ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស​ ខេង​​​ធ្វើ​ទស្សនកិច្ច​នៅ​​វៀតណាម​លើ​ផែនការ​សហ​ប្រតិបត្តិការ​ឆ្នាំ​២០២០​


រូប​ឯកសារ៖ លោក​ឧបនាយករដ្ឋ​មន្ត្រី​ ស​ ​ខេង និង​​រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម​ Pham Binh Minh កាល​ពី​ឆ្នាំ​២០១៩។
រូប​ឯកសារ៖ លោក​ឧបនាយករដ្ឋ​មន្ត្រី​ ស​ ​ខេង និង​​រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម​ Pham Binh Minh កាល​ពី​ឆ្នាំ​២០១៩។

លោក​ឧបនាយករដ្ឋ​មន្ត្រី​ ស​ ​ខេង​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​ដែល​ជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​វាយតម្លៃ​លទ្ធផល​កិច្ច​សហប្រតិបត្តិ​ការ​ឆ្នាំ​និង​ចុះ​ហត្ថលេខា​ ​លើ​ផែនការ​សហប្រតិបត្តិ​ការ​រវាង​ប្រទេស​វៀតណាម​និង​ប្រទេស​កម្ពុជា​បន្ទាប់​ពី​មាន​ការ​អញ្ជើញ​ពី​លោក​ឧត្តមសេនីយ៍ឯក​ ​តូ​ ​ឡឹម​ ​រដ្ឋមន្ត្រី​ក្រសួង​នគរបាល​ ​នៃ​ ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​មហាផ្ទៃ​ដែល ​VOA ​ទទួល​បាន​នៅ​ថ្ងៃ​នេះ។

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ​កម្ពុជា​ឲ្យ​ដឹង​ទៀត​ថា ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ស​ ​ខេង​ ​នៅ​ទីក្រុង​ហូជីមិញ​ ​នឹងចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​១៩​ខែ​មករា​ឆ្នាំ​២០២០​នេះ​ នឹង​បន្ត​អនុវត្ត​យន្តការ​សហ ប្រតិបត្តិ​ការ​ទ្វេភាគី​ប្រចាំ​ឆ្នាំ​ជាច្រើន​រួម​ទាំង​បញ្ហា​សន្តិសុខ។

​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បន្ត​ថា​កិច្ចប្រជុំ​ទ្វេភាគី​នេះ​នឹង​មានការ​ពិនិត្យ​វាយ​តម្លៃ​លទ្ធផល​កិច្ច​សហប្រតិបត្តិ​ការ​ឆ្នាំ២០១៩​ ​ហើយ​នឹង​ចុះហត្ថលេខា​ ​លើ​ផែនការសហ​ប្រតិ​បត្តិ​ការ​ឆ្នាំ​២០២០​ ​សម្រាប់ «អនុវត្ត​បន្ត​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ដោយ​ផ្តោត​សំខាន់​លើ​ការ​លើក​កម្ពស់​តួនាទី​ ​និង​ភារកិច្ច​កង​កម្លាំង​នគរបាល​ ​ក្នុង​ការ​ថែរក្សា​សន្តិសុខ​ ​សុវត្ថិភាព​ ​សង្គម​ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ»។​

ជាមួយ​គ្នា​នេះ​ដែរ​វៀតណាម​បាន​បង្ហាញ​នៅ​ក្នុង​សៀវភៅ​ស​ការពារ​ជាតិ​វៀតណាម​ឆ្នាំ​២០១៩​ ​ដែល​ចេញ​កាលពី ខែវិច្ឆិកា​ ​កន្លង​ទៅ​ដោយ​បាន​លើក​ឡើង​ថា «ការ​តស៊ូ​ផ្នែកការ​ពារ​ជាតិ» ​(National​ ​Defence​ ​Struggle) ​ដែល​ចំណុច​នេះ​ត្រូវ​គេ​គិត​ថា ប្រទេស​វៀតណាម​មាន​បំណង​ដោះ​ស្រាយ​បញ្ហា​(ព្រំដែន)ទឹក​និង​ដីគោក​ជាមួយ​ប្រទេស​កម្ពុជា​ «ក្នុង​ស្មារតី​មិត្តភាព​ សហ​ប្រតិបត្តិការ​និង​គោរព​អនុលោម​ឱ្យ​បាន​ខ្ជាប់ខ្ជួន»។

សៀវភៅ​ដដែល​នេះ​បាន​សង្កត់​ធ្ងន់​ទៀត​ថា៖ ​«ប្រទេស​វៀតណាម​ប្រឆាំង​ជំទាស់​នឹង​រាល់​ទង្វើ​ជ្រៀតជ្រែក​និង​បំបែក​បំបាក់​នូវ​ទំនាក់​ទំនង​ទ្វេភាគី ​[កម្ពុជា​និង​វៀតណាម]»។

ការ​ថ្លែង​ដូច្នេះ​របស់​វៀតណាម​គឺ​ក្នុង​ពេល​ដែល​ប្រទេស​ចិន​ត្រូវ​បាន​គេ​មើលឃើញ​ថា ​កំពុង​តែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយកម្ពុជា​ ខណៈវៀតណាម​ជា​ប្រទេស​ឈានមុខ​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​ដែន​កម្ម​សិទ្ធិ​ពី​ប្រទេស​ចិន​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។​

XS
SM
MD
LG