រទះ។​ ​ប្រមូល​ព័ត៌មាន​ ​និង​សិក្សា​អំពី​សំណើ​ ​និង​សំណូម​ពរ​ផ្សេងៗ​របស់​អង្គការ​សង្គម​ស៊ីវិល​ ​រួច​លើក​យោបល់​ជូន​រាជរដ្ឋាភិបាល​ ​ឬ​ក្រសួង​ ​ស្ថាប័ន​ពាក់ព័ន្ធ​ ​ដើម្បី​ពិនិត្យ​ដោះស្រាយ​ជា​សមត្ថកិច្ច។​ផ្សព្វផ្សាយ​ ​និង​លើក​កម្ពស់​ការយល់​ដឹង​ដល់​អង្គការ​សង្គម​ស៊ីវិល​ ​និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ ​អំពី​ច្បាប់​ស្ដីពី​សមាគម​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​ច្បាប់​ ​និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ជាធរមាន​ ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​អង្គការ​សង្គម​ស៊ីវិល»។

​កាលពី​ថ្ងៃ​ទី៣១​ ​ខែ​តុលា​ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ​លោ​ក ស​ ​ខេង​ បាន​ណែនាំ​ឲ្យ​សមាគម​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​និង​សហគមន៍​មូលដ្ឋាន​ ​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ ​សូម​រាយការណ៍​ទៅ​អភិបាល​រាជធានី​ខេត្ត​ ​ឬ​ក្រសួង​មហាផ្ទៃ​ ​ដើម្បី​សម្រប​សម្រួល​ ​និង​ដោះស្រាយ​ ​ក្នុង​ករណី​ដែល​មាន​ការ​រារាំង​ ​ឬ​រឹតត្បិត​ពី​អាជ្ញាធរ​មូលដ្ឋាន។

​ការ​ចេញ​សេចក្ដី​សម្រេច​ ​និង​សេចក្ដី​ណែនាំ​របស់​ថ្នាក់​ដឹកនាំ​កំពូលៗ​នៅ​កម្ពុជា​នេះ​ ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​អ្នកស្រី​ ​រ៉ូណា ស្មីត​ ​(Rhona Smith)អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស​ ​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា។

​សេចក្ដី​សម្រេច​នេះ​ ក៏​ធ្វើឡើង​ ​ខណៈ​ដែល​ស្ថាប័ន​អន្តរជាតិ​ធំៗ​មួយ​ចំនួន​ ​ដូច​ជា​សហរដ្ឋ​អាមេរិក​ ​សភា​សហភាព​អឺរ៉ុប​ ​អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​ និង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Human Rights Watchជាដើម​ ​បាន​រិះគន់​ជា​បន្តបន្ទាប់​ថា​ ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ធ្វើឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ​មាន​ភាព​ខ្ទេចខ្ទី​ ​តាមរយៈ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ការ​ចាប់ខ្លួន​ប្រធាន​គណបក្ស​នេះ​ដាក់​ពន្ធនាគារ​ ​ការ​រឹតត្បិត​លើ​សារព័ត៌មាន​ឯករាជ្យ​ ​និង​ការ​បង្ក្រាប​លើ​សង្គម​ស៊ីវិល​តាមរយៈ​ការ​ហាម​ឃាត់​ការ​ជួបជុំ​ ​ព្រមទាំង​ការ​បិទ​ស្ថាប័ន​ដែល​ធ្វើការ​ជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ​ជាដើម។

​សហភាព​អឺរ៉ុប​នៅដើម​ខែ​តុលា​នេះ​ ​បាន​ជូនដំណឹង​ទៅ​រដ្ឋាភិបាល​កម្ពុជា​ថា​ ​ប្រទេស​កម្ពុជា​នឹង​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​សម្រាប់​នាំ​ទំនិញ​ចូល​ទីផ្សារ​របស់​សហគមន៍​អឺរ៉ុប​ ​ដោយសារ​តែ​ការ​រំលោភ​សិទ្ធិ​មនុស្ស។​ ​សហភាព​អឺរ៉ុប​ក៏បាន​ទុក​ពេល​ឲ្យ​កម្ពុជា​រយៈពេល​១២ខែ​ ​ដើម្បី​ស្តា​ស្ថានភាព​ប្រជាធិបតេយ្យ​ឡើងវិញ​ ​មុននឹង​សម្រេច​ដក​ពន្ធ​អនុគ្រោះ​ ​ដែល​ផ្ដល់​ផល​ចំណេញ​ឲ្យ​កម្ពុជា​ប្រមាណ​ជា​៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។​

​ការ​បង្កើត​ក្រុម​ដោះស្រាយ​សំណើ ​និង​សំណូមពរ​របស់​អង្គការ​សង្គម​ស៊ីវិល​ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​មាន​ការ​រិះគន់​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក ថា​មាន​ការ​រឹត​បន្តឹង​សកម្មភាព​របស់​ខ្លួន​នៅ​តាម​មូលដ្ឋាន។

ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ចុង​ឆ្នាំ​២០១៧​ ការ​ធ្វើ​សកម្មភាព​អប់រំ​ ឬ​ប្រមូល​ផ្តុំ​តាម​មូលដ្ឋាន​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ត្រូវ​បាន​ហាមប្រាម​ជា​បន្ត​បន្ទាប់។

