មន្ត្រីយោធារបស់អាមេរិក បានធ្វើដំណើរទៅកាន់មូលដ្ឋានសមុទ្ររាម ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃចន្ទ និងបានជួបជាមួយមន្ត្រីបញ្ជាការនៃមូលដ្ឋានទ័ពដ៏សំខាន់របស់កងទ័ពជើងទឹកកម្ពុជា ដែលបានក្លាយជាចំណុចស្នូលនៃការពិភាក្សាអំពីបញ្ហាយុទ្ធសាស្ត្រកម្រិតតំបន់។
សហរដ្ឋអាមេរិកបានដាក់ការសង្ស័យថា ប្រទេសចិនបានសម្រេច«កិច្ចព្រមព្រៀងសម្ងាត់»ដើម្បីឱ្យកងទ័ពជើងទឹករបស់ខ្លួន អាចប្រើប្រាស់មូលដ្ឋានសមុទ្ររាម ក្នុងពេលអនាគត។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មានអាមេរិកThe Wall Street Journal ដែលចេញផ្សាយកាលពីខែកក្កដា ឆ្នាំ២០១៩។ កាសែតដដែលបានឱ្យដឹងថាកិច្ចព្រមព្រៀងនេះ នឹងបើកឱ្យចិនប្រើប្រាស់មូលដ្ឋានយោធារបស់កម្ពុជារហូតដល់៣០ឆ្នាំ ហើយផ្ដល់សិទ្ធិឱ្យចិនក្នុងការសាងសង់សំណង់អគារនានាក្នុងមូលដ្ឋានទ័ពជើងទឹករាមដែលមានផ្ទៃដីជាង១០០ហិកតា។
ប៉ុន្តែកិច្ចព្រមព្រៀងនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា និងចិន បដិសេធថាមិនមាននោះទេ។
លេខាធិការដ្ឋាននៃមូលដ្ឋានទ័ព បានចេញកំណត់ផ្សាយមួយលើទំព័រហ្វេសប៊ុករបស់ខ្លួនថា លោកវរសេនីយ៍ឯក Marcus Ferrara សេនានុព័ន្ធយោធាសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានចូលជួប «សម្ដែងការគួរសម និងពិភាក្សាការងារ» ជាមួយលោកឧត្ដមនាវីឯក អ៊ុក សីហា មេបញ្ជាការមូលដ្ឋានសមុទ្ររាម និងជាមេបញ្ជាការរងកងទ័ពជើងទឹកកាលពីព្រឹកថ្ងៃចន្ទ។
មិនមានព័ត៌មានជាក់ច្បាស់នោះទេ ថាតើលោកវរសេនីយ៍ឯក Marcus Ferrara និងសហការីបានធ្វើដំណើរត្រួតពិនិត្យមូលដ្ឋានទ័ពសមុទ្របានដល់កម្រិតណា ហើយថាតើលោកបានពិភាក្សាអំពីបញ្ហាអនាគតនៃមូលដ្ឋានសមុទ្ររាមនេះជាមួយលោកឧត្ដមនាវីឯក អ៊ុក សីហា ឬយ៉ាងណា។
លោកឧត្ដមនាវីឯក អ៊ុក សីហា បានបញ្ជាក់ថាលោកពិតជាបានជួបជាមួយលោកវរសេនីយ៍ឯក Marcus Ferrara កាលពីព្រឹកថ្ងៃចន្ទពិតមែន តែបដិសេធមិនអត្ថាធិប្បាយបន្ថែមនៅពេលVOAសួរថារបៀបវារៈអ្វីខ្លះ ត្រូវបានលើកមកពិភាក្សា ដោយបង្វែរសំណួរទៅកាន់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។
លោកស្រី Emily V. Zeeberg អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ ក៏មិនបានបញ្ជាក់អំពីខ្លឹមសារនៃជំនួប និងសេចក្ដីលម្អិតនៃដំណើរទស្សនកិច្ចរបស់លោកវរសេនីយ៍ឯក Marcus Ferrara នៅមូលដ្ឋានសមុទ្ររាមដែរ។
មន្ត្រីផ្នែកកិច្ចការសាធារណៈនៃស្ថានទូតរូបនេះ បានប្រាប់ VOA តាមសារអេឡិចត្រូនិកនៅថ្ងៃអង្គារនេះថា៖
