គណៈប្រតិភូជាន់ខ្ពស់របស់កូរ៉េខាងត្បូងនឹងធ្វើដំណើរតាមជើងហោះហើរទៅកាន់ប្រទេសកូរ៉េខាងជើងក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការរៀបចំកិច្ចប្រជុំកំពូលមួយរវាងប្រទេសកូរ៉េទាំងពីរនៅក្នុងប្រទេសកូរ៉េខាងជើងក្នុងខែនេះ ខណៈដែលទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុង ព្យុងយ៉ាង កាន់តែប្រសើរឡើង។
លោក Moon Jae-in ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យ បានតែងតាំងទីប្រឹក្សាសន្តិសុខកំពូលរបស់លោកជាបេសកជនពិសេសទៅកាន់ប្រទេសកូរ៉េខាងជើងដើម្បីពិភាក្សាលម្អិត មុនពេលដែលគម្រោងជួបប្រជុំគ្នានៅក្នុងទីក្រុង ព្យុងយ៉ាង រវាងលោក Moon និងលោក គីម ជុងអ៊ុន មកដល់។
លោក Chung Eui-yong នាយកការិយាល័យសន្តិសុខជាតិរបស់ប្រធានាធិបតី នឹងដឹកនាំគណៈប្រតិភូមួយដែលមានសមាជិក៥នាក់ ទៅកាន់រដ្ឋធានីនៃប្រទេសកូរ៉េខាងជើងនៅថ្ងៃពុធនេះ។ នេះបើយោងតាមលោក Kim Eui-kyeom អ្នកនាំពាក្យលោក Moon ដែលបានថ្លែងទៅកាន់អ្នកកាសែត។
គណៈប្រតិភូដែលរួមមានលោក Suh Hoon នាយកចារកម្មរបស់កូរ៉េខាងត្បូងផងនោះ នឹងធ្វើដំណើរតាមជើងហោះហើរទៅកាន់ទីក្រុង ព្យុងយ៉ាង តាមរយៈផ្លូវដែលកម្រធ្វើដំណើរមួយ ឆ្លងកាត់ព្រំប្រទល់រវាងប្រទេសទាំងពីរ នៅក្នុងដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃរបស់ពួកគេ។
ទស្សនកិច្ចនេះនឹងក្លាយជាទស្សនកិច្ចលើកទីពីររបស់លោក Chung ទៅកាន់ប្រទេសកូរ៉េខាងជើងចាប់តាំងពីខែ មីនា មក នៅពេលដែលលោកដឹកនាំគណៈប្រតិភូដែលមានសមាជិក៥នាក់ដូចគ្នានេះ ដើម្បីរៀបចំកិច្ចប្រជុំកំពូលលើកដំបូងរវាងលោក Moon និងលោក គីម៕