ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម​ថា ខ្លួន​ប្រឆាំង​ការជ្រៀតជ្រែក​បំបែក​ទំនាក់ទំនង​ជាមួយ​កម្ពុជា


រូបឯកសារ៖ នាយក​រដ្ឋ​មន្ត្រី​វៀតណាម លោក ង្វៀន សួន​ហ៊្វុក​ (Nguyen Xuan Phuc) (ឆ្វេង) ​និយាយ​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​ចុះ​ហត្ថាលេខា​មួយ នៅ​ការិយាល័យ​នាយករដ្ឋ​មន្ត្រី ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។ (REUTERS/Samrang Pring)
រូបឯកសារ៖ នាយក​រដ្ឋ​មន្ត្រី​វៀតណាម លោក ង្វៀន សួន​ហ៊្វុក​ (Nguyen Xuan Phuc) (ឆ្វេង) ​និយាយ​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​ចុះ​ហត្ថាលេខា​មួយ នៅ​ការិយាល័យ​នាយករដ្ឋ​មន្ត្រី ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។ (REUTERS/Samrang Pring)

កម្ពុជា​ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​វៀតណាម​ត្រូវ​បាន​លើកឡើង​ក្នុង​ឯកសារ​ការពារ​ជាតិ​ដ៏​សំខាន់​របស់​ប្រទេស​វៀតណាម​ដែល​គេ​ទន្ទឹង​រង់​ចាំ​ជា​យូរ​មក​ហើយ។ ក្នុង​ឯកសារ​នោះ​វៀតណាម​ក៏​បាន​ព្រមាន​ពី​ការ​ប៉ុនប៉ង​បំបែកបំបាក់​ទំនាក់ទំនង​សាមគ្គីភាព​រវាង​ប្រទេស​ទាំងពីរ​ដែល​មាន​ទំនាក់​ទំនង​តាំង​ពី​ជំនាន់​សង្គ្រាម​ត្រជាក់​មក។

សៀវភៅ​ស​ការ​ពារ​ជាតិ​វៀតណាម​ឆ្នាំ២០១៩​ ​មាន​កម្រាស់១៣៥ទំព័រ​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី២៥​ ខែវិច្ឆិកា​ ​កន្លងទៅ​ ​ហើយ​ដែលVOAផ្នែក​ខេមរភាសា​ទើប​ទទួល​បាន​កាលពី​ចុង​សប្ដាហ៍​មុន​នេះ​បាន​រៀបរាប់​អំពី​យុទ្ធសាស្ត្រ​យោធា​និង​តាក់​ទិក​ការពារ​ជាតិ​និង​សន្តិសុខ​របស់​ប្រទេស​ដែល​មាន​ប្រជាជន​៩៧លាន​នាក់​មួយ​នេះ។​

​ក្នុង​ចំណុច​មួយ​និយាយ​ពី«ការ​តស៊ូ​ផ្នែកការ​ពារ​ជាតិ» (National​ ​Defence​ ​Struggle)​បង្ហាញ​ថា​ ប្រទេស​វៀតណាម​មាន​បំណង​ដោះស្រាយ​បញ្ហា​ទឹក​និង​ដីគោក​ជាមួយ​ប្រទេស​កម្ពុជា​ «ក្នុង​ស្មារតី​មិត្តភាព​ សហ​ប្រតិបត្តិការ​និង​គោរព​អនុលោម​ឱ្យ​បាន​ខ្ជាប់ខ្ជួន» ជាមួយ​នឹង​បទ​បញ្ញត្តិ​និង​ការ​ប្រតិបត្តិ​ជា​អន្តរជាតិ​តែ​បាន​លើកឡើង​ថា៖​

«ប្រទេស​វៀតណាម​ប្រឆាំង​ជំទាស់​នឹង​រាល់​ទង្វើ​ជ្រៀតជ្រែក​និង​បំបែក​បំបាក់​នូវ​ទំនាក់​ទំនង​ទ្វេភាគី [កម្ពុជា​និង​វៀតណាម]»។​

​ទោះ​បី​ជា​យ៉ាងណា​ឯកសារ​ដែល​ត្រូវ​បាន​តាក់តែង​ដោយ​ក្រសួង​ការពារ​ប្រទេស​វៀតណាម​មួយ​នេះ​មិន​បាន​បញ្ជាក់​លម្អិត​ឡើយ​ថា ​តើ​បុគ្គល​ណា​ ក្រុម​ណា​ ឬ​ប្រទេស​ណាមួយ​ដែល​មាន​ការ​ប៉ុនប៉ង​បំបែក​បំបាក់​ទំនាក់​ទំនង​រវាង​ភ្នំពេញ​និង​ហាណូយ។​

