ពួកមន្ត្រីកូរ៉េខាងត្បូងបាននិយាយថា កិច្ចចរចាកម្រិតខ្ពស់នឹងមានធ្វើនៅដើមសប្តាហ៍ក្រោយក្នុងចំណោមពួកអ្នកតំណាងមកពីប្រទេសកូរ៉េទាំងពីរនៅមុនជំនួបកំពូលមួយដែលមានកំណត់នឹងប្រព្រឹត្តទៅពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកញ្ញា។
លោក Chung Eui-yong ទីប្រឹក្សាសន្តិសុខជាតិនៃប្រទេសកូរ៉េខាងត្បូងបាននិយាយថា កិច្ចចរចានៅសប្តាហ៍ក្រោយនឹងមានធ្វើនៅឯភូមិសន្តិភាព Panmunjom ដើម្បីពិភាក្សាគ្នាអំពីពិធីការ, សន្តិសុខ, គមនាគមន៍និងការយកព័ត៌មានដោយបណ្តាញផ្សាយព័ត៌មានដែលជាផ្នែកមួយនៃការប្រុងប្រៀបសម្រាប់ជំនួបកំពូលនោះ។
សេចក្តីប្រកាសនេះមានឡើងមួយថ្ងៃក្រោយពីគណៈប្រតិភូកូរ៉េខាងត្បូងមួយមានសមាជិក៥នាក់ដឹកនាំដោយទីប្រឹក្សាសន្តិសុខកំពូលរបស់លោកប្រធានាធិបតី Moon Jae-in បានទៅបំពេញទស្សនកិច្ចក្នុងរដ្ឋធានីនៃប្រទេសកូរ៉េខាងជើង ហើយបានយល់ស្របគ្នាអំពីថ្ងៃខែនៃការប្រជុំជំនួបកំពូលនេះ។
ការប្រជុំគ្នាកាលពីថ្ងៃពុធបានធ្វើឡើងនៅក្រោយលោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ បានលុបចោលដំណើរទស្សនកិច្ចមួយដោយលោករដ្ឋមន្ត្រីការបរទេសស.រ.អា. Mike Pompeo ទៅកាន់ប្រទេសកូរ៉េខាងជើងពីព្រោះសេតវិមានមានអារម្មណ៍ថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង មិនបានធ្វើឱ្យមានការជឿនលឿនគ្រប់គ្រាន់ឆ្ពោះទៅកាន់ការធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរ។
ជំនួបមួយថ្ងៃរវាងពួកមន្ត្រីកូរ៉េខាងជើងនិងកូរ៉េខាងត្បូងបានផ្តោតការយកចិត្តទុកដាក់លើការធ្វើឱ្យមានសន្តិភាពជាអចិន្ត្រៃយ៍ និងភាពសំបូររុងរឿងនៅលើឧបទ្វីបកូរ៉េ និងវិធានការមានប្រយោជន៍សម្រាប់ធ្វើមិនឱ្យមានអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបនេះផងដែរ៕