«អនុព័ន្ធយោធារបស់សហរដ្ឋអាមេរិកជានិច្ចកាល តែងតែមានជំនួបជាមួយមន្ត្រីយោធានានារបស់កម្ពុជាអនុលោមតាមមុខនាទីជាធម្មតារបស់លោក ហើយជំនួបជាមួយលោកឧត្ដមនាវីឯក អ៊ុក សីហា ជាជំនួបប្រក្រតីមួយ»។
ការសង្ស័យរបស់សហរដ្ឋអាមេរិកលើការប្រើប្រាស់មូលដ្ឋានសមុទ្ររាមសម្រាប់យោធារបស់ចិននៅពេលអនាគត ត្រូវបានលើកឡើង តាមរយៈលិខិតរបស់លោក Joseph H. Felter អតីតឧបការីរងរដ្ឋមន្ត្រីក្រសួងការពារប្រទេសសហរដ្ឋអាមេរិក កាលពីខែមិថុនា ឆ្នាំ២០១៩។លោកថាកម្ពុជាច្រានចោលជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់ទីកន្លែងបណ្ដុះបណ្ដាល និងការថែទាំកប៉ាល់នៅមូលដ្ឋានកងទ័ពជើងទឹករាម ហើយការណ៍នេះទំនងជាទាក់ទងនឹងកងទ័ពចិន។
ក្នុងលិខិតមួយផ្ញើមកកាន់លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នាគ្រានោះ លោក Joseph H. Felter បានលើកឡើងថា«ការផ្លាស់ចិត្តដោយតក់ក្រហល់លើគោលនយោបាយ អាចគូសបង្ហាញអំពីគម្រោងធំជាងនេះសម្រាប់បន្លាស់ប្ដូរនៅមូលដ្ឋានសមុទ្ររាម ជាក់ស្ដែងលើគម្រោងនានាដែលអាចនឹងពាក់ព័ន្ធដល់ការទទួលវត្តមានយោធាចិននៅទីនោះ»។
ទំនាក់ទំនងយោធាក៏ដូចជាទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិក បានជួបភាពរកាំរកូស ខណៈលំហាត់សមយុទ្ធប្រចាំឆ្នាំរវាងប្រទេសទាំងពីរ ត្រូវបានផ្អាកតាំងតែពីឆ្នាំ២០១៧។ ប៉ុន្តែ ចាប់តាំងពីពេលនោះមក កម្ពុជា និងចិន បានធ្វើសមយុទ្ធរួមគ្នាបីដងជាបន្តបន្ទាប់។
លោកបណ្ឌិត Paul Chambers អ្នកជំនាញកិច្ចការយោធា នៅសាកលវិទ្យាល័យនរេសូរ (Naresuan University) ប្រទេសថៃ បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកវរសេនីយ៍ឯក Marcus Ferrara បានបង្ហាញអំពីកិច្ចខិតប្រឹងប្រែងរបស់ប្រទេសទាំងពីរក្នុងចង់ធានាឱ្យគ្នាទៅវិញទៅមកអំពីអនាគតនៃមូលដ្ឋានទ័ពសមុទ្ររាម។
អ្នកជំនាញរូបនេះបានប្រាប់ VOA តាមសារអេឡិចត្រូនិក ក្នុងន័យដើមយ៉ាងដូច្នេះថា៖
«ដំណើរទស្សនកិច្ចរបស់លោក[វរសេនីយ៍ឯក Marcus Ferrara] អាចនឹងត្រូវបានបកស្រាយអំពី ការព្យាយាមរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងកិច្ចការផ្ទាល់ ដើម្បីចង់ដឹងឱ្យប្រាកដថាតើកម្ពុជាបានឱ្យចិនប្រើប្រាស់មូលដ្ឋានសមុទ្រនេះ ទៅដល់កម្រិតណា»។
លោកបណ្ឌិត Paul Chambers បានបញ្ជាក់បន្ថែមថា៖
«ដំណើរប្រទាក់ក្រឡាបន្ទាប់នោះគឺថា បើសិនជាកម្ពុជាអនុញ្ញាតឱ្យអនុព័ន្ធយោធាសហរដ្ឋអាមេរិកអាចចូលទៅមើលមូលដ្ឋានយោធាខាងលើ នោះអាចនិយាយបានថា កម្ពុជាចាប់ផ្ដើមទោរទន់ទៅស្និទ្ធទីក្រុងវ៉ាស៊ីនតោនវិញ ឬក៏អាចនិយាយបានថាកម្ពុជាកំពុងចង់បង្ហាញជាបន្ទាន់ដល់ទីក្រុងវ៉ាស៊ីនតោនថាខ្លួនមិនទាន់ជាប្រទេសរណបនឹងប៉េកាំងនៅឡើយ»៕