​VOA​ មិន​អាច​ទាក់ទង​ស្ថានទូត​វៀតណាម​នៅ​ភ្នំពេញ​និង​ក្រសួង​ការពារជាតិ​វៀតណាម​នៅ​ហាណូយ​ ​ដើម្បី​បញ្ជាក់​បន្ថែម​បាន​ឡើយ​ ​នា​ថ្ងៃ​ច័ន្ទ​នេះ។​ ​ហើយVOAក៏​មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា​បាន​ដែរ។​

​បើ​ទោះបីជា​ប្រយោគ​ទាក់ទង​នឹង​ការ​គំរាម​កំហែង​លើ​ទំនាក់​ទំនង​កម្ពុជា​វៀតណាម​មិន​បាន​បង្ហាញ​ឈ្មោះ​ប្រទេស​ចំៗ​ក៏​ដោយ​ អ្នកវិភាគ​បាន​និយាយ​ថា​ វៀតណាម​ទំនង​ជា​សំដៅ​ទៅលើ​ប្រទេស​ចិន។

​លោក​បណ្ឌិត​ ​ឈាង​ ​វណ្ណា​រិទ្ធិ​ ​នាយក​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​បាន​ប្រាប់VOAថា៖​

«សង្កត់​ធ្ងន់​គឺ​នៅ​កន្លែង​ហ្នឹង​ហើយ​ វៀតណាម​កំពុង​តែ​បារម្ភ​ឥទ្ធិពល​ចិន​នៅ​កម្ពុជា»។​

​លោក​បណ្ឌិត​ ​ឈាង​ ​វណ្ណា​រិទ្ធិ​ ​បាន​ប្រាប់​ ​VOA​ ​បន្ថែម​ថា​ ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​វៀតណាម​ ​មាន​សារៈសំខាន់​ ​ជា​ធរមាន​ជាពិសេស​នៅពេល​ដែល​បណ្ដា​ប្រទេស​អាស៊ាន​កំពុង​តាក់តែង​ខ្លឹមសារ​សេចក្ដី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ជាមួយនឹង​ចិន។​ ​

​«វៀតណាម​ចង់​ឱ្យ​ខ្មែរ​យើង​ឯករាជ្យ​ ​ហើយ​មិន​ចង់ឱ្យ​ប្រទេស​ទីបី​ហ្នឹង​ ​ជ្រៀតជ្រែក​ចូល​ទំនាក់ទំនង​ ​ឬក៏​បំផ្លាញ​ទំនាក់ទំនង​ទ្វេភាគី​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ​ ​អ៊ីចឹង​ទេ​ ​នេះ​ជា​សារ​មួយ​ធ្ងន់​ដែរ​ ​និយាយ​ឱ្យ​ចំ​ទៅ​ ​ហើយ​សារ​នេះ​ដាក់ជា​សាធារណៈ»។​ ​

​លោក​ កុយ​ ​គួង​ ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​ ​ទៅលើ​ខ្លឹមសារ​នៃ​សៀវភៅ​ស​ការពារ​ជាតិ​វៀតណាម​ ​តែ​លោក​ថា​វា​ជា​ប្រការ«ខុសទាំងស្រុង»ចំពោះ​ការ​លើកឡើង​ថា​ ទំនាក់ទំនង​ជិតស្និទ្ធ​រវាង​ចិន​និង​កម្ពុជា​ ​នាំ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជា​ប្រពៃណី​រវាង​ទីក្រុង​ភ្នំពេញ​ ​និង​ទីក្រុង​ហាណូយ។​

​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការបរទេស​រូប​នេះ​បាន​បញ្ជាក់​ប្រាប់VOAថា៖​

«ខ្ញុំ​យល់ថា​សំខាន់​ទាំងពីរ​ ​កន្លងមក​យើង​អត់មាន​ចាត់ទុកថា​ពីណា​ ​សំខាន់​ជាង​ពីណា​ទេ​ ​បាទ​ ​បានន័យ​ថា​ ​សំខាន់​ដូចគ្នា​បាទ»។​

​ក្នុង​ឯកសារ​ខាង​លើ​ ​វៀតណាម​ ​បរិយាយ​ចំណង​ទាក់ទង​ជាមួយ​ប្រទេស​ឡាវ​ ​និង​កម្ពុជា​ថា​ ជា«ទំនាក់ទំនង​យុទ្ធសាស្ត្រ​ពិសេស»​ ​ហើយ​ក៏​បាន​លើកឡើង​អំពី​ដំណើរការ​បោះបង្គោល​ព្រំដែន​គោក​ជាមួយ​ប្រទេស​កម្ពុជា​ផង​ដែរ។​

ខ្លឹមសារ​ក្នុង​ទំព័រ​ទី១៧​ ​នៃ​ច្បាប់​ចម្លង​ជា​ភាសាអង់គ្លេស​ ​នៃ​សៀវភៅ​ស​ខាង​លើ​បាន​លើក​ឡើង​ថា៖​

«ប្រទេស​ទាំង​ពីរ​មាន​ការ​តាំងចិត្ត​ក្នុង​ការ​បន្ថែម​កិច្ច​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេស​សល់​ជាធរមាន​ ​និង​ការសម្រេច​ឱ្យ​បាន​លើ​ការកំណត់​ព្រំប្រទល់​និង​បោះបង្គោល​ខណ្ឌសីមា​ព្រំដែន​នៅ​លើ​ដីគោក​ ​ក៏ដូចជា​អនុវត្ត​ឱ្យ​បាន​ប្រត្យក្ស​កិច្ច​ព្រមព្រៀង​កម្ពុជា​វៀតណាម​ឆ្នាំ១៩៨២ស្ដីពី​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ ​និង​កសាង​ព្រំដែន​រួម​នៃ​សន្តិភាព​ ​មិត្តភាព​ ​និង​កិច្ច​សហប្រតិបត្តិ​ការ​ដើម្បី​ការ​អភិវឌ្ឍ​ប្រទេស​ទាំងពីរ​ ​ធានា​ឱ្យ​បាន​នូវ​តម្រូវការ​នៃ​ការ​ការពារ​អធិប​តេយ្យ​ភាព​នៃ​ប្រទេស​នីមួយៗ»។​

​ឯកសារ​ដដែល​ក៏​បាន​បន្ថែម​ដែរ​ថា​ ​ប្រទេស​ទាំងពីរ​ ​មាន​ទាំង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ ​និង​អនុស្សារ​ណៈ​នៃ​ការយោគយល់​គ្នា​ក្នុង​ការ​«កែសម្រួល​ព្រំដែន​គោក​ក្នុង​តំបន់​ដែល​នៅ​សេសសល់» ដែល​ក្នុង​នោះ​វៀតណាម​បាន​បន្ថែម​ថា​ ​ប្រទេស​ទាំងពីរ​សម្រេច​បាន៨៤​%​នៃ​ការងារ​បោះបង្គោល​ព្រំដែន​គោក​សរុប​ ​លើ​ខ្សែបន្ទាត់​ព្រំដែន​គិតជា​ប្រវែង​មាន១០៤៥គ.ម.ហើយ​ ​ដាំ​បង្គោលព្រំ​ដែន​បាន៣១៥បង្គោល​ ​បង្គោល​ខណ្ឌសីមា​ចំនួន១៥១១បង្គោល​ ​និង​តម្រុយ​ព្រំដែន​បាន២២១កន្លែង។​

​កន្លងមក​សកម្មជន​ព្រំដែន​កម្ពុជា​ដែល​មិន​ចំណុះ​រដ្ឋាភិបាល​ ​បាន​សម្ដែង​ក្ដី​កង្វល់​ទាក់ទង​នឹង​ការងារ​បោះបង្គោល​ ​និង​កំណត់​ព្រំសីមា​ជាមួយ​ប្រទេស​វៀតណាម​ផ្អែក​លើ​សន្ធិសញ្ញា​ព្រំដែន​នានា​ ​និង​ការដោះដូរ​កែសម្រួល​បន្ទាត់​ព្រំដែន​តាម​សភាព​ជីវភាព​រស់នៅ​ជាក់ស្ដែង​របស់​ប្រជាជន​នៅក្នុង​តំបន់​ ​ថា​អាច​នឹង​ធ្វើឲ្យ​វៀតណាម​មាន​ប្រៀប។

ជាក់ស្ដែង​ក្នុង​ខែតុលា​ ​ឆ្នាំ២០១៩​ ​កន្លងទៅ​ ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ​ដែល​ជា​បក្ស​ជំទាស់​មួយ​នៅ​ក្រៅ​សភា​ ​បាន​បង្ហាញ​ក្ដី​បារម្ភ​ទាក់​ទង​នឹង​ឯកសារ​ផ្លូវច្បាប់​នៃ​ការកំណត់​ព្រំប្រទល់​ ​បោះបង្គោល​ព្រំដែន​ ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើជា​មួយ​នឹង​ប្រទេស​វៀតណាម។​

​ទោះបីជា​យ៉ាង​ណា​ក៏​ដោយ​ អ្នកស្រី​ ​កុយ​ ​ពិសី​ ​អនុ​ប្រធាន​លេខាធិការ​ដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា​បាន​លើក​ឡើង​ឯកភាព​ជាមួយ​នឹង​តួលេខ​នៃ​ការងារ​បោះបង្គោល​ព្រំដែន​ដែល​លើកឡើង​ក្នុង​សៀវភៅ​សការ​ពារ​ជាតិ​របស់​ខាង​វៀតណាម​ ​តែ​អ្នកស្រី​បាន​លើកឡើង​ថា​ ការ​«កែសម្រួល»​ព្រំដែន​គោក​នឹង​មិន​ធ្វើ​ឱ្យ​ទឹកដី​កម្ពុជា​បាត់បង់​ឡើយ។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ​បាន​ប្រាប់VOAថា៖

«យើង​ធ្វើការ​ច្បាស់លាស់​ណាស់​ ​រឿង​ដូរ​គឺ​ស្មើ​ទៅ​ស្មើ​មក​ ​ដូច​ខ្ញុំ​បាន​ជម្រាប​អ៊ីចឹង​ ​កាលណា​យើង​ដូរ​គ្នា​ ​បើ​ថា​យើង​ដូរ​ជាមួយគ្នា​មួយ​ហិក​តា​ទៅ​ ​គឺ​មួយ​ហិកតា​មក​ ​គឺ​ស្មើគ្នា​ ​អ៊ីចឹង​ហ្មង​ ​អត់មាន​លើស​មាន​ខ្វះ​អ្វី​ទេ ​ចំនួន​ហ្នឹង​ត្រូវ​តែ​គិតគូរ​ស្មើភាព​គ្នា​ឱ្យ​បាន​ច្បាស់លាស់​ ​យើង​ក៏​មិន​យក​របស់​គេ​មក​លើស​ ​ហើយ​គេ​ក៏​មិន​អាច​យក​របស់​យើង​ទៅ​លើស​បាន​ដែរ​ ​ដែល​មានការ​ផ្ទៀងផ្ទាត់​គ្នា​រវាង​ប្រទេស​ទាំងពីរ​ ​ក្រុមការងារ​ប្រទេស​ទាំងពីរ​យើង​ធ្វើ​ការ​ហ្មត់ចត់​ជាមួយគ្នា»។​

​លោក​ ​ឡឹក​ ​សុធារ​ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ​បាន​លើកឡើង​ថា​ ​ការងារ​ព្រំដែន​ជា​ការងារ​សំខាន់​ ​និង​ត្រូវ​សម្រេច​បាន​ ​តែ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បង្កើត​ការ​ជឿ​ទុកចិត្ត​ក្នុង​ចំណោម​សាធារណមតិ​ក្នុង​ស្រុក​ ​តាមរយៈ​ការ​បង្ហាញ​នូវ​តម្លាភាព​ ​និង​បើក​ចំហរ​ឲ្យ​សាធារណជន​អាច​ត្រួត​ពិនិត្យ​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​ ​និង​ការប្រតិបត្តិ​នានា​ ​ដែល​ទាក់​ទាក់​នឹង​ការកំណត់​ខណ្ឌសីមា​ ​និង​បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ។

ឯកសារ​ការពារ​ជាតិ​ដដែល​នេះ​ ​ក៏បាន​ដាក់ចេញ​នូវ​គោលការណ៍​យោធា​សម្រាប់​រយៈពេល​១០ឆ្នាំទៅ​មុខ​ទៀតផង​ដែរ​ ​ដែល​បាន​លើកឡើង​នូវ​គោលការណ៍​«បួន​មិន»​ ​រួមមាន​ ​មិន​ចូលរួម​ក្នុង​បក្សសម្ព័ន្ធ​យោធា​ណាមួយ​ ​មិន​ចូលរួម​ប្រតិបត្តិ​ការ​យោធា​ជាមួយ​ប្រទេស​មួយ​ប្រឆាំង​ប្រទេស​មួយទៀត​ ​មិន​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​មូលដ្ឋាន​ទ័ព​បរទេស​លើ​ទឹក​ដី​វៀតណាម​ ​និង​«មិន​ប្រើ​កម្លាំង​ឬ​គំរាម​ប្រើប្រាស់​កម្លាំង​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​ឡើយ»៕

XS
SM
MD
LG