​នៅមុន​និង​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ ​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ ​ក្រុម​សមាគម​ ​អង្គការ​សង្គម​ស៊ីវិល​សកម្មៗ​មួយ​ចំនួន​ ​បាន​បន្ថយ​សកម្មភាព​ការងារ​របស់​ខ្លួន​ ​ដោយ​ពួកគេ​បាន​អះអាង​ថា​ ពួកគេ​បាន​ទទួល​រង​សម្ពាធ​និង​ការ​រឹតត្បិត​ពី​រដ្ឋាភិបាល។​

​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​បាន​លើកឡើង​ជា​បន្តបន្ទាប់​ថា​ ​ការ​សម្រេច​ ​និង​ការណែនាំ​របស់​ថ្នាក់​ដឹកនាំ​កំពូល​រដ្ឋាភិបាល​ឲ្យ​បើក​ចំហ​លំហ​សេរីភាព​សម្រាប់​ក្រុម​សង្គម​ស៊ីវិល​ ​ធ្វើ​ឡើង​អាច​ដោយ​សារ​សម្ពាធ​របស់​អន្តរជាតិ។

​លោក​ ​អំ សំអាត​ ​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ ​ប្រាប់​ ​VOA​ ​ថា​ ​ការ​រឹតត្បិត​សេរីភាព​ក្នុង​ការអនុវត្ត​ការងារ​របស់​សង្គម​ស៊ីវិល​នា​ពេល​កន្លងមក​ ​គឺ​ដោយសារ​ថ្នាក់ដឹកនាំ​ ​រដ្ឋាភិបាល​ជាន់ខ្ពស់​ជា​អ្នកចោទ​ប្រកាន់​ថា​ក្រុម​សង្គម​ស៊ីវិល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌​ ​ឬ​ពាក់ព័ន្ធ​នឹង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ជាដើម។

លោក​បន្ថែម​ថា​ ​ការ​បើកចំហ​លំហ​សេរីភាព​សម្រាប់​ក្រុម​សង្គម​ស៊ីវិល​ ​នឹង​អាច​មាន​ប្រសិទ្ធភាព​ ​លុះ​ត្រា​តែ​រដ្ឋាភិបាល​ មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​អនុវត្ត។

​លោក​ ​អំ សំអាត​ ​មន្ត្រី​ជាន់ខ្ពស់​សកម្ម​ផ្នែកការ​ពារ​សិទ្ធិមនុស្ស​ ​ដែល​ធ្លាប់​ត្រូវ​បាន​កង​សន្តិសុខ​ខណ្ឌ​វាយដំ​ក្នុងអំឡុងពេល​ចុះ​ឃ្លាំមើល​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នា​ពេល​កន្លងមក​ ​មានប្រសាសន៍​ថា៖

«អ្វី​ដែល​សំខាន់​គឺជា​ឆន្ទៈ​ពិតប្រាកដ​ ​នៅ​ក្នុង​ការ​តើ​យើង​ចង់​លុបបំបាត់​នូវ​អា​វប្ប​ធម៌​លាប​ពណ៌?​ ​ហើយ​យើង​ចង់​ឲ្យ​មានការ​បើកទូលាយ​សេរីភាព​នៅ​ក្នុង​ការ​បំពេញ​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល?​ ​អា​ហ្នឹង​វា​ជា​កត្តា​សំខាន់»។​

បើ​តាម​បាយ​ការណ៍​របស់ក្រ​សួង​មហាផ្ទៃ​ ​អង្គការ​ ​សមាគម​ ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​រហូត​មក​ដល់​ពេលនេះ​មាន​ចំនួន​ ​៥៣៦៣​ ​អង្គការ​ ​ក្នុង​នោះ​ ​សមាគម​មាន​ចំនួន​ ​២១៧៩​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​ ​៣១៤៩។

​ថ្លែង​ក្នុង​វេទិកា​ស្ដីពី​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល​ ​និង​អង្គការ​សង្គម​ស៊ីវិល​ ​កាលពី​ខែ​មិថុនា​កន្លង​ទៅ​ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស​ ​ខេង​ ​លើក​ឡើង​ថា​ ​អង្គការ​សង្គម​ស៊ីវិល​ ​គឺជា​ដៃគូ​ដ៏​ល្អ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​ប្រទេស​ ​និង​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក​ក៏បាន​បន្ថែម​ថា​ ​បើ​តាម​ការសិក្សា​រួម​មួយ ​ក្នុង​ចំណោម​សង្គម​ស៊ីវិល​ប្រមាណ​ជា​២០០០​ ​កាល​ពី​ឆ្នាំ២០១២​ ​កន្លងទៅ​ ​ពួកគេ​បាន​ចំណាយ​ទឹក​ប្រាក់​សរុប​ប្រមាណ​ពី​ ​៦០០​ ​ទៅ​៧០០​លាន​ដុល្លារ​ ​ក្នុង​មួយ​ឆ្នាំៗ​ ​ដើម្បី​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ ​ក្នុង​នោះ​អ្នកទទួល​ផល​ដោយ​ផ្ទាល់​ ​និង​ប្រយោល​ ​មាន​ជិត​១២​លាន​នាក់៕

XS
SM
MD
LG