លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃពុធ បានបញ្ជាទៅអភិបាលខេត្តពាក់ព័ន្ធទាំងអស់ត្រូវបន្តចាត់វិធានការលើការជួញដូរមនុស្ស ការបង្ខាំងមនុស្ស ហើយត្រូវមានឆន្ទៈពិតប្រាកដក្នុងការបង្រ្កាប។
មួយរយៈចុងក្រោយនេះ ប្រទេសកម្ពុជាត្រូវបានប្រើប្រាស់ជាកន្លែងបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិត (Scam) ដោយប្រើប្រាស់កម្លាំងពលកម្មបរទេសធ្វើការនៅតាមអគារខ្ពស់ៗនៅក្នុងប្រទេសកម្ពុជា រហូតមានសេចក្តីរាយការណ៍អំពីការបង្ខាំងទុកពួកគេមិនឱ្យមានសេរីភាព ការធ្វើទារុណកម្ម និងការជំរិតទារប្រាក់ជាដើម។ ឧក្រិដ្ឋជន ដែលភាគច្រើនជាជនបរទេស បានជួលអគារ ឬទីតាំងពីអ្នកជំនួញដែលជាជនជាតិខ្មែរដើម្បីប្រព្រឹត្តអំពើទាំងនោះ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃពុធ លោក ស ខេង បានថ្លែងថា កម្ពុជាត្រូវបានពួកឧក្រិដ្ឋជនយកជាកន្លែងប្រព្រឹត្តអំពើឆបោក ដោយប្រើប្រាស់កម្លាំងពលកម្មធ្វើការងារដោយមិនឱ្យឈប់សម្រាក និងមិនឱ្យមានសេរីភាព។ លោកបន្តថា អាជ្ញាធរបានបង្រ្កាបករណីនេះជាបន្តបន្ទាប់ ហើយទទួលបានជោគជ័យមួយផ្នែកធំ ប៉ុន្តែលោកថា ការបង្រ្កាបនេះមិនទាន់បានបញ្ចប់នៅឡើយទេ។
លោក ស ខេង ថ្លែងថា៖ «ឥឡូវធ្វើបានប៉ុណ្ណឹងហ្នឹង។ បើយ៉ាងហោចណាស់កុំឱ្យវារាលត្រឡប់ទៅវិញ។ បានន័យថា កុំឱ្យវាថយក្រោយត្រឡប់ទៅវិញ។ តិចថា កើតរាលដាលត្រឡប់ម្តងទៀតគឺខេត្តហ្នឹងទទួលខុសត្រូវ ហើយចៅហ្វាយទទួលខុសត្រូវមុនគេ។ ហើយត្រូវតែមានឆន្ទៈធ្វើឱ្យបានហ្មត់ចត់ ពិតប្រាកដ មិនមែនគ្រាន់តែលំៗ សើរៗទេ»។
បើតាមលោក ស ខេង អាជ្ញាធរកម្ពុជាបានជួយសង្រ្គោះមនុស្សរាប់រយនាក់ ហើយក៏បានចាប់ខ្លួនជនសង្ស័យប្រមាណ១០០នាក់។ លោកបន្ថែមថា អាជ្ញាធរបានបិទក្រុមហ៊ុនមួយចំនួន ហើយឧក្រិដ្ឋជនមួយចំនួនបានរត់ទៅកន្លែងផ្សេងៗ ដូចជានៅខេត្តព្រះសីហនុ ពោធិ៍សាត់ កោះកុង បន្ទាយមានជ័យ ឧត្តរមានជ័យ ស្វាយរៀង កណ្តាល សៀមរាប និងភ្នំពេញ។ លោក ស ខេង បន្តអំពាវនាវដល់អ្នកដែលត្រូវជួញដូរ ត្រូវប្តឹង ហើយផ្តល់ព័ត៌មានជាក់លាក់ដើម្បីឱ្យអាជ្ញាធរអាចចុះទៅស៊ើបអង្កេត និងទៅជួយសង្គ្រោះ។ លោកបន្ថែមថា អាជ្ញាធរត្រូវបន្តធ្វើការងារនេះ មិនអាចបន្ធូរដៃបានទេដើម្បីកុំឱ្យកម្ពុជាត្រូវបានគ្រប់គ្រងដោយពួកម៉ាហ្វីយ៉ា (Mafia)។
លោក ស ខេង បញ្ជាក់ថា៖ «ហើយក៏សុំឱ្យអាជ្ញាធរដែលមានការពាក់ព័ន្ធ ជាពិសេសខេត្តព្រះសីហនុ មកដល់ពេលនេះ មិនទាន់ចប់ទេ។ មិនត្រូវចាត់ទុកថា មកដល់ពេលនេះ អញចប់ហើយ ភារកិច្ចអញ។ មិនមែនទេ។ ខេត្តព្រះសីហនុនៅមានកាតព្វកិច្ច នៅមានកិច្ចការច្រើនដែលត្រូវធ្វើ»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ថ្លែងថា អាជ្ញាធរមិនត្រូវបន្ធូរដៃឡើយ ហើយត្រូវពង្រឹងការការពារ និងទប់ស្កាត់កុំឱ្យអំពើបែបហ្នឹងកើតឡើងក្នុងប្រទេសកម្ពុជា។ លោកជំរុញឱ្យចាត់វិធានការខ្លាំងក្លា ប្រសិនបើរកឃើញថា មន្រ្តីអនុវត្តច្បាប់ ឬមានអ្នកមានអំណាចពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យមានអំពើឆបោក និងការជួញដូរមនុស្សក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា៖ «ខ្ញុំយល់ថា អាចមានការពាក់ព័ន្ធទៅនឹងមន្រ្តីដែលមានតួនាទីអនុវត្តច្បាប់ ដែលនៅមានភាពធូររលុង ហើយសមត្ថភាពនៃការបង្រ្កាបហ្នឹងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការចាត់វិធានការទៅលើជនប្រព្រឹត្ត ដែលមានភាពពាក់ព័ន្ធហ្នឹង។ ហើយមួយទៀតនោះ គួរតែមានការពិនិត្យមើលវិញដែរទៅលើហេតុការណ៍នីមួយៗ តើមានទំនាក់ទំនង និងពាក់ព័ន្ធជាមួយនឹងមន្រ្តីជាន់ខ្ពស់ ឬក៏សមត្ថកិច្ចពាក់ព័ន្ធណាមួយ»។
លោកបន្ថែមថា៖ «យើងជំរុញឱ្យមានការអនុវត្តទៅលើទីតាំងដែលប្រព្រឹត្តហ្នឹង កុំថា ឡើយទីតាំងដែលជនជាតិចិនហ្នឹងគាត់ជួល។ សូម្បីតែទីតាំងដែលអ្នកមានអំណាចដែលរស់នៅ ហើយទៅប្រព្រឹត្តបទល្មើសហ្នឹងក៏ត្រូវតែផ្តន្ទាទោសតាមច្បាប់ដែរ»។
គួរបញ្ជាក់ថា របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិកស្តីអំពីការជួញដូរមនុស្ស ចេញផ្សាយកាលពីខែកក្កដា ឆ្នាំ២០២២ បង្ហាញថា កម្ពុជាបានធ្លាក់ចំណាត់ថ្នាក់ពីកម្រិតពីរ (Tier 2) មកកម្រិតបី (Tier 3) ដែលជាចំណាត់ថ្នាក់ទាបបំផុតមួយ និងមានន័យថា រដ្ឋាភិបាលកម្ពុជាមិនបានខិតខំធ្វើអ្វីជាដុំកំភួនដើម្បីកែលម្អ ហើយមិនបានបំពេញតាមបទដ្ឋានអប្បបរមា ដូចដែលបានកំណត់។ របាយការណ៍នេះក៏បានលើកឡើងអំពីការកេងប្រវ័ញ្ចតាមប្រព័ន្ធអ៊ីនធឺណិត ឬហៅថា Scam ផងដែរ៕