ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​បន្ត​ដាក់​បម្រាម​មិន​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ធ្វើ​ដំណើរ​ទៅ​កូរ៉េ​ខាងជើង


រូបភាពឯកសារ៖ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញលោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ Donald Trump ចាប់ដៃ​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង Kim Jong Un ត្រូវ​បាន​ដាក់បង្ហាញ​នៅ​ជា​បដា​របស់​គណបក្សប្រជាជន​​ប្រជាធិបតេយ្យ​ដើម្បី​ប្រឆាំង​នឹង​កា​រធ្វើសមយុទ្ធយោធា​រវាង​អាមេរិក​និង​កូរ៉េ​ខាងត្បូង​។

កាល​ពី​ថ្ងៃព្រហស្បតិ៍​សហរដ្ឋអាមេរិក​បាន​បន្ត​ដាក់​បម្រាម​មិន​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ធ្វើដំណើរ​ទៅ​ប្រទេសកូរ៉េ​ខាងជើង​រយៈពេល​មួយ​ឆ្នាំ​ទៀត​ ដោយ​លើក​ហេតុផល​ថា​នៅ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទៅ​នោះ។

មន្រ្តី​មក​ពី​ក្រសួង​ការបរទេស​ម្នាក់​បាន​ថ្លែង​ថា«សុវត្ថិភាព​ និង​សន្តិសុខ​របស់​ពលរដ្ឋ​អាមេរិកាំង​នៅ​ក្រៅ​ប្រទេស​គឺ​ជា​ការងារ​អាទិភាព​មួយ​ក្នុង​ចំណោម​ការងារ​អាទិភាព​នានា។ បម្រាម​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេសកូរ៉េខាងជើង​នៅ​តែ​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ធ្វើ​ការ​ព្រមាន​យ៉ាង​ខ្លាំង​ដល់​ពលរដ្ឋ​អាមេរិកាំង​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កូរ៉េ​ខាងជើង»។

បម្រាម​ធ្វើ​ដំណើរ​នេះ​ត្រូវ​បាន​បន្ត​ដាក់​រហូត​ដល់​ថ្ងៃទី១ខែសីហា​ឆ្នាំក្រោយ​ បន្ទាប់​ពី​កិច្ចប្រឹងប្រែង​ចរចា​មិន​ឲ្យ​មាន​នុយក្លេអ៊ែរ​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​របស់​រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ជាមួយ​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង​បាន​ជាប់គាំង។

បន្ទាប់​ពី​លោកប្រធានាធិបតី Donald Trump ចាក​ចេញ​ពី​ជំនួប​កំពូល​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក Kim Jong Un ក្នុង​ប្រទេសសិង្ហបុរី​កាល​ពី​ខែមិថុនា​មក​ មេដឹកនាំ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ថា​លែង​មាន​ការគំរាមកំហែង​នុយក្លេអ៊ែរ​ដោយ​កូរ៉េ​ខាងជើង​ទៀត​ហើយ ដោយ​មាន​ការជឿជាក់​ថា​លោក Kimបាន​យល់ព្រម​បញ្ចប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​នៅ​កូរ៉េ​ខាងជើង។

ទោះជា​យ៉ាងណា​ក៏ដោយ​ នៅ​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​លោក Trump​ មាន​ការ​រកាំ​ចិត្ត​នឹង​ភាពយឺតយ៉ាវ​នៃ​លទ្ធផល​ពី​កិច្ចចរចា​នុយក្លេអ៊ែរ​ថាតើ​កូរ៉េខាងជើង​នឹង​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​នៅ​ពេលណា​និង​ដោយ​របៀប​ណា​នោះ​ ហើយ​បាន​បញ្ជា​ឲ្យ​លោក​រដ្ឋមន្រ្តី​ការបរទេស Mike Pompeoលុបចោល​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ព្យុងយ៉ាង​ដើម្បី​ធ្វើ​ការ​ចរចា​បន្ថែម​ទៀត​នោះ។

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បាន​ប្រកាស​ថា​នៅក្រោម​ច្បាប់​សហរដ្ឋអាមេរិក លោក Pompeoអាច​ដាក់​បម្រាម​មិន​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​នានា​ក្រោម​លក្ខខណ្ឌ​ណាមួយ​ក្នុង​ចំណោម​លក្ខខណ្ឌ​បី​ មាន​ដូចជា​ ប្រសិន​ប្រទេស​នោះ​នៅ​មាន​សង្គ្រាម​ជាមួយ​សហរដ្ឋអាមេរិក​ មាន​អរិភាព​ប្រដាប់អាវុធ​នៅក្នុង​ប្រទេស​ឬ​តំបន់​ ឬ​ក៏​មាន​គ្រោះថ្នាក់​ដល់​សុខភាព​សាធារណៈ​ឬ​សុវត្ថិភាព​រាងកាយ​ដល់​អ្នកដំណើរ​ជា​ពលរដ្ឋអាមេរិកាំង​កើតឡើង​នៅ​ក្នុង​ប្រទេស​ ឬ​តំបន់​នោះ។

មន្រ្តី​ក្រសួង​ការបរទេស​រូប​នោះ​បាន​ថ្លែង​ថា​ លោក Pompeoបាន​ប្រើប្រាស់​លក្ខខណ្ឌ​ទី​បី​ធ្វើ​ជា​ហេតុផល​ដើម្បី​បន្ត​ដាក់​បម្រាម​ធ្វើ​ដំណើរ​នេះ៕

XS
SM
MD